អ្នកវិភាគថា យន្តហោះ QZ 8501 ព្យាយាមចុះចតលើផ្ទៃទឹកតែមិនសមតាមបំណង
ឧបទ្ទវហេតុដ៏អកុសលលើយន្តហោះរបស់ក្រុមហ៊ុន AirAsia ជើងហោះហើរ QZ 8501 កំពុងស្ថិតក្រោមការយកចិត្តទុកដាក់យ៉ាងខ្លាំងពីមជ្ឈដ្ឋាន អន្តរជាតិទាំងមូល។ ថ្មីៗបំផុតនេះ សាកសពមនុស្សបន្ថែម ៧ នាក់ត្រូវបានស្រង់ចេញពីក្នុងទឹកសមុទ្រយកមកលើគោក ដែលសរុបទាំងមុនទាំងក្រោយ សាកសពអ្នករងគ្រោះដោយសារឧបទ្ទវហេតុនេះ ត្រូវគេស្រង់បាន ១៦ នាក់ហើយ។នៅពេលនេះ គេកំពុងស្វែងរកប្រអប់ខ្មៅ តួយន្តហោះដែលគេសន្និដ្ឋានថាបានធ្លាក់ទៅបាតសមុទ្រ។ អ្នកវិភាគបានសន្និដ្ឋានជំហានដំបូងថា យន្តហោះទំនងជាមិនបានផ្ទុះកណ្ដាលអាកាសនោះទេ ហើយសាកសពអ្នករងគ្រោះទំនងជាជាប់នៅក្នុងយន្តហោះឯបាតសមុទ្រ ព្រោះមុនពេលកើតហេតុ គេជូនដំណឹងឲ្យអ្នកដំណើររឹតខ្សែក្រវាត់ចង្កេះ ព្រោះពេលនោះ មានខ្យល់បក់បោកខ្លាំង។
...ព័ត៌មានបច្ចុប្បន្នភាព ស្ដីពីករណីធ្លាក់យន្តហោះ QZ 8501 របស់ AirAsaia...
ខាងក្រោមនេះជាការវិភាគរបស់អ្នកជំនាញពាក់ព័ន្ធនឹងយន្តហោះ QZ 8501 មានសេចក្ដីដូចខាងក្រោម ៖
អ្នកវិភាគម្នាក់យល់ថាចាប់ពីពេលយន្តហោះបន្ទាបខ្លួនពីក្នុងអាកាស ក្នុងរយៈកម្ពស់ជិតដប់គីឡូម៉ែត្រ រហូតដល់ប៉ះផ្ទៃទឹកសមុទ្រនោះ គឺយន្តហោះមិនបានរងការខូចខាតអ្វីទាំងអស់។ អ្នកវិភាគយល់ថា អាកាសយានិកបានបំពេញតួនាទីរបស់ខ្លួនយ៉ាងល្អ ដោយបន្ទាបខ្លួនយន្តហោះ បន្ថើរៗរហូតដល់ប៉ះផ្ទៃទឹក។ ចំណែកអ្នកវិភាគខ្លះទៀត យល់ថាយន្តហោះបានធ្លាក់ចុះពីអាកាស ប៉ុន្តែបានធ្លាក់ដោយដាំក្បាលទៅមុន ព្រោះខ្យល់បក់ខ្លាំងពេក ហើយអាកាសយានិកមិនអាចទប់នឹងអនុភាពនៃកម្លាំងខ្យល់បក់បាន។ តាមពិត បំណងរបស់អាកាសយានិកគឺសម្រូតតួយន្តហោះ ឲ្យយន្តហោះចុះតាមសម្រួល ហើយអណ្ដែតលើទឹកសមុទ្រតាមបណ្ដោយតួយន្តហោះ។ ប៉ុន្តែអ្វីៗមិនអាចដូចបំណង។ នេះជាការសន្និដ្ឋានរបស់អ្នកជំនាញខាងវិស័យអាកាសចរណ៍។
អ្នកជំនាញខ្លះទៀតបានវិភាគឃើញថាយន្តហោះទំនងជាបានធ្លាក់ចុះមក ក្រោមយ៉ាងលឿនស្លេវ ហើយដាំក្បាលចុះក្នុងទឹកជាលក្ខណៈបញ្ឈរ មិនមែនជាលក្ខណៈបណ្ដោយតួយន្តហោះទេ។ លោក Dudi Sudibyoជានិពន្ធនាយកនៃទស្សនាវដ្ដីអាកាសចរណ៍ Angkasa យល់ថាអ្នកបើកបរយន្តហោះ QZ 8501 ចង់ឲ្យយន្តហោះធ្លាក់លើផ្ទៃទឹកជាលក្ខណៈបណ្ដែតខ្លួនលើទឹក ប៉ុន្តែមិនធ្លាក់មកបណ្ដោយតួយន្តហោះ បែរជាធ្លាក់ដាំក្បាលទៅមុនតែម្ដង។
...អាថ៌កំបាំងដែលនាំឲ្យគេរកឃើញបំណែកយន្តហោះ QZ 8501 គឺផ្ដើមចេញពីអ្នកនេសាទម្នាក់...
មូលហេតុដែលបណ្ដាលឲ្យយន្តហោះធ្លាក់ទៅក្នុងទឹក ដោយដាំក្បាលចុះបែបនេះ បណ្ដាលមកពីខ្យល់បក់ខ្លាំងពេក ប្រៀបបាននឹងគេចាប់យន្តហោះគ្រវែងចូលទៅក្នុងទឹកតែម្ដង។ យន្តហោះ QZ 8501 ទំនងជាធ្លាក់ចុះក្នុងល្បឿនជាង ៣៣០០ ម៉ែត្រក្នុងមួយនាទី រហូតដល់ទៅល្បឿនជាង ៧៣០០ ម៉ែត្រក្នុងមួយនាទី។ ល្បឿនធ្លាក់ចុះដ៏លឿនស្លេវបែបនេះ ដោយសារកម្លាំងខ្យល់បោកបក់ខ្លាំង។
សូមបញ្ជាក់ថា កាលពីខែមករា ឆ្នាំ២០០៩ មានករណីស្រដៀងគ្នានេះបានកើតឡើងចំពោះយន្តហោះរបស់ក្រុមហ៊ុន អាកាសចរណ៍ US Airways ជើងហោះហើរ 1549។ ពេលយន្តហោះ កំពុងហោះសុខៗ ក៏មានសត្វបក្សីមួយហ្វូងធំ ហោះមកបុក បណ្ដាលឲ្យម៉ាស៊ីនយន្តហោះឆាបឆេះឡើង។ មនុស្សដែលជិះនៅក្នុងយន្តហោះមានចំនួន ១៥៥ នាក់។ កាលណោះ គ្មានអាកាសយានដ្ឋានណានៅក្បែរនោះ ដែលអាចចុះចតក្នុងគ្រាអាសន្នបានទេ។ អាកាសយានិកក៏រកឃើញវិធីមួយ គឺបន្ទាបខ្លួនយន្តហោះទៅលើផ្ទៃទឹកទន្លេមួយ ហើយបានចុះថ្នមៗ បណ្ដែតតួយន្តហោះលើផ្ទៃទឹកដោយសុវត្ថិភាព (យន្តហោះនោះអណ្ដែតលើទឹក)។ អ្នកជិះក្នុងយន្តហោះ US Airways 1548 នៅរស់ទាំងអស់គ្នា៕
...ដឹងថាអ្នកបើកបរយន្តហោះ QZ 8501 ដែលបាត់ខ្លួន មានបទពិសោធន៍ជ្រៅជ្រះកម្រិតណាជាមួយ AirAsia?...
ប្រែសម្រួល ៖ អន សំអាង
ប្រភព៖ Daily Mail , theguardian.com , timesofindia.indiatimes.com , channelnewsasia.com
No comments:
Post a Comment