Wednesday, May 20, 2015

វាគ្មិន​អាជីវកម្ម ​លោក Jeff Haden៖ ​ធ្វើ​ការ​ឲ្យ​គេ​មិន​អាច​ឲ្យ​​​អ្នក​ក្លាយ​ជា​អ្នក​មាន​​នោះ​ឡើយ!

លោក Jeff Haden​ ជា​សហគ្រិន និង ជា​​វាគ្មិន​សហគ្រិន​​មួយ​រូប​របស់​អាមេរិកប្រភព៖​ www.inc.com
គ្មាន​អ្នកណា​ម្នាក់​ដែល​មិន​ចង់​ក្លាយ​ជា​អ្នក​មាន​នោះ​ទេ តែ​អាច​ក្លាយ​ជា​អ្នក​មាន ឬ អ្នកក្រ​គឺ​អាស្រ័យ​លើ​​ខ្លួន​​អ្នក​ផ្ទាល់​តែ​ប៉ុណ្ណោះ​ថា តើ​អ្នក​​បាន​ស្វែង​យល់​ពី​គន្លឹះ​រក​ប្រាក់​ដោយ​របៀបណា? នៅ​ទី​នេះ លោក Jeff Haden​ ជា​សហគ្រិន និង ជា​​វាគ្មិន​សហគ្រិន​​មួយ​រូប​របស់​អាមេរិក​បាន​​ណែនាំ​ពី​យុទ្ធសាស្ត្រ​មួយ​ចំនួន​ដើម្បី​ឆ្ពោះ​ទៅ​វិថី​ក្លាយ​ជា​អ្នក​មាន។​

លោក Jeff Haden ​ បាន​លើក​ឡើង​ថា៖«បើ​អ្នក​ធ្វើ​ការ​​ឲ្យ​គេ អ្នក​មិន​ងាយ​នឹង​ក្លាយ​ជា​អ្នក​មាន​នោះ​ឡើយ ។ ទោះបី​ជា​លោក​អ្នក​អាច​ទទួល​បាន​អត្ថប្រយោជន៍​ផ្សេងៗ​ជា​ច្រើន​នៅ​ក្នុង​ក្រុមហ៊ុន​ណា​មួយ​ ដូច​ជា ដំឡើង​​ប្រាក់ខែ​ឲ្យ​កាន់​តែ​ច្រើន ប្រាក់​រង្វាន់​លើកទឹកចិត្ត (Bonus) ថ្លៃ​សេវាកម្ម​ផ្សេងៗ​ក៏​ពិត​មែន ទាំង​នេះ​អ្នក​ទទួល​បាន​ដោយ​​មាន​កំណត់​មិន​ដូច​អ្វី​ដែល​អ្នក​ចង់​បាន​នោះ​ឡើយ»

ធ្វើ​ដូចម្តេច​ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​មាន​បាន?

មិន​ខុស​ពី​ការ​លើកឡើង​នៅ​ក្នុង​ចំណុច​ទី១ លោក Haden ​​បាន​បញ្ជាក់​ជា​ថ្មី​​ម្តង​ទៀត​​ថា អ្នក​​នឹង​មិន​អាច​​សម្រេច​ក្តី​ប្រាថ្នា​​ជា​អ្នក​មាន​ដោយ​គ្រាន់តែ​ធ្វើ​ការ​ឲ្យ​គេ​នោះ​ឡើយ។ លោក​បញ្ជាក់​​​ថា នៅ​ពេល​ដែល​អ្នក​ធ្វើ​ការ​ឲ្យ​គេ សេរីភាព ការ​គ្រប់គ្រង ប្រាក់ខែ ឬ តម្រូវការ​ផ្សេងៗ​ទាំង​នេះ​សុទ្ធតែ​​ត្រូវ​បាន​កំណត់​ទាំងអស់។ បើ​​ប្រាក់​ខែ​របស់​អ្នក​មាន​កម្រិត តម្រូវ​ការ​របស់​អ្នក​ក៏​មាន​កម្រិត​ផង​ដែរ។


លោក​បាន​បង្ហាញ​ពី​របាយការណ៍​ស្រាវជ្រាវ​មួយ​ពី​ភាគ​រយ​របស់​​​ក្រុម​អ្នក​មាន​កំពូល ៤០០ នាក់​​នៅ​លើ​លោក​​ដែល​មាន​ប្រាក់​ចំណូល​​គិត​ជា​មធ្យម​​ចំនួន​ ២០២,៤ លាន​ដុល្លារ។ លទ្ធផល​បាន​បង្ហាញ​ថា៖​​​

​​-អ្នក​មាន  ៨,៦% ​បាន​​មកពីប្រាក់ខែ
-អ្នក​មាន​ ៦,៦% បាន​មក​ពី​​ការ​ដាក់​ប្រាក់បញ្ញើ​​​នៅ​ក្នុង​ធនាគារ 
-អ្នក​មាន ១៣% ​​បាន​មក​ពី​ភាគលាភ​​រកស៊ី​នៅ​​ក្នុង​ក្រុមហ៊ុន 
-អ្នក​​មាន ១៩,៩% បាន​មក​ពី​ដាក់​ភាគហ៊ុន​​នៅ​ក្នុង​ក្រុមហ៊ុន​សាជីវកម្ម​សហកម្មសិទ្ធិ 
-អ្នក​​មាន ៤៥,៨% បាន​មក​ពី​បោះទុន​វិនិយោគ។ ​

ផ្អែក​លើ​ទិន្នន័យ​នេះ​​បញ្ជាក់​ថា៖

-ធ្វើ​ការ​​ឲ្យ​គេ ឬ ពឹង​លើ​ប្រាក់​ខែ មិន​ងាយ​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​បាន​ឡើយ
-យក​ប្រាក់​ទៅ​ដាក់​បញ្ញើ​ក៏​មិន​​ងាយ​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​អ្នកមាន​​
-វិនិយោគ​ទៅ​លើ​​​​ភាគហ៊ុន​តែមួយ​នៅ​ក្នុង​ក្រុមហ៊ុន​ធំ​ណា​មួយ​ក៏​មិន​ងាយ​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​មាន​​​​​
-បើក​អាជីវកម្ម​ផ្ទាល់​ខ្លួន​ក៏​មិនមែន​​សុទ្ធ​តែ​ធ្វើ​ឲ្យ​អ្នក​​ក្លាយ​ជា​អ្នក​មាន​ភ្លាមៗ តែ​​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​​មាន​នៅ​ពេល​ណា​មួយ
-ប៉ុន្តែ ការ​​បោះទុន​វិនិយោគ ពិត​ជា​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​មាន​ ១០០%។

​​បើ​យោង​​ទៅ​តាម​ការ​អះអាង​របស់​អ្នក​ជំនាញ​​រូប​នេះ គេ​សង្កេត​ឃើញ​ថា មហាសេដ្ឋី​កំពូលៗ​ក្នុង​លោក​ទាំង ១០ គឺ​សុទ្ធតែ​អ្នក​រកស៊ី​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ដោយសារ​តែ​ការ​បោះទុន​វិនិយោគ​នេះ​ឯង។ មហាសេដ្ឋី​ទាំង​នោះ​មាន​ដូច​ជា លោក Bill Gates លោក Warren Buffett  លោក  Carlos Slim Helu  លោក Larry Ellison ជា​ដើម​សុទ្ធតែ​មាន​ក្រុមហ៊ុន​វិនិយោគ​ធំៗ។

លោក Jeff Haden បាន​បន្ថែម​ដូច្នេះ​ថា៖ «ការ​មាន​អាជីវកម្ម​ផ្ទាល់​ខ្លួន​​គឺ​ជា​ជម្រើស​ដ៏​ល្អ​ប្រសើរ។ នៅ​ពេល​ដែល​​យើង​មាន​អាជីវកម្ម​ផ្ទាល់​ខ្លួន យើង​ចាប់​ផ្តើម​មាន​ទំនួលខុសត្រូវ​ប្រឈមមុខ​ទៅ​​នឹង​បញ្ហា​នានា  បង្កើត​បេសកកម្ម​​ និង គោលដៅ​​ឲ្យ​ខ្លួន​ឯង ជា​ពិសេស​ទៀត​នោះ​គឺ​ការ​ទទួល​បាន​បទពិសោធន៍​ដ៏​សំបូរ​បែប​ពី​ក្រុម​ការងារ​ បុគ្គលិក ឬ មនុស្ស​ថ្មីៗ​ដែល​​យើង​មិន​ធ្លាប់​ស្គាល់»


លោក​​ពន្យល់​​​ថា នៅ​ពេល​​អ្នក​​ក្លាយ​ទៅ​ជា​សហគ្រិន អ្នក​នឹង​មាន​សេរីភាព​ច្រើន​ណាស់​រាប់​​ទាំង​ពី​ការ​សម្រេចចិត្ត និង បង្កើត​ជម្រើស​នានា​ឲ្យ​ខ្លួន​ឯង ការ​ដើរហើរ​ និង​ មាន​អារម្មណ៍​ឯករាជ្យ​ មិន​ដូច​ធ្វើ​ការ​ឲ្យ​គេ​នោះ​ឡើយ។​ នេះ​ហើយ​ជា​វិថី​ផ្លូវ​ឆ្ពោះ​ក្លាយ​ទៅ​ជា​បុគ្គល​មាន​សេរីភាព​ហិរញ្ញវត្ថុ។ ​ការ​បើក​របរ​ផ្ទាល់​ខ្លួន​គឺ​ពិត​ជា​អស្ចារ្យ​ណាស់។ ​​​​

បើ​ដូច្នេះ​មែន អ្នក​ត្រូវ​តែ​លាឈប់​ពី​ការងារ​ភ្លាមៗ​ទៅ​បើក​អាជីវកម្ម​មែន​ទេ?

ចំពោះ​សំនួរ​មួយ​នេះ លោក Jeff Haden ​បាន​ផ្តល់​ដំបូន្មាន​ថា អ្នក​មិន​ចាំបាច់​លាឈប់​ពី​ការងារ​ភ្លាមៗ​ទៅ​បើក​របរ​រកស៊ី​ដោយ​ខ្លួន​​ឯង​នោះ​ឡើយ។ គន្លឹះ​ដ៏​ល្អ គឺ​អ្នក​ត្រូវ​កំណត់​​ពេល​វេលា​ឲ្យ​​បាន​ត្រឹមត្រូវ​ពី​​ការងារ​ពេញ​ម៉ោង និង ការងារ​ក្រៅ​ម៉ោង​សម្រាប់​កសាង​គ្រឹះ​អាជីវកម្ម​របស់​អ្នក ត្បិតអី​គ្រឹះ​កសាង​អាជីវកម្ម​​មិន​ចាំបាច់​ឲ្យ​អ្នក​ចំណាយ​ពេល​រាប់​​ថ្ងៃ ឬ រាប់​ឆ្នាំ​នោះ​ឡើយ។ អ្នក​គ្រាន់តែ​ចំណាយ​ពេល ៤ ទៅ ៥ ម៉ោង​ក៏​​ទទួល​បាន​គ្រឹះ​អាជីវកម្ម​បាន​ដែរ ព្រោះ​ការ​ធ្វើ​អាជីវកម្ម​អាច​ធ្វើ​បាន​គ្រប់​ពេល​​មិន​ថា ពេល​ថ្ងៃ ឬ ពេល​យប់​នោះ​ឡើយ​។

យ៉ាងណា​មិញ​​លោក​បាន​ផ្តល់​ដំបូន្មាន​ចុងក្រោយ​ថា៖« ​ចង់​​ធ្វើ​ជា​សហគ្រិន​យក​ល្អ ចាប់​ផ្តើម​ពី​ចំណុច​តូច​ទៅ​មុន ទើប​វា​មិន​សូវ​មាន​ហានិភ័យ​ច្រើន ហើយ​បន្តិច​ម្តងៗ វា​អាច​ធ្វើ​ឲ្យ​​យើង​​ដើរ​កាន់តែ​ជិត​គោលដៅ​របស់​យើង​ផង​ដែរ។ តែ​កុំ​ភ្លេច​ធ្វើ​វា​ឲ្យ​បាន​ល្អ​ និង ត្រូវ​គោលដៅ​បើ​មិន​ដូច្នេះ​ទេ យើង​នឹង​ទទួល​បាន​លទ្ធផល​មិន​ដូច​តាម​ការ​គ្រោងទុក»៕​

ប្រែសម្រួល៖ ខេវិន​

No comments:

Post a Comment