ការងារ៧ យ៉ាងដែលមហាសេដ្ឋី Warren Buffett ធ្វើ ដើម្បីសន្សំលុយទុក ៥៣ ០០០ដុល្លារ នៅអាយុ ១៦ឆ្នាំ
ប្រិយមិត្ត ពិតជាធ្លាប់ស្គាល់ហើយថា លោក Warren Buffett គឺជាមហាសេដ្ឋីអាមេរិកមានជាងគេបំផុតលំដាប់ទី៤ នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះដែលមានទ្រព្យសម្បត្តិប្រមាណ ៧៣,១ ពាន់លានដុល្លារ។ នេះបើយោងតាមការឲ្យដឹងពីទស្សនាវដី្ត Forbes ។
ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នៅពេលនេះនោះគឺថា តើមហាសេដ្ឋីវ័យ ៤៨ ឆ្នាំរូបនេះបានធ្វើអ្វីខ្លះមុននឹងលោកក្លាយជាមហាសេដ្ឋីដ៏ ល្បីល្បាញនៅពេលបច្ចុប្បន្ន? តាមការអះអាងរបស់លោកផ្ទាល់ ខាងក្រោមនេះគឺជាការងារទាំង ៧ យ៉ាងដែលលោកធ្លាប់បានធ្វើនៅពេលលោកមានអាយុមុន ១៦ ឆ្នាំ។
១) ដើរលក់ទឹកភេសជ្ជះ និង ស្ករកៅស៊ូ
ការលក់ភេសជ្ជះសូដា និង ស្ករកៅស៊ូគឺជាការងារដែលដំបូងគេបំផុតដែលមហាសេដ្ឋី Warren Buffett ធ្វើមុនគេនៅអាយុតាំងពី ៦ ឆ្នាំមកម្ល៉េះ។ លោកបានចាប់ផ្តើមលក់ស្ករកៅស៊ូមួយរយៈ ហើយក្រោយមកបានប្តូរមកលក់ភេសជ្ជៈកូកាកូឡាជំនួសវិញដែលបាន ប្រាក់ចំណូលច្រើនជាងមុន។
២) អ្នកចែកចាយកាសែតតាមផ្ទះ
ជាក្មេងម្នាក់ដែលចូលចិត្តតាមដានព័ត៌មាន លោក Warren Buffett ក៏ធ្លាប់ដើរចែកចាយកាសែតតាមផ្ទះម្នាក់ផងដែរ ដែលផ្ទុយពីចំណង់ចំណូលចិត្តក្មេងៗដទៃទៀតលើការងារនេះ។ លោកពេញចិត្តការងារនេះណាស់ ដែលជាផ្នែកមួយជួយបង្កើតប្រាក់ចំណូលបន្ថែមដល់លោក។
៣) លក់គ្រាប់បាល់វាយកូនគោលចាស់ៗ
នេះជាការងារមួយទៀតដែលលោក Warren Buffettបានលក់ជាមួយមិត្តភក្ដិរបស់លោកម្នាក់ទៀតគឺលោក Stu Erickson។ លោកបានយកគ្រាប់បាល់វាយកូនគោលចាស់ៗដែលគេបោះចោលពីទីលានវាយ កូនគោល Elmwood Park ក្នុងរដ្ឋ Illinois ។ ការងារនេះលោកតែងប្រឈមមុខជាមួយឆ្មាំសន្តិសុខ តែលោកនៅតែគិតថា ជារឿងធម្មតា និងជាការងារដែលលោកមានមោទនភាពបំផុតមួយដែរ។
...មហាសេដ្ឋី និងបុគ្គលល្បីៗ៨រូបគ្រោងបរិច្ចាគទ្រព្យសម្បត្តិរបស់ខ្លួនទាំងស្រុង ពេលស្លាប់ ដោយមិនទុកឱ្យកូនៗ និងគ្រួសារ...
៤) លក់សណ្ដែកដីលីង និង ពោតផ្ទុះក្នុងព្រឹត្តិការណ៍កីឡាបាល់អោប
ប្រជាជនអាមេរិកចូលចិត្តកីឡាបាល់អោបណាស់ ហេតុដូច្នេះពេលមានព្រឹត្តិការណ៍នេះម្តងៗ មានទស្សនិកជនជាច្រើនចូលរួមទស្សនាកម្មវិធីនេះ។ ឆ្លៀតពេលមានកម្មវិធីនេះម្តងៗ លោក Warren Buffett បានដើរលក់សណ្ដែកដីលីង និង ពោតផ្ទុះនៅពហុកីឡាដ្ឋានសាកលវិទ្យាល័យ Omaha និង នៅតាមទីតាំងព្រឹត្តិការណ៍កីឡាជាច្រើនទៀត។
៥) លក់តែម
ក្រៅពីការងារទាំងប៉ុន្មានខាងលើ នៅមានការងារមួយទៀតដែលលោក Warren Buffett ធ្លាប់ធ្វើដែរនោះគឺដើរលក់តែម។ លោកត្រូវបានអាជ្ញាធរផ្តល់សិទ្ធអនុញ្ញាតឲ្យលក់តែមនេះដើម្បីយក ប្រាក់ចំណូលមកផ្គត់ផ្គង់ក្នុងគ្រួសារ។
៦) រកលុយបានពីការបើកក្រុមហ៊ុនម៉ាស៊ីនហ្គេម
លោក Warren Buffett បានទិញម៉ាស៊ីនហ្គេម (pinball machine) មួយក្នុងតម្លៃ ២៥ ដុល្លារ និង បានយកទៅផ្ទះមិត្តភក្ដិរបស់លោកដើម្បីជួសជុលឡើងវិញ។ ក្រោយមក អ្នកទាំងពីរបានបើកក្រុមហ៊ុនលេងហ្គេមមួយឈ្មោះ ថា Wilson’s Coin-Operated Machine ដែលអាចរកប្រាក់ចំណូលបាន ៤ ដុល្លារក្នុងមួយថ្ងៃ។ ១ សបា្តហ៍ក្រោយមក លោកអាចមានលទ្ធភាពទិញម៉ាស៊ីនហ្គេមមួយគ្រឿងទៀត ហើយចេះតែរីកចម្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់បើកនៅតាមក្លឹបកម្សាន្តមួយចំនួនទៀត។
៧) រកលុយបានពីកន្លែងប្រណាំងសេះ
លុយដែលលោករកបាននៅកន្លែងប្រណាំងសេះ មិនមែនបានមកពីការភ្នាល់គ្នានោះទេ តែជាការប្រមូលបាននូវសំបុត្រទស្សនាមួយចំនួនដែលទស្សនិកជនបោះចោល ឬ ធ្លាក់ជ្រុះមិនដឹងខ្លួន។ លោកបានយកសំបុត្រទាំងនោះទៅលក់បន្ត ដើម្បីរកលុយបន្ថែមជាមួយមិត្តភក្ដិម្នាក់ទៀត។ ការងារទាំងនេះ បានធ្វើឲ្យលោកអាចសន្សំប្រាក់ទុកបានរហូតដល់ ៥៣ ០០០ ដុល្លារនៅពេលដែលលោកមានអាយុ ១៦ ឆ្នាំ៕
ប្រែសម្រួល៖ ខេវិន
ប្រភព៖ lifehack
No comments:
Post a Comment