Tuesday, May 19, 2015

រៀងរាល់​ថ្ងៃ​ កុំ​ភ្លេច​និយាយ​ឃ្លា​​ចំនួន ១៥ ​នេះ​ចេញ​មក​ដើម្បី​ក្រើនរំលឹក​ខ្លួនអ្នក​ឲ្យ​បាន​​ច្រើន!​

រូបតំណាងប្រភព៖​ mohnishahluwalia
១) “ខ្ញុំ​នឹង​ជោគជ័យ​លើ…”
នៅ​​ពេល​ដែល​អ្នក​និយាយ​ប្រាប់​ខ្លួន​អ្នក​ថា អ្នក​នឹង​ជោគជ័យ​លើ​​​ការងារ ឬ គោលដៅ​អ្វី​មួយ​នៅ​ថ្ងៃ​ខាងមុខ នេះ​មានន័យ​ថា អ្នក​កំពុង​ជម្រះ​ភាព​មន្ទិលសង្ស័យ​របស់​អ្នក​ដើម្បី​​ឈោង​ចាប់​​យក​​ភាព​ជោគជ័យ​នោះ​ហើយ។

២) “ ខ្ញុំ​បាន​ជោគជ័យ​ជា​បន្តើរៗ​មក​ហើយ​នៅ​ពេល​កន្លង​មក”
ការ​រំលឹក​​ពី​ភាព​ជោគជ័យ ឬ សមិទ្ធផល​​អ្វី​មួយ​ដែល​អ្នក​សម្រេច​បាន​ដោយ​​មោនភាព​បំផុត នោះ​កឺ​ជា​ការ​ជួយ​ផ្តល់​​ទំនុកចិត្ត​ខ្លួន​​ឯង ដើម្បី​ពង្រឹង​សមត្ថភាព​របស់​អ្នក​ឲ្យ​រឹងមាំ និង ព្យាយាម​ធ្វើ​អ្វីៗ​ដែល​ថ្មី​បន្ថែម​ទៀត។

៣) “ខ្ញុំ​អាច​យក​ឈ្នះ​​ពី​ភាព​ភ័យខ្លាច​បាន”
សូម​ចាំ​ថា ភាព​ភ័យខ្លាច​នឹង​កាន់តែ​មាន​អំណាច​ខ្លាំង​ឡើង​ នៅ​ពេល​ដែល​អ្នក​យល់​ព្រម​អនុញ្ញាត​ឲ្យ​វា​ចូល​ខ្លួន​របស់​អ្នក។ យ៉ាងណាមិញ ការ​​យក​ឈ្នះ​ភាព​ភ័យខ្លាច​ដែល​ស្ថិត​នៅ​ចំពោះ​មុខ​អ្នក គឺ​ជា​រឿង​មួយ​គួរ​ឲ្យ​​​តម្លៃ​បំផុត ហើយ​ត្រូវ​យល់​ថា អ្នក​ត្រូវ​តែ​​​ធ្វើ​ការ​សម្រេចចិត្ត​មួយ​ដើម្បី​​យក​ឈ្នះ​វា​ឲ្យ​បាន ត្បិតអី​​​​លក្ខណៈ​ពិសេស​មួយ​នេះ​អាច​ជួយ​​ធ្វើ​ឲ្យ​ខ្លួន​អ្នក​កាន់តែ​រឹងមាំ និង មាន​ទំនុកចិត្ត។

៤) “ឧបសគ្គ​ដែល​កើត​មាន​​ឡើង​មិនមែន​សុទ្ធតែ​ផ្តល់​ផល​​អាក្រក់​ដូច​អ្វី​ដែល​ខ្ញុំ​គិត​នោះ​ទេ”
ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ អ្នក​អាច​ជួប​បញ្ហា​មិន​ចេះ​ចប់​មិន​​ចេះ​ហើយ។ ទោះបី​ជា​បែប​នេះ​ក្តី អ្នក​ត្រូវ​យល់​ថា ទាំង​ភាព​ភ័យខ្លាច ឧបសគ្គ​ ភាព​បរាជ័យ ​។ល។ វត្តមាន​របស់​វា​ អាច​ជួយ​ឲ្យ​អ្នក​ចេះ​តស៊ូ បង្កើត​គំនិត​ច្នៃប្រឌិត​ថ្មី រៀន​​រក​ដំណោះស្រាយ និង ធ្វើ​ឲ្យ​អ្នក​កាន់តែ​រឹងមាំ​​ឡើង​។

៥) “ខ្ញុំ​​បាន​ធ្វើ​អ្វី​មួយ​ដែល​គ្មាន​អ្នក​ណា​ម្នាក់​ចង់​ធ្វើ​វា​នោះ​ឡើយ​”
ទោះបី​ជា​គោលដៅ​របស់​អ្នក​បាន​ធ្វើ​នោះ​វា​តូចក្តី ឬ ធំ​ក្តី វា​គឺ​ជា​សមិទ្ធផល​របស់​អ្នក​ដែល​​អ្នក​ផ្សេង​​មិន​ដែល​ធ្លាប់​ធ្វើ ឬ ធ្លាប់​គិត​ថា ចង់​ធ្វើ។ នេះ​ជា​​​គោលការណ៍​មួយ​ដ៏​សំខាន់​សម្រាប់​ពង្រឹង​​គោលជំហរ​របស់​អ្នក​ដោយ​មិន​ស្ថិត​នៅ​ក្រោម​ចំណុះ​របស់​អ្នក​ណា​ម្នាក់។

៦) “វា​ជា​កំហុស​របស់​ខ្ញុំ”
ការ​ទទួលខុសត្រូវ​លើ​អ្វី​ដែល​អ្នក​បាន​ធ្វើ​កន្លង​មក គឺ​ជា​​ការ​បង្ហាញ​នូវ​គុណ​សម្បត្តិ​ដ៏​ពិសេស​របស់​អ្នក​គ្រប់គ្រង ឬ អ្នក​ដឹកនាំ។ អ្នក​ដែល​មាន​ការ​ទទួលខុសត្រូវ​ខ្ពស់ អ្នក​នោះ​ហើយ​ដែល​គេ​ឲ្យ​តម្លៃ។ សូម​កុំ​បន្ទោស​ខ្លួន​ឯង ហើយ​ត្រូវ​ធ្វើ​ឲ្យ​កំហុស​នោះ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ជាងមុន។


៧) “ខ្ញុំ​បាន​ចាប់​ផ្តើម​ធ្វើ​វា​ហើយ”
អ្នក​ប្រហែល​ជា​ធ្លាប់​គិត​ថា ចង់​ធ្វើ​អ្វី​មួយ​នៅ​ថ្ងៃ​នេះ ថ្ងៃ​ស្អែក ឬ នៅ​​ខែ​ក្រោយ​ជា​ដើម។ ទាំង​នេះ​ជា​គម្រោង​របស់​អ្នក​ ហើយ​អ្នក​ត្រូវ​ប្រាកដ​ថា គម្រោង និង វត្ថុបំណង​ដែល​អ្នក​ចង់​ធ្វើ​ ត្រូវ​មាន​ការ​ចាប់​ផ្តើម​ឡើង​បន្តិច​ម្តងៗ ដើម្បី​បង្រៀន​ខ្លួន​ឯង​ឲ្យ​​ចេះ​ចាប់​ផ្តើម​ធ្វើ​អ្វី​មួយ​ដោយ​មិន​បង្អែបង្អង់។ កុំ​ភ្លេច​ចាប់​ផ្តើម​ពី​ចំណុច​ងាយស្រួល​មុន​ ទើប​ជា​ការ​ប្រសើរ។

៨) “ខ្ញុំ​ពិត​ជា​អស្ចារ្យ”
អ្នក​ប្រហែល​ជា​មិន​ធ្លាប់​ឮ​ពាក្យ​នេះ​ចេញ​ពី​មាត់​មនុស្ស​គ្រប់គ្នា​មក​លើ​អ្នក​នោះ​ឡើយ តែ​មនុស្ស​ម្នាក់ៗ​ពិត​ជា​បាន​គិត​ថា ខ្លួន​ឯង​អស្ចារ្យ។​ ហេតុដូច្នេះ មនុស្ស​យើង​ម្នាក់​ៗ​មាន​​លក្ខណៈ​ពិសេស​​រៀងៗ​ខ្លួន​​ដែល​ជា​ភាព​អស្ចារ្យ​មួយ​ អ្នក​គួរ​​មាន​មោទនភាព​ ដើម្បី​ឲ្យ​ខ្លួន​អ្នក​មាន​ក្តី​សង្ឃឹម​នៅ​ថ្ងៃ​ខាង​មុខ។

៩) “ខ្ញុំ​មិន​ខ្វល់​​ទៅ​នឹង​ការ​គិត​របស់​អ្នកដទៃ​នោះ​ឡើយ”
តាម​ពិត​ទៅ មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក​​អាច​យល់​ថា អ្នក​ជា​មនុស្ស​បែប​នេះ ឬ បែប​នោះ​ទៅ​តាម​អ្វី​ដែល​គេ​វាយតម្លៃ។ យ៉ាងណាមិញ ការ​ប្រើ​ពាក្យ​នេះ​ជា​រៀងរាល់​ថ្ងៃ គឺ​ដើម្បី​រំលឹក​ខ្លួន​អ្នក​ថា អ្នក​ធ្វើ​អ្វី​ទៅ​តាម​អ្វី​ដែល​អ្នក​គិត​ថា ត្រឹមត្រូវ និង មានតម្លៃ​សម្រាប់​ខ្លួន​អ្នក​ នោះ​ជា​ការ​ប្រពៃ​ណាស់​ទៅ​ហើយ។​​​​

១០) “អ្នក​ដទៃ​​មិន​ខុស​ពី​​ខ្ញុំ​​នោះ​ឡើយ”
គេ​តែង​និយាយ​ថា បើ​ចង់​មាន​សុភមង្គល កុំ​ប្រៀបធៀប​ខ្លួន​អ្នក​ជា​មួយ​អ្នកដទៃ។ នេះ​ជា​ចំណុច​សំខាន់​មួយ​ព្រោះ​ថា បើ​ពុំ​ដូច្នោះ​ទេ ​អ្នក​នឹង​យល់​ថា​ខ្លួន​អ្នក​អស់​តម្លៃ។ ជំនួស​ឲ្យ​ការ​គិត​​ពី​ចំណុច​អវិជ្ជមាន​របស់​អ្នក​ទៅ​នឹង​អ្នក​ដទៃ អ្នក​ត្រូវ​យល់​ថា អ្នក​​​មាន​​តម្លៃ ដូច​អ្វី​ដែល​អ្នក​ដទៃ​មាន​​តម្លៃ​ដូច​អ្នក​ដែរ។

១១) “ខ្ញុំ​អាច​ធ្វើ​វា​បាន”
ជំហាន​ដំបូង​​មុន​នឹង​អ្នក​ឈាន​ដល់​ស្ថានភាព​ដ៏​លំបាក​មួយ ឬ កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ប្រឈមមុខ ​អ្នក​ត្រូវ​និយាយ​ថា អ្នក​អាច​ធ្វើ​បាន​។ ដោយសារ​តែ​អ្នក​ជឿជាក់​ថា អ្នក​អាច​ធ្វើ​បាន នេះ​ហើយ​ជា​រឿង​ដ៏​ត្រឹមត្រូវ​បំផុត​មួយ។

១២) “ពេលវេលា​កំពុង​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ”
មនុស្ស​មួយ​ចំនួន​ មិន​បាន​ផ្តល់​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ខ្លួន​ឯង​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ​សម្រាប់​ខ្លួន​​អ្នក​ផ្ទាល់ អ្នក​ត្រូវ​យល់​ពី​តម្លៃ​ពេលវេលា​នេះ​ ហើយ​ប្រើប្រាស់​វា​ឲ្យ​តម្លៃ​បាញ់​ឆ្ពោះ​ទៅ​​រក​គោលដៅ​របស់​អ្នក។


១៣) “ ខ្ញុំ​មិនមែន​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ប៉ុន្តែ​គ្មាន​បញ្ហា​នោះ​ទេ”
ពាក្យ​មួយ​ឃ្លា​គេ​និយាយ​ថា គ្មាន​អ្នកណា​ម្នាក់​ល្អ​​ឥត​ខ្ចោះ​​នោះ​ទេ ហើយ​អ្នក​ក៏​ជា​បុគ្គល​ម្នាក់​ដែល​មិន​​ល្អ​ឥតខ្ចោះ​នោះដែរ។ ប៉ុន្តែ អ្នក​ត្រូវ​ចាំ​ថា នោះ​មិនមែន​ជា​បញ្ហា​នោះទេ។ បើ​អ្នក​ធ្វើ​មិន​បាន​ល្អ​ក្នុង​ថ្ងៃ​នេះ អ្នក​ត្រូវ​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​នៅ​ថ្ងៃ​ស្អែក ធ្វើ​ហើយ​ធ្វើ​ទៀត​រហូត​ដល់​ចំណុច​មួយ​ដែល​ជា​ទី​គាប់ចិត្ត​របស់​អ្នក។

១៤) “នេះ​ជា​​ភារកិច្ច​របស់​ខ្ញុំ”
មនុស្ស​ភាគច្រើន បាន​គេច​ចេញ​ពី​ទំនួល​ខុសត្រូវ​របស់​ខ្លួន ដែល​ជា​ការ​យកលេស​មួយ​ដោយ​គ្មាន​ហេតុផល​​មួយ​ល្អ​ទាល់តែ​សោះ។ សម្រាប់​​ខ្លួន​​​អ្នក​ផ្ទាល់ ជីវិត​របស់​អ្នក គឺ​ស្ថិត​នៅ​ក្នុង​ដៃ​អ្នក ហេតុដូច្នេះ អ្នក​ត្រូវ​មាន​ទំនួលខុសត្រូវ​លើ​គោលដៅ​ជីវិត​​របស់​អ្នក ​ចាប់​ផ្តើម​ជា​មួយ​ការ​ទទួល​ខុសត្រូវ​មួយ​ខ្ពស់​ជាង​មុន។

១៥) ​”ខ្ញុំ​ត្រូវ​តែ​បោះ​ជំហាន​ទៅ​មុខ​ជានិច្ច​”
រស់​នៅ​ក្នុង​នាម​ជា​មនុស្ស​មួយ​ដូច​ថ្ងៃ​​ម្សិលមិញ នោះ​ប្រហែល​មិនមែន​ជា​អ្វី​ដែល​អ្នក​ត្រូវ​ការ​នោះ​ឡើយ។ អ្នក​ត្រូវ​ការ​ផ្លាស់ប្តូរ​ខ្លួន​ឯង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ បោះ​ជំហាន​ទៅមុខ​ជា​លំដាប់​ទាំង​ការងារ តំណែង​ តួនាទី ចំណេះដឹង ប្រាក់​ចំណូល ។ល។ ហេតុដូច្នេះ​ វា​គ្មាន​អ្វី​ក្រៅ​ពី​តាំងចិត្ត​ធ្វើ​ឲ្យ​ខ្លួន​​នេះ​តែ​អភិវឌ្ឍ​ឡើង​ជា​លំដាប់​នោះ​ទេ៕

ប្រែសម្រួល៖​ ខេវិន
ប្រភព៖​ Time

No comments:

Post a Comment