Wednesday, January 28, 2015

មានតំរុយ ពីមូលហេតុ ដែលមុននេះបន្តិច ទាំង Facebook និង Instagram បើកមិនចេញ ទូទាំង ពិភពលោក!

774 LIKES
89 COMMENTS
អង្គារ ២៧ មករា, ២០១៥ ម៉ោង ១៣:១៨
ហ្វេសប៊ុក៖ ប្រមាណជា មួយម៉ោង មុននេះ បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក មានភាពរអាក់រអួល បច្ចេកទេស មិនអាចដំណើរការ ឲ្យអ្នកប្រើប្រាស់ ធ្វើការបើកចូលបាន។

បើយោងតាម សារព័ត៌មាន RT បានឲ្យដឹងថា មិនត្រឹមតែ Facebook ប៉ុណ្ណោះទេ ដែលមានបញ្ហា មិនអាចបើកបាន សូម្បីតែ បណ្តាញសង្គម Instagram ក៏មិនអាច ដំណើរការ បានដូចគ្នាដែរ។ នៅក្នុងពេល មុននេះបន្តិច អ្នកប្រើប្រាស់ជុំវិញពិភពលោក អាចនឹងមិនមាន នរណាម្នាក់ ចូលទៅកាន់ គេហទំព័រ ហ្វេសប៊ុក និង អ៊ិនស្តាក្រាម បានឡើយ ខណៈដែល មានផ្ទាំងជូនដំណឹង មួយ បានលេចឡើងថា “Sorry, something went wrong. We're working on it and we'll get it fixed as soon as we can,” ដែលមានន័យថា «សុំទោស, អ្វីម្យ៉ាងបានមានបញ្ហា។ ពួកយើងកំពុងតែដោះស្រាយ ហើយ ពួកយើងនឹងធ្វើឲ្យរួចរាល់ ឲ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន»។
ទោះជាយ៉ាងណា មិនទាន់មានប្រភព ណាមួយ អាចឲ្យដឹងពីមូលហេតុ នាំឲ្យហ្វេសប៊ុក មានបញ្ហា នៅឡើយទេ ខណៈអ្នកលេងអ៊ិនធើណេត មានការសង្ស័យ ទៅលើ បញ្ហាអាកាសធាតុ និង ព្យុះព្រិល នៅសហរដ្ឋអាមេរិក។

Update: សារព័ត៌មាន ដដែល បានបង្ហោះសារ នៅលើ Tweeter ឲ្យដឹងថា បញ្ហានេះ កើតឡើង ដោយសារតែមាន ការវាយប្រហារ តាមប្រព័ន្ធអ៊ិនធើណេត ដោយប្រើវិធិសាស្ត្រ ដែលគេហៅថា DDOS Attack ។

ប្រិយមិត្ត បានជួបបញ្ហា នេះដែរទេ? តើមានអារម្មណ៍យ៉ាងណាដែរ ពេលអត់មានហ្វេសប៊ុកលេង?

ប្រភព៖ RT

Thursday, January 22, 2015

ដំបូន្មាន​ពីរ​ឃ្លា​របស់​មហាសេដ្ឋី​ Warren Buffet​​​ ធ្វើ​ឱ្យ​អ្នក​វិនិយោគ​កាន់​តែ​មាន​​ឡើងៗ​

ដំបូន្មាន​ពីរ​ឃ្លា​របស់​មហាសេដ្ឋី​ Warren Buffet​​​ ធ្វើ​ឱ្យ​អ្នក​វិនិយោគ​កាន់​តែ​មាន​​ឡើង​ប្រភព៖​ www.huffingtonpost.com
​លោក​មហាសេដ្ឋី​​ Warren Buffet ​តែង​​​តែ​ផ្ដល់​ដំបូន្មាន​អំពី​ការ​វិនិយោគ​​ ​គន្លឹះ​នៃ​ការ​រក​ស៊ី​ និង​​​​ការ​លើក​ទឹក​ចិត្ត​​​​​មនុស្ស​ឱ្យ​ប្រឹង​ប្រែង​រក​ស៊ី​​ជា​ច្រើន។ ​ថ្ងៃ​នេះ​វិញ​ ​ TheBNEWS ​សូម​​នាំ​យក​ដំបូន្មាន​ពីរ​ឃ្លា ​​យ៉ាង​ខ្លី​របស់​លោក​ដែល​ធ្វើ​ឱ្យ​​​អ្នក​វិនិយោគ​​ ​ឬ​ អ្នក​រក​ស៊ី​ កាន់​តែ​មាន​ឡើងៗ។

…ការងារ​៧ យ៉ាង​ដែល​មហាសេដ្ឋី ​Warren Buffett ធ្វើ​ ដើម្បី​សន្សំ​លុយ​ទុក ៥៣ ០០០​ដុល្លារ ​​​​នៅ​អាយុ ១៦ឆ្នាំ…

​១) ​រៀន​ពី​ការ​សន្សំ (Learn to save) ​
​ មហាសេដ្ឋី​រូប​នេះ​ បាន​​ចែក​រំលែក​ការ​យល់​ឃើញ​របស់​លោក​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​ កាល​ពី​ឆ្នាំ​ទៅ​មិញ។ ​​លោក​បាន​ថ្លែង​ដូច្នេះ​ថា​ ៖«​​ខ្ញុំ​គិត​ថា​ ​កំហុស​ដ៏​ធំ​​គឺ​មនុស្ស ​​​មិន​រៀន​ពី​ទម្លាប់​​នៃ​ការ​សន្សំ​ឱ្យ​បាន​ត្រឹម​ត្រូវ​តាំង​ពី​ដំបូង​ ​​ព្រោះ​ថា​ ការ​សន្សំ​ គឺ​ជា​ទម្លាប់​មួយ​»។ ​​​​លោក​បាន​បន្ថែម​ទៀត​ថា​ កំហុស​​ធំ​មួយ​ទៀត​នោះ​គឺ​ថា​ ​​​ការ​​​ព្យាយាម​ចង់​​មាន​លឿន​ពេក។ លោក​​ពោល​ដូច្នេះ​​ ៖«​វា​ពិត​ងាយ​ស្រួល​​​​ បើ​យើង​ចង់​ក្លាយ​ជា​​អ្នក​មាន​សន្សឹម​ ប៉ុន្តែ​វា​មិន​ងាយ​ស្រួល​នោះ​ទេ​បើ​ចង់​មាន​ឆាប់​ពេក​នោះ»។ ​​​

២) ​នៅ​ពេល​​​តម្លៃ​ភាគហ៊ុន​​ធ្លាក់​ ​កុំ​លក់​ គឺ​ត្រូវ​ទិញ​បន្ថែម​ (When a stock price falls, buy, don’t sell.) 
​ ​​ការ​លើក​​ឡើង​នៅ​ពេល​នេះ ​គឺ​មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ទេ។ ​​លោក​បាន​​​ទាញ​ចេញ​ពី​បទ​ពិសោធន៍​របស់​លោក​​ផ្ទាល់។​ កាល​ពី​ឆ្នាំ​មុន​ លោក​បាន​​ខាតបង់​អស់​​ ២​ពាន់​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​​តែ​ប៉ុន្មាន​ថ្ងៃ​​​បន្ទាប់​ពី​តម្លៃ​​ ភាគហ៊ុន​​ ​ក្នុង​គម្រោង​​​វិនិយោគ​ធំ​ៗ​របស់​លោក​មួយ​ចំនួន​បាន​ធ្លាក់​ចុះ​ព្រម​ គ្នា។ ​​​លោក​​ធ្លាប់​មាន​ប្រសាសន៍​ប្រាប់​សារព័ត៌មាន​ CNBC ​ថា​ ​វិនិយោគិន​ ​​ដែល​ចូល​ចិត្ត​លោត​ពី​​លើ​កប៉ាល់ ​​ដែល​​លោក​ចង់​​សំដៅ​ទៅ​លើ​វិនិយោគិន​​​សម្រេច​ចិត្ត​លក់​ភាគហ៊ុន​នៅ​​ពេល​ ​តម្លៃ​ធ្លាក់​ចុះ ​​​គឺ​​បាន​ធ្វើ​ឱ្យ​ខ្លួន​ឯង​បាត់​ឱកាស​​ ​ដើម្បី​​ស្រង់​ដើម​​ ឬ​​បាន​ចំណេញ​​មក​វិញ​ ​នៅ​ពេល​តម្លៃ​​ភាគ​ហ៊ុន​កើន​ឡើង​បន្ទាប់​ពី​លក់​ហើយ៕​​​

អត្ថបទទាក់ទង

Wednesday, January 21, 2015

លោក​អ្នក​ដឹង​ទេ​ថា ​ប្រាក់​អត្ថប្រយោជន៍​ប្រភេទ​ណា​ដែលមិន​ជាប់ពន្ធ​ទេ ?​

ដឹងថា​ប្រាក់​អត្ថប្រយោជន៍​ប្រភេទ​ណា​ដែល មិន​ជាប់ពន្ធ​ទេ ?ប្រភព៖​ www.featurepics.com
​ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រកាស​ជូនដំណឹង​ដល់​មហាជន​ឲ្យ​បាន​​ដឹងថា រាល់​ប្រាក់ឧបត្ថម្ភ​ដែល​និយោជិត កម្មករ កម្មការិនី​នៃ​រោងចក្រ​នានា ទទួលបាន​ពី​ការបំពេញ​ការងារ នឹងមិន​ត្រូវ​គិត​បញ្ចូល​ក្នុង​មូលដ្ឋាន​គិត​ពន្ធលើប្រាក់បៀវត្ស និង​មិនមែនជា​កម្មវត្ថុ​នៃ​ពន្ធ​លើ​អត្ថប្រយោជន៍​បន្ថែម​នោះទេ ។​

​យោងតាម​សារាចរ​ណែនាំ​របស់​ក្រសួង​សេដ្ឋកិច្ច ស្ដីពី​ការអនុវត្ត​កាតព្វកិច្ច​កាត់​ទុក​ពន្ធលើប្រាក់បៀវត្ស និង​ពន្ធ​លើ​អត្ថប្រយោជន៍​បន្ថែម ចុះ​ថ្ងៃទី​២០ ខែមករា​នេះ​ថា ប្រាក់ឧបត្ថម្ភ​ដែល​និយោជិត​ទទួលបាន​ដូចខាងក្រោម​នេះ នឹងមិន​ត្រូវ​បញ្ចូល​ទៅក្នុង​មូលដ្ឋាន​គិត​ពន្ធលើប្រាក់បៀវត្ស និង​មិនមែនជា​កម្មវត្ថុ​នៃ​ពន្ធ​លើ​អត្ថប្រយោជន៍​បន្ថែម​ទេ ដើម្បី​ឲ្យ​មាន​សង្គតិភាព​(​ភាពស្មោះត្រង់​)​ក្នុងការ​អនុវត្ត​កាតព្វកិច្ច​ លើ​ប្រាក់បៀវត្ស ប្រាក់ឧបត្ថម្ភ ។​

១. សោហ៊ុយ​ធ្វើដំណើរ​ពី​ទីកន្លែង​ស្នាក់នៅ​ទៅ​ទីកន្លែង​ធ្វើការ ឬ​រោងចក្រ និង​ពី​ទីកន្លែង​ធ្វើការ ឬ​រោងចក្រ ទៅ​កន្លែង​ស្នាក់នៅ និង​ការឧបត្ថម្ភ​ថ្លៃ​ស្នាក់នៅ​ឬ​ការផ្ដល់​កន្លែង​ស្នាក់​នៅក្នុង​បរិវេណ​ រោងចក្រ ស្របតាម​បទបញ្ញត្តិ​នៃ​ច្បាប់​ការងារ​។​
២. ប្រាក់​ថ្លៃ​បាយ​ដែល​ផ្ដល់​ឲ្យ​និយោជិត កម្មករ កម្មការិនី ទាំងអស់​ដោយ​គ្មាន​បែងចែក​តាម​តួនាទី ឬ​មុខងារ​រួមទាំង​ប្រាក់​ថ្លៃ​បាយ​បន្ថែម​ម៉ោង​។​
៣. មូលនិធិ​បេឡា​សន្តិសុខ​សង្គម ឬ​មូលនិធិ​សុខមាលភាព​សង្គម​ក្នុង​កម្រិត​ដែល​បាន​បញ្ញត្តិ​ក្នុង​ច្បាប់​។​
៤. ប្រាក់​ធាន​រ៉ាប់រង​សុខភាព ឬ​បុព្វលាភ​ធានារ៉ាប់រង​អាយុជីវិត​ឬ​សុខភាព​ដែល​ផ្ដល់​ដល់​និយោជិត​កម្មករ កម្មការិនី គ្រប់គ្នា​ដោយ​គ្មាន​ការបែងចែក​តាម​តួនាទី ឬ​មុខងារ​។​
៥. ប្រាក់ឧបត្ថម្ភ​ទារក ឬ​ចំណាយ​ទារកដ្ឋាន ដែល​មានចែង​ក្នុង​បទបញ្ញត្តិ​នៃ​ច្បាប់​ការងារ​
៦. ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា ឬ​ប្រាក់​បំណាច់​នៃ​ការបញ្ឈប់​លែង​ឲ្យ​ធ្វើការ ក្នុង​កម្រិត​ដែល​បាន​បញ្ញត្តិ​ក្នុង​ច្បាប់​ការងារ​។​

​គួររំលឹកថា កាលពី​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៥​គន្លង​ទៅនេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានប្រកាស​ពី​វិសោធនកម្ម​ទៅលើ​មាត្រា​៤៧ នៃ​ច្បាប់​ស្ដីពី​សារពើពន្ធ ដោយ​កំណត់​ប្រាក់បៀវត្ស​ជាប់ពន្ធ​ប្រចាំខែ​ចាប់ពី ៨០០ ០០១ រៀល​(​ប៉ែតសិប​ម៉ឺន​មួយ​រៀល​) ដល់ ១ ២៥០ ០០០ រៀល​(​មួយ​លាន​ម្ភៃ​ប្រាំ​ម៉ឺន​រៀល​) ត្រូវ​កំណត់​យក​អត្រាពន្ធ​ចំនួន ៥ % , ប្រាក់បៀវត្ស​ចាប់ពី ១ ២៥០ ០០១​រៀល​(​មួយ​លាន​ម្ភៃ​ប្រាំ​ម៉ឺន​មួយ​រៀល​) ដល់ ៨ ៥០០ ០០០ រៀល (​ប្រាំបី​លាន​ហាសិប​ម៉ឺន​រៀល​) មាន​អត្រាពន្ធ ១០% និង អត្រាពន្ធ ១៥% កំណត់​បៀវត្ស​ចាប់ពី ៨ ៥០០ ០០១​រៀល ទៅ ១២ ៥០០ ០០០ រៀល ហើយ លើសពី ១២ ៥០០ ០០០ រៀល ឡើងទៅ​មាន​អត្រាពន្ធ​ចំនួន ២០%​។ ដោយឡែក តាម​មាត្រា​ថ្មី​នេះ គឺ​អ្នក​ដែល​ទទួល​ប្រាក់បៀវត្ស​ក្រោម ៨០​ម៉ឺន​រៀល​មិន​គិត​អត្រាពន្ធ​នោះទេ ខណៈដែល​មាត្រា ៤៧​ចាស់ គឺ​ប្រាក់បៀវត្ស​ក្រោម ៥០​ម៉ឺន​រៀល​មិន​គិត​ពន្ធ​៕​

10928585_809602895778910_1487547171_n (1)

Tuesday, January 13, 2015

របៀប​​​បង្វែរ​ពី​ការ Download តាម torrent ទៅ​​ជា Download តាម IDM ល្បឿន​លឿន​ជំនួស​វិញ

របៀប​​​បង្វែរ​ពី​ការ Download តាម torrent ទៅ​​ជា Download តាម IDM ល្បឿន​លឿន​ជំនួស​វិញប្រភព៖​ qdtricks
សម្រាប់ ​លោក​អ្នក​ដែល​ចូលចិត្ត​ប្រើ​កម្មវិធី​ដែល​មាន​កំណែប្រែ​ជំនាន់​ថ្មី​ ចុងក្រោយ (version ចុងក្រោយ) នោះ​មុខជា​ស្គាល់​នូវ​វែបសាយ (Website) សម្រាប់​ដោនឡូដ​បាន​ងាយស្រួល ឥត​គិត​ថ្លៃ និង​ប្រើ​បាន​ពេញលេញ (full version) ហើយ។ ជាក់ស្ដែង នា​ពេល​បច្ចុប្បន្ន អ្នក​ប្រើ​កុំព្យូទ័រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ភាគច្រើន​និយម​ដោនឡូដ​ កម្មវិធី និង​រឿង​ហូលីវ៉ូដ​ថ្មីៗ​តាម​កម្មវិធី uTorrent ឬ BitTorrent។ យ៉ាងណា កម្មវិធី​ទាំងពីរ​នេះ គឺ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ជំនាញ​ផ្នែក Software និង​សេវាកម្ម​ពាក់ព័ន្ធ​នឹង​អ៊ីនធឺណិត BitTorrent ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ដូច​គ្នា។

សម្រាប់​វែបសាយ (Website) ដែល​អាច​ទាញ​យក (download) ឯកសារ Torrent បាន​ គឺ​មាន​ច្រើន​ដូចជា៖ www.torrentreactor.net, torrentz.eu, www.sumotorrent.sx និង www.mininova.org ជាដើម។ ក្នុង​នោះ នៅ​មាន​វែបសាយ kickass.so ដែល​កំពុង​ទទួល​បាន​ការ​ពេញ​និយម​ចូល​ទៅ Download យ៉ាង​ច្រើន​ពី​សំណាក​អ្នក​ប្រើ​កុំព្យូទ័រ​ក្នុង​ប្រទេស​កម្ពុជា។ ជា​ធម្មតា បន្ទាប់​ពី​លោក​អ្នក​ចូល​ទៅ​ដោនឡូដ torrent file ចេញ​ពី kickass.so ហើយ ឯកសារ​នោះ​នឹង​ទាមទារ​ឱ្យ​អ្នក​បើក​ជាមួយ (Open With) កម្មវិធី uTorrent ឬ​កម្មវិធី BitTorrent ជាដើម។ ក្នុង​ការ​ទាញ​យក (Download) ឯកសារ​តាម​កម្មវិធី uTorrent ឬ​កម្មវិធី BitTorrent គឺ​មិន​មាន​ល្បឿន​លឿន​ដូច​ជា​អ្នក ដោនឡូក​តាម​កម្មវិធី Internet Download Manager (IDM) នោះ​ឡើយ។

ទំព័រ​នេះ TheBNEWS សូម​លើក​យក​គន្លឹះ​ក្នុង​ការ បង្វែរ​ពី​ការ​ដោនឡូដ​តាម​កម្មវិធី uTorrent មក ដោនឡូដ​តាម​កម្មវិធី Internet Download Manager ដោយ​ផ្ទាល់​វិញ ដើម្បី​ទាញ​យក​បាន​រហ័ស​ឆាប់​ពេញ​ជាង uTorrent និង BitTorrent។




១) បើក​ចូល​វែបសាយ kickass.so ដូច​ធម្មតា បន្ទាប់មក ស្វែងរក​កម្មវិធី ឬ​វីដេអូ​ណា​មួយ​ដែល​អ្នក​ចង់ Download។ ត្រង់​នេះ ខុសពី​របៀប​ដែល​អ្នក​ធ្វើ​សព្វដង​បន្តិច ដោយ​អ្នក​មិន​ចាំបាច់​ទាញ​យក​ឯកសារ torrent (Download torrent file) នោះ​ទេ គឺ​អ្នក​គ្រាន់តែ​ដាក់ mouse នៅ​លើ icon រូប​មេដែក​ដែល​ជា​តំណភ្ជាប់​មួយ រួចហើយ​ចុច​ស្ដាំ mouse និង​រើស​យក Copy Link Location ដើម្បី​ចម្លង​តំណភ្ជាប់។

ឬ​អ្នក​អាច​ចូល​ទៅ Copy តំណភ្ជាប់​ពី​ក្នុង​កម្មវិធី uTorrent ក៏​បាន ដោយ​ចុច​ស្ដាំ mouse នៅ​លើ​ឯកសារ​ដែល​កំពុង Download ណាមួយ (ដូច​រូប)

២) ក្រោយពី Copy ហើយ សូម​បើក​គេហទំព័រ zbigz.com រួច Past តំណភ្ជាប់​នោះ​នៅ​ត្រង់​ប្រអប់​ស្វែងរក (ដូច​រូប)។ (បញ្ជាក់៖ ក្រៅពី zbigz.com ក៏​នៅ​មាន​វែបសាយ​ផ្សេងៗ​ទៀត អាច download បាន​ដូច​គ្នា​មាន៖ BOXOPUS, PUTDRIVE, PCLOUD និង TORRENT HANDLER ជាដើម)

៣) បន្ទាប់​មក សូម​ចុច​លើ​ប៊ូតុង Go! ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ស្ដាំ​នៃ​ប្រអប់ រួច​ចុច​លើ Free ហើយ​ត្រូវ​រង់ចាំ​មួយ​រយៈ។ ចុច​លើ​ប៊ូតុង Download ឬ​ប៊ូតុង Zip (សម្រាប់​ឯកសារ Zip) និង​ចុង​លើ Free ជា​ការ​ស្រេច។ (បញ្ជាក់៖ ប្រសិន​កម្មវិធី IDM របស់​អ្នក​មិន​មាន​បញ្ហា​អ្វី​ទេ នោះ​ផ្ទាំង​កម្មវិធី IDM នឹង​លោត​ចេញ​មក​ឱ្យ​អ្នក​ទាញ​យក​បាន)

ដោយ៖ លី ឈៀន
ប្រភព៖​ youtube, qdtricks, rushinformation, cpstechnologies

រូបភាព

Monday, January 12, 2015

មូលហេតុ​សំខាន់​ៗ ៥យ៉ាង ដែល​ធ្វើ​ឲ្យ​​គូស្នេហ៍​​​​ចែក​​ផ្លូវ​គ្នា​ជា​ញឹកញាប់​

មូលហេតុ​សំខាន់​៥យ៉ាង ដែល​ធ្វើ​ឲ្យ​មនុស្ស​ចែកផ្លូវ​គ្នា​ជា​ញឹកញាប់!ប្រភព៖​ strictlyautobiographical.com
មាន​មនុស្ស​ជាច្រើន​​បាន​សម្រេច​ចិត្ត​បង្កើត​ទំនាក់​ទំនង​ និង ឈាន​ដល់​ដំណាក់​កាល​រស់នៅ​ជាមួយ​គ្នា ក្រោយពេល​បាន​ស្វែង​យល់​អំពី​លក្ខណៈ​ពិសេស​ពី​គ្នា​ទៅ​វិញ​ទៅមក​ ជាមួយ​នឹង​ក្តី​រំពឹង​ថា នឹង​អាច​ផ្តល់​សេចក្ដីសុខ​ឲ្យ​គ្នា​បាន​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​ ​មាន​មនុស្ស​មិន​តិច​នោះ​ទេ បាន​សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា​រស់នៅ​ ដោយសារតែ​មាន​បញ្ហា​មួយ​ចំនួន​ដែល​មិន​អាច​ដោះ​ស្រាយ​បាន​។ ខាង​ក្រោម​នេះ គឺជា ចំណុច​សំខាន់ៗ​​ដែល​នាំ​ឲ្យ​មានការ​ចែកផ្លូវ​គ្នា​ជា​ញឹកញាប់៖

១) ឆាប់​ទទួល​យក​សេចក្តី​ស្រលាញ់​លឿន​ពេក
សេចក្តី​ស្រលាញ់​គឺជា រឿង​ដែល​ហាមឃាត់​មិន​បាន​ ព្រោះ វា​អាស្រ័យ​លើ​អារម្មណ៍​របស់​អ្នក​ជាមួយ​នឹង​នរណា​ម្នាក់។ ​មនុស្ស​ភាគច្រើន​នៅ​ពេល​ដែល​ជួប​មនុស្ស​ណា​​ម្នាក់​ ហើយ​មាន​អារម្មណ៍​ថា​ពេញចិត្ត​នោះ ក៏​ឆាប់​ទទួលយក​ ឬ បង្កើត​សេចក្តី​ស្រលាញ់​ភ្លាមៗ​តែ​ម្តង។ ប៉ុន្តែ​ប្រការ​នេះ មិន​មែន​ជា​ចំណុច​ល្អ​ប៉ុន្មាន​​ទេ ​ថ្វីបើ​អ្នកចូលចិត្ត​ក៏ដោយ ព្រោះ​មាន​បញ្ហា​ជាច្រើន​​អាច​កើតឡើង​នៅ​ពេល​ខាងមុខ ដែល​មិនអាច​ដឹង​បាន​ ។ ដោយសារ​តែ​បែបនេះ បាន​ជា​មនុស្ស​ជាច្រើន​បាន​សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា​ដើរ​ ដោយសារតែ​ការ​ឆាប់​ទទួល​យក​សេចក្តី​ស្រលាញ់​លឿន​ពេក ជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​ស្វែង​យល់​ពី​គ្នា​ឲ្យ​បាន​គ្រប់គ្រាន់ ឬ អាច​និយាយ​បាន​ថា «បាន​ដោយ​ងាយ ទៅវិញ​ក៏​ងាយ​ដែរ​»។

២) មិន​បាន​​បញ្ជាក់​អំពី​សេចក្តី​ស្រលាញ់​ឲ្យ​មុតមាំ
ថ្វីត្បិត​តែ​អ្នកខ្លះ​បាន​សម្រេច​ចិត្ត​ទទួលយក​ទំនាក់ទំនង​ជាមួយ​គ្នា​ក៏ដោយ ប៉ុន្តែ​ អ្វីៗ​នឹង​រលាយ​បាត់​ទៅវិញ​ ប្រសិនបើ​ភាគី​ណាមួយ​ មិន​បាន​បន្ត​បង្ហាញ​អំពី​សេចក្តី​ស្រលាញ់​របស់​ខ្លួន​ឲ្យ​ខ្លាំងក្លា​​ចំពោះ​ដៃគូ​របស់​ខ្លួន។ ដូចដែល​​បាន​ដឹង​ហើយ​ថា ទំនាក់​ទំនង​ល្អ​មិន​អាច​កើតឡើង​ដោយសារ​តែ​ ការ​ប្រឹងប្រែង​ពី​មនុស្ស​ម្នាក់​បាន​ឡើយ ពោល​គឺ​ទាល់តែ​មាន​ការ​ចូលរួម​ទាំងអស់​គ្នា។ ការ​មិន​បាន​​បញ្ជាក់​អំពី​សេចក្តី​ស្រលាញ់​ឲ្យ​មុតមាំ ​គឺ​តែង​កើត​ឡើង​ជា​ញឹកញាប់ ដោយសារតែ​ អ្នកខ្លះ​រវល់​ខ្លាំង​ជាមួយ​ការសិក្សា ការងារ ឬ អាច​មក​ពី​មាន​ចេតនា​ចង់​បញ្ចប់។

៣) ខ្វះ​ភាព​ស្មោះត្រង់
មនុស្ស​ណាក៏ដោយ​ អាច​រស់នៅ​ជាមួយ​គ្នា​បាន​យូរ​អង្វែង​ទាល់តែ​អ្នក​ទាំងនោះ មាន​ភាព​ស្មោះត្រង់​ជាមួយ​គ្នា​ទៅវិញ​ទៅមក​។ គ្មាន​នរណា​ម្នាក់​អាច​រស់នៅ​ជាមួយ​ការ​កុហក​បោក​ប្រាស់​បាន​នោះ​ឡើយ​ ដូច្នេះហើយ បាន​ជា​មាន​ការ​ចែកផ្លូវ​គ្នា​ជាច្រើន​ ដោយសារតែ​ គ្មាន​ភាព​ស្មោះ​ត្រង់​ជា​មួយ​គ្នា។
...លក្ខណៈ​ពិសេស​៤​យ៉ាង​របស់​បុរស​ ដែល​នារីៗ​គ្រប់រូប​​ប្រាថ្នាចង់​បាន​!...
៤) គ្មាន​ការ​អធ្យាស្រ័យ
ការ​អធ្យាស្រ័យ​ គឺជា​រឿង​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​ត្បិតអី​គ្មាន​នរណា​ម្នាក់​ អាចធ្វើ​រឿង​ល្អ​គ្រប់​យ៉ាង​នោះ​ទេ ពោល​គឺ​រមែង​មាន​បញ្ហា​កើត​ឡើង ឬ មាន​កំហុស។ ដោយសារតែ​បែបនេះ​ហើយ ​ដើម្បី​រក្សា​ទំនាក់ទំនង​ឲ្យ​បាន​យូរអង្វែង​ត្រូវ​ទាមទារ​ឲ្យ​ មាន​ការ​អធ្យាស្រ័យ​គ្នា​ទៅវិញ​ទៅមក ដោយ​ផ្អែក​លើ ហេតុផល និង ស្ថានភាព​ជាក់ស្តែង។ ​ប៉ុន្តែ​ដោយសារតែ​ គ្មាន​ការ​អធ្យាស្រ័យ​គ្នា​បាន​ជា មនុស្ស​ជាច្រើន​បាន​ដើរ​ដល់​ផ្លូវ​បំបែក​ ដែល​មិនអាច​ដោះស្រាយ​បាន។

៥) ខ្វះ​ការ​ជឿជាក់
គ្មាន​ទំនាក់ទំនង​ណាមួយ​អាច​រក្សា​បាន​យូរ​អង្វែង​បាន​ឡើយ​ ប្រសិន​បើ​ខ្វះ​ការ​ជឿជាក់។ មាន​មនុស្ស​ជាច្រើន​​ តែង​មាន​ការ​សង្ស័យ​ពីនេះពីនោះ​ក្នុង​ទំនាក់ទំនង​របស់​ខ្លួន​ ដែល​ប្រការ​នេះ​នាំ​ឲ្យ​ មាន​ភាព​រកាំរកូស​មិនចេះចប់មិនចេះហើយ។ នៅទីបញ្ចប់ ទំនាក់ទំនង​នោះ​គឺ​មិនអាច​បន្ត​ដំណើរ​ទៀត​ឡើយ​ ហើយ​ដើរ​ដល់​ផ្លូវ​បញ្ចប់៕

​​​ប្រែ​សម្រួល៖ រស្មី
ប្រភព៖​ lifehack.org

ចង់​ធ្វើ​ជា​សហគ្រិន​បើ​មិន​​យល់​ដឹង​​ច្រើន​ ចង​ចាំ​ច្បាប់​៣​នេះ​ក៏​ប្រសើរ​ដែរ!

រូបតំណាង​ប្រភព៖​ mittelstandsexperten
សហគ្រិន​ថ្មីថ្មោង ឬ ម្ចាស់​អាជីវកម្ម​ទូទៅ​គួរតែ​ចងចាំ​​ច្បាប់​៣ សំខាន់ៗ​​នេះ​​នៅ​លើ​​​ផ្លូវ​​អាជីវកម្ម​របស់​លោក​អ្នក​​ ដែល​​​ផ្ដោត​​ជា​អាទិភាព​ទៅ​លើ​ភាព​ជា​អ្នកដឹកនាំ ការ​គិត​​ឲ្យ​បាន​​ល្អិតល្អន់ និង មាន​ស្មារតី​ពិតប្រាកដ​ភាព​ជា​សហគ្រិន។​​​

១) មាន​ការ​​ទំនួល​ខុសត្រូវ​ខ្ពស់​​

នៅ​ពេល​ដែល​​អ្នក​ក្លាយ​ជា​សហគ្រិន ការ​ទទួល​ខុសត្រូវ​របស់​ត្រូវ​មាន​កម្រិត​ខ្ពស់​បំផុត​​ទោះបី​ជា​ត្រូវ​បរាជ័យ ឬ ជោគជ័យ​យ៉ាងណា​ក៏​ដោយ។ ​អ្នក​ត្រូវ​ស្វែង​យល់​ពី​អ្វី​ដែល​ជា​តម្រូវ​ការ និង ការ​ចង់​បាន​របស់​អតិថិជន កសាង​ទំនាក់ទំនង​ដ៏​រឹងមាំ​ទៅវិញ​ទៅ​មក​ទាំង​នៅ​ក្នុង និង ក្រៅ​ក្រុមហ៊ុន​។ នេះ​ទាមទារ​ឲ្យ​អ្នក​មាន​ការ​អភិវឌ្ឍ​ជា​លំដាប់​ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​នា​សតវត្ស​ទី​២១​នេះ ​​ដើម្បី​ធ្វើ​ជា​ការ​​ពឹង​អាស្រ័យ​ពី​សំណាក់​​​ក្រុម​ការងារ​​គ្រប់​ជាន់ថ្នាក់​​ទាំង​​​អ្នក​ចូល​ធ្វើ​ការ​ថ្មី អ្នក​ធ្វើ​ការ​ចាស់ និង អ្នក​ដែល​ចាកចេញ​ទៅ។ 

...ហេតុ​ផល​ចំនួន៧​ បញ្ជាក់​ថា ហេតុ​អ្វី​បាន​ជាលោក​​អ្នក​ត្រូវ​​ចាប់​​ផ្តើម​ធ្វើ​អាជីវកម្មនៅ​ឆ្នាំ ២០១៥​នេះ?...

២) ​ដាក់​វិន័យ​ឲ្យ​ខ្លួន​ឯង​ជា​កំហិត

ការ​សិក្សា​រៀនសូត្រ​មិន​ចេះ​ចប់ ​គឺ​ជា​អ្វី​ដែល​សហគ្រិន​គ្រប់រូប​ត្រូវ​មាន​ ទោះបី​ជា​ស្ថិត​​នៅ​ក្នុង​ស្ថានភាព​បែប​ណា​ក៏ដោយ។ គោរព​ពេលវេលា អតិថិជន បុគ្គលិក រួម​ទាំង​ការ​រៀបចំ​អត្តចរិត​​ឲ្យ​​សមសួន​​​​​ជា​​សហគ្រិន​ គឺ​​ជា​ករណីយកិច្ច​ដ៏​ចាំបាច់​របស់​អ្នក។ ក្រៅ​ពី​នេះ អ្នក​ត្រូវ​ចងចាំ​ថា ​អ្នក​ត្រូវ​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​អ្នក​ទៅ​​ជា​កន្លែង​មួយ​ដ៏​សំបូរ​បែប​ និង ជា​ប្រភព​ធនធាន​ផលិតផល ឬ សេវាកម្ម​ដែល​អតិថិជន​អាច​រក​ឃើញ​ដោយ​មិន​ចេះ​នឿយណាយ។

៣) មាន​មហិច្ឆតា 
បើ​គ្មាន​មហិច្ឆតា​ទេ ចូរ​កុំ​ធ្វើ​អាជីវកម្ម​ល្អ​ជាង តែ​បើ​ចង់​ធ្វើ​ហើយ​នោះ ដាច់ខាត​​ត្រូវ​មាន​មហិច្ឆតា​ថា អ្នក​ចង់​ក្លាយ​ជា​សហគ្រិន​បែប​ណា​នៅ​ពេល​អនាគត? ដឹក​នាំ​អាជីវកម្ម​ទៅ​តាម​​ផ្លូវ​ណា? ចង់​សម្រេច​នៅ​ពេល​ណា? យ៉ាងណាមិញ អ្នក​អាច​ជួប​បញ្ហា​ច្រើន​នៅ​ពេល​ដែល​អ្នក​បាន​​​ឈាន​ជើង​ចូល​ក្នុង​សមរភូមិ​អាជីវកម្ម​ដំបូង។ ​ប៉ុន្តែ កុំ​បោះបង់​មហិច្ឆតា​របស់​អ្នក ហើយ​ត្រូវ​ជឿជាក់​ថា ចក្ខុវិស័យ និង គោលដៅ​​អាជីវកម្ម​របស់​អ្នក​នឹង​អាច​​ក្លាយ​ជា​ការ​ពិត​នៅ​ថ្ងៃ​ខាងមុខ​បាន៕

ប្រែសម្រួល៖ ខេវិន​
ប្រភព៖​ Entrepreneur

អនុវត្ត​ទម្លាប់​​ទាំង ៩ នេះ​ជា​រៀងរាល់​ថ្ងៃ ដើម្បី​ឲ្យ​កាន់តែ​ជោគជ័យ​ក្នុង​ឆ្នាំ ២០១៥​នេះ

រូបតំណាង​ប្រភព៖​ pastranawaltrip
ក្នុង​​ឆ្នាំ ២០១៥ នេះ​តើ​ទម្លាប់​របស់​​លោក​អ្នក​ខុស​ពី​ឆ្នាំ ២០១៤ ដូចម្តេច​ខ្លះ? តើ​លោក​អ្នក​មាន​គម្រោង​ការងារ​ច្បាស់លាស់​ប្រចាំ​ថ្ងៃ​ហើយ​ឬ​នៅ? បើ​​មិត្ត​អ្នក​អាន​យល់ថា ទម្លាប់​របស់​លោក​អ្នក​នៅមាន​​ភាព​ខ្វះចន្លោះ ឬ នៅ​មាន​ស្ពឹក​ស្រពន់​នោះ គួរតែ​សាកល្បង​អនុវត្ត​ទម្លាប់​ចំនួន ៩​ នេះ​ ដើម្បី​ឲ្យ​ឆ្នាំ ២០១៥ នេះ​​ជោគជ័យ​​ជាង​ឆ្នាំ​ចាស់។ ​​​

១) ក្រោក​ពី​ព្រឹកព្រលឹម
នៅ​ពេល​ដែល​អ្នក​ក្រោក​ពី​ដំណេក​មុន​អ្នកដទៃ​ទៀត នោះ​មានន័យ​ថា អ្នក​អាច​​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​កិច្ចការ​មួយ​ចំនួន​បាន​ទាំង​ព្រឹកព្រលឹម។ សម្រាប់​អ្នក​ធ្វើ​ការ​​វិញ នេះ​​នឹង​ជួយ​ឲ្យ​អ្នក​ធ្វើ​ការ​ទាន់​ម៉ោង ឬ មុន​ម៉ោង​ទៀត​ផង និង អាច​យក​ពេលវេលា​ទាំង​នោះ​ឆែក​មើល​សារ ពិនិត្យ​គម្រោង​ឯកសារ និង កិច្ចការ​ជា​ច្រើន​ទៀត​។ ម្យ៉ាង​វិញ​ទៀត ទម្លាប់​នេះ គឺ​បាន​បង្ហាញ​ពី​ការ​ឲ្យ​តម្លៃ​ពេលវេលា​មួយ​របស់​អ្នក ដូច​មហាសេដ្ឋី​ជា​ច្រើន​​ដែរ។

២) អាន​ឲ្យ​បាន​ច្រើន​
ជា​រៀងរាល់​ថ្ងៃ អ្នក​ត្រូវ​លៃលក​ពេលវេលា​ដ៏​សមគួរ​មួយ​ក្នុង​ការ​អាន​សៀវភៅ​ ទោះបី​ជា​អ្នក​រវល់​យ៉ាងណា​ក៏ដោយ ព្រោះ​​ចំណេះដឹង​របស់​អ្នក​មិនមែន​ស្ថិត​នៅ​តែ​មួយ​កន្លែង​នោះ​ទេ។ នេះ​មិនមែន​មានន័យ​ថា អ្នក​ត្រូវ​អាន​សៀវភៅ​មួយ​ក្បាល​ឲ្យ​ចប់​ក្នុង​រយៈ​ពេល​១ ​ម៉ោង ឬ មួយ​ថ្ងៃ​នោះ​ទេ ប៉ុន្តែ​​បើ​រវល់​ខ្លាំង​ណាស់ គួរ​ចំណាយ​ពេល​អាន​ពី ៣០ ទៅ ៤០ នាទី​ដែរ។ អាន​ព័ត៌មាន ទស្សនាវដ្ដី ស្រាវជ្រាវ​ឯកសារ​ទាំង​នេះ​សុទ្ធតែ​រួម​ចំណែក​ផ្តល់​​ចំណេះដឹង​ដល់​អ្នក​បាន។

...សញ្ញាណ​​ទាំង ៨ បញ្ជាក់​ថា បន្ទប់​ធ្វើ​ការ​របស់​​លោក​អ្នក​​​ពិត​ជា​មាន​​សក្ដានុពល​ដល់​លទ្ធផល​ការងារ​​​​...

៣) ហាត់ប្រាណ​​

អ្នក​ត្រូវ​តែ​ទទួល​ស្គាល់​ថា ការ​ហាត់ប្រាណ​គឺ​ជា​ទម្លាប់​ដ៏​ល្អ​មួយ​ធ្វើ​ឲ្យ​សុខភាព​របស់​អ្នក​រឹងមាំ​បាន​ល្អ។ តើ​ហាត់ប្រាណ​ប៉ុន្មាន​នាទី​ទើប​ល្អ​ចំពោះ​សុខភាព? តាម​ពិត​ទៅ​បើ​អ្នក​ហាត់ប្រាណ​តិច​ពេក​ក៏​មិន​ល្អ ច្រើន​ពេក​ក៏​មិន​ល្អ តែ​បើ​មួយ​ថ្ងៃ​ហាត់ប្រាណ​បាន​៣០ នាទី​វា​ជា​រឿង​មួយ​ល្អ​ប្រសើរ​ផង​ដែរ។ 

៤) ដាក់​គម្រោង​មុន​ពេល​អនុវត្ត​ការងារ
ការ​មាន​គម្រោង​ការងារ​ច្បាស់លាស់ គឺ​ជា​គុណ​សម្បត្តិ​ដ៏​ពិសេស​មួយ​ធ្វើ​ឲ្យ​ការងារ​​របស់​អ្នក​ត្រូវ​បាន​អនុវត្ត​ប្រកប​ដោយ​​ថាមពល និង សក្ដានុពល​បំផុត ព្រោះ​នេះ​វា​បញ្ជាក់​ថា អ្នក​បាន​រៀបចំ​ពេលវេលា​ដ៏​ត្រឹមត្រូវ​សម្រាប់​ការងារ​របស់​អ្នក​​​ដោយ​មិន​ខ្ជះខ្ជាយ​ទៀត​ផង។ តើ​គួរតែ​រៀបចំ​គម្រោង​​នៅ​ពេល​ណា? មុន​ពេល​​ចូល​គេង ឬ រៀបចំ​គម្រោង​១​ថ្ងៃ​មុន​ពេល​អនុវត្ត​ការងារ​របស់​អ្នក គឺ​ជា​​ដំណោះស្រាយ​​ដ៏​ល្អ​នៅ​ទី​នេះ។ 
​​
៥) ធ្វើ​ការងារ​សំខាន់​តាម​អាទិភាព
ការងារ​មួយ​ចំនួន​​អាច​សំខាន់​ក្នុង​ពេល​តំណាល​គ្នា​នេះ ដែល​នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​អ្នក​ពិបាក​​សម្រេចចិត្ត​ថា ​តើ​​ត្រូវ​ធ្វើ​មួយ​ណា​ ទុក​មួយ​ណា? ឥឡូវ​នេះ​អ្នក​អាច​សាក​គិត​បន្តិច ទោះបី​ជា​ការងារ​ទាំង​នោះ​សំខាន់​ប៉ុណ្ណា​ក៏ដោយ លទ្ធផល​មិន​ដូច​គ្នា​​នោះ​ទេ។ ដូច្នេះ​អ្នក​គួរ​តែ​ជ្រើសរើស​ការងារ​ដែល​សំខាន់​មុន និង​ទទួល​បាន​ផ្លែផ្កា​ច្រើន​មក​​ធ្វើ​មុន បន្ទាប់​មក​ចាំ​យក​ការងារ​ថ្មី​ធ្វើ​បន្ត​ទៀត​តាម​លំដាប់លំដោយ​​របស់​វា​។ 

៦) ​ធ្វើ​ការងារ​ថ្មីៗ​​ឲ្យ​បាន​ខ្ពស់​ជាង​មុន
ទម្លាប់​ការងារ​ពី​មុន​មក អាច​គ្រប់គ្រាន់​ហើយ​សម្រាប់​អ្នក តែ​សូម​ចាំ​ថា ការ​ធ្វើ​ការងារ​ថ្មីៗ​លំបាកៗ កាន់តែ​ច្រើន​លើស​ទម្លាប់​ចាស់​ ​គឺ​ជា​​សកម្មភាព​ដ៏​ប្រសើរ​មួយ​​ទៀត​ធ្វើ​ឲ្យ​​អ្នក​កាន់តែ​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​ខ្លាំង​ជាង​មុន។ បង្កើន​ពេលវេលា​បន្ថែម​លើស ៣០​ នាទី រៀន​ដោះស្រាយ​បញ្ហា​លំបាក​ជា​មួយ​នឹង​ការ​លើកទឹកចិត្ត និង ការ​ព្យាយាម នឹង​អាច​ផ្តល់​ជា​ពន្លឺ​​​​​បង្កើន​សមត្ថភាព​ការងារ​របស់​អ្នក​បាន។ 

៧) ​​ពង្រីក​ចំណេះដឹង​បន្ថែម​
ការ​ធ្វើ​ឲ្យ​អាជីព​ការងារ​របស់​អ្នក​ដើរ​ទៅ​មុខ គឺ​ជា​រឿង​សំខាន់​ណាស់​ដើម្បី​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​បុគ្គល​មួយ​មាន​​ជំនាញ​ច្បាស់លាស់​ និង មាន​សមត្ថភាព​ពេញលេញ។ ប្រការ​នេះ​អ្នក​មិន​ត្រូវ​​នៅ​មួយ​កន្លែង​នោះ​ឡើយ ម្ល៉េះ​ហើយ​ការ​ចូលរួម​វគ្គ​បណ្តុះបណ្តាល ឬ ​វគ្គ​ខ្លីៗ បង្កើត​ទម្លាប់​ស្រាវជ្រាវ​ឲ្យ​បាន​ច្រើន ការ​ពង្រីក​បណ្ដាញ​ទំនាក់ទំនង​ជា​មួយ​មនុស្ស​ថ្មីៗ ទាំង​នេះ​សុទ្ធតែ​អាច​ផ្តល់​ចំណេះដឹង និង បទពិសោធន៍​ល្អៗ​ដល់​អ្នក​ដែរ។ ​​

...ហេតុ​អ្វី​ចាំបាច់​​ត្រូវ​មាន​ភាព​ស្មោះត្រង់​ចំពោះ​អតិថិជន?...

៨) ព្យាយាម​ឲ្យ​បាន​ច្រើន​ជាង​មុន
វា​ជា​រឿង​ល្អ​ដែល​អ្នក​ជា​មនុស្ស​ម្នាក់​ដែល​មាន​ការ​ព្យាយាម​​ខ្ពស់​មិន​ថា ចំពោះ​ការងារ ឬ ការ​សិក្សា​នោះ​ទេ។ យ៉ាងណាមិញ ការ​ព្យាយាម​របស់​អ្នក​​គួរតែ​​ធ្វើ​ឲ្យ​មាន​ដល់​កម្រិត​កំពូល​មួយ​​ឲ្យ​ខ្ពស់​បំផុត ទាល់តែ​អ្នក​ជឿជាក់​ថា ​អ្នក​ពិត​ជា​បាន​ព្យាយាម​អស់​លទ្ធភាព​ពិត​មែន។ ភាព​ព្យាយាម​នេះ​ដើរ​តួនាទី​យ៉ាង​សំខាន់​ អម​​ទៅ​នឹង​សកម្មភាព​របស់​អ្នក​ប្រចាំ​ថ្ងៃ ត្បិតអី​វា​ជា​ឱសថ​កម្លាំងចិត្ត​​ដ៏​ស័ក្តិសិទ្ធិ​អាច​ទម្លុះទម្លាយ​ភាព​ទាល់ច្រក និង ការ​បរាជ័យ​បាន។

៩) ចែក​រំលែក​​ឲ្យ​បាន​ច្រើន​ជា​មួយ​មនុស្ស​នៅ​ជុំវិញ​ខ្លួន

ការ​ចែករំលែក​ គួរតែ​ធ្វើ​ឲ្យ​បាន​នៅ​ពេល​ដែល​អ្នក​ក្លាយ​ជា​មនុស្ស​មាន​ជំនាញ​ចំណេះដឹង​ច្រើន ព្រោះ​ថា មាន​មនុស្ស​ច្រើនណាស់​កំពុង​រង់ចាំ​​ជំនួយ​ពី​អ្នក។ ការ​ចែក​រំលែក​នេះ​មិន​ចាំបាច់​​ទាល់តែ​មាន​លុយ​នោះ​ទេ ពោល​គឺ​ចំណេះដឹង ដំបូន្មាន រួម​ទាំង​ទង្វើ​ល្អៗ​របស់​អ្នក​ផ្សេងៗ​ទៀត​ក្នុង​ការងារ​​​សង្គម គឺ​សុទ្ធតែ​មាន​​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន។ នេះ​ជា​អ្វី​ដែល​អ្នក​គួរ​បន្សល់​ទុក​​​ដល់​មនុស្ស​​នៅ​ជុំវិញ​ខ្លួន​​ដោយ​ក្តី​ស្រលាញ់ ហើយ​វា​ជា​អ្វី​ដែល​​អាច​ជួយ​​ឲ្យ​បណ្ដាញ​ទំនាក់ទំនង​របស់​អ្នក​កាន់តែ​​ទូលំទូលាយ​ឡើងៗ៕

ប្រែសម្រួល៖ ខេវិន​​​​​​​​​
ប្រភព៖​ Entrepreneur

Friday, January 2, 2015

អ្នក​វិភាគ​ថា ​យន្តហោះ QZ 8501 ព្យាយាម​ចុះ​ចត​លើ​​​ផ្ទៃ​ទឹក​តែ​មិន​សម​តាម​បំណង​​

យន្តហោះរបស់​ US Airways ដែល​បាន​អណ្ដែត​លើ​ទឹក​ទន្លេហើយ​អ្នក​ដំណើរ​នៅ​រស់​ទាំង​អស់ (ឆ្នាំ​២០០៩)ប្រភព៖​ i.huffpost.com
​ ឧបទ្ទវហេតុ​ដ៏​អកុសល​លើ​យន្តហោះ​របស់​ក្រុមហ៊ុន AirAsia ជើង​ហោះ​ហើរ QZ 8501 ​កំពុង​ស្ថិត​ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ពី​មជ្ឈដ្ឋាន​ អន្តរជាតិ​ទាំង​មូល។ ថ្មីៗ​បំផុត​នេះ សាកសព​មនុស្ស​បន្ថែម ៧ នាក់​ត្រូវ​បាន​ស្រង់​ចេញ​ពី​ក្នុង​ទឹក​សមុទ្រ​យក​មក​លើ​គោក ដែល​សរុប​ទាំង​មុន​ទាំង​ក្រោយ សាកសព​អ្នក​រងគ្រោះ​ដោយ​សារ​ឧបទ្ទវហេតុ​នេះ ​ត្រូវ​គេ​ស្រង់​បាន ១៦ នាក់​ហើយ។

​នៅ​ពេល​នេះ ​គេ​កំពុង​ស្វែងរក​ប្រអប់​ខ្មៅ តួ​យន្តហោះ​ដែល​គេ​សន្និដ្ឋាន​ថា​បាន​ធ្លាក់​ទៅ​បាត​សមុទ្រ។ អ្នក​វិភាគ​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា យន្តហោះ​ទំនង​ជា​មិន​បាន​ផ្ទុះ​កណ្ដាល​អាកាស​នោះ​ទេ ហើយ​សាកសព​អ្នក​រងគ្រោះ​ទំនង​ជា​ជាប់​នៅ​ក្នុង​យន្តហោះ​ឯ​បាត​សមុទ្រ ​ព្រោះ​មុន​ពេល​កើត​ហេតុ គេ​ជូន​ដំណឹង​ឲ្យ​អ្នក​ដំណើរ​រឹត​ខ្សែក្រវាត់​ចង្កេះ ​ព្រោះ​ពេល​នោះ មាន​ខ្យល់​បក់​បោក​ខ្លាំង។

...ព័ត៌មាន​បច្ចុប្បន្នភាព ​ស្ដីពី​ករណី​ធ្លាក់​យន្តហោះ QZ 8501 របស់​ AirAsaia...

ខាង​ក្រោម​នេះ​ជា​ការ​វិភាគ​របស់​អ្នក​ជំនាញ​ពាក់ព័ន្ធ​នឹង​យន្តហោះ​ QZ 8501 មាន​សេចក្ដី​ដូច​ខាង​ក្រោម ៖
អ្នក​វិភាគ​ម្នាក់​យល់​ថា​ចាប់​ពី​ពេល​យន្តហោះ​បន្ទាប​ខ្លួន​ពី​ក្នុង​អាកាស ​ក្នុង​រយៈ​កម្ពស់​ជិត​ដប់​គីឡូម៉ែត្រ រហូត​ដល់​ប៉ះ​ផ្ទៃ​ទឹក​សមុទ្រ​នោះ គឺ​យន្តហោះ​មិន​បាន​រង​ការ​ខូចខាត​អ្វី​ទាំងអស់។ អ្នក​វិភាគ​យល់​ថា ​អាកាសយានិក​បាន​បំពេញ​តួនាទី​របស់​ខ្លួន​យ៉ាង​ល្អ ដោយ​បន្ទាប​ខ្លួន​យន្តហោះ បន្ថើរៗ​រហូត​ដល់​ប៉ះ​ផ្ទៃ​ទឹក។ ចំណែក​អ្នក​វិភាគ​ខ្លះ​ទៀត យល់​ថា​យន្តហោះ​បាន​ធ្លាក់​ចុះ​ពី​អាកាស ប៉ុន្តែ​បាន​ធ្លាក់​ដោយ​ដាំ​ក្បាល​ទៅ​មុន ​ព្រោះ​ខ្យល់​បក់​ខ្លាំង​ពេក ហើយ​អាកាសយានិក​មិន​អាច​ទប់​នឹង​អនុភាព​នៃ​កម្លាំង​ខ្យល់​បក់​បាន។ តាមពិត បំណង​របស់​អាកាសយានិក​គឺ​សម្រូត​តួ​យន្តហោះ ឲ្យ​យន្តហោះ​ចុះ​តាម​សម្រួល ហើយ​អណ្ដែត​លើ​ទឹក​សមុទ្រ​តាម​បណ្ដោយ​តួ​យន្តហោះ។ ប៉ុន្តែ​អ្វីៗ​មិន​អាច​ដូច​បំណង។ នេះ​ជា​ការ​សន្និដ្ឋាន​របស់​អ្នក​ជំនាញ​ខាង​វិស័យ​អាកាសចរណ៍។

អ្នក​ជំនាញ​ខ្លះ​ទៀត​បាន​វិភាគ​ឃើញ​ថា​យន្តហោះ​ទំនង​ជា​បាន​ធ្លាក់​ចុះ​មក​ ក្រោម​យ៉ាង​លឿន​ស្លេវ ហើយ​ដាំ​ក្បាល​ចុះ​ក្នុង​ទឹក​ជា​លក្ខណៈ​បញ្ឈរ មិន​មែន​ជា​លក្ខណៈ​បណ្ដោយ​តួ​យន្តហោះ​ទេ។ លោក​ Dudi Sudibyoជា​និពន្ធ​នាយក​នៃ​ទស្សនាវដ្ដី​អាកាសចរណ៍ Angkasa យល់​ថា​អ្នក​បើក​បរ​យន្តហោះ QZ 8501 ​ចង់​ឲ្យ​យន្តហោះ​ធ្លាក់​លើ​ផ្ទៃ​ទឹក​ជា​លក្ខណៈ​បណ្ដែត​ខ្លួន​លើ​ទឹក​ ប៉ុន្តែ​មិន​ធ្លាក់​មក​បណ្ដោយ​តួ​យន្តហោះ បែរ​ជា​ធ្លាក់​ដាំ​ក្បាល​ទៅ​មុន​តែ​ម្ដង។

...អាថ៌កំបាំង​ដែល​នាំ​ឲ្យ​គេ​រក​ឃើញ​បំណែក​យន្តហោះ QZ 8501 គឺ​ផ្ដើម​ចេញ​ពី​អ្នក​នេសាទ​ម្នាក់...

​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​យន្តហោះ​ធ្លាក់​ទៅ​ក្នុង​ទឹក ដោយ​ដាំ​ក្បាល​ចុះ​បែប​នេះ បណ្ដាល​មក​ពី​ខ្យល់​បក់​ខ្លាំង​ពេក ​ប្រៀប​បាន​នឹង​គេ​ចាប់​យន្តហោះ​គ្រវែង​ចូល​ទៅ​ក្នុង​ទឹក​តែម្ដង។ ​​យន្តហោះ QZ 8501 ទំនង​ជា​ធ្លាក់​ចុះ​ក្នុង​ល្បឿន​ជាង ៣៣០០ ម៉ែត្រ​ក្នុង​មួយ​នាទី រហូត​ដល់​ទៅ​ល្បឿន​ជាង ៧៣០០ ម៉ែត្រ​ក្នុង​មួយ​នាទី។ ល្បឿន​ធ្លាក់​ចុះ​ដ៏​លឿន​ស្លេវ​បែប​នេះ ដោយ​សារ​កម្លាំង​ខ្យល់​បោកបក់​ខ្លាំង។

​សូម​បញ្ជាក់​ថា​ កាលពី​ខែមករា ​ឆ្នាំ២០០៩ មាន​ករណី​ស្រដៀងគ្នា​នេះ​បាន​កើត​ឡើង​ចំពោះ​យន្តហោះ​របស់​ក្រុមហ៊ុន​ អាកាសចរណ៍ US Airways ជើង​ហោះ​ហើរ 1549។ ពេល​យន្តហោះ កំពុង​ហោះ​សុខៗ​ ក៏​មាន​សត្វ​បក្សី​​​មួយ​ហ្វូង​ធំ​ ហោះ​​មក​បុក​ បណ្ដាល​ឲ្យ​ម៉ាស៊ីន​យន្តហោះ​​​ឆាបឆេះ​ឡើង។ ​មនុស្ស​ដែល​ជិះ​នៅ​ក្នុង​យន្តហោះ​មាន​ចំនួន ១៥៥ នាក់។ កាលណោះ ​គ្មាន​អាកាសយានដ្ឋាន​ណា​នៅ​ក្បែរ​នោះ​ ដែល​អាច​ចុះ​ចត​ក្នុង​គ្រា​អាសន្ន​បាន​ទេ​​​។ ​អាកាសយានិក​ក៏​រក​ឃើញ​វិធី​មួយ គឺ​បន្ទាប​ខ្លួន​យន្តហោះ​ទៅ​លើ​ផ្ទៃ​ទឹក​ទន្លេ​មួយ ហើយ​បាន​ចុះ​ថ្នមៗ បណ្ដែត​តួ​យន្តហោះ​លើ​ផ្ទៃ​ទឹក​​​ដោយ​សុវត្ថិភាព (យន្តហោះ​នោះ​អណ្ដែត​លើ​ទឹក)។ អ្នក​ជិះ​ក្នុង​យន្តហោះ US Airways 1548 នៅ​រស់​ទាំង​អស់​គ្នា៕

...ដឹង​ថា​អ្នក​បើក​បរ​យន្តហោះ QZ 8501 ដែល​បាត់​ខ្លួន​ មាន​បទ​ពិសោធន៍​ជ្រៅ​ជ្រះ​កម្រិត​ណា​​ជា​មួយ​ AirAsia?...

​ប្រែ​សម្រួល ៖ អន សំអាង
ប្រភព៖​ Daily Mail , theguardian.com , timesofindia.indiatimes.com , channelnewsasia.com

កៅឆាយ​ដើម​ឆ្នាំ ​ប្រេង​ឆៅ និង​មាស​ឡើង​ថ្លៃ​​ភ្លែត​

ហាងឆេង​មាស​ អត្រា​ប្ដូរ​ប្រាក់ និង​ប្រេងឆៅប្រភព៖​ tarborotimes.com
នៅ ​ព្រឹក​ថ្ងៃ​សុក្រ​នេះ មាស​ឡើង​ថ្លៃ​ស្រឺតៗ បន្ទាប់​ពី​ប្រេងឆៅ​បាន​ឡើង​ថ្លៃ​វិញ។ មាស​ឡើង​ថ្លៃ ក៏​មិន​ឡើង​ថ្លៃ​ខ្លាំង​ពេក​ដែរ ព្រោះ​ត្រូវ​ប្រាក់​ដុល្លារ​សង្កត់​ក​ជាប់។ មាស​តាម​ហាងឆេង​លក់​ចេញ​ព្រឹក​នេះ ឡើង​ថ្លៃ ០,៤% គឺ​មួយ​អោន​ថ្លៃ ១១៨៦,៧៥ ដុល្លារ (មួយ​ដំឡឹង​ថ្លៃ ១៤២៩,៨១ ដុល្លារ) គិត​ត្រឹម​ម៉ោង ០០:៣០ ម៉ោង​សកល​ត្រូវ​នឹង​ម៉ោង ៧:៣០ ព្រឹក​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា។

ប្រេងឆៅ​តាម​ហាងឆេង​នៅ​សហរដ្ឋ​អាមេរិក​ថ្លៃ​មួយ​បារ៉ែល ៥៥,១១ ដុល្លារ គឺ​ឡើង​ថ្លៃ​បន្តិច​ធៀប​នឹង​ពេល​បើក​ផ្សារ​លក់​កាល​ពី​ម្សិល​មិញ។ ប្រេងឆៅ​ឡើង​ថ្លៃ​បែប​នេះ​អាស្រ័យ​ដោយសារ​សហរដ្ឋ​អាមេរិក​រលស់​អស់​ប្រេង​ សន្ធឹក​ពី​ក្នុង​ស្តុក។

សូម​បញ្ជាក់​ថា​ប្រសិនបើ​ប្រេង​ឡើង​ថ្លៃ មាស​ក៏​ឡើង​ថ្លៃ​ដែរ ដើម្បី​ទប់​កុំ​ឲ្យ​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​ឡើង​ថ្លៃ​ពេក ព្រោះ​កាលណា​ប្រេង​ឡើង​ថ្លៃ នាំឲ្យ​ទំនិញ​នៅ​លើ​ទីផ្សារ​ក៏​ឡើង​ថ្លៃ ដោយ​សារ​គ្រប់​មធ្យោបាយ​ផលិត​កម្ម និង​ឧស្សាហកម្ម​តូច​ធំ ត្រូវ​ការ​ប្រើ​ប្រេង​ទាំង​អស់។

អំពី​សន្ទស្សន៍​តម្លៃ​មាស អត្រា​ប្ដូរ​ប្រាក់ និង​ប្រេងឆៅ
ប្រេងឆៅ មួយ​បារ៉ែល (១៥៩ លីត្រ) = ៥៣,២៧ (ហាងឆេង West Texas នៅ​សហរដ្ឋ​អាមេរិក) – ៥៧,៣៣ ដុល្លារ (ហាងឆេង Brent នៅ​អឺរ៉ុប)
មាស ៨ជី ៣ហ៊ុន = ១១៨៤,១ ដុល្លារ ដុល្លារ (១ដំឡឹង = ១៤២៦,៦២ ដុល្លារ​អាមេរិក) (តាម​ហាងឆេង Comex នៅ​សហរដ្ឋ​អាមេរិក)
វៀតណាម ៖ មាស​ ៨ជី ៣ហ៊ុន = ១១៨៤,៩៨ ដុល្លារ (មួយ​ដំឡឹង​ = ១៤២៧,៦៨ ដុល្លារ​អាមេរិក)
ថៃ ៖ មាស​ ៨ជី ៣ហ៊ុន = ១១៨៤,៦ ដុល្លារ (មួយ​ដំឡឹង​ = ១៤២៧,២២ ដុល្លារ​អាមេរិក)
ឥណ្ឌូណេស៊ី ៖ មាស​ ៨ជី ៣ហ៊ុន = ១១៨៤,៩ ដុល្លារ (មួយ​ដំឡឹង = ១៤២៧,៥៩ ដុល្លារ​អាមេរិក)

អត្រា​ប្ដូរ​ប្រាក់​តាម​ទីផ្សារ​អន្តរជាតិ ថ្ងៃ​សុក្រ ទី០២ ខែមករា ឆ្នាំ២០១៥ (ម៉ោង ៩:១៥ ព្រឹក​នៅ​ព្រះរាជាណាចក្រ​កម្ពុជា)
មួយ​ដុល្លារ​អាមេរិក = ៤០៧៥ រៀល (តាម​អត្រា​ប្ដូរ​ប្រាក់​ផ្លូវ​ការ​កំណត់​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា ថ្ងៃ​ ទី ខែ ឆ្នាំ២០១៥)
មួយ​ដុល្លារ​អាមេរិក = ៣២,៩៦៥ បាត (ថៃ)
មួយ​ដុល្លារ​អាមេរិក = ២១៣៩១,៥ ដុង (វៀតណាម)
មួយ​ដុល្លារ​អាមេរិក = ០,៨២៩៣ អឺរ៉ូ (១អឺរ៉ូ = ១,២០៥៨ ដុល្លារ​អាមេរិក)
មួយ​ដុល្លារ​អាមេរិក = ១១០៥,២៨ វុន (កូរ៉េខាងត្បូង)
មួយ​ដុល្លារ​អាមេរិក = ១,២២៩៧ ដុល្លារ​អូស្ត្រាលី
មួយ​ដុល្លារ​អាមេរិក = ៧,៧៥៥៤ ដុល្លារ​ហុងកុង
មួយ​ដុល្លារ​អាមេរិក = ១,១៦៣៦ ដុល្លារ​កាណាដា
មួយ​ដុល្លារ​អាមេរិក = ១,៣២៦៨ ដុល្លារ​សិង្ហបុរី
មួយ​ដុល្លារ​អាមេរិក = ១២០,៤ យ៉េន (ជប៉ុន)
មួយ​ដុល្លារ​អាមេរិក = ៦,២២៦៧ យ័ន្ត (ចិន)

...ហាងឆេង​មាស​ អត្រា​ប្ដូរ​ប្រាក់ និង​ប្រេងឆៅ​​​​ ​​ថ្ងៃ​ចុងក្រោយ​​ឆ្នាំ​២០១៤ ​ឡើង​ចុះ​យ៉ាង​ម៉េច​ខ្លះ?...

កំណត់​សម្គាល់ : តួលេខ​ខាង​លើ ស្រង់​ពី​អត្រា​លក់​ចេញ​ និង​ប្ដូរ​ប្រាក់​តាម​ហាងឆេង​អន្តរជាតិ​ គិត​ត្រឹម​ម៉ោង ៩:១៥ ព្រឹក​​​​ថ្ងៃ​​​​សុក្រ​​​​​​ ទី​០២ ខែ​មករា​ ឆ្នាំ​២០១៥ ​​​​​​​​​​ម៉ោង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ហាងឆេង​នេះ​ប្រែប្រួល​​គ្រប់​វិនាទី​ អាស្រ័យ​លើ​ចរន្ត​នយោបាយ​អន្តរជាតិ និង​ស្ថានភាព​សេដ្ឋកិច្ច​ពិភព​លោក។ ដូចនេះ គេហទំព័រ​ TheBNEWS នឹង​បន្ត​តាម​ដាន​ហាងឆេង​តាម​គេហទំព័រ​អន្តរជាតិ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ (Update) រៀងរាល់​ម៉ោង ឬ​រាល់ ៣០ នាទី​ម្ដង៕

ដោយ៖ អន​ សំអាង​
ប្រភព៖​ nasdaq.com - marketwatch.com - bloomberg.com - Reuters.com

ហេតុអ្វីបានជា​សាកលវិទ្យាល័យ​ Harvard មាន​ចំណាត់​ថ្នាក់​លេខ​មួយ​ ​ខាង​វិស័យ​អប់រំ​កម្រិត​ឧត្ដមសិក្សា?

និស្សិត​សាកលវិទ្យា​ហាវើត ពេល​ទទួល​សញ្ញាបត្រ​ប្រភព៖​ alhurra.com
កាល ​ពី​ចុង​ខែតុលា ឆ្នាំ២០១៤ គណៈកម្មការ​វាយ​តម្លៃ​គុណភាព​អប់រំ​កម្រិត​ឧត្ដមសិក្សា​នៅ​សហរដ្ឋ​អាមេរិក​ បាន​ចាត់​ថ្នាក់​សាកលវិទ្យាល័យ​ហាវើត (Harvard University) ជា​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ជាប់​ចំណាត់​ថ្នាក់​លេខ​មួយ នៅ​ក្នុង​ពិភពលោក។

សាកលវិទ្យាល័យ​ហាវើត​ជា​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ដែល​ល្បី​នៅ​ក្នុង​ពិភពលោក ​តាំង​ពី​ច្រើន​ជំនាន់​មក​ហើយ។ សាកលវិទ្យាល័យ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ១៦៣៦ និង​ជា​គ្រឹះស្ថាន​ឧត្ដមសិក្សា​ចាស់​ជាង​គេ​នៅ​សហរដ្ឋ​អាមេរិក។ សាកល​វិទ្យាល័យ​នេះ​យក​ឈ្មោះ​តាម​លោក​ចនហាវើត (John Harvard) ។

...​​បុគ្គល​ល្បី​ៗ​លើ​លោក​ទាំង ​២៥រូប​នេះ​​ សុទ្ធ​តែ​ជា​អតីតនិស្សិត​​​​ Harvard​!...

លក្ខណៈ​ពិសេស​ ដែល​ធ្វើ​ឲ្យ​ហាវើត (Harvard) នៅ​តែ​ជា​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ឈាន​មុខ​គេ ៖
​សញ្ញាបត្រ​ចេញ​ពី​ហាវើត​ត្រូវ​គេ​ទទួល​ស្គាល់​ជា​អន្តរជាតិ ដោយ​សារ​គេ​ទុក​ចិត្ត​លើ​គុណភាព​អប់រំ​ដែល​មាន​កម្រិត​ខ្ពស់។ ​ហាវើត​ទទួល​បាន​កិត្តិស័ព្ទ​ល្បីល្បាញ រហូត​ដល់​វ៉ា​ដាច់​ទាំង​សាកលវិទ្យាល័យ​ Oxford ដ៏​ល្បីល្បាញ​របស់​អង់គ្លេស​ដែល​មាន​អាយុកាល​ជិត​មួយ​ពាន់​ឆ្នាំ​នោះ​ទៅ​ ទៀត។ ​បុគ្គល​ល្បីៗ​មួយ​ចំនួន​ ដែល​​​ជា​និស្សិត​ជាន់​ចាស់ (alumni) របស់​ហាវើត មាន​ដូចជា ៖ លោក​ប៊ីលហ្គេត (ម្ចាស់​ក្រុមហ៊ុន​ Microsoft)​​ – លោក​ម៉ាកហ្សាក់ខឺបឺក (ម្ចាស់​ក្រុមហ៊ុន Facebook) – លោក​បារ៉ាក់អូបាម៉ា (ប្រធានាធិបតី​អាមេរិក) - លោក​បានឃីមូន (អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ)។ល។

បេក្ខជន​ទាំង​អស់ មុន​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រៀន​នៅ​ហាវើត សុទ្ធ​តែ​ឆ្លង​កាត់​​គណៈ​ក​ម្មការ​វាយ​តម្លៃ​ ដើម្បី​​ពិនិត្យ​ប្រវត្តិរូប​និង​​លក្ខណៈ​សម្បត្តិ​ ពោល​គឺ​មិន​មែន​ឲ្យ​តែ​មាន​លុយ​បង់​ថ្លៃ​សាលា ដឹង​តែ​ពី​ចូល​រៀន​បាន​នោះ​ឡើយ។ ​មូលហេតុ​សំខាន់​ព្រោះ​សាកលវិទ្យាល័យ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​ និស្សិត​ផង និង​ចំពោះ​ទស្សនៈ​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​ចំពោះ​សាកលវិទ្យាល័យ​ផង​ ពុំ​នោះ​ទេ សញ្ញាបត្រ​នោះ​នឹង​មិន​សូវ​មាន​តម្លៃ យក​ទៅ​ដាក់​ពាក្យ​សុំ​ការងារ​ធ្វើ គ្មាន​អ្នក​ណា​គេ​ឲ្យ​តម្លៃ។

ដោយ​សារ​ប្រការ​នេះ​ហើយ បាន​ជា​មជ្ឈដ្ឋាន​ខាង​ក្រៅ​គេ​ផ្ដល់​តម្លៃ​ឲ្យ​គុណភាព​អប់រំ និង​សញ្ញាបត្រ​របស់​និស្សិត​ចេញ​ពី​ហាវើត រហូត​ដល់​ថ្នាក់ និស្សិត​ខ្លះ​រៀន​មិន​ទាន់​ចប់​ផង ត្រូវ​ក្រុមហ៊ុន​ សហគ្រាស​តូច​ធំ​ទៅ​កក់​ឈ្មោះ​និស្សិត ដល់​សាកលវិទ្យាល័យ​តែ​ម្ដង ថា​ពេល​រៀន​ចប់ គេ​នឹង​ទទួល​ឲ្យ​ធ្វើ​ការ​នៅ​កន្លែង​គេ។

...បុគ្គល​៥​រូប​ដែល​រៀន​មិន​ចប់​ថ្នាក់​បរិញ្ញាបត្រ តែ​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា​មហាសេដ្ឋី​មាន​ប្រាក់​រាប់ពាន់​​​លាន​ដុល្លារ...

ចំណោម​សាកលវិទ្យាល័យ​ទូទាំង​ពិភពលោក ហាវើត​មាន​បណ្ណាល័យ​ធំ​ជាង​គេ និង​មាន​សៀវភៅ​និង​ឯកសារ​ដទៃ​ទៀត តម្កល់​ច្រើន​ជាង​សាកលវិទ្យាល័យ​ណាៗ​ទាំងអស់។ មាន​ផ្ទៃ​ដី​ធំទូលាយ​ជាង​សាកលវិទ្យាល័យ​ដទៃ​ទៀត​ទូទាំង​ពិភពលោក។

សាកលវិទ្យាល័យ​ហាវើត​ត្រូវ​បានផ្ដល់​ចំណាត់​ថ្នាក់​​លេខ​មួយ​ ជា​ដរាប​​តាំង​ពី​យូរ​ណាស់​មក​ហើយ។ ចំណុច​មួយ​ចំនួន​នៅ​ក្នុង​លក្ខណៈ​វិនិច្ឆ័យ​នោះ​មាន​ដូច​ជា ៖ កម្មវិធី​សិក្សា​មាន​លក្ខណៈ​បើក​ទូលាយ​សម្រាប់​ពិភពលោក​ទាំង​មូល​ – ទំហំ​ផ្ទៃ​ដី​សាកលវិទ្យាល័យ​ធំ​ទូលាយ​រហូត​ដល់​ទៅ​ជាង ១៦០ ហិកតារ – ​គ្រូ​បង្រៀន​សុទ្ធតែ​សម្រិត​សម្រាំង​យក​អ្នក​មាន​ចំណេះដឹង​ និង​ពិសោធន៍​ជ្រៅជ្រះ - គុណភាព​អប់​រំ​នៅ​ក្នុង​ថ្នាក់​រៀន (​ពេល​ប្រឡង និស្សិត​មិន​អាច​បើក​មើល​សំណៅ​ឯកសារ ឬ​មិន​អាច​លួច​ចម្លង​គ្នា​​​ជា​ដាច់​ខាត​​)– អត្រា​មាន​ការ​ងារ​ធ្វើ - និស្សិត​ដែល​រៀន​ចប់​អាច​សម្រេច​បាន​សមិទ្ធផល​សំខាន់ៗ រហូត​ក្លាយ​ជា​បុគ្គល​ជោគជ័យ​នៅ​ក្នុង​ជីវិត​។ល។

ថ្លៃ​ចំណាយ​លើ​ការ​សិក្សា ៖ តម្លៃ​សិក្សា​សម្រាប់​ឆ្នាំ ២០១៤- ២០១៥ ក្នុង​មួយ​ឆ្នាំៗ ៤៣៩៣៨ ដុល្លារ (​ជាង​បួន​ម៉ឺន​ដុល្លារ)។ នេះ​មិន​ទាន់​គិត​តម្លៃ​ស្នាក់​នៅ ​អាហារ​ និង​ថ្លៃ​ចំណាយ​ផ្សេងៗ​ទេ។ ថ្លៃ​ស្នាក់​នៅ​ក្នុង​សាកលវិទ្យាល័យ និង​អាហារ​ក្នុង​សម្រាប់​រយៈ​ពេល​ដប់​ខែ ១៤៦៦៩ ដុល្លារ (ជា​លក្ខណៈ​ផ្ទះ​ល្វែង​ខ័ណ្ឌ​ដាច់​ៗ​ពីគ្នា)។ បើ​ស្នាក់​នៅ​ក្នុង​អន្តេវាសិកដ្ឋាន ធូរ​ថ្លៃ​ជាង​នេះ​គឺ​ដប់​ខែ ចន្លោះ​​ពី​ជាង ៦០០០ ទៅ ១ ម៉ឺន​ដុល្លារ។ អន្តេវាសិកដ្ឋាន​ជា​សាល​ធំ នៅ​ចម្រុះ​គ្នា (យោង​តាម​គេហទំព័រ​របស់​សាកលវិទ្យាល័យ​ហាវើត)៕

...ធ្វើ​ម៉េច​​ទើប​ដឹង​ថា​លោក​អ្នក​មាន​បញ្ញា​​ផ្នែក​ខាង​អ្វី? ហើយ​គួរ​ចាប់​អាជីព​អ្វី ​ឲ្យ​ត្រូវ​នឹង​ដុង​ពី​កំណើត?...

ប្រែ​សម្រួល​ ៖ អន សំអាង
ប្រភព៖​ college.harvard.edu , gsas.harvard.edu , businessinsider.com , wikipedia.org