Tuesday, May 19, 2015

មហាសេដ្ឋី Mark Cuban​ បង្ហាញ​​​​គន្លឹះ​សំខាន់​ចំនួន​២ ធ្វើ​ឲ្យ​លោក​អ្នក​​ក្លាយ​ជា​អ្នក​​មាន​នៅ​ពេល​អនាគត

មហាសេដ្ឋី​អាមេរិក លោក Mark Cubanប្រភព៖​ www.inc.com
មហាសេដ្ឋី​ Mark Cuban ​ដែល​គេ​ទទួល​ស្គាល់​ថា ​ជា​បុគ្គល​ដ៏​ជោគជ័យ​របស់​អាមេរិក បាន​លើក​​ឧទាហរណ៍ និង ផ្ដល់​ដំបូន្មាន​​​មួយ​ចំនួន​ដល់​ប្រិយមិត្ត​នៅ​ពេល​នេះ ពី​គន្លឹះ​ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​មាន​។ ​​​​​ចាំ​មើល​ ថា​តើ​មហាសេដ្ឋី​រូប​នេះ​មាន​រូបមន្ត​ដូច​ម្តេច​ដើម្បី​អាច​​ផ្តល់​សង្ឃឹម​ឲ្យ​លោក​អ្នក​​ក្លាយ​ទៅ​ជា​អ្នក​មាន​បាន?

ធ្វើ​ដូចម្ដេច​ទៅ​ទើប​ក្លាយ​ជា​អ្នក​​មាន​បាន? នេះ​ជា​សំនួរ​មួយ​ដែល​មនុស្ស​គ្រប់គ្នា​ចង់​បាន​ចម្លើយ​បំផុត។ សម្រាប់​មហាសេដ្ឋី​វ័យ៥៦​ឆ្នាំ​ រូប​នេះ​​​បាន​លើក​ឡើង​ថា លោក​មិន​និយាយ​កុហក​នោះ​ឡើយ​​ពី​គន្លឹះ​នេះ ហើយ​ថា វា​ពិត​ជា​មាន​ផ្លូវ​ជា​ច្រើន​ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​មាន​។ ប៉ុន្តែ ផ្លូវ​ទាំង​នោះ​មិន​អាច​​ក្លាយ​ជា​រូបមន្ត​​​សម្រាប់​មនុស្ស​គ្រប់គ្នា​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​មាន​​បាននោះ​ឡើយ។

លោក Mark Cuban មាន​ប្រសាសន៍​បន្ត​ថា ការ​ពិត​ទៅ​ដើម្បី​ទៅ​ដល់​គោលដៅ​នោះ​បាន វា​ទាមទារ​​ឲ្យ​អ្នក​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ឱកាស​ដែល​នឹង​ចូល​មក​ដល់​។ ការ​ផ្លាស់ប្ដូរ និង ភាព​មិន​ច្បាស់លាស់ បង្កើត​បាន​ជា​ឱកាស​ឲ្យ​កើត​ចេញ​មក ហើយ​​ភាព​មិន​ច្បាស់លាស់​នៅ​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ គឺ​ជា​​​​ចំណុច​ចាប់​ផ្តើម​មួយ​​ក្នុង​ការ​កំណត់​ពី​ភាព​ជោគជ័យ​ ឬ បរាជ័យ​​ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​មាន។​​​​​


អ្វី​ដែល​អ្នក​មិន​ត្រូវ​ធ្វើ!
ទស្សនៈ​ដំបូង​របស់​លោក Mark ​នៅ​ទី​នេះ​គឺ​ថា គ្មាន​ឡើយ​រូបមន្ត​ជោគជ័យ​នៅ​លើ​លោក​យើង​នេះ។   ដរាបណា​អ្នក​មាន​លុយ​តិច វិថី​ឆ្ពោះ​ទៅ​ជា​អ្នក​មាន​របស់​អ្នក​ក៏​​កាន់តែ​លំបាក​ទៅ​តាម​នោះ​ដែរ។  ភាព​ផុយ​ស្រួយ​នៅ​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ ឬ ការ​ខ្ជះខ្ជាយ​ប្រាក់​ដោយ​គ្មាន​គម្រោង​ច្បាស់លាស់ គឺ​​សញ្ញាណ​នៃ​ផ្លូវ​​បរាជ័យ​ក្លាយ​ទៅ​ជា​អ្នក​មាន។

គន្លឹះ​ទី១៖ សន្សំ​លុយ​ទុក​
មហាសេដ្ឋី​រូប​នេះ​បាន​ផ្តល់​ដំបូន្មាន​​ដូច្នេះ​ថា៖« សន្សំ​លុយ​ទៅ! សន្សំ​លុយ​ឲ្យ​បាន​ច្រើន​តាម​លទ្ធភាព​ដែល​អ្នក​​អាច​ធ្វើ​បាន ជាជាង​ទៅ​ផឹក​កាហ្វេ ទៅ McDonalds ទៅ​ហាង​ទំនើបៗ​​ទិញ​អាហារ​ឆ្ងាញ់ៗ ​ទៅ​ជួបជុំ​ក្នុង​ពិធី​​សប្បាយៗ​ឥតប្រយោជន៍​។ ព្យាយាម​កាត់​បន្ថយ​ការ​ចំណាយ​របស់​អ្នក​ឲ្យ​បាន​ច្រើន​ទៅ! កុំ​ទៅ​វាយ​វាយ​លើ​អ្វី​ដែល​ឥតប្រយោជន៍​»

លោក​បាន​បន្ត​ថា៖« បើ​អ្នក​មិន​កាត់​បន្ថយ​ការ​ចំណាយ​ទេ​នោះ អ្នក​មិន​អាច​ក្លាយ​ជា​អ្នក​បាន​ទេ។​ អ្នក​ត្រូវ​ចាំ​ថា បើ​ចង់​ក្លាយ​ជា​អ្នក​មាន ទាមទារ​ឲ្យ​​​មាន​ច្បាប់​ចាយ​លុយ​មួយ​​ដាក់​កំហិត​មក​លើ​​ខ្លួន​ឯង​។ បើ​អ្នក​ពិត​ជា​ចង់​ក្លាយ​ជា​អ្នក​មាន អ្នក​ត្រូវ​តែ​រក​ច្បាប់​ចាយ​លុយ​នោះ​​​ឲ្យ​ឃើញ! តើ​អ្នក​អាច​រក​ឃើញ​ទេ?»

​​លោក​បាន​ពន្យល់​ទៀត​ថា បើ​អ្នក​អាច​រក​វា​ឃើញ នោះ​អ្នក​នឹង​បាន​ដឹង​ថា ប្រាក់​សន្សំ​របស់​អ្នក​នឹង​កើន​ឡើង​​ហើយ។ អ្នក​មិន​គួរ​រ៉ាប់រង​លើ​បន្ទុក​គ្រួសារ​តែ​ម្នាក់​ឯង​​​នោះ​ឡើយ ប្រសិន​បើ​អ្នក​ណា​ម្នាក់​នៅ​ក្នុង​គ្រួសារ​របស់​​អ្នក​អាច​​រក​លុយ​បាន​ដូច​អ្នក។ នេះ​ជា​ការ​ពិត​ដែល​អ្នក​ត្រូវ​តែ​ទទួល​ស្គាល់ ព្រោះ​វា​អាច​ជួយ​រក​ចំណូល​បន្ថែម​ទៀត​ឲ្យ​អ្នក។

បន្ទាប់​មក​ប្រាប់​ឲ្យ​សមាជិក​គ្រួសារ​របស់​អ្នក​ចេះ​សន្សំ សន្សំ​ហើយ​សន្សំ​ទៀត​​បាន​កាន់តែ​ច្រើន​កាន់តែ​ល្អ​ ហើយ​ក្រោយ​មក​យក​ប្រាក់​​នោះ​ទៅ​សន្សំ​ទុក​នៅ​ធនាគារ​សិន។ សម្រាប់​ឪពុកម្ដាយ​របស់​អ្នក ការ​សន្សំ​​គួរ​តែ​ទុក​សម្រាប់​ពេល​ចូល​និវត្តន៍​ តែ​សម្រាប់​អ្នក អ្នក​គួរ​សន្សំ​​លុយ​ទុក​សម្រាប់​​ទុក​បង្កើន​ប្រាក់​ចំណូល​បន្ថែម​ទៀត។

​មហាសេដ្ឋី​រូប​នេះ​បន្ត​ទៀត​ថា អ្នក​ត្រូវ​​ចេះ​ចាយ​លុយ​ឲ្យ​ឆ្លាត​បន្តិច។ ការ​យក​លុយ​ទៅ​ទុក​ធនាគារ ទោះបី​ជា​អ្នក​ដេក​យប់​ក៏​វា​រក​​លុយ​ឲ្យ​អ្នក​ដែរ ហើយ​លុយ​របស់​អ្នក​​នៅ​ថ្ងៃ​ស្អែក​នឹង​កើន​ឡើង​ជាង​ថ្ងៃ​នេះ។ លោក​បញ្ជាក់​ទៀ​តថា កុំ​ធ្វើ​ជា​អ្នក​ពូកែ​ចាយ​លុយ ​ឬ ក្តាប់​លុយ​នឹង​ដៃ​យ៉ាង​ស្អិត​​មិន​ធ្វើ​អ្វី​សោះ។ បុគ្គល​ដែល​​ប្រើប្រាស់​ទម្លាប់​នេះ មិន​ងាយ​ក្លាយ​ជា​អ្នក​មាន​បាន​ឡើយ។


គន្លឹះ​ទី២៖ ​វិនិយោគ
សម្រាប់​គន្លឹះ​ទី២ លោក Mark បាន​បង្ហើប​ដូច្នេះ​​ថា៖« វិនិយោគ​ពេលវេលា​​​ឲ្យ​​បាន​ច្រើន​សម្រាប់​ខ្លួន​​ឯង និង ត្រូវ​​ដឹង​ពី​របៀប​ធ្វើ​​អាជីវកម្ម​ ឬ បង្កើត​មុខរបរ​ដែល​អ្នក​ស្រលាញ់​បំផុត។ វា​មិន​សំខាន់​ថា ​មុខរបរ​ ឬ អាជីវកម្ម​នោះ​ជា​អ្វី​នោះ​ទេ ឲ្យ​តែ​អ្នក​ស្រលាញ់ ពេញចិត្ត ចាប់​អារម្មណ៍ អ្នក​​ចាប់​ផ្តើម​ធ្វើ​វា​ទៅ​​បើ​អ្នក​មាន​លុយ​ធ្វើ​ដើម​ទុន​ហើយ​នោះ ហើយ​បើ​អ្នក​គ្មាន​បទពិសោធន៍​ សាកល្បង​ធ្វើ​ការងារ​នោះ​​ និង រៀន​ពី​គេ​សិន​ទៅ!»

មហាសេដ្ឋី​​រូប​នេះ​លើក​ឡើង​ដូច្នេះ​ទៀត​ថា៖« មិន​ថា ​ធ្វើ​ជា​​អ្នក​លក់ ឬ អ្វី​ផ្សេង​​នោះ​ទេ អ្នក​អាច​រៀន​ពី​កន្លែង​ណា​មួយ​ដែល​អ្នក​អាច​ធ្វើ​បាន ជៀសវាង​ទៅ​​រៀន​នៅ​សាលា​ណា​មួយ​ដែល​តម្រូវ​ឲ្យ​អ្នក​បង់​លុយ​ដើម្បី​រៀន​ជំនាញ​ ឬ វគ្គ​ខ្លីៗ​ទាំង​នោះ។ ការងារ​នោះ​អាច​មិន​ល្អ​សម្រាប់​អ្នក តែ​ត្រូវ​ចាំ​ថា គ្មាន​ផ្លូវ​ណា​ល្អ​បំផុត​ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​មាន​នោះ​​ឡើយ​!»

ផ្អែក​លើ​ដំបូន្មាន​របស់​មហាសេដ្ឋី​ដដែល​នេះ​បាន​​ណែនាំ​ទៀត​ថា នៅ​មុន ឬ ក្រោយ​ពេល​ធ្វើ​ការ ឬ នៅ​ចុង​សប្តាហ៍ អ្នក​​គួរ​តែ​អាន​សៀវភៅ​ពី​របៀប​ធ្វើ​ជំនួញ​ឲ្យ​បាន​ច្រើន​ ដូច​ជា​ទស្សនាវដ្ដី​ជំនួញ ​សំណេះសំណាល និង ទាក់ទង​អ្នក​រក​ស៊ី​ដែល​​អ្នក​បាន​ស្គាល់​ឲ្យ​បាន​ច្រើន និង ​​អ្នក​រកស៊ី​ជា​មួយ​បុគ្គល​នោះ។

យ៉ាងណាមិញ លោក Mark បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា៖« ​នេះ​វា​មិន​​មែន​ជា​វិធី​សាស្រ្ត​​ដែល​អ្នក​​ត្រូវ​ជោគជ័យ​ក្នុង​រយៈ​ពេល​​ត្រឹម​ប៉ុន្មាន​ថ្ងៃ ឬ ប៉ុន្មាន​ខែ​នោះ​ទេ តែ​​ជា​​​​​ជោគជ័យ​មួយ​​ដែល​អ្នក​រំពឹង​ទុក​នៅ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត និង អាច​ដល់​ទសវត្ស​ទៀត​ក៏​មាន។ ខ្ញុំ​មិន​បាន​និយាយ​ថា វា​ជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ដើម្បី​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​មាន​យ៉ាង​ឆាប់រហ័ស​នោះ​ឡើយ តែ​វា​ជា​ផ្លូវ​មួយ​ដែល​នាំ​ឲ្យ​អ្នក​មាន​លទ្ធភាព​ក្លាយ​ទៅ​ជា​អ្នក​មាន​នៅ​ពេល​អនាគត»


តាម​រូបមន្ត​របស់​មហាសេដ្ឋី​នេះ ឥឡូវ​នេះ​ភាព​មិន​ប្រាកដប្រជា និង ការ​ផ្លាស់ប្ដូរ​នឹង​កើត​មាន​នៅ​ក្នុង​អាជីវកម្ម​របស់​អ្នក។ ​​​ចង់​ឬ មិន​ចង់ ចំណុច​ពីរ​នេះ ​នឹង​កើត​មាន​ជា​មិន​ខាន ហើយ​អាច​ថា មក​ឆាប់ៗ​ទាំង​អ្នក​មិន​បាន​ត្រៀម​ទុក​មុន ឬ រាប់​ឆ្នាំ​ទៅ​មុខ​ទៀត​ក៏​មាន។ ​តែ​​បើ​អ្នក​ឆ្លាត​ អ្នក​នឹង​​ដឹង​ថា ​​អ្នក​គួរ​ឆក់​យក​ឱកាស​ដែល​ចូល​មក​ដល់​ដែរ​ទេ? ចម្លើយ​នោះ​គឺ​ថា បើ​អ្នក​បាន​ត្រៀម​ខ្លួន​បាន​ហើយ​នោះ អ្នក​ច្បាស់​ជា​ឆក់​ចាប់​វា​​ជា​មិន​ខាន។

មក​ដល់​ចំណុច​នេះ លោក Mark ​បាន​លើក​ឧទាហរណ៍​ឡើង​ ពី​វិស័យ​អចលនទ្រព្យ។ ​ការ​ផ្លាស់ប្ដូរ  និង ភាព​មិន​ច្បាស់លាស់​​មាន​នៅ​លើ​ទីផ្សារ​អចលនទ្រព្យ​មាន​ការ​ប្រែប្រួល តែ​ជា​ទូទៅ​​តម្លៃ​ទីផ្សារ​របស់​វា​កើន​ឡើង​ជា​លំដាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ អ្នក​ដែល​រកស៊ី​លើ​វិស័យ​នេះ បើ​ចេះ​សន្សំ​លុយ​ទុក​ផង វិនិយោគ​ផង នោះ​ចំណូល​កើន​ឡើង​ដោយ​ឯកឯង​តែ​ម្តង។ ​​​​

ហេតុ​ដូច្នេះ​ហើយ លោក Mark ​​​​បាន​បង្ហាញ​​រូបមន្ត​រួម​ថា នៅ​ពេល​ដែល​ការ​សន្សំ និង ការ​ផ្លាស់ប្ដូរ ឬ ភាព​មិន​ប្រាកដប្រជា​កើត​ឡើង​ជួន​ប្រសព្វ​គ្នា នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​​មាន​​ឱកាស​។ ឱកាស​នេះ​​ហើយ​ដែល​ជា​សំណាង​របស់​អ្នក។ សំណាង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​មាន៕

ប្រែសម្រួល៖ ខេវិន
ប្រភព៖​ addicted2success

No comments:

Post a Comment