ការចាប់ផ្តើមបើកមុខរបររកស៊ី
១- សម្រេចចិត្តពីមុខរបរ: ដើម្បីចាប់ផ្តើមបើកមុខរបររកស៊ីមួយ អ្នកត្រូវចំណាយពេលគិតគូរឲ្យបានល្អិតល្អន់បន្តិច ថាតើអាចឬត្រូវប្រកបមុខរបរអ្វី។ ដំណាក់កាលដំបូងនេះហាក់ដូចជាពិបាកបន្តិច ប៉ុន្តែជាដំណាក់កាលសំខាន់ ព្រោះត្រូវជ្រើសរើសយកមុខរបរណាដែលអ្នកចង់ផង និងត្រូវគិតគូរដល់លទ្ធភាពអាចអនុវត្តបានផង។ អ្នកអាចសេងហាងលក់ដូរពីគេ ឬទទួលលក់ទំនិញឬសេវាឲ្យគេ ឬបើកមុខរបរថ្មីផ្ទាល់ខ្លួនតែម្តង ក៏បាន។ ក្រោយពីបានគិតគូរចប់សព្វគ្រប់ ហើយបានសម្រេចចិត្តជ្រើសរើសយកមុខរបរណាមួយហើយ អ្វីៗនឹងចាប់ដំណើរការហើយ។
២- រៀបចំផែនការអាជីវកម្ម: ជំហានបន្ទាប់គឺសរសេរផែនការអាជីវកម្ម រៀបរាប់ឲ្យបានច្បាស់អំពីគោលបំណង យុទ្ធសាស្ត្រនិងសកម្មភាពដែលត្រូវធ្វើជាបន្តបន្ទាប់ តម្រូវការទុននៅក្នុងសកម្មភាពនីមួយៗ ផែនការឃោសនាផ្សព្វផ្សាយផលិតផល/សេវា និងលទ្ធផលដែលរំពឹងថានឹងទទួលបាន។ មានផែនការអាជីវកម្មល្អវាជួយដឹកនាំសកម្មភាពការងាររកស៊ីផង ឲ្យដឹងថាតើធ្វើអ្វីមុនធ្វើអ្វីក្រោយ ហើយក៏ជាឯកសារសម្រាប់បង្ហាញដល់វិនិយោគិនឬអ្នកឲ្យខ្ចីប្រាក់ ផងដែរ។
៣- ហិរញ្ញប្បទាន: កាលណាអ្នកមានផែនការអាជីវកម្មរួចហើយ មុខរបររកស៊ីរបស់អ្នកនោះអាចចាប់ដំណើរការបានហើយ ជាមួយនឹងការស្វះស្វែងរកដើមទុនធ្វើអាជីវកម្ម។ អ្នកអាចប្រើប្រាស់ប្រាក់ផ្ទាល់ខ្លួន ឬខ្ចីពីបងប្អូន/មិត្តភក្តិ ទាក់ទងវិនិយោគិន ឬចងការប្រាក់ធនាគារ។ ប្រភពទុននីមួយៗសុទ្ធតែមានវិបាកខុសៗគ្នា ដូចជាបងប្អូន/មិត្តភក្តិនិងវិនិយោគិនអាចចង់ចូលរួមជាភាគហ៊ុន ចំណែកឯ ប្រាក់ធនាគារវិញអ្នកត្រូវបង់ការប្រាក់ឲ្យគេ។
៤-ការប្រុងប្រៀបចាប់ដំណើរការ: មានផែនការអាជីវកម្មរួចហើយ រកដើមទុនបានហើយ អ្នកជិតអាចដំណើរការអាជីវកម្មបានហើយ ក៏ប៉ុន្តែសូមប្រយ័ត្ន អ្នកត្រូវគិតដល់លក្ខណ:ខាងផ្លូវច្បាប់របស់អាជីវកម្មរបស់អ្នកសិន ថាតើជាអាជីវកម្មទោលផ្ទាល់ខ្លួន ឬជាក្រុមហ៊ុនមានដៃគូច្រើន ឬជាសាជីវកម្ម។ ហើយអ្នកអាចប្រហែលត្រូវធ្វើការចុះបញ្ជីការជាមួយនឹងក្រសួង/មន្ទីរ ពាណិជ្ជកម្ម ថែមទៀត។
៥-ការចាប់ចេញដំណើរការ: ឥឡូវនេះអ្វីៗបានរៀបចំរួចស្រេចអស់ហើយ អ្នកអាចបើកទ្វារអាជីវកម្មបានហើយ។ តើអ្នកបើកនៅផ្ទះខ្លួនឯង ឬត្រូវជួលផ្ទះឬតូបរបស់គេ ត្រូវការបុគ្គលិកប៉ុន្មាននាក់ តើប្រើប្រព័ន្ធគណនេយ្យមួយណា។ សូមកុំភ្លេចថាអ្នកត្រូវបង់ពន្ធដារផងដែរ។
ជយោ!!! សូមមានជ័យជំនះក្នុងមុខរបររបស់អ្នក!
- ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277
No comments:
Post a Comment