៧ ជំនាញដែលឪពុកម្ដាយគ្រប់រូប ត្រូវបង្រៀនកូនៗដើម្បីក្លាយជាបុគ្គលឆ្នើមនៅពេលអនាគត!
ឪពុក ម្តាយគ្រប់រូប តែងខិតខំធ្វើគ្រប់យ៉ាងដើម្បី ធ្វើយ៉ាងណាឲ្យកូនៗរបស់ខ្លួនមានសមត្ថភាពនៅពេលអនាគត។ ប៉ុន្តែពេលខ្លះ វាមិនមែនជារឿងងាយស្រួលឡើយ ដូច្នេះឪពុកម្តាយគ្រប់រូបត្រូវទាមទារពេលវេលាគ្រប់គ្រាន់ និង ការអត់ធ្មត់ផងដែរ។ បើសិនអ្នកចង់ឲ្យកូនមានភាពរឹងមាំនៅពេលអនាគត គួរបង្ហាត់គេនូវជំនាញមួយចំនួនខាងក្រោមនេះ៖
១) បង្រៀនកូនៗ កុំឲ្យបោះបង់ការអាន និង ការរៀនសូត្រ
គ្មាននរណាម្នាក់ចេះគ្រប់យ៉ាងនោះទេ ដូច្នេះមនុស្សគ្រប់គ្នាត្រូវតែបន្តការរៀនសូត្រ និង អានសៀវភៅឲ្យបានច្រើន ជាពិសេសគឺក្មេងៗតែម្តង។ ក្នុងនាមអ្នកជាឪពុកម្តាយ គឺត្រូវតែព្យាយាមបណ្ដុះគំនិតឲ្យកូនៗព្យាយាមសិក្សារៀនសូត្រឲ្យ បានច្រើន ព្រោះបើគ្មានចំណេះដឹងគ្រប់គ្រាន់ទេ ប្រាកដជាមិនអាចមានអនាគតល្អឡើយ។ ក្នុងស្ថានភាពនេះ កូនៗពិតជាត្រូវការការលើកទឹកចិត្តពីឪពុកម្ដាយខ្លាំងណាស់ ដើម្បីអាចបន្តសិក្សាឲ្យបានល្អ។
២) បង្រៀនពួកគេឲ្យលេងជាមួយនឹងដទៃ
មិន គួរឲ្យកូនៗរបស់អ្នកនៅតែក្នុងផ្ទះនោះទេ ពោលគឺត្រូវតែនាំពួកគេឲ្យលេងជាមួយនឹងក្មេងៗដទៃទៀត ដើម្បីឲ្យពួកគេមានទំនាក់ទំនងល្អជាមួយនឹងមនុស្សជុំវិញខ្លួន។ ឪពុកម្ដាយខ្លះចូលចិត្តតែឲ្យកូនៗរបស់ខ្លួនលេងតែនៅក្នុងផ្ទះ ដោយកម្រនឹងមានឱកាសទៅចេញទៅខាងក្រៅ ដូច្នេះហើយធ្វើឲ្យពួកគេមានការភ័យខ្លាច ឬ មិនសូវមានចុះសម្រុងជាមួយនឹងមនុស្សនៅក្នុងសង្គម។ គួរបង្រៀនឲ្យពួកគេយល់ដឹងពីពិភពខាងក្រៅឲ្យបានច្រើន ជាពិសេសណែនាំឲ្យចេះអធ្យាស្រ័យចំពោះមិត្តភក្ដិ។
៣) បង្រៀនកូនឲ្យចេះដោះស្រាយបញ្ហាដោយសន្តិវិធី
ជាធម្មតាទេ ការរស់នៅតែងតែជួបបញ្ហាជៀសមិនផុត។ ទន្ទឹមជាមួយគ្នានេះ អ្នកគួរតែព្យាយាមបង្រៀនកូនឲ្យចេះដោះស្រាយបញ្ហាដោយសន្តិវិធី ដោយជៀសវាងការប្រើប្រាស់កំហឹងដែលអាចនាំមកនូវបញ្ហាធ្ងន់ធ្ងរ។ ឪពុកម្តាយគួរតែផ្តល់គំរូដ៏ល្អបំផុតសម្រាប់ពួកគេ ព្រោះបើកាលណាអ្នកតែងប្រើប្រាស់កម្លាំងបាយជាញឹកញាប់ពេលមានបញ្ហា អ្វីមួយកើតឡើង ចង់ឬមិនចង់វាប្រាកដមានឥទ្ធិពលទៅលើការគិតរបស់កូនៗរបស់អ្នក ជាមិនខាន។
…សេដ្ឋីក្មេងៗទាំង ៥ រូបមានគំនិតអាជីវកម្មមិនធម្មតា អាចរកប្រាក់ចំណូលឲ្យខ្លួនឯងរាប់លានដុល្លារ…
៤) បង្រៀនពួកគេឲ្យមានភាពក្លាហាន
អ្នកគួរ តែបណ្តោយឲ្យពួកគេធ្វើអ្វីដែលចង់ ព្រោះការធ្វើបែបនេះអាចឲ្យក្មេងៗមានភាពក្លាហាន។ ភាពក្លាហានពិតជាមានសារសំខាន់ ព្រោះបើគ្មានភាពក្លាហានទេ ពួកគេប្រាកដជាមិនហានធ្វើអ្វីនោះឡើយ។ ឪពុកម្ដាយខ្លះចូលចិត្តបង្អាក់កូនមិនឲ្យអ្វីៗនោះឡើយ ពោលគឺតែងតែបង្ខំឲ្យកូនធ្វើតាមសម្ដីប៉ុណ្ណោះ ដែលទង្វើបែបនេះធ្វើឲ្យពួកគេគ្មានភាពក្លាហានក្នុងការបញ្ចេញ សមត្ថភាពដែលខ្លួនមាននោះឡើយ។
៥) បង្រៀនឲ្យពួកគេចេះ ទទួលស្គាល់កំហុស
គ្មាន នរណាម្នាក់មិនធ្លាប់ខុសនោះទេ ពោលគឺវាជារឿងធម្មតាប៉ុណ្ណោះ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺការចេះទទួលស្គាល់ពីកំហុសឆ្គងរបស់ខ្លួន។ ដូច្នេះហើយ អ្នកគួរតែបង្រៀនកូនៗឲ្យចេះទទួលស្គាល់ពីកំហុសរបស់ពួកគេ ព្រោះការធ្វើបែបនេះពិតជាមានសារសំខាន់ខ្លាំងណាស់ ដើម្បីឲ្យពួកគេក្លាយជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់នៅពេល អនាគត។
៦) បង្រៀនឲ្យមានសុទិដ្ឋិនិយម
ការគិតបែប វិជ្ជមាន ពិតជាមានសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប ព្រោះការគិតបែបនេះជួយឲ្យពួកគេមានក្តីសង្ឃឹម មិនចុះចាញ់ទៅនឹងបញ្ហា។ វាជាចំណុចសំខាន់មួយដែល ឪពុកម្តាយគ្រប់រូប ត្រូវយកចិត្តទុកដាក់ ដោយព្យាយាមគ្រប់បែបយ៉ាងដើម្បីឲ្យកូនៗរបស់ខ្លួនមិនឆាប់អស់សង្ឃឹម លើអ្វីមួយ ហើយតែងតែមានសុទិដ្ឋិនិយមក្នុងចិត្តឲ្យបានច្រើន។
៧) បង្រៀនកូនៗឲ្យមានក្តីស្រលាញ់ជ្រាលជ្រៅ
ក្តីស្រលាញ់ពិតជាមិនអាចខ្វះបាននោះឡើយ សម្រាប់មនុស្សគ្រប់រូប។ បើខ្វះសេចក្តីស្រលាញ់ មនុស្សប្រាកដជាធ្វើរឿងអាក្រក់ជាច្រើនដោយមិនខ្លាច។ ដូច្នេះអ្នកគួរតែព្យាយាមឲ្យកូនរបស់អ្នកមានសេចក្តីស្រលាញ់ក្នុង ចិត្តឲ្យបានច្រើន ដើម្បីអាចរស់នៅក្នុងសង្គមយ៉ាងសុខសាន្ដ៕
ប្រែសម្រួល៖ រស្មី
ប្រភព៖ www.lifehack.org