Monday, December 29, 2014

ទម្លាប់ ៤យ៉ាង​ ធ្វើ​ឲ្យ​អ្នក​​គ្មាន​​ផលិត​ភាព​ខ្ពស់​លើ​ការងារ​​

ទម្លាប់​ទាំង ៤យ៉ាង​ ធ្វើ​ឲ្យ​អ្នក​មិនអាច​មាន​ផលិត​ភាព​ខ្ពស់​លើ​ការងារ​ឡើយ!ប្រភព៖​ careerealism.com
ដើម្បី​ក្លាយ​ជា​មនុស្ស​ដែល​មាន​ផលិតភាព​ខ្ពស់​ គឺ មិនមែន​ជា​រឿង​ងាយស្រួល​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​វា​ជា​រឿង​ដែល​បុគ្គលិក​គ្រប់រូប​ខិតខំ បើ​ទោះបីជា​ ប្រឈម​នឹង​បញ្ហា​ច្រើន​​យ៉ាងណាក៏ដោយ។ ថ្វីត្បិត​តែ​ ម្នាក់ៗ ចង់បាន​ផលិត​ភាព​ខ្ពស់​ក្តី ប៉ុន្តែ​ ពេលខ្លះ​ទម្លាប់​អាក្រក់​មួយចំនួន បាន​ធ្វើ​ឲ្យ​ពួកគេ​ មិន​​អាច​បញ្ចេញ​សក្ដានុពល​របស់​ខ្លួន​អស់​នោះ​ឡើយ ជាហេតុ​ធ្វើ​ឲ្យ​ផលិតភាព​អន់ខ្សោយ។

ខាង​ក្រោម​នេះ​ គឺជា ទម្លាប់​អាក្រក់​មួយចំនួន​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​អាច​មាន​ផលិតភាព​ខ្ពស់​ ក្នុង​ការ​ធ្វើ​ការងារ​ផ្សេងៗ​នោះ​ឡើយ៖

១) នៅ​ជាប់​ជាមួយ​ប្រព័ន្ធ​អ៊ីនធឺណិត​រហូត
អ៊ីនធឺណិត​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​​ សម្រាប់​មនុស្ស​គ្រប់គ្នា​ក្នុង​ការ​ស្រាវជ្រាវ​ឯកសារ​ ឬ ធ្វើ​ការ​ទំនាក់ទំនង​ផ្សេងៗ។ ប៉ុន្តែ​ពេលខ្លះ​វា​ក៏​រំខាន​ទៅលើ​ ការងារ​របស់​អ្នក​ផង​ដែរ ​​ព្រោះ ជាទូទៅ​ដោយសារតែ​ ម្នាក់ៗ​ប្រើប្រាស់​ បណ្ដាញ​សង្គម​ច្រើន​ ដូច្នេះ​ពួកគេ​តែង​ឆ្លៀតពេល​ ផ្ញើរ​សារ ឬ បង្ហោះ​រូបភាព​ផ្សេងៗ ដែល​ទាំង​នេះ​មិន​ទាក់ទង​នឹង​ការងារ​នោះ​ឡើយ។ ប្រការ​នេះ​ធ្វើ​ឲ្យ​អ្នក​មិនអាច​មាន​ពេល​វេលា​គ្រប់គ្រាន់ និង មិនអាច​មាន​អារម្មណ៍​ពេញលេញ​ក្នុង​ការ​ធ្វើការ​ទេ។

២) ចូលចិត្ត​ពន្យារពេល
ក្នុងមួយថ្ងៃៗ​មាន​រឿងរ៉ាវ​ជាច្រើន​ដែល​អ្នក​ត្រូវ​ធ្វើ ប៉ុន្តែ​បើ​មិនព្រម​ធ្វើ​វា​ឲ្យ​ហើយ​ទេ នោះ​អ្នក​នឹង​ប្រឈម​បញ្ហា​កាន់តែ​ច្រើន​ថែម​ទៀត​នៅ​ថ្ងៃ​ក្រោយ។ ពេលខ្លះ​វា​មិនមែន​​ជា​រឿង​លំបាក​ក្នុង​ការ​ធ្វើ​នោះ​ទេ ប៉ុន្តែ​ដោយសារតែ​មានទម្លាប់​ចូលចិត្ត​ពន្យារពេល​ នាំ​ឲ្យ​ការងារ​នោះ មិនអាច​បញ្ចប់​ទាន់​ពេលវេលា​បាន។ 

៣) មិន​ចេះ​បែងចែក​អ្វី​សំខាន់ និង មិន​សំខាន់
ដូចដែល​បាន​ដឹង​ហើយ​ថា​ មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មាន​ការងារ​ជាច្រើន​ ប៉ុន្តែ​ក្នុង​កាលៈទេសៈ​នេះ បើ​ចេះ​ បែងចែក​អ្វី​សំខាន់ និង មិន​សំខាន់​នោះ​ អ្នក​នឹង​អាច​ធ្វើ​វា​ឲ្យបាន​យ៉ាង​ល្អ​មិន​ខាន។ យ៉ាង​ណា​ក៏​ដោយ ភាគ​ច្រើន​មិនសូវ​គិតឃើញ​អំពី​ចំណុច​នេះ​ទេ ជា​ហេតុ​នាំ​ឲ្យ​មាន​ភាព​ស្មុគស្មាញ​កើតឡើង ព្រោះ​មិន​ដឹង​ថា ត្រូវ​ធ្វើ​មួយ​ណា​មុន មួយ​ណា​ក្រោយ។
...ចំណុច​ទាំង​៣យ៉ាងនេះ​ អ្នក​មិន​គួរ​ធ្វើ​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មីទេ!...
៤) មិន​ចេះ​រៀប​ចំ​ផែនការ
ការ​រៀប​ចំ​ផែនការ​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ក្នុង​ការ​ធ្វើ​ការងារ​ប្រចាំថ្ងៃ ព្រោះ​វា​ជា​ផែនទី ចង្អុល​បង្ហាញ​ផ្លូវ​ថា ត្រូវ​ធ្វើ​អ្វី និង ដោយ​របៀបណា​នៅ​ថ្ងៃ​ខាងមុខ។ ដូច្នេះហើយ​បើ មិន​ចេះ​រៀប​ចំ​ផែនការ​ឲ្យ​បាន​ល្អ​ទេ ប្រាកដ​ណាស់​ថា អ្នក​មិន​អាច​បង្កើន​ផលិតភាព​ការងារ​បាន​ល្អ​នោះ​ឡើយ ព្រោះ​មិន​ដឹង​ថា ត្រូវ​ធ្វើអ្វី៕

ប្រែ​សម្រួល៖ រស្មី
ប្រភព៖​ ​

No comments:

Post a Comment