Tuesday, June 23, 2015

មុន​នឹង​សម្រេច​ចិត្ត​ទិញ​ផ្ទះ ត្រូវ​គិត​លើ​ចំណុច​សំខាន់ៗ​អ្វី​ខ្លះ?

រូបភាព​តំណាង​ឲ្យ​ការ​ទិញ​ផ្ទះ​ថ្មី​របស់​អ្នក​ដែល​ទើប​តែ​មាន​គ្រួសារប្រភព៖​ thekindtips

មនុស្ស ​គ្រប់​រូប​តែង​ចង់ បាន​ផ្ទះ​ផ្ទាល់​ខ្លួន​សម្រាប់​គ្រួសារ​របស់​ខ្លួន ជាពិសេស​អ្នក​ដែល​ទើប​តែ​មាន​គ្រួសារ​ថ្មីៗ​តែម្តង​ តែ​វា​មិនមែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ ព្រោះថា​ ផ្ទះ​ជា​ទូ​ទៅ​មិន​មែន​មាន​តម្លៃ​ថោក ឬ ចំណាយ​អស់​ថវិកា​តិច ដូច​ទំនិញ​ផ្សេងៗ​ទៀត​ឡើយ។ ម្យ៉ាងវិញទៀត ផ្ទះ​ខ្លះ​ស្ថិត​ក្នុង​លក្ខខណ្ឌ​មិន​សូវ​សមស្រប​ដែល​អាច​បង្ក​បញ្ហា​ផ្សេងៗ​ ដល់​អ្នក​ស្នាក់​នៅ​ផង​ដែរ​នៅ​ពេល​អ្នក​ទិញ​រួច។ បញ្ហា​ទាំង​នោះ​ដូច​ជា​ ​បរិស្ថាន​ជុំវិញ និងបញ្ហា​កម្មសិទ្ធិ​ជាដើម​ ស្ថិត​នៅ​ក្នុង​ភាព​ចម្រូង​ចម្រាស់​ជា​ដើម។


ដូច្នេះ​​ហើយ មុន​នឹង​សម្រេច​ចិត្ត​ទិញ​ផ្ទះ វា​ពិត​ជា​ចាំ​បាច់​ខ្លាំង​ណាស់ ក្នុង​ការ​គិត​គូរ​ឲ្យបាន​ដិត​ដល់​បំផុត ដើម្បី​បញ្ចៀស​បញ្ហា​ជា​ច្រើន​ជា ​ដែល​អាច​កើត​ឡើង​ជាយថាហេតុ។ ដើម្បី​ជៀសវាង​បញ្ហា​ផ្សេងៗ អ្នក​ដែល​មាន​បំណង​ចង់​ទិញ​ផ្ទះ​ថ្មី​គ្រប់រូប ​គួរ​យល់​ដឹង​ចំណុច​សំខាន់ៗ​​មួយ​ចំនួន​ដូច​ខាងក្រោម៖


១) យល់​ឲ្យ​ច្បាស់​ពី​ហិរញ្ញវត្ថុ​របស់​ខ្លួនមុន​ នឹង​សម្រេច​ចិត្ត​ទិញ​ផ្ទះ​ថ្មី ​អ្នក​ត្រូវ​តែ​ដឹង​ឲ្យ​ច្បាស់​អំពី​ធនធាន​របស់​​អ្នក​ ថា​តើ​គ្រប់​គ្រាន់​ឬ​ទេ​សម្រាប់​គម្រោង​ទិញ​នេះ។ បើ​ទោះ​បី​ជា ការ​ទិញ​ផ្ទះ​ពិត​ជា​ចាំ​បាច់​យ៉ាង​ណា​ក៏ដោយ តែ​មិន​គួរ​ប្រថុយ​ទិញ​នោះ​ទេ ក្នុង​ពេល​ដែល​ប្រភព​ធនធាន​ហិរញ្ញវត្ថុ​​​មិន​គ្រប់គ្រាន់ ដូចជា​មិនទាន់​មាន​ការងារ​ដែល​មាន​ប្រាក់​ខែ​សមរម្យ សមាជិក​គ្រួសារ​កំពុង​មាន​ជំងឺ​ធ្ងន់ធ្ងរ​ និង បញ្ហា​ផ្សេងៗ​ទៀត ព្រោះ​ក្នុង​កាលៈទេសៈ​នេះ វា​អាច​ធ្វើ​ឲ្យ​​អ្នក​ប្រឈម​ការ​លំបាក​ខ្លាំង ក្រោយ​ពេល​ទិញ ដោយសារ​​គ្មាន​ថវិកា​បន្ត​ដំណើរ​ការ​អាជីវកម្ម ឬ សម្រាប់​ផ្គត់ផ្គង់​គ្រួសារ។


២) ទីតាំង​សមស្របផ្ទះ​គឺជា​កន្លែង​ដែល​សមាជិក​ គ្រួសារ​ត្រូវ​ការ​ស្នាក់​អាស្រ័យ ដូច្នេះ​មុន​នឹង​សម្រេច​ចិត្ត​ទិញ ​អ្នក​គប្បី​យល់​ដឹង​អំពី​ទីតាំង​ឲ្យ​ច្បាស់លាស់។ ក្នុង​ន័យ​នេះ ​អ្នក​គួរ​ទិញ​ផ្ទះ​ណា​ដែល​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ ធ្វើការ ឬ ទៅ​សិក្សា ពោល​គឺ មិន​ឆ្ងាយ​ខ្លាំង​ពេក ព្រោះ​បើ​ផ្ទះ​នោះ​មាន​ចម្ងាយ​ឆ្ងាយ វា​ធ្វើ​ឲ្យ​សមាជិក​គ្រួសារ​ម្នាក់​ចំណាយ​ពេល​វេលា​យូរ​ក្នុង​ការ​ ធ្វើដំណើរ។


ម្យ៉ាងវិញ​ទៀត​បញ្ហា​សន្តិសុខ​ក៏​ជា​រឿង​សំខាន់​ដែរ ព្រោះ​បើ​ទិញ​ផ្ទះ​នៅ​កន្លែង​ដែល​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់ ដូចជា​នៅ​តំបន់ ដែល​មាន​ការ​ជួញដូរ​គ្រឿងញៀន ឬ នៅ​កន្លែង​ដែល​មាន​ហាង​ស៊ីផឹក​ច្រើន សុវត្ថិភាព​គ្រួសារ ឬ របស់របរ​ក្នុង​ផ្ទះ​ ប្រាកដ​ជា​មិន​អាច​ធានា​បាន​ឡើយ។ លើស​ពី​នេះ​ទៅ​ទៀត បរិស្ថាន​ជុំវិញ​ក៏​ជា​រឿង​សំខាន់​ណាស់​ដែរ ព្រោះ​បើ​ផ្ទះ​នេះ​មិន​មាន​ខ្យល់​អាកាស​បរិសុទ្ធ​​គ្រប់គ្រាន់ ឬ ស្ថិត​ក្នុង​តំបន់​កខ្វក់​នោះ​វា​អាច​ជា​ប្រភព​នៃ​បញ្ហា​ដែល​អាច​បំផ្លាញ​ សុខភាព​ដល់​គ្រួសារ​ទាំងមូល។


…ហេតុផល​៤យ៉ាង​​ដែល​​ធ្វើ​ឲ្យ​លោក​អ្នក មិន​អាច​​ផ្លាស់ប្ដូរ​ទម្លាប់​អាក្រក់​​ខ្លួន​ឯង​បាន…


៣) យល់​ដឹង​អំពី​កម្មសិទ្ធិ​កាន់កាប់មាន​ផ្ទះ​ខ្លះ ត្រូវ​បាន​គេ​ដាក់​លក់​ក្នុង​តម្លៃ​ថោក ដូច្នេះ​វា​ជា​ចំណុច​ទាក់ទាញ​បំផុត​សម្រាប់​ដែល​ប្រាថ្នា​ចង់​បាន​ផ្ទះ​ សម្រាប់​ស្នាក់នៅ។ ត្រង់​ចំណុច​នេះ ​អ្នក​មិន​អាច​​ស្រវា​ទិញ​ភ្លាមៗ​ពេក​នោះ​ទេ ពោល​គឺ​ត្រូវ​ការ​ប្រើ​ពេល​ដើម្បី​ស្វែង​យល់​ពី​ទីតាំង​ និង​ចំណុច​ផ្សេង​ៗ​ទៀត​ឱ្យ​បាន​ច្បាស់​សិន។ ផ្ទះ​ខ្លះ​មិន​មាន​ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​ត្រឹម​ត្រូវ​នោះ​ទេ ហើយ​ផ្ទះ​ខ្លះ​ទៀត​ស្ថិត​នៅ​តំបន់​មាន​ជម្លោះ​ ឬ​​កន្លែង​ដែល​គេ​ត្រូវ​យក​ទៅ​អភិវឌ្ឍន៍​ជា​ដើម ទាំង​នេះ​​​​អាច​ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​​អ្នក​ដែល​ជា​ម្ចាស់​ផ្ទះ​ ថ្មី​នេះ។


រឿង​មួួ​យ​ទៀត​​ ដូច្នេះ​មុន​នឹង​សម្រេច​ចិត្ត​ទិញ ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ជា​ចម្បង លើ​ឯកសារ​ផ្លូវច្បាប់ (លិខិត​កម្មសិទ្ធិ)។ ក្នុង​ករណី​នេះ បើ​មិន​សូវ​យល់​ច្បាស់​ អ្នក​គួរ​​ស្វែង​រក​អ្នក​ប្រឹក្សា​ផ្លូវ​ច្បាប់​ដើម្បី​ជួយ​ពន្យល់ ក៏​ដូចជា​ផ្ដល់​យោបល់​ល្អ​ទាក់ទង​នឹង​បញ្ហា​ខាងលើ ​​ពិនិត្យ​លិខិត​ស្នាម​ និង​លិខិត​កម្មសិទ្ធិ​ថា​មាន​ជាប់​រឿង​ក្ដី​ក្ដាំ​​អ្វី​ ឬ​អត់។ ​


៤) ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​គុណភាព​សំណង់ផ្ទះ​ មួយ​ចំនួន ត្រូវ​បាន​សង់​ឡើង​ដោយ​ស្រប​ទៅ​តាម​បទដ្ឋាន​សុវត្ថិភាព​ពេញលេញ​នោះ​ទេ ព្រោះថា ការ​ធ្វើ​បែប​នេះ​ដើម្បី​ចំណេញ​ប្រាក់​ច្រើន​ក្នុង​ពេល​សាងសង់។ ដើម្បី​អាច​ស្វែងយល់​ឲ្យ​ច្បាស់​ពី​បញ្ហា​នេះ ​អាច​អាច​ទៅ​ធ្វើ​ការ​សង្កេត​លក្ខណៈ​ទូរ​ទៅ​នៃ​សំណង់​នោះ ហើយ​ក្នុងករណី​ដែល​​អាច​ដឹង​កាន់​តែ​ច្បាស់​ទៀត ​អាច​អាច​ស្វែង​រក​អ្នក​ជំនាញ​ដើម្បី​ប្រឹក្សា។ ​អ្នក​ខ្លះ​​ឃើញ​សំណង់​មិនសូវ​ល្អ​ លិច​ទឹក​ ឬ ​ប្រេះ​កន្លែង​​ផ្សេង​ៗ​តែ​លក់​តម្លៃ​ថោក​ អ្នក​ចង់​ទិញ​​ឱ្យ​​បាន​ រួច​ចាំ​ជួសជុល​ក្រោយ។ ​តែ​កុំ​ភ្លេច​ ត្រូវ​ចាំ​​​ថា​ បើ​តាម​ការ​វាយ​តម្លៃ​របស់​អ្នក​ទំហំ​នៃ​ការ​ជួសជុល​​​អាច​ចំណាយ​អស់​​ ប្រាក់​ចូរ​កុំ​ទិញ​ ទោះ​លក់​ថោក​ក៏​ដោយ។ ​មាន​ពេល​ខ្លះ​ការ​វាយ​តម្លៃ​​ទំហំ​នៃ​ការ​ជួសជុល​ខុស​ នាំ​ឱ្យ​អ្នក​ចំណាយ​អស់​ច្រើន​ ពោល​គឺ​ដូច​ទិញ​ផ្ទះ​ដែល​មាន​ស្ថានភាព​​ល្អ​អីចឹង​ដែរ។


៥) សិក្សា​ទៅ​លើ​តម្លៃ​លើ​ទីផ្សារចំពោះ​តម្លៃ​នៃ​ ការ​ទិញ​ផ្ទះ​ ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ដូច្នេះ​ថ្វី​បើ​ផ្ទះ​នោះ​ពិត​ជា​ត្រូវ​ចិត្ត​របស់​​អ្នក​​ក៏​ដោយ​ តែ​ក៏​ត្រូវ​ស្វែង​យល់​ពី​តម្លៃ​ជាក់​ស្តែង​នៅ​លើ​ទីផ្សារ​ឲ្យ​បាន​ច្រើន​ សិន។ បើ​ទោះ​បី​ជា តម្លៃ​​ផ្ទះ​មាន​លក្ខណៈ​ខុស​គ្នា អាស្រ័យ​ទៅ​លើ​ទីតាំង​ភូមិសាស្ត្រ​ក្តី តែ​ការស្រាវជ្រាវ​ពី​តម្លៃ​លើ​ទីផ្សារ​នេះ អាច​ធ្វើ​ឲ្យ​​អ្នក​អាច​ទិញ​ផ្ទះ​ក្នុង​តម្លៃ​ដ៏​សមរម្យ​បំផុត​ទៅ​តាម​ស្ថាន ​ភាព​ជាក់ស្តែង។ នៅ​កម្ពុជា​បច្ចុប្បន្ន​ មាន​ក្រុមហ៊ុន​ផ្ដល់​ប្រឹក្សា​ផ្នែក​អចលនទ្រព្យ​​ជា​ច្រើន​ បើ​អ្នក​មិន​ច្បាស់​ទេ​ គួរ​ទៅ​រក​សេវាកម្ម​របស់​ក្រុមហ៊ុន​ទាំង​នោះ​។ ក៏​ប៉ុន្តែ​អ្វី​ដែល​សំខាន់​ អ្នក​ត្រូវ​ផ្ដល់​ថ្លៃ​សេវាកម្ម​​​៕​

No comments:

Post a Comment