លោកអ្នកដឹងទេថា ប្រាក់អត្ថប្រយោជន៍ប្រភេទណាដែលមិនជាប់ពន្ធទេ ?
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសជូនដំណឹងដល់មហាជនឲ្យបានដឹងថា រាល់ប្រាក់ឧបត្ថម្ភដែលនិយោជិត កម្មករ កម្មការិនីនៃរោងចក្រនានា ទទួលបានពីការបំពេញការងារ នឹងមិនត្រូវគិតបញ្ចូលក្នុងមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្ស និងមិនមែនជាកម្មវត្ថុនៃពន្ធលើអត្ថប្រយោជន៍បន្ថែមនោះទេ ។យោងតាមសារាចរណែនាំរបស់ក្រសួងសេដ្ឋកិច្ច ស្ដីពីការអនុវត្តកាតព្វកិច្ចកាត់ទុកពន្ធលើប្រាក់បៀវត្ស និងពន្ធលើអត្ថប្រយោជន៍បន្ថែម ចុះថ្ងៃទី២០ ខែមករានេះថា ប្រាក់ឧបត្ថម្ភដែលនិយោជិតទទួលបានដូចខាងក្រោមនេះ នឹងមិនត្រូវបញ្ចូលទៅក្នុងមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្ស និងមិនមែនជាកម្មវត្ថុនៃពន្ធលើអត្ថប្រយោជន៍បន្ថែមទេ ដើម្បីឲ្យមានសង្គតិភាព(ភាពស្មោះត្រង់)ក្នុងការអនុវត្តកាតព្វកិច្ច លើប្រាក់បៀវត្ស ប្រាក់ឧបត្ថម្ភ ។
១. សោហ៊ុយធ្វើដំណើរពីទីកន្លែងស្នាក់នៅទៅទីកន្លែងធ្វើការ ឬរោងចក្រ និងពីទីកន្លែងធ្វើការ ឬរោងចក្រ ទៅកន្លែងស្នាក់នៅ និងការឧបត្ថម្ភថ្លៃស្នាក់នៅឬការផ្ដល់កន្លែងស្នាក់នៅក្នុងបរិវេណ រោងចក្រ ស្របតាមបទបញ្ញត្តិនៃច្បាប់ការងារ។
២. ប្រាក់ថ្លៃបាយដែលផ្ដល់ឲ្យនិយោជិត កម្មករ កម្មការិនី ទាំងអស់ដោយគ្មានបែងចែកតាមតួនាទី ឬមុខងាររួមទាំងប្រាក់ថ្លៃបាយបន្ថែមម៉ោង។
៣. មូលនិធិបេឡាសន្តិសុខសង្គម ឬមូលនិធិសុខមាលភាពសង្គមក្នុងកម្រិតដែលបានបញ្ញត្តិក្នុងច្បាប់។
៤. ប្រាក់ធានរ៉ាប់រងសុខភាព ឬបុព្វលាភធានារ៉ាប់រងអាយុជីវិតឬសុខភាពដែលផ្ដល់ដល់និយោជិតកម្មករ កម្មការិនី គ្រប់គ្នាដោយគ្មានការបែងចែកតាមតួនាទី ឬមុខងារ។
៥. ប្រាក់ឧបត្ថម្ភទារក ឬចំណាយទារកដ្ឋាន ដែលមានចែងក្នុងបទបញ្ញត្តិនៃច្បាប់ការងារ
៦. ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា ឬប្រាក់បំណាច់នៃការបញ្ឈប់លែងឲ្យធ្វើការ ក្នុងកម្រិតដែលបានបញ្ញត្តិក្នុងច្បាប់ការងារ។
គួររំលឹកថា កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៥គន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសពីវិសោធនកម្មទៅលើមាត្រា៤៧ នៃច្បាប់ស្ដីពីសារពើពន្ធ ដោយកំណត់ប្រាក់បៀវត្សជាប់ពន្ធប្រចាំខែចាប់ពី ៨០០ ០០១ រៀល(ប៉ែតសិបម៉ឺនមួយរៀល) ដល់ ១ ២៥០ ០០០ រៀល(មួយលានម្ភៃប្រាំម៉ឺនរៀល) ត្រូវកំណត់យកអត្រាពន្ធចំនួន ៥ % , ប្រាក់បៀវត្សចាប់ពី ១ ២៥០ ០០១រៀល(មួយលានម្ភៃប្រាំម៉ឺនមួយរៀល) ដល់ ៨ ៥០០ ០០០ រៀល (ប្រាំបីលានហាសិបម៉ឺនរៀល) មានអត្រាពន្ធ ១០% និង អត្រាពន្ធ ១៥% កំណត់បៀវត្សចាប់ពី ៨ ៥០០ ០០១រៀល ទៅ ១២ ៥០០ ០០០ រៀល ហើយ លើសពី ១២ ៥០០ ០០០ រៀល ឡើងទៅមានអត្រាពន្ធចំនួន ២០%។ ដោយឡែក តាមមាត្រាថ្មីនេះ គឺអ្នកដែលទទួលប្រាក់បៀវត្សក្រោម ៨០ម៉ឺនរៀលមិនគិតអត្រាពន្ធនោះទេ ខណៈដែលមាត្រា ៤៧ចាស់ គឺប្រាក់បៀវត្សក្រោម ៥០ម៉ឺនរៀលមិនគិតពន្ធ៕
No comments:
Post a Comment