Friday, December 12, 2014

តើ​ប្រទេស​ណា​​ខ្លះ​បំបែក​ខ្លួន​ចេញ​ពី​​​​សហភាព​សូវៀត​ក្រោយ​​ពេល​សង្គ្រាម​ត្រជាក់​បាន​បញ្ចប់?


ផែនទី​ប្រទេស​ដែល​ប្រកាស​ឯករាជ្យ​ចេញ​ពី​សហភាព​សូវៀតប្រភព៖​ lardbucket
ការ ​បញ្ចប់​សង្គ្រាម​ត្រជាក់​ដែល​ជា​ការ​ប្រឈមមុខ​ដាក់គ្នា​រវាង​មហាអំណាច​សេរី ​មាន​​អាមេរិក និង កុម្មុយនិស្ត​ដែល​មាន​សហភាព​សូវៀត​ជា​អ្នកដឹកនាំ ​​បាន​កើត​មាន​​តាំង​ពី​​បញ្ចប់​សង្គ្រាម​លោក​លើក​ទី២ រហូត​ដល់​ទសវត្ស​ទី ៩០​។ ការ​បញ្ចប់​សង្គ្រាម​ត្រជាក់​ ក៏​បាន​ធ្វើ​ឲ្យ​ស្ថានការណ៍​នយោបាយ​ពិភពលោក​មាន​ការ​ប្រែប្រួល​ទាំងស្រុង​ជា ​ពិសេស​នៅ​តំបន់​អឺរ៉ុប​កណ្តាល និង អឺរ៉ុប​ខាងកើត​។

សហភាព​សូវៀត​ដែល​ជា​មហាអំណាច​​​​​​​កុម្មុយនិស្ត​​​ធំ​ជាងគេ​បំផុត​នៅ​លើ​ ពិភពលោក​​នា​សម័យ​នោះ​បាន​ដួល​រលំ ផ្ទុយ​ពី​​អាមេរិក​នៅ​តែ​ឈរ​ជើង​យ៉ាង​រឹងមាំ​ដដែល និង កាន់​តែ​ធ្វើ​ឲ្យ​​​មនោគមន៍​វិជ្ជា​​សេរី​របស់​ខ្លួន​​មាន​សក្ដានុពល​កាន់តែ ​ខ្លាំង​ឡើងៗ។

ជាក់​ស្តែង​នៅ​ពេល​ដែល​សហភាព​សូវៀត​កំពុង​ត្រដរ​ខ្យល់​​នៅ​ចុង​ទសវត្ស​ទី ៨០ និង ដើម​សតវត្ស​ទី ៩០ មាន​ប្រទេស​​ចំនួន ១៥ ដែល​​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​​សហភាព​សូវៀត​បាន​​ប្រកាស​​ឯករាជ្យ ​​ផ្តាច់​ចេញ​ពី​អតីត​​មហាអំណាច​សង្គមនិយម​មួយ​នេះ​​​ជា​បន្តបន្ទាប់​ ។ ការ​ប្រកាស​ឯករាជ្យ​នេះ​បាន​ធ្វើ​ឡើង​ចាប់​ពី​ឆ្នាំ ១៩៩០ ដល់ រហូត​ដល់​ចុង​ឆ្នាំ ១៩៩១ ​ជា​ឆ្នាំ​ដែល​សង្គ្រាម​ត្រជាក់​ដួល​រលំ​ទាំងស្រុង​​។


...ប្រធានាធិបតី​រុស្ស៊ី​ប្រកាស​ថា តំបន់​គ្រីមៀ គឺ​ជា​ទឹកដី​រុស្ស៊ី​តាំង​ពី​អតីតកាល និង​ជា​រៀង​រហូត...

ប្រទេស​ទាំង​នោះ​រួម​មាន៖
១) អាមិននៀ
២) អាហ្សេបៃហ្សង់
៣) បេឡារុស្ស
៤) អេស្តូនី
៥) ហ្សកហ្ស៊ី
៦) កាហ្សាក់ស្ថាន​
៧) គៀរហ្គីស្តង់
៨) ឡាតវី
៩) លីទុយអានី
១០)​ ម៉ុលដូវ៉ា
១១) រុស្ស៊ី
១២) តាហ្ស៊ីគីស្ថាន
១៣) ទួរមេនីស្ថាន
១៤) អ៊ុយក្រែន និង
១៥) អ៊ូបេគីស្ថាន។ ​​​​​​​​
លទ្ធិកុម្មុយនិស្ត​ក៏​ត្រូវ​បាន​បោះបង់​ដែរ​នៅ​ អាល់បានី​ និង យូហ្គោស្លាវី​នៅ​ចន្លោះ​ឆ្នាំ ១៩៩០ ដល់​ឆ្នាំ ១៩៩២។ ក្រោយ​មក​យូហ្គោស្លាវី​បាន​បំបែក​ចេញ​ជា​៥ ​ប្រទេស​ផ្សេង​ទៀត​នៅ​​ឆ្នាំ ១៩៩២ ដែល​ក្នុង​នោះ​រួម​មាន បូស្នី​​​ និង ហឺហ្ស៊េហ្គោវីណា ក្រូអាត ​ម៉ាសេដូនី ស្លូវើនៀ និង សាធារណរដ្ឋ​យូហ្គោស្លាវី។ ​​​​​​​បន្ទាប់​មក​ទៀត​សាធារណរដ្ឋ​យូហ្គោស្លាវី​បាន​បំបែក​ចេញ​​ជា​ពីរ​ ប្រទេស​ទៀត​ដែល​នោះ​គឺ​​សាធារណរដ្ឋ​ស៊ែប និង ម៉ុងតេណេក្រូ។
​ ​
នៅ​តំបន់​អឺរ៉ុប​ខាងកើត​​ពោល​​​គឺ​នៅ​ប្រទេស​​ឆេកូស្លូវ៉ាគី​វិញ បាន​បំបែក​ខ្លួន​ជា​ពីរ​​​ផង​ដែរ​​នៅ​ក្នុង​ឆ្នាំ ១៩៩២ គឺ​សាធារណរដ្ឋឆេក និង ស្លូវ៉ាគី ខណៈ​​​របប​កុម្មុយនីស្ត​នៅ​កម្ពុជា ម៉ុងហ្គោលី ​និង នៅ​​អាហ្រ្វិក​​ក្នុង​នោះ​មាន​ អេត្យូពី និង យេមែន​ខាងត្បូង​ក៏​ត្រូវ​បោះបង់​ផង​ដែរ។

ការ​ដួល​រលំ​សហភាព​សូវៀត (របប​គុម្មុយនិសត្ត​) គឺ​​ជា​ការ​ប្រកាស​ទាំងស្រុង​នៃ​ការ​បញ្ចប់​សង្គ្រាម​​​ត្រជាក់ (សង្គ្រាម​មនោគមន៍​វិជ្ជា​) ​រវាង​អាមេរិក និង សហភាព​សូវៀត​​​ ហើយ​​សហភាព​សូវៀត​បាន​​ដូរ​មក​សហព័ន្ធ​រុស្ស៊ី​វិញ​ជា​ផ្លូវការ​ (Russia Federation) ​​នៅ​ថ្ងៃ​ទី ២៥ ខែ​ធ្នូ ឆ្នាំ ១៩៩១ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​៕​​​​

ប្រែសម្រួល៖ ខេវិន
ប្រភព៖​ telegraph & Reuters& Wikipedia

No comments:

Post a Comment