ហេតុអ្វីបានជាសាកលវិទ្យាល័យ Harvard មានចំណាត់ថ្នាក់លេខមួយ ខាងវិស័យអប់រំកម្រិតឧត្ដមសិក្សា?
កាល ពីចុងខែតុលា ឆ្នាំ២០១៤ គណៈកម្មការវាយតម្លៃគុណភាពអប់រំកម្រិតឧត្ដមសិក្សានៅសហរដ្ឋអាមេរិក បានចាត់ថ្នាក់សាកលវិទ្យាល័យហាវើត (Harvard University) ជាគ្រឹះស្ថានឧត្ដមសិក្សាជាប់ចំណាត់ថ្នាក់លេខមួយ នៅក្នុងពិភពលោក។សាកលវិទ្យាល័យហាវើតជាគ្រឹះស្ថានឧត្ដមសិក្សាដែលល្បីនៅក្នុងពិភពលោក តាំងពីច្រើនជំនាន់មកហើយ។ សាកលវិទ្យាល័យនេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៦៣៦ និងជាគ្រឹះស្ថានឧត្ដមសិក្សាចាស់ជាងគេនៅសហរដ្ឋអាមេរិក។ សាកលវិទ្យាល័យនេះយកឈ្មោះតាមលោកចនហាវើត (John Harvard) ។
...បុគ្គលល្បីៗលើលោកទាំង ២៥រូបនេះ សុទ្ធតែជាអតីតនិស្សិត Harvard!...
លក្ខណៈពិសេស ដែលធ្វើឲ្យហាវើត (Harvard) នៅតែជាគ្រឹះស្ថានឧត្ដមសិក្សាឈានមុខគេ ៖
សញ្ញាបត្រចេញពីហាវើតត្រូវគេទទួលស្គាល់ជាអន្តរជាតិ ដោយសារគេទុកចិត្តលើគុណភាពអប់រំដែលមានកម្រិតខ្ពស់។ ហាវើតទទួលបានកិត្តិស័ព្ទល្បីល្បាញ រហូតដល់វ៉ាដាច់ទាំងសាកលវិទ្យាល័យ Oxford ដ៏ល្បីល្បាញរបស់អង់គ្លេសដែលមានអាយុកាលជិតមួយពាន់ឆ្នាំនោះទៅ ទៀត។ បុគ្គលល្បីៗមួយចំនួន ដែលជានិស្សិតជាន់ចាស់ (alumni) របស់ហាវើត មានដូចជា ៖ លោកប៊ីលហ្គេត (ម្ចាស់ក្រុមហ៊ុន Microsoft) – លោកម៉ាកហ្សាក់ខឺបឺក (ម្ចាស់ក្រុមហ៊ុន Facebook) – លោកបារ៉ាក់អូបាម៉ា (ប្រធានាធិបតីអាមេរិក) - លោកបានឃីមូន (អគ្គលេខាធិការអង្គការសហប្រជាជាតិ)។ល។
បេក្ខជនទាំងអស់ មុននឹងត្រូវបានអនុញ្ញាតឲ្យចូលរៀននៅហាវើត សុទ្ធតែឆ្លងកាត់គណៈកម្មការវាយតម្លៃ ដើម្បីពិនិត្យប្រវត្តិរូបនិងលក្ខណៈសម្បត្តិ ពោលគឺមិនមែនឲ្យតែមានលុយបង់ថ្លៃសាលា ដឹងតែពីចូលរៀនបាននោះឡើយ។ មូលហេតុសំខាន់ព្រោះសាកលវិទ្យាល័យយកចិត្តទុកដាក់ខ្ពស់ចំពោះ និស្សិតផង និងចំពោះទស្សនៈពីមជ្ឈដ្ឋានខាងក្រៅចំពោះសាកលវិទ្យាល័យផង ពុំនោះទេ សញ្ញាបត្រនោះនឹងមិនសូវមានតម្លៃ យកទៅដាក់ពាក្យសុំការងារធ្វើ គ្មានអ្នកណាគេឲ្យតម្លៃ។
ដោយសារប្រការនេះហើយ បានជាមជ្ឈដ្ឋានខាងក្រៅគេផ្ដល់តម្លៃឲ្យគុណភាពអប់រំ និងសញ្ញាបត្ររបស់និស្សិតចេញពីហាវើត រហូតដល់ថ្នាក់ និស្សិតខ្លះរៀនមិនទាន់ចប់ផង ត្រូវក្រុមហ៊ុន សហគ្រាសតូចធំទៅកក់ឈ្មោះនិស្សិត ដល់សាកលវិទ្យាល័យតែម្ដង ថាពេលរៀនចប់ គេនឹងទទួលឲ្យធ្វើការនៅកន្លែងគេ។
...បុគ្គល៥រូបដែលរៀនមិនចប់ថ្នាក់បរិញ្ញាបត្រ តែអភិវឌ្ឍខ្លួនក្លាយជាមហាសេដ្ឋីមានប្រាក់រាប់ពាន់លានដុល្លារ...
ចំណោមសាកលវិទ្យាល័យទូទាំងពិភពលោក ហាវើតមានបណ្ណាល័យធំជាងគេ និងមានសៀវភៅនិងឯកសារដទៃទៀត តម្កល់ច្រើនជាងសាកលវិទ្យាល័យណាៗទាំងអស់។ មានផ្ទៃដីធំទូលាយជាងសាកលវិទ្យាល័យដទៃទៀតទូទាំងពិភពលោក។
សាកលវិទ្យាល័យហាវើតត្រូវបានផ្ដល់ចំណាត់ថ្នាក់លេខមួយ ជាដរាបតាំងពីយូរណាស់មកហើយ។ ចំណុចមួយចំនួននៅក្នុងលក្ខណៈវិនិច្ឆ័យនោះមានដូចជា ៖ កម្មវិធីសិក្សាមានលក្ខណៈបើកទូលាយសម្រាប់ពិភពលោកទាំងមូល – ទំហំផ្ទៃដីសាកលវិទ្យាល័យធំទូលាយរហូតដល់ទៅជាង ១៦០ ហិកតារ – គ្រូបង្រៀនសុទ្ធតែសម្រិតសម្រាំងយកអ្នកមានចំណេះដឹង និងពិសោធន៍ជ្រៅជ្រះ - គុណភាពអប់រំនៅក្នុងថ្នាក់រៀន (ពេលប្រឡង និស្សិតមិនអាចបើកមើលសំណៅឯកសារ ឬមិនអាចលួចចម្លងគ្នាជាដាច់ខាត)– អត្រាមានការងារធ្វើ - និស្សិតដែលរៀនចប់អាចសម្រេចបានសមិទ្ធផលសំខាន់ៗ រហូតក្លាយជាបុគ្គលជោគជ័យនៅក្នុងជីវិត។ល។
ថ្លៃចំណាយលើការសិក្សា ៖ តម្លៃសិក្សាសម្រាប់ឆ្នាំ ២០១៤- ២០១៥ ក្នុងមួយឆ្នាំៗ ៤៣៩៣៨ ដុល្លារ (ជាងបួនម៉ឺនដុល្លារ)។ នេះមិនទាន់គិតតម្លៃស្នាក់នៅ អាហារ និងថ្លៃចំណាយផ្សេងៗទេ។ ថ្លៃស្នាក់នៅក្នុងសាកលវិទ្យាល័យ និងអាហារក្នុងសម្រាប់រយៈពេលដប់ខែ ១៤៦៦៩ ដុល្លារ (ជាលក្ខណៈផ្ទះល្វែងខ័ណ្ឌដាច់ៗពីគ្នា)។ បើស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន ធូរថ្លៃជាងនេះគឺដប់ខែ ចន្លោះពីជាង ៦០០០ ទៅ ១ ម៉ឺនដុល្លារ។ អន្តេវាសិកដ្ឋានជាសាលធំ នៅចម្រុះគ្នា (យោងតាមគេហទំព័ររបស់សាកលវិទ្យាល័យហាវើត)៕
...ធ្វើម៉េចទើបដឹងថាលោកអ្នកមានបញ្ញាផ្នែកខាងអ្វី? ហើយគួរចាប់អាជីពអ្វី ឲ្យត្រូវនឹងដុងពីកំណើត?...
ប្រែសម្រួល ៖ អន សំអាង
ប្រភព៖ college.harvard.edu , gsas.harvard.edu , businessinsider.com , wikipedia.org
No comments:
Post a Comment