អនុវត្តគន្លឹះ៤យ៉ាងនេះ ដើម្បីទប់ស្កាត់ការផ្ទុះកំហឹងដែលនាំឲ្យស្ដាយក្រោយអស់មួយជីវិត!
គ្មាន នរណាម្នាក់មិនធ្លាប់ខឹងនោះទេ មិនថាចាស់ ក្មេង អ្នកមានចំណេះដឹងខ្ពស់ ឬ ទាប គ្រាន់តែកម្រិតនៃ កំហឹងគឺផ្សេងៗគ្នាប៉ុណ្ណោះ។ នៅពេលមនុស្សមានកំហឹងម្តងៗ ពួកគេតែងបាត់បង់ការគ្រប់គ្រងអារម្មណ៍ ដែលងាយនឹងធ្វើឲ្យពួកគេផ្ទុះកំហឹង ហើយប្រើពាក្យពេចន៍មិនសមរម្យ និង ពេលខ្លះឈានដល់អំពើហិង្សាក៏មាន។ ពេលខ្លះកំហឹង នឹងធ្វើឲ្យអ្នកមានវិប្បដិសារីអស់មួយជីវិតក៏មាន។
ដូច្នេះហើយអ្នកត្រូវរិះរកវិធីដើម្បីបញ្ចៀសកំហឹងឲ្យបានច្រើនបំផុត តាមលទ្ធភាពដែលអាចធ្វើទៅបាន ដូចខាងក្រោម៖
១) ឈប់គិតថា ពិភពលោកគួរតែដើរតាមអ្វីដែលខ្លួនចង់បាន
មនុស្សម្នាក់ៗសុទ្ធតែមានការគិតខុសៗគ្នា ដូច្នេះហើយបើអ្នកចង់ឲ្យគេគិត ធ្វើ ឬ ដើរតាមខ្លួនគ្រប់យ៉ាងគឺមិនងាយឡើយ។ ជាទូទៅកំហឹងកើតឡើងដោយសារតែ មនុស្សជុំវិញខ្លួនធ្វើអ្វីមួយមិនធ្វើស្របតាមការចង់បានរបស់អ្នក ប៉ុន្តែត្រូវគិតថា សូម្បីតែខ្លួនឯងពេលខ្លះក៏មិនអាចបំពេញបំណងរបស់ខ្លួនបានផង ចុះទម្រាំអ្នកដទៃទៀត គឺមិនងាយនោះឡើយ។ បើអ្នកគិតថា ពិភពលោកនេះត្រូវតែដើរតាមចំណង់របស់អ្នកគ្រប់យ៉ាងនោះ វានឹងនាំឲ្យអ្នកមានអារម្មណ៍ខឹងសម្បារជាមិនខាន ព្រោះថា អ្វីៗនឹងខុសពីការគិតរបស់អ្នកស្រឡះតែម្តង។
២) កុំមានប្រតិកម្មនឹងរឿងអ្វីមួយលឿនពេក
ក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សតែងជួបបញ្ហាជាច្រើនរាប់មិនអស់ ដែលវានាំឲ្យម្នាក់ៗមានអារម្មណ៍តានតឹងក្នុងចិត្ត។ ក្នុងស្ថានភាពនេះ អ្នកគួរតែតាំងអារម្មណ៍ឲ្យស្ងប់បន្តិច តាមរយៈការព្យាយាមមិនប្រតិកម្ម ឬ ឆ្លើយតបភ្លាមៗនោះទេទៅនឹងអ្វីដែលបានកើតឡើង ព្រោះវាជួយធ្វើឲ្យអ្នកកាត់បន្ថយនូវការផ្ទុះកំហឹងខ្លាំង។ ឧទាហរណ៍ថា នៅពេលនរណាម្នាក់និយាយពាក្យមិនសមរម្យ អ្នកមិនគួរឆ្លើយតបទៅនឹងពាក្យសំដីរបស់គេភ្លាមៗនោះទេ ពោលគឺត្រូវនៅស្ងៀម ដោយគិតឲ្យបានវែងបន្តិច ដើម្បីឲ្យកំហឹងរបស់អ្នករសាយពីក្នុងចិត្តបន្តិច។ ប៉ុន្តែប្រសិនបើអ្នកប្រតិកម្មភ្លាមៗតែម្តង វានឹងនាំឲ្យបរិយាកាសកាន់តែអាក្រក់ ហើយកំហឹងនឹងផ្ទុះឡើងខ្លាំងមិនខាន។
៣) ស្វែងរកវេលាគ្រប់គ្រាន់ដើម្បីកម្សាន្ត
បើ ទោះបីជា អ្នកខ្លះជាមនុស្សដែលមិនសូវមានទំនាក់ទំនងល្អជាមួយមនុស្សទូទៅ ឬ ខ្លះជាមនុស្សម៉ត់ចត់យ៉ាងណាក៏ដោយ ប៉ុន្តែពួកគេមិនអាចរស់នៅដោយគ្មានភាពរីករាយបានឡើយ។ ការពិតទៅ មនុស្សមួយចំនួនផ្ទុះកំហឹង មិនមែនដោយសារតែជួបបញ្ហាមួយនោះទេ ពោលគឺដោយសារតែអារម្មណ៍ធុញថប់ដែលសន្សំទុកក្នុងចិត្តពីមួយថ្ងៃទៅ មួយថ្ងៃដែលមិនបានជម្រះចេញ។ កាលណាអ្នកសន្សំអារម្មណ៍បែបនេះបន្តិចម្តងៗ វានឹងផ្ទុះឡើងនៅពេលណាមួយ បើទោះបីជាពេលខ្លះជួបរឿងបន្តិចបន្តួចក្តី។ដើម្បីបញ្ចៀសបញ្ហានេះ អ្នកគួរតែទុកពេលវេលាសមគួរចំពោះខ្លួនឯង ដើម្បីស្វែងរកភាពរីករាយក្នុងចិត្ត ព្រោះវាជួយកាត់បន្ថយភាពតានតឹងជាច្រើនដែលអ្នកបានជួបប្រទះកន្លងមក ។ ដូច្នេះហើយសូមកុំមើលស្រាលចំណុចនេះ ឲ្យសោះ។
…មនុស្ស ៦ ប្រភេទនេះ គ្មានថ្ងៃអាចបើកជំនួញរកស៊ីជោគជ័យក្នុងជីវិតនោះឡើយ!…
៤) ការអធ្យាស្រ័យ
ក្នុងលោកនេះគ្មាននរណា ម្នាក់មិនធ្លាប់ធ្វើខុសនោះទេ ពោលគឺគ្រាន់តែតិច និង ច្រើនប៉ុណ្ណោះ។ អ្នកក៏ធ្លាប់ធ្វើខុស ហើយអ្នកដទៃក៏ធ្លាប់ធ្វើខុស ដូច្នេះជម្រើសក៏ល្អបំផុតដើម្បីបញ្ចៀសកំហឹងនោះ គឺត្រូវចេះយោគយល់អធ្យាស្រ័យ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ជាការពិតណាស់ កំហុសខ្លះពិតជាមិនអាចអត់ឱនឲ្យមែន ប៉ុន្តែក៏មានបញ្ហាជាច្រើនទៀតដែលមិនជាធំអ្វីទេ តែត្រូវបានមនុស្សមិនតិចទេយកធ្វើជាឈ្នាន់ ដើម្បីបញ្ចេញកំហឹង ដែលវាមិនមែនជារឿងដែលគួរធ្វើនោះទេ៕
ប្រែសម្រួល៖ រស្មី
No comments:
Post a Comment