សាកល្បងអនុវត្តតាមយុទ្ធសាស្ត្រ ៥យ៉ាងនេះ ដើម្បីធានាភាពជោគជ័យដ៏យូរអង្វែងអាជីវកម្មរបស់លោកអ្នក
ការ បើកជំនួញមិនមែនជារឿងលំបាកពេកនោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះគឺថា ត្រូវដំណើរការបែបណាដើម្បីជោគជ័យយូរអង្វែង។ អាជីវកម្មខ្លះ តែងបិទទ្វារទៅវិញក្រោយពេលបើករកស៊ីបានមួយរយៈ ខណៈអាជីវកម្មខ្លះទៀតក៏អាចបន្តដំណើរទៅមុខយ៉ាងវិជ្ជមាន។ បរាជ័យ ជោគជ័យខ្លី និង ជោគជ័យយូរអង្វែង វាអាស្រ័យលើម្ចាស់អាជីវកម្មប៉ុណ្ណោះ ពោលគឺបើរៀបចំយុទ្ធសាស្ត្រត្រូវ នោះអ្វីៗក៏ប្រសើរ តែបើរៀបចំខុសវិញគឺប្រាកដអស់អ្វីនិយាយ។
ខាងក្រោមនេះ គឺជាយុទ្ធសាស្ត្រមួយចំនួន ដើម្បីធានាថាអាជីវកម្មរបស់អ្នកអាចបន្តដំណើរទៅមុខប្រកបដោយជោគជ័យយូរអង្វែង៖
១) ជ្រើសរើសគោលដៅដែលខ្លួនពេញចិត្ត
មាន មនុស្សមិនតិចទេ ដែលចូលចិត្តផ្អើលតាមហ្វូង ពោលគឺពេលឃើញគេធ្វើអ្វីមួយជោគជ័យ ក៏ព្យាយាមធ្វើតាមគេដែរព្រោះចង់ជោគជ័យ តែភ្លេចគិតហើយថា ខ្លួនពេញចិត្តឬអត់ ហើយមានសមត្ថភាពធ្វើវាដែរឬទេ។ បើកាលណាអ្នកគ្រាន់តែចម្លងតាមគេ ដើម្បីឆាប់ជោគជ័យនោះ វានាំឲ្យមានផលវិបាកធ្ងន់ធ្ងរទៅថ្ងៃក្រោយ ព្រោះអ្នកមិនអាចសម្រេចអ្វីមួយ ដែលខ្លួនគ្មានសមត្ថភាព និង មិនចូលចិត្តឡើយ។ ផ្ទុយទៅវិញ បើគោលដៅដែលអ្នកជ្រើសរើសនោះ គឺស្តែកចេញពីបំណងដ៏មោះមុតរបស់អ្នកមែន ទោះបីជាមានបញ្ហាច្រើនប៉ុណ្ណោះក្តី ក៏អាចដោះស្រាយបានដែរ។
២) ព្យាយាមបង្កើតទំនាក់ទំនងល្អជាមួយនឹងដៃគូ
គ្មានការរកស៊ីណាមួយដែលអាចដំណើរការទៅបាន ដោយគ្មានទំនាក់ទំនងនោះទេ។ ទំនាក់ទំនងពិតជាមានសារសំខាន់ខ្លាំងណាស់ ព្រោះវាកំណត់នូវភាពជោគជ័យរបស់អាជីវកម្មនីមួយៗ។ ដូច្នេះហើយ ក្នុងនាមជាអ្នកជំនួញម្នាក់ អ្នកមិនគួរមើលរំលងចំណុចនេះជាដាច់ខាត ព្រោះវាជាដង្ហើមដ៏សំខាន់របស់អាជីវកម្ម ហើយការសាងទំនាក់ទំនងល្អនេះក៏គ្មានការលំបាកអ្វីខ្លាំងនោះដែរ ទោះបីជាក្នុងស្ថានភាពខ្លះវាត្រូវការពេលវេលាយូរបន្តិចក្តី។
…តើបុគ្គលមួយចំនួនមានឱកាសក្លាយជាមហាសេដ្ឋីដោយសារអ្វី?…
៣) ដាក់ខ្លួនដើម្បីរៀនសូត្រ
ម្ចាស់ អាជីវកម្មខ្លះ យល់ឃើញថាខ្លួនជាមនុស្សមានសញ្ញាបត្រខ្ពស់ បទពិសោធន៍ច្រើន និង មានក្រុមហ៊ុនធំ ដូច្នេះមិនត្រូវការការរៀនសូត្រច្រើនពេកនោះទេជាពិសេសពីក្រុមហ៊ុន តូចៗ។ ការគិតបែបនេះ ហាក់ដូចជាមិនសូវល្អប៉ុន្មានទេ ព្រោះវាជារនាំងមួយដែលរាំងខ្ទប់ការចេះដឹងរបស់អ្នក ។ ដូច្នេះហើយ អ្នកត្រូវចេះដាក់ខ្លួនឲ្យទាប ដើម្បីអាចទទួលបានបទពិសោធន៍ និង ចំណេះដឹងថ្មីៗ ពីអាជីវកម្មផ្សេងៗទោះធំក្តីតូចក្តី ដើម្បីបង្កើនគំនិតច្នៃប្រឌិតសម្រាប់ការអភិវឌ្ឍន៍ក្រុមហ៊ុនរបស់អ្នក ។
៤) ត្រូវហានប្រថុយ
គ្មានភាពជោគជ័យណាកើត ចេញពីភាពស្ទាក់ស្ទើរនោះឡើយ។ មនុស្សជាច្រើនដែលជោគជ័យក្នុងវិស័យជំនួញ ព្រោះពួកគេឃើញឱកាសហើយស្រវាចាប់វាភ្លាម ព្រោះថា ឱកាសមិនងាយនឹងមានឡើយ ហើយបើគិតយូរខ្លាំងពេកប្រាកដជាហួសអស់មិនខាន។ តាមពិតទៅ ការប្រថុយក្នុងបរិបទនេះ មានន័យថា អ្នកត្រូវតែហ៊ានធ្វើចំពោះអ្វីដែលខ្លួនគិតថា ត្រឹមត្រូវ ពោលគឺជៀសវាងភាពស្ទាក់ស្ទើរដែលរារាំងមិនឲ្យអ្នកអាចទទួលបាន ភាពជោគជ័យធំធេង។
៥) ផ្តល់តម្លៃចំពោះអតិថិជន
គ្មាន ក្រុមហ៊ុន ឬ អាជីវកម្មណាមួយអាចដំណើរការទៅបានដោយគ្មានអ្នកទិញនោះទេ ពោលគឺត្រូវតែមានអ្នកលក់និង អ្នកទិញជាដាច់ខាត។ ត្រូវចាំថា អ្នកទិញគឺមានលុយមកដូរដើម្បីបានទំនិញ ឬ សេវាកម្មរបស់យើង មិនមែនមកសុំទទេៗឡើយ។ ដូច្នេះត្រូវធ្វើឲ្យពួកគេសប្បាយចិត្ត តាមរយៈភាពរួសរាយរាក់ទាក់ ការប្រើប្រាស់សំដីប្រកបដោយការគោរព បើទោះបីជាពួកគេស្ថិតក្នុងកំរិតជីវភាពអ្វីក៏ដោយ។ ការផ្តល់តម្លៃដល់អតិថិជន មានន័យស្មើនឹងផ្តល់ផ្លូវរស់សម្រាប់អាជីវកម្មទាំងអស់៕
ប្រែសម្រួល៖ រស្មី
ប្រភព៖ www.lifehack.org
No comments:
Post a Comment