ផ្លែដាវដ៏មុតស្រួចដែលសហគ្រិនត្រូវសំលៀងមុនចាប់ផ្ដើមបើកអាជីវកម្មរបស់ខ្លួន
ភាព ជោគជ័យក្នុងមុខជំនួយ ឬ អាជីវកម្មណាមួយគឺជាក្ដីសុបិនតែមួយគត់របស់សហគ្រិនទូទៅ។ ប៉ុន្តែ អាជីវកម្មដែលបង្កើតឡើងមិនមែនសុទ្ធតែទទួលបានផ្លែផ្កាតបតាមការ ចង់បានរបស់ខ្លួនទាំងអស់នោះទេ ពោលគឺឧបសគ្គជាច្រើននឹងកើតមាននៅក្នុងមុខជំនាញរបស់អ្នក។ ខាងក្រោមនេះ គឺជាគន្លឹះសំខាន់ៗទាំង ៥ ដែលសហគ្រិនទូទៅគួរយល់ដឹងមុនពេលបើកអាជីវកម្មរបស់ខ្លួន។១) ប្រែក្លាយឧបសគ្គ ដើម្បីបង្កើតអាជីវកម្ម
បញ្ហាសេដ្ឋកិច្ច អត្រាគ្មានការងារធ្វើ វិស័យឧស្សាហកម្មធ្លាក់ចុះ ទាំងនេះគឺជាសញ្ញាណដ៏គ្រោះថ្នាក់មួយសម្រាប់សហគ្រិនក្នុងការបើក អាជីវកម្មរបស់ខ្លួន។ ប៉ុន្តែ ភាពរឹងមាំផ្នែកហិរញ្ញវត្ថុរបស់អ្នក និងការសម្រេចចិត្តដ៏ត្រឹមត្រូវមួយប្រកបដោយទំនួលខុសត្រូវ និងការប្ដេជ្ញាចិត្តក្នុងការបើកអាជីវកម្ម នឹងធ្វើឱ្យអ្នកមិនភ័យខ្លាចហានិភ័យទាំងនេះនោះឡើយ។ អ្នកត្រូវសម្លឹងមើលពីភាពលូតលាស់នៅពេលអនាគត។
សូមចុចអាន៖ អ្នកណាខ្លះជាម្ចាស់ភាគហ៊ុនសំខាន់ៗនៅក្នុងក្រុមហ៊ុន Facebook?
២) យកចិត្តទុកដាក់លើម៉ាក (Brand) និង កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន (Reputation)
ចាប់ផ្ដើមអាជីវកម្មដំបូង សហគ្រិនត្រូវយល់ថា តើម៉ាកផលិតផលឬ សេវាកម្មរបស់ខ្លួនត្រូវមានលក្ខណៈពិសេសបែបណាដើម្បីទាក់ទាញ ចំណាប់អារម្មណ៍ពីអតិថិជន? ត្រង់នេះ សហគ្រិនទាំងអស់ត្រូវផ្ដោត និងសិក្សាលើតម្រូវការរបស់អតិថិជនមកវិញ ដើម្បីប្រើប្រាស់ម៉ាកផលិតផលឬ សេវាកម្មរបស់ខ្លួនប្រកបដោយគុណភាពក្នុងការប្រកួតប្រជែងនៅលើ ទីផ្សារ។
៣) មិនត្រូវដាក់ក្តីសង្ឃឹមខ្ពស់ពេកពេលចាប់ផ្ដើមអាជីវកម្ម
ដើម្បីបង្កើតអាជីវកម្មដំបូង មិនខុសអ្វីក្រៅពីបង្រៀនក្មេងឲ្យចេះដើរនោះឡើយ ត្បិតអីក្រុមហ៊ុនរបស់អ្នកនៅតូច និងមិនសូវមានអតិថិជនច្រើនស្គាល់ទៀតផង។ ដូច្នេះ ជាសហគ្រិនម្នាក់ អ្នកមិនត្រូវដាក់ក្ដីសង្ឃឹមខ្ពស់ក្នុងការទទួលបានសមិទ្ធផលយ៉ាង គាប់ប្រសើរក្នុងពេលដ៏ឆាប់នោះឡើយ។ ប៉ុន្តែ ពេលនេះ គឺជាអំឡុងពេលនៃការសិក្សាលើការដំណើរការអាជីវកម្មរបស់អ្នកជា មួយអតិថិជនទូទៅ ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយរបស់ក្រុមហ៊ុន។
៤) មិនជោគជ័យមិនបោះបង់
ឧបសគ្គមួយចំនួននឹងរារាំងដល់ការបើកអាជីវកម្មរបស់អ្នក។ ដូច្នេះ អ្នកត្រូវរៀនដើរទៅមុខបន្តិចម្ដងៗយ៉ាងស្វាហាប់បំផុតទោះបីជា បរាជ័យម្ដងជាពីរដង ហើយសម្លឹងមើលពីភាពចន្លោះខ្វះខាតទាំងនោះលើផលិតផល ឬ សេវាកម្មដើម្បីភាពរឹងមាំក្នុងអាជីវកម្មឆ្លើយតបតាមតម្រូវការ ទីផ្សារនាពេលអនាគត។
៥) មានមហិច្ឆតាខ្ពស់លើអាជីវកម្ម
ការប្រឡូកក្នុងអាជីវកម្ម សហគ្រិនត្រូវដាក់មហិច្ឆតាជាគោលដៅសំខាន់បំផុតមួយ។ អ្នកត្រូវមានមហិច្ឆតាខ្ពស់នូវអ្វីដែលអ្នកចង់ធ្វើ ដើម្បីចំណាយពេលដ៏ត្រឹមត្រូវមួយលើការងារនោះ។ នេះហើយគឺជាការចាប់ផ្ដើមអាជីវកម្ម និងសិល្បៈគ្រប់គ្រងជំនួញ៕
No comments:
Post a Comment