យុទ្ធសាស្ត្រមុតស្រួចស្វែងរកទីតាំងខ្លាញ់សម្រាប់បើកអាជីវកម្ម
ការជ្រើសរើសទីតាំងរបស់ក្រុមហ៊ុនគឺជាការសម្រេចចិត្តដ៏ឈ្លាសវៃមួយ ទៀតរបស់សហគ្រិនដំបូងដែលត្រូវធ្វើ ដើម្បីឲ្យអាជីវកម្មរបស់ខ្លួនមានសក្ដានុពលនៅពេលអនាគត។ នេះក៏ទាមទារឲ្យសហគ្រិនទាំងអស់ត្រូវមានគម្រោងស្រាវជ្រាវ ឲ្យបានច្បាស់លាស់ជាមុន មុននឹងសម្រេចចិត្តជ្រើសរើសទីតាំងនោះ។ដើម្បីផ្តល់ពន្លឺមួយចំនួនដល់សហគ្រិនទូទៅដែលចង់ស្វែងយល់ពី ការជ្រើសរើសទីតាំងក្រុមហ៊ុន របស់ខ្លួន the BNEWS សូមលើកយកគន្លឹះសំខាន់ៗចំនួន៣ចែកជូនមិត្តអ្នកអានដូចខាងក្រោម៖
១ ) សិក្សាពីតម្រូវការចាំបាច់លើទីតាំងក្រុមហ៊ុន
សហគ្រិនភាគច្រើនជ្រើសរើសទីតាំងរបស់ក្រុមហ៊ុននៅកន្លែងមួយដែល ធ្វើឲ្យសាធារណជនទូទៅអាចមើលឃើញបានយ៉ាងច្បាស់ ដែលនេះជាផ្នែកមួយដ៏សំខាន់ក្នុងការជួយក្រុមហ៊ុនឆាប់រីក ធំធាត់បានក្នុងរយៈពេលដ៏ខ្លី។ តែអ្វីដែលសំខាន់បន្ថែមទៀតលើសពីនេះ គឺសហគ្រិនត្រូវសិក្សាផងដែរលើ៖
-ស្លាកឈ្មោះក្រុមហ៊ុនៈ តើស្លាកឈ្មោះក្រុមហ៊ុនស៊ីចង្វាក់ឬ សមស្របសម្រាប់ដាក់នៅលើទីតាំងនោះដែរឬទេ?
-ស្ថានភាពប្រកួតប្រជែងៈ តើនៅទីតាំងក្រុមហ៊ុនរបស់អ្នកមានក្រុមហ៊ុនប្រកួតប្រជែងដែរឬទេ?
-ទីផ្សារពលកម្មៈ តើទីតាំងក្រុមហ៊ុនរបស់អ្នកសំបូរទៅដោយបុគ្គលិកប្រកបដោយសក្ដានុពលដែរឬទេ? តើពួកគេមានទំនោរយ៉ាងដូចម្តេច?
-គម្រោងពង្រីកក្រុមហ៊ុនៈ ប្រសិនបើអ្នកមានមហិច្ឆតាបើកក្រុមហ៊ុនរបស់អ្នកកាន់តែធំនៅពេល អនាគត អ្នកត្រូវដឹងថា តើអ្នកអាចពង្រីកទីតាំងក្រុមហ៊ុនរបស់អ្នកដោយងាយស្រួលដែរឬទេនៅ ថ្ងៃខាងមុខ?
-ផ្តល់សេវាកម្មៈ តើទីតាំងក្រុមហ៊ុនរបស់អ្នកអាចឲ្យអតិថិជនទទួលបានសេវាកម្មយ៉ាងងាយស្រួលដែរឬទេ?
-សុវត្ថិភាពៈ តើទីតាំងនោះមានបទល្មើសច្រើន? អំពើអស្តិសុខ ឬ មានសុវត្ថិភាពខ្ពស់ដែរឬទេ?
-គោរពច្បាប់បង្កើតទីតាំងរបស់ក្រុមហ៊ុនៈ តើអ្នកសហការដល់កម្រិតណាជាមួយអាជ្ញាធរមុនពេលសាងសង់ និង បើកអាជីវកម្មរបស់អ្នក?
២) សិក្សាលើផ្នែកហិរញ្ញវត្ថុ
ក្រៅពីកត្តាផ្សេងៗដែលអ្នកត្រូវស្វែងយល់នៅខាងលើនេះ សហគ្រិនទាំងអស់ក៏ត្រូវគិតយ៉ាងយកចិត្តទុកដាក់លើកត្តា ហិរញ្ញវត្ថុបង្កើតអាជីវកម្មលើទីតាំងនោះ។
ការបង្កើតទីតាំងៈ អ្នកត្រូវពិនិត្យលើការចំណាយនៃការបង្កើតទីតាំងរបស់ ក្រុមហ៊ុន ជួសជុល តុបតែងកែលំអ ឬ ចំណាយលើសម្ភារៈផ្សេងទៀត ធ្វើយ៉ាងណាឲ្យការចំណាយរបស់អ្នកស្ថិតនៅក្នុងកម្រិតទាប។
ការបង់ពន្ធៈ អ្នកត្រូវគិតពីតម្លៃពន្ធទូទៅនៅក្នុងតំបន់នោះ ដូចជាពន្ធលើអចលនទ្រព្យជាដើម។
ប្រាក់ខែៈ តើគិតជាមធ្យមតម្លៃពលកម្មនៅក្នុង ក្រុមហ៊ុនរបស់អ្នកត្រូវផ្តល់ជូនបុគ្គលិកក្នុងចំនួនប៉ុន្មានទើប ស័ក្តិសមនៅក្នុងទីតាំងនោះ?
៣) សិក្សាលើគោលដៅអភិវឌ្ឍសហគមន៍
ការស្វែងយល់ពីច្បាប់ និង បទបញ្ញត្តិផ្សេងៗដែលត្រូវអនុវត្តបើកអាជីវកម្មក្នុងទីតាំង ជាក់លាក់ណាមួយ ជារឿងមួយដែលសំខាន់។ ប៉ុន្តែ ទន្ទឹមនឹងគ្នានេះ ស្របពេលដែលអ្នកចង់ឲ្យអាជីវកម្មរបស់ខ្លួនអាចដើររលូនទៅមុខ វាជាការប្រសើរដែលអ្នកត្រូវទំនាក់ទំនងជាមួយអាជ្ញាធរ អ្នកឯកទេស ឬ អ្នកជំនាញណាមួយ ពីគម្រោងអភិវឌ្ឍនានា ឬ ជំនួយហិរញ្ញវត្ថុមួយចំនួនរបស់រដ្ឋាភិបាល ដូចជាប្រាក់កម្ចី និងការលើកទឹកចិត្តហិរញ្ញវត្ថុផ្សេងៗទៀតដល់អាជីវកម្មខ្នាតតូចរបស់ អ្នកនៅលើទីតាំងនោះ។
ការក្តាប់បានចំណុចពិសេសទាំងនេះ នឹងធ្វើឲ្យអាជីវកម្មរបស់អ្នកអាចដំណើរការយ៉ាងរលូនទៅមុខដោយមិន មានការស្ទាក់ស្ទើរក្រោមការគាំទ្រគ្រប់ច្រកល្ហកទាំងសាធារណជន និង អាជ្ញាធរគ្រប់គ្រងតំបន់អាជីវកម្មនោះ៕
ប្រែសម្រួល៖ ខេវិន
No comments:
Post a Comment