Tuesday, April 28, 2015

៧ ជំនាញ​​​ដែល​ឪពុកម្ដាយ​គ្រប់រូប​​ ត្រូវ​បង្រៀន​កូនៗដើម្បី​ក្លាយ​ជា​បុគ្គល​ឆ្នើម​នៅ​ពេល​អនាគត​!​

រួបតំណាង​ប្រភព៖​ parentmap

ឪពុក ​ម្តាយ​គ្រប់រូប​ តែង​ខិតខំ​ធ្វើ​គ្រប់យ៉ាង​ដើម្បី ​ធ្វើ​យ៉ាង​ណា​ឲ្យ​កូនៗ​របស់​ខ្លួន​មាន​សមត្ថភាព​នៅ​ពេល​អនាគត។ ​ប៉ុន្តែ​ពេលខ្លះ​ វា​មិនមែន​ជា​រឿង​ងាយ​ស្រួល​ឡើយ ដូច្នេះ​​ឪពុក​ម្តាយ​គ្រប់រូប​ត្រូវ​ទាមទារ​ពេលវេលា​គ្រប់គ្រាន់​ និង ​ការ​អត់ធ្មត់​ផង​ដែរ។ បើសិន​អ្នក​ចង់​ឲ្យ​កូន​មាន​ភាព​រឹងមាំ​នៅ​ពេល​អនាគត​​ គួរ​បង្ហាត់​គេ​នូវ​ជំនាញ​មួយ​ចំនួន​ខាងក្រោម​នេះ​៖


១) បង្រៀន​កូនៗ​ កុំ​ឲ្យ​បោះបង់​ការ​អាន និង ការ​រៀន​សូត្រ
​ ​គ្មាន​នរណា​ម្នាក់​ចេះ​គ្រប់យ៉ាង​នោះ​ទេ ​ដូច្នេះ​មនុស្ស​គ្រប់គ្នា​​ត្រូវ​តែ​បន្ត​ការ​រៀនសូត្រ និង អាន​សៀវភៅ​ឲ្យ​បាន​ច្រើន​ ជាពិសេស​គឺ​ក្មេងៗ​តែម្តង។ ​​ក្នុងនាម​អ្នក​ជា​ឪពុក​ម្តាយ​ ​គឺ​ត្រូវ​តែ​ព្យាយាម​បណ្ដុះ​គំនិត​ឲ្យ​កូនៗ​ព្យាយាម​សិក្សា​រៀនសូត្រ​​ឲ្យ​ បាន​ច្រើន​ ព្រោះ​បើ​គ្មាន​ចំណេះដឹង​គ្រប់គ្រាន់​ទេ ប្រាកដ​ជា​មិនអាច​មាន​អនាគត​ល្អ​ឡើយ​។ ​ក្នុង​ស្ថានភាព​នេះ​ កូនៗ​ពិតជា​ត្រូវការ​ការ​លើកទឹកចិត្ត​ពី​ឪពុកម្ដាយ​ខ្លាំង​ណាស់​ ​ដើម្បី​អាច​បន្ត​សិក្សា​ឲ្យ​បាន​ល្អ​។


២) ​បង្រៀន​ពួកគេ​ឲ្យ​លេង​ជាមួយ​នឹង​ដទៃ
​​​​មិន​ គួរ​ឲ្យ​កូនៗ​របស់​អ្នក​នៅ​តែ​ក្នុងផ្ទះ​នោះ​ទេ ពោល​គឺ​ត្រូវ​តែ​នាំ​ពួកគេ​ឲ្យ​លេង​ជាមួយ​នឹង​ក្មេងៗ​ដទៃ​ទៀត​ ដើម្បី​ឲ្យ​ពួកគេ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​មនុស្ស​ជុំវិញ​ខ្លួន។ ​ឪពុកម្ដាយ​ខ្លះ​ចូលចិត្ត​តែ​ឲ្យ​កូនៗ​របស់​ខ្លួន​​លេង​តែ​​នៅ​ក្នុង​ផ្ទះ​ ដោយ​កម្រ​នឹង​មាន​ឱកាស​​ទៅ​ចេញ​ទៅ​ខាងក្រៅ​ ដូច្នេះ​ហើយ​ធ្វើ​ឲ្យ​ពួកគេ​មាន​ការ​ភ័យ​ខ្លាច​ ឬ មិន​សូវ​មាន​ចុះសម្រុង​ជាមួយ​នឹង​មនុស្ស​នៅ​ក្នុង​សង្គម។ ​គួរ​បង្រៀន​ឲ្យ​ពួក​គេ​យល់​ដឹង​ពី​ពិភព​ខាងក្រៅ​ឲ្យ​បាន​ច្រើន​ ជាពិសេស​ណែនាំ​ឲ្យ​ចេះ​អធ្យាស្រ័យ​ចំពោះ​មិត្តភក្ដិ​។

​​​​៣) ​បង្រៀន​កូន​ឲ្យ​ចេះ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​
​ ជា​ធម្មតា​ទេ ​ការ​រស់នៅ​​តែងតែ​ជួប​បញ្ហា​ជៀស​មិន​ផុត​។ ​ទន្ទឹម​ជាមួយ​គ្នា​នេះ​ អ្នក​គួរតែ​ព្យាយាម​បង្រៀន​កូន​ឲ្យ​ចេះ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ ដោយ​ជៀសវាង​ការប្រើប្រាស់​កំហឹង​ដែល​អាច​នាំ​មក​នូវ​បញ្ហា​ធ្ងន់ធ្ងរ​​។ ​ឪពុក​ម្តាយ​គួរ​តែ​ផ្តល់​គំរូ​ដ៏​ល្អ​បំផុត​សម្រាប់​ពួកគេ​ ព្រោះ​បើកាលណា​អ្នក​តែង​ប្រើប្រាស់​កម្លាំង​បាយ​ជា​ញឹកញាប់​ពេល​មាន​បញ្ហា​ អ្វីមួយ​កើតឡើង​​ ចង់​ឬ​មិន​ចង់​​វា​​ប្រាកដ​មាន​ឥទ្ធិពល​ទៅលើ​ការ​គិត​របស់​កូនៗ​របស់​អ្នក​ ជា​មិនខាន​​។


…សេដ្ឋី​​​​ក្មេងៗ​ទាំង​ ៥ រូប​​មាន​គំនិត​អាជីវកម្ម​មិន​ធម្មតា ​អាច​​រក​ប្រាក់​ចំណូល​ឲ្យ​ខ្លួន​ឯង​រាប់​លាន​ដុល្លារ…


៤) ​បង្រៀន​ពួកគេ​ឲ្យ​មាន​ភាព​ក្លាហាន​
​អ្នក​គួរ​ តែ​បណ្តោយ​ឲ្យ​ពួកគេ​ធ្វើអ្វី​ដែល​ចង់ ​​ព្រោះ​ការ​ធ្វើ​បែបនេះ​អាច​ឲ្យ​ក្មេងៗ​មាន​ភាព​ក្លាហាន​។ ភាព​ក្លាហាន​ពិត​ជា​មាន​សារសំខាន់​​ ​ព្រោះ​បើ​គ្មាន​ភាព​ក្លាហាន​ទេ​ ពួកគេ​ប្រាកដ​ជា​មិន​ហាន​ធ្វើអ្វី​នោះ​ឡើយ​។ ឪពុកម្ដាយ​ខ្លះ​ចូលចិត្ត​បង្អាក់​កូន​មិន​ឲ្យ​អ្វីៗ​នោះ​​ឡើយ​ ពោល​គឺ​តែងតែ​បង្ខំ​ឲ្យ​កូន​ធ្វើតាម​សម្ដី​ប៉ុណ្ណោះ​ ដែល​ទង្វើ​បែបនេះ​​ធ្វើ​ឲ្យ​ពួក​គេ​គ្មាន​ភាព​ក្លាហាន​ក្នុង​ការ​បញ្ចេញ​ សមត្ថភាព​ដែល​ខ្លួន​មាន​​នោះ​ឡើយ​។​


៥) បង្រៀន​ឲ្យ​ពួកគេ​ចេះ ទទួល​ស្គាល់​កំហុស​
​គ្មាន ​នរណា​ម្នាក់​មិន​ធ្លាប់​ខុស​នោះ​ទេ ​ពោល​គឺ​វា​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ គឺ​ការ​ចេះ​ទទួល​ស្គាល់​ពី​កំហុស​ឆ្គង​របស់​ខ្លួន​។​ ​ដូច្នេះ​ហើយ​ អ្នក​គួរ​តែ​បង្រៀន​កូនៗ​ឲ្យ​ចេះ​ទទួលស្គាល់​ពី​កំហុស​របស់​ពួកគេ​ ព្រោះ​ការ​ធ្វើ​បែបនេះ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ ដើម្បី​ឲ្យ​ពួក​គេ​ក្លាយ​ជា​មនុស្ស​ដែល​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​នៅ​ពេល​ អនាគត​។


៦) បង្រៀន​ឲ្យ​​មាន​សុទិដ្ឋិនិយម
​​​ការ​គិត​បែប​ វិជ្ជមាន​ ពិតជា​មាន​សំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​គ្រប់រូប​ ព្រោះ​ការ​គិត​បែបនេះ​ជួយ​ឲ្យ​ពួក​គេ​មាន​ក្តី​សង្ឃឹម​ មិន​ចុះចាញ់​ទៅ​នឹង​បញ្ហា​។ ​វា​ជា​ចំណុច​សំខាន់​មួយ​ដែល​ ឪពុក​ម្តាយ​គ្រប់រូប​ ​ត្រូវ​យកចិត្ត​ទុកដាក់​ ដោយ​ព្យាយាម​គ្រប់បែប​​យ៉ាង​ដើម្បី​ឲ្យ​កូនៗ​របស់​ខ្លួន​មិន​ឆាប់​អស់សង្ឃឹម ​លើ​អ្វីមួយ​ ហើយ​តែងតែ​មាន​សុទិដ្ឋិនិយម​ក្នុង​ចិត្ត​ឲ្យ​បាន​ច្រើន​។


៧) បង្រៀន​​កូនៗ​ឲ្យ​មាន​ក្តី​ស្រលាញ់​ជ្រាលជ្រៅ
​ ក្តី​ស្រលាញ់​ពិត​ជា​​មិនអាច​ខ្វះ​បាន​នោះ​ឡើយ​ សម្រាប់​មនុស្ស​គ្រប់រូប​។ ​បើ​ខ្វះ​សេចក្តី​ស្រលាញ់​ មនុស្ស​ប្រាកដ​ជា​​ធ្វើ​រឿង​អាក្រក់​ជាច្រើន​ដោយ​មិន​ខ្លាច​។ ដូច្នេះ​អ្នក​គួរ​តែ​ព្យាយាម​ឲ្យ​កូន​របស់​អ្នក​មាន​សេចក្តី​ស្រលាញ់​ក្នុង​ ចិត្ត​ឲ្យ​បាន​ច្រើន​ ដើម្បី​អាច​រស់​នៅ​ក្នុង​សង្គម​យ៉ាង​សុខសាន្ដ៕


​ប្រែ​សម្រួល៖ រស្មី

ប្រភព៖​ www.lifehack.org

No comments:

Post a Comment