Monday, January 12, 2015

មូលហេតុ​សំខាន់​ៗ ៥យ៉ាង ដែល​ធ្វើ​ឲ្យ​​គូស្នេហ៍​​​​ចែក​​ផ្លូវ​គ្នា​ជា​ញឹកញាប់​

មូលហេតុ​សំខាន់​៥យ៉ាង ដែល​ធ្វើ​ឲ្យ​មនុស្ស​ចែកផ្លូវ​គ្នា​ជា​ញឹកញាប់!ប្រភព៖​ strictlyautobiographical.com
មាន​មនុស្ស​ជាច្រើន​​បាន​សម្រេច​ចិត្ត​បង្កើត​ទំនាក់​ទំនង​ និង ឈាន​ដល់​ដំណាក់​កាល​រស់នៅ​ជាមួយ​គ្នា ក្រោយពេល​បាន​ស្វែង​យល់​អំពី​លក្ខណៈ​ពិសេស​ពី​គ្នា​ទៅ​វិញ​ទៅមក​ ជាមួយ​នឹង​ក្តី​រំពឹង​ថា នឹង​អាច​ផ្តល់​សេចក្ដីសុខ​ឲ្យ​គ្នា​បាន​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​ ​មាន​មនុស្ស​មិន​តិច​នោះ​ទេ បាន​សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា​រស់នៅ​ ដោយសារតែ​មាន​បញ្ហា​មួយ​ចំនួន​ដែល​មិន​អាច​ដោះ​ស្រាយ​បាន​។ ខាង​ក្រោម​នេះ គឺជា ចំណុច​សំខាន់ៗ​​ដែល​នាំ​ឲ្យ​មានការ​ចែកផ្លូវ​គ្នា​ជា​ញឹកញាប់៖

១) ឆាប់​ទទួល​យក​សេចក្តី​ស្រលាញ់​លឿន​ពេក
សេចក្តី​ស្រលាញ់​គឺជា រឿង​ដែល​ហាមឃាត់​មិន​បាន​ ព្រោះ វា​អាស្រ័យ​លើ​អារម្មណ៍​របស់​អ្នក​ជាមួយ​នឹង​នរណា​ម្នាក់។ ​មនុស្ស​ភាគច្រើន​នៅ​ពេល​ដែល​ជួប​មនុស្ស​ណា​​ម្នាក់​ ហើយ​មាន​អារម្មណ៍​ថា​ពេញចិត្ត​នោះ ក៏​ឆាប់​ទទួលយក​ ឬ បង្កើត​សេចក្តី​ស្រលាញ់​ភ្លាមៗ​តែ​ម្តង។ ប៉ុន្តែ​ប្រការ​នេះ មិន​មែន​ជា​ចំណុច​ល្អ​ប៉ុន្មាន​​ទេ ​ថ្វីបើ​អ្នកចូលចិត្ត​ក៏ដោយ ព្រោះ​មាន​បញ្ហា​ជាច្រើន​​អាច​កើតឡើង​នៅ​ពេល​ខាងមុខ ដែល​មិនអាច​ដឹង​បាន​ ។ ដោយសារ​តែ​បែបនេះ បាន​ជា​មនុស្ស​ជាច្រើន​បាន​សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា​ដើរ​ ដោយសារតែ​ការ​ឆាប់​ទទួល​យក​សេចក្តី​ស្រលាញ់​លឿន​ពេក ជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​ស្វែង​យល់​ពី​គ្នា​ឲ្យ​បាន​គ្រប់គ្រាន់ ឬ អាច​និយាយ​បាន​ថា «បាន​ដោយ​ងាយ ទៅវិញ​ក៏​ងាយ​ដែរ​»។

២) មិន​បាន​​បញ្ជាក់​អំពី​សេចក្តី​ស្រលាញ់​ឲ្យ​មុតមាំ
ថ្វីត្បិត​តែ​អ្នកខ្លះ​បាន​សម្រេច​ចិត្ត​ទទួលយក​ទំនាក់ទំនង​ជាមួយ​គ្នា​ក៏ដោយ ប៉ុន្តែ​ អ្វីៗ​នឹង​រលាយ​បាត់​ទៅវិញ​ ប្រសិនបើ​ភាគី​ណាមួយ​ មិន​បាន​បន្ត​បង្ហាញ​អំពី​សេចក្តី​ស្រលាញ់​របស់​ខ្លួន​ឲ្យ​ខ្លាំងក្លា​​ចំពោះ​ដៃគូ​របស់​ខ្លួន។ ដូចដែល​​បាន​ដឹង​ហើយ​ថា ទំនាក់​ទំនង​ល្អ​មិន​អាច​កើតឡើង​ដោយសារ​តែ​ ការ​ប្រឹងប្រែង​ពី​មនុស្ស​ម្នាក់​បាន​ឡើយ ពោល​គឺ​ទាល់តែ​មាន​ការ​ចូលរួម​ទាំងអស់​គ្នា។ ការ​មិន​បាន​​បញ្ជាក់​អំពី​សេចក្តី​ស្រលាញ់​ឲ្យ​មុតមាំ ​គឺ​តែង​កើត​ឡើង​ជា​ញឹកញាប់ ដោយសារតែ​ អ្នកខ្លះ​រវល់​ខ្លាំង​ជាមួយ​ការសិក្សា ការងារ ឬ អាច​មក​ពី​មាន​ចេតនា​ចង់​បញ្ចប់។

៣) ខ្វះ​ភាព​ស្មោះត្រង់
មនុស្ស​ណាក៏ដោយ​ អាច​រស់នៅ​ជាមួយ​គ្នា​បាន​យូរ​អង្វែង​ទាល់តែ​អ្នក​ទាំងនោះ មាន​ភាព​ស្មោះត្រង់​ជាមួយ​គ្នា​ទៅវិញ​ទៅមក​។ គ្មាន​នរណា​ម្នាក់​អាច​រស់នៅ​ជាមួយ​ការ​កុហក​បោក​ប្រាស់​បាន​នោះ​ឡើយ​ ដូច្នេះហើយ បាន​ជា​មាន​ការ​ចែកផ្លូវ​គ្នា​ជាច្រើន​ ដោយសារតែ​ គ្មាន​ភាព​ស្មោះ​ត្រង់​ជា​មួយ​គ្នា។
...លក្ខណៈ​ពិសេស​៤​យ៉ាង​របស់​បុរស​ ដែល​នារីៗ​គ្រប់រូប​​ប្រាថ្នាចង់​បាន​!...
៤) គ្មាន​ការ​អធ្យាស្រ័យ
ការ​អធ្យាស្រ័យ​ គឺជា​រឿង​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​ត្បិតអី​គ្មាន​នរណា​ម្នាក់​ អាចធ្វើ​រឿង​ល្អ​គ្រប់​យ៉ាង​នោះ​ទេ ពោល​គឺ​រមែង​មាន​បញ្ហា​កើត​ឡើង ឬ មាន​កំហុស។ ដោយសារតែ​បែបនេះ​ហើយ ​ដើម្បី​រក្សា​ទំនាក់ទំនង​ឲ្យ​បាន​យូរអង្វែង​ត្រូវ​ទាមទារ​ឲ្យ​ មាន​ការ​អធ្យាស្រ័យ​គ្នា​ទៅវិញ​ទៅមក ដោយ​ផ្អែក​លើ ហេតុផល និង ស្ថានភាព​ជាក់ស្តែង។ ​ប៉ុន្តែ​ដោយសារតែ​ គ្មាន​ការ​អធ្យាស្រ័យ​គ្នា​បាន​ជា មនុស្ស​ជាច្រើន​បាន​ដើរ​ដល់​ផ្លូវ​បំបែក​ ដែល​មិនអាច​ដោះស្រាយ​បាន។

៥) ខ្វះ​ការ​ជឿជាក់
គ្មាន​ទំនាក់ទំនង​ណាមួយ​អាច​រក្សា​បាន​យូរ​អង្វែង​បាន​ឡើយ​ ប្រសិន​បើ​ខ្វះ​ការ​ជឿជាក់។ មាន​មនុស្ស​ជាច្រើន​​ តែង​មាន​ការ​សង្ស័យ​ពីនេះពីនោះ​ក្នុង​ទំនាក់ទំនង​របស់​ខ្លួន​ ដែល​ប្រការ​នេះ​នាំ​ឲ្យ​ មាន​ភាព​រកាំរកូស​មិនចេះចប់មិនចេះហើយ។ នៅទីបញ្ចប់ ទំនាក់ទំនង​នោះ​គឺ​មិនអាច​បន្ត​ដំណើរ​ទៀត​ឡើយ​ ហើយ​ដើរ​ដល់​ផ្លូវ​បញ្ចប់៕

​​​ប្រែ​សម្រួល៖ រស្មី
ប្រភព៖​ lifehack.org

No comments:

Post a Comment