Thursday, August 13, 2015

ជំនាញ​គ្រឹះ​​​​៤​ដើម្បី​អភិវឌ្ឍន៍​​ខ្លួន​ឯង​ ពិតជា​មិន​អាច​ខ្វះ​បាន​​សម្រាប់​មនុស្ស​ជោគជ័យ

ជំនាញ​គ្រឹះ​​ទាំង​៤​នេះ ពិតជា​មិន​អាច​ខ្វះ​បាន​​ឡើយ​​សម្រាប់​មនុស្ស​ជោគជ័យ!ប្រភព៖​ bookkeepingfortomorrow
គ្មាន ​មនុស្ស​ណា​ចង់​បរាជ័យ​នោះ​ឡើយ ផ្ទុយទៅវិញ គឺ​ភាព​ជោគជ័យ​គឺ​ជា​ក្តី​ប្រាថ្នា​របស់​មនុស្ស​ទូទៅ មិនថា អ្នក​សិក្សា អ្នកធ្វើការ ឬ អ្នក​ជំនួញ​ឡើយ។ ភាព​ជោគជ័យ មិនមែន​កើត​ឡើង​ដោយ​ចៃដន្យ​​ឡើយ ពោល​គឺ​អ្វី​សុទ្ធតែ​មាន​ការ​រៀបចំឡើង​ដោយ​យកចិត្ត​ទុក​ដាក់ លើ​អ្វី​ដែល​មនុស្ស​ចង់​សម្រេច​បាន​។ ជាមូលដ្ឋានគ្រឹះ ដើម្បី​អាច​ធ្វើ​ឲ្យ​អ្នក​អាច​ក្លាយជា​មនុស្ស​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការ​ធ្វើ​ការងារ​អ្វីៗ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ខ្ពស់ ហើយ​ឈរ​លើ​ទីតាំង​ជោគជ័យ​បាន​នោះ អ្នក​ត្រូវ​មាន​ជំនាញ​ពិសេស​មួយ​ចំនួន​ដូច​ខាងក្រោម៖



១) ស្គាល់​ខ្លួនឯង​ច្បាស់ (Self-Awareness )


មុន​ពេល​ផ្តើម​គិត​ធ្វើ​រឿង​អ្វីៗ ចំណុច​សំខាន់​បំផុត​ដែល​អ្នក​មិន​ត្រូវ​មើល​រំលង​នោះ គឺ ការ​ស្វែង​យល់​ពី​ខ្លួន​ឯង​ឲ្យ​បាន​ច្បាស់ ថា អ្នក​ជា​មនុស្ស​ប្រភេទ​ណា ចូល​ចិត្ត​អ្វី មាន​ចំណុច​ខ្លាំង និង ចំណុច​ខ្សោយ​អ្វីខ្លះ។ មនុស្ស​ភាគច្រើន​មិន​បាន​ស្គាល់​ច្បាស់​អំពី​ខ្លួន​ឯង​នោះ​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​ធ្វើ​អ្វី​ប្រកប​ដោយ​ភាព​ជោគជ័យ​បាន។ ស្គាល់​ខ្លួន​ឯង មានន័យថា អ្នក​ស្គាល់​ច្បាស់ អំពី​ផ្លូវ​ត្រូវ​ដើរ​ដែល​ស្រប​នឹង​សមត្ថភាព និង អត្តចរិត​របស់​ខ្លួនឯង ដើម្បី​ឆ្ពោះ​ទៅ​កាន់​ភាព​ជោគជ័យ។

…ទម្លាប់​ល្អ​ទាំង៥យ៉ាង ​ដែល​​​ជួយ​ឲ្យ​​អ្នកមាន​សុខ​ភាពល្អ​!…



២) ភាព​ជឿជាក់​លើ​ខ្លួនឯង (Self-Confidence )

បើ​សូម្បី​តែ​ខ្លួនឯង​ អ្នក​មិន​ជឿជាក់​ផង តើ​ឲ្យ​នរណា​ទុក​ចិត្ត​អ្នក​? ភាព​ជឿជាក់ គឺ​ជា​ចំណុច​សំខាន់ ក្នុង​ការ​ជំរុញ​ឲ្យ​អ្នក​អាច​ធ្វើអ្វីៗ​​ បាន​យ៉ាង​ល្អ និង ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។ ដើម្បី​ក្លាយជា មនុស្ស​ដែល​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង អ្នក​ត្រូវ​ស្គាល់​ច្បាស់​នូវ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ តាម​រយៈ​ការ​សិក្សា​ស្រាវ​ជ្រាវ និង ការ​អង្កេត​ជាដើម។

…រឿង​មិន​ល្អ​ទាំង ៥យ៉ាង​ដែល​អ្នក​​គួរ​ ឈប់​ធ្វើ​វា​ចាប់​ពី​ពេល​នេះ​តទៅ!…

៣) ការ​វាយ​តម្លៃ​លើ​ខ្លួនឯង ( Self-Assessment)

ជា​រៀងរាល់​ថ្ងៃ អ្នក​បាន​ធ្វើ​រឿង​ជា​ច្រើន ក្នុង​បំណង​ដើម្បី​សម្រេច​គោល​ដៅ។ ក្នុង​ស្ថានភាព​នេះ ចំណុច​ចាំបាច់​មួយ​ដែល​មិន​គួរ​មើល​រំលង​នោះ គឺ​ការ​វាយ​តម្លៃ​លើ​សមត្ថភាព​​ខ្លួនឯង ដើម្បី​ត្រួត​ពិនិត្យ​ឡើង​វិញ ថា​អ្វី​ដែល​អ្នក​បាន​ធ្វើ​កន្លង​មក គឺ​ មាន​ចំណុច​ខ្សោយ និង ចំណុច​ខ្លាំង​អ្វី​ខ្លះ។ ការ​ធ្វើ​បែប​នេះ អាច​ជួយ​ឲ្យ​អ្នក​អាច​កែ​ប្រែ ឬ រៀបចំផែនការ​ឡើងវិញ ដើម្បី​ត្រួសត្រាយផ្លូវ​ទៅកាន់​កន្លែង​ដែល​អ្នក​ចង់​ទៅ​ដល់។

៤) ភាព​ម្ចាស់​ការ​លើ​ខ្លួន​ឯង ( Self-Discipline)

​​ផ្លូវ​ទៅ​កាន់​ភាព​ជោគជ័យ មិន​ស្រួល​ដើរ​នោះ​ទេ អញ្ចឹង​ហើយ​បានជា មនុស្ស​ភាគតិច​ប៉ុណ្ណោះ​ដែល​សម្រេច​គោល​ដៅ។ ក្នុង​ដំណើរ​ដ៏​ស្មុគស្មាញ​នេះ អ្នក​ត្រូវ​តែ​មាន ភាព​ម្ចាស់​ការ​លើ​ខ្លួន។ មានន័យថា អ្នក​ត្រូវតែ​ច្បាស់លាស់​​លើ​អ្វី​ដែល​កំពុង​ធ្វើ បើ​ទោះ​បី​ជា​មាន បញ្ហា​ជា​ច្រើន​កើត​ឡើង​ក្តី។ ក្នុង​ន័យ​នេះ អ្នក​ត្រូវ​មាន​វិន័យ​ចំពោះ​ខ្លួនឯង​ លើ​អ្វី​ដែល​ត្រូវធ្វើ និង មិន​ត្រូវ​ធ្វើ។ មិន​ត្រូវ​ធ្វើ​ជា​មនុស្ស ដែល​ រេចុះរេឡើង ទៅតាម​ពាក្យ​សំដី​អ្នកដទៃ​នោះ​ឡើយ៕

No comments:

Post a Comment