៣យ៉ាងដែលអ្នកមិនដឹងទម្លាប់ចម្លែកបិតាបច្ចេកវិទ្យា Steve Jobs នៅពេលមានការប្រជុំក្នុងក្រុមហ៊ុន Apple ម្ដងៗ
ពាណិជ្ជកម្ម មួយចំនួនរបស់អាមេរិកត្រូវបានគេប៉ាន់ស្មានខាតប្រាក់ដោយសារ កំហុសឆ្គងនៅក្នុងការបើកអង្គប្រជុំការងារប្រមាណ ៣៧ពាន់លានដុល្លារអាមេរិក។ ប៉ុន្តែលោក Steve Jobs មិនបានបណ្ដោយឱ្យក្រុមហ៊ុន Apple ជួបបញ្ហាដូចក្រុមហ៊ុនទាំងនោះឡើយ។ ខាងក្រោមនេះគឺជា របៀបវារៈ ៣យ៉ាងដែល បុគ្គលិកជោគជ័យក្នុងវិស័យបច្ចេកវិទ្យាលោក Steve Jobs ធ្លាប់បានធ្វើនៅរាល់ពេលមានការប្រជុំក្រុមហ៊ុនម្ដងៗ។១) លោកតែងចង់រក្សាអង្គប្រជុំទំហំតូច តាមដែលអាចធ្វើទៅបាន
តាមទម្លាប់របស់អតីតនាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន Apple រូបនេះ នៅពេលលោកបើកកិច្ចប្រជុំម្ដងៗ លោកមិនត្រូវការទ្រង់ទ្រាយធំនោះទេ ពោលគឺលោកចង់បានត្រឹមតែអង្គប្រជុំទ្រង់ទ្រាយតូចប៉ុណ្ណោះ ប៉ុន្តែគឺឱ្យបញ្ចប់ទៅជាមួយការបន្សល់នូវសមិទ្ធផលប្រសព្វល្អមួយ។ លោក Jobs ស្អប់ការប្រជុំធំ (មានសមាជិកច្រើន) ព្រោះថា មនុស្សច្រើន គំនិតនឹងមានច្រើនក្នុងបន្ទប់ប្រជុំ តែមិនប្រាកដថាមានប្រយោជន៍ ហើយអាចប្រែក្លាយពីការប្រជុំទៅជាការជួបជុំគ្នាធម្មតាៗទៅវិញ។
... មូលហេតុអ្វីបានគេថាលោក Steve Jobs មិនស្ដាប់អតិថិជន? ...
នៅក្នុងសៀវភៅចំណងជើងថា “Insanely Simple” របស់លោក Ken Segall ដែលធ្លាប់បានធ្វើការរយៈពេលវែងជាមួយលោក Steve Jobs បានសរសេរលំអិតអំពីទម្លាប់របស់លោក Jobs នៅពេលមានការប្រជុំក្រុមហ៊ុនម្ដងៗ។
មានម្ដង លោក Jobs ចាប់ផ្ដើមកិច្ចប្រជុំប្រចាំសប្ដាហ៍ជាមួយនឹងទីភ្នាក់ងារការ ផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន Apple។ ពេលនោះលោក Jobs បានប្រទះឃើញជនដែលលោកមិនធ្លាប់ស្គាល់សាវតារច្បាស់លាស់ម្នាក់។ ពេលនោះ គាត់ផ្អាកការពិភាក្សាក្នុងអង្គប្រជុំ ហើយភ្នែករបស់គាត់សម្លឹងជាប់ និងចង្អុលចំស្ត្រីមិនធ្លាប់ស្គាល់ឈ្មោះ Lorrie នោះ ហើយសួរនាងថា “អ្នកជានរណា?”។
នាងក៏បានឆ្លើយលក្ខណៈពន្យល់ដោយសម្លេងទន់ភ្លន់តិចៗថា នាងត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំនេះ ដោយសារតែនាងមានជាប់ពាក់ព័ន្ធនឹងគម្រោងទីផ្សារ ដែលជាប្រធានបទត្រូវលើកឡើងក្នុងពេលនោះ។ លោក Jobs ស្ដាប់នាងឆ្លើយរួច ក៏និយាយបែបគួរសមទៅកាន់នាងឱ្យចេញទៅក្រៅវិញ។ លោកនិយាយថា៖ «ខ្ញុំគិតថា ពួកយើងដូចជាមិនត្រូវការវត្តមានអ្នក ក្នុងកិច្ចប្រជុំនេះទេ» ហើយក៏និយាយពាក្យ «អរគុណ»។
សូមបញ្ជាក់ថា លោក Jobs នៅតែប្រកាន់គោលការណ៍របស់ខ្លួន មានម្ដង នៅពេលលោក Barack Obama ប្រធានាធិបតីអាមេរិកអញ្ជើញលោកឱ្យចូលរួមកិច្ចប្រជុំបុគ្គល បច្ចេកវិទ្យាល្បីៗ តែលោកមិនបានឆ្លើយតបទៅវិញនោះទេ។
២) លោកចាត់តាំងបានច្បាស់លាស់នូវនរណាម្នាក់ដើម្បីទទួលខុសត្រូវកាន់តួនាទីរៀបចំរបៀបវារៈ
ការស៊ើបអង្កេតលក្ខណៈពិសេសរបស់ក្រុមហ៊ុន Appleទាក់ទិននឹងវប្បធម៌កាលពីឆ្នាំ២០១១ អ្នកយកព័ត៌មានឈ្មោះ Adam Lashinsky បានពន្យល់លំអិតអំពីដំណើរការបែបផ្លូវការដែលលោក Jobs បានប្រើ រហូតធ្វើឱ្យ Apple ក្លាយជាក្រុមហ៊ុនមានតម្លៃបំផុតលើពិភពលោក។
... កុំព្យូទ័រជំនាន់ដើមដែលលក់ដោយ Steve Jobs តម្លៃ ៦៦៦ដុល្លារឥឡូវមានគេហ៊ានទិញតម្លៃជិត ៤សែនដុល្លារ ...
នៅក្នុងចិត្តគំនិតរបស់ Steve Jobs គឺជា “ផ្នត់គំនិតគណនេយ្យ” មានន័យថា ដំណើរការត្រូវបានគេដាក់បញ្ចូលទៅក្នុងទីកន្លែងដើម្បីឱ្យអ្នករាល់ គ្នាបានដឹងថា នរណាជាអ្នកទទួលខុសត្រូវចំពោះអ្វីខ្លះ។ អ្នកយកព័ត៌មាន Lashinsky បានរៀបរាប់ថា៖
«កិច្ចប្រជុំផ្ទៃក្នុង Applespeak ក៏មានឈ្មោះ “DRI” ដែរ ដែលមានន័យពេញថា បុគ្គលទទួលខុសត្រូវដោយផ្ទាល់ (directly responsible individual) »។ ជាញឹកញាប់ឈ្មោះអ្នកកាន់ DRI នឹងបង្ហាញនៅលើរបៀបវារៈសម្រាប់ការប្រជុំម្ដងៗ ដូច្នេះអ្នករាល់គ្នាដឹងច្បាស់ថា នរណាទទួលបន្ទុកអ្វីខ្លះក្នុងតួនាទីដែលត្រូវធ្វើក្នុងកិច្ច ប្រជុំ។ «រាល់កិច្ចប្រជុំប្រកបដោយប្រសិទ្ធភាពរបស់ Apple នឹងមានបញ្ជីសកម្មភាពមួយ» ជាសំដីរបស់អតីតបុគ្គលិកក្រុមហ៊ុន Apple ម្នាក់។
យ៉ាងណាអ្នកស្រី Gloria Lin ដែល DRI របស់នាង គឺប្ដូរតួនាទីពីក្រុមការងារពាក់ព័ន្ធផលិតផល iPod ទៅបម្រើការនៅផ្នែក Flipboard បាននិយាយថា៖ «អ្វីដែលសំខាន់ ដែលបានធ្វើឱ្យក្រុមហ៊ុនមានសន្ទុះលូតលាស់ដ៏ឆាប់រហ័ស ជាមួយសកម្មភាពយ៉ាងខ្លាំងក្លានោះគឺ មិនដោយសារភាពគ្មានទទួលខុសត្រូវនោះទេ តែគឺដោយសារពួកគេកាន់តួនាទី និងបញ្ចេញសកម្មភាពយ៉ាងមមាញឹកគ្មានទំនេរដៃ»។ «នៅពេលអ្នកមានអារម្មណ៍ថា អ្វីមួយជាកូនជាទីស្រលាញ់របស់អ្នក នោះអ្នកពិតជានឹងគិតគូរថែទាំវាជាទីបំផុត»។
៣) លោកមិនអនុញ្ញាតឱ្យនរណាម្នាក់លាក់កំបាំងចំណុចខ្សោយរបស់ខ្លួនដោយធ្វើបទបង្ហាញបញ្ចាំងស្លាយ (Slideshows) នោះឡើយ
អ្នកសរសេរចងក្រងអំពីប្រវត្តិរូបរបស់លោក Steve Jobs គឺលោក Walter Isaacson បាននិយាយថា៖ «លោក Jobs ស្អប់ការធ្វើបទបង្ហាញ ប៉ុន្តែគាត់ស្រលាញ់កិច្ចប្រជុំដែលនិយាយទល់មុខគ្នាស្រួល»។ នៅរៀងរាល់រសៀលថ្ងៃពុធ លោក Jobs មានរបៀបវារៈក្នុងកិច្ចប្រជុំជាមួយក្រុមការងារផ្នែកទីផ្សារ និងផ្សព្វផ្សាយ។ ការបញ្ចាំងស្លាយ (slideshows) ត្រូវបានហាមឃាត់ ដោយសារលោក Jobs ចង់ឱ្យក្រុមការងារធ្វើការពិភាក្សាស៊ីជម្រៅជំនួសឱ្យការឡើងធ្វើបទ បង្ហាញដែលពេលខ្លះពុំមានភាពច្បាស់លាស់ផងនោះ។
«ខ្ញុំស្អប់របៀបដែលមនុស្សប្រើបទបង្ហាញស្លាយជំនួសឱ្យការគិត»។ លោក Jobs និយាយប្រាប់លោក Isaacson។ «មនុស្សអាចនឹងប្រឈមមុខនឹងបញ្ហាដោយសារការធ្វើបទបង្ហាញ។ ខ្ញុំចង់ឱ្យពួកគេចូលរួមនិយាយតទល់គ្នានៅក្នុងតុជាជាងការបង្ហាញ ស្លាយជាច្រើនផ្ទាំងនោះ។ ប្រសិនគេដឹងនូវអ្វីដែលគេនឹងលើកយកមកនិយាយ ដូច្នេះមិនចាំបាច់ត្រូវការ PowerPoint នោះទេ»៕
No comments:
Post a Comment