Wednesday, September 9, 2015

Jack Ma ប្រែក្លាយ​ជីវិត​​ពី​គ្រូបង្រៀន​អង់គ្លេស ​​ទៅ​ជា​មហាសេដ្ឋី​ក្រុមហ៊ុន Alibaba មាន​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​

លោក Jack Ma ​​ស្ថាបនិក​ក្រុមហ៊ុន​​ពាណិជ្ជកម្ម​តាម​អ៊ីនធឺណិត Alibaba
និយាយ​ពី​ឈ្មោះ​​លោក​ Jack Ma ប្រិយមិត្ត​ភាគច្រើន​ប្រហែល​ជា​មិន​សូវ​ស្គាល់​នោះ​ឡើយ ប៉ុន្តែ​បើ​និយាយ​ពី​ឈ្មោះ​ក្រុមហ៊ុន​ Alibaba វិញ មិត្ត​អ្នក​អាន​ពិត​ជា​ធ្លាប់​ឭ​ឈ្មោះ​​នេះ។ ពិត​មែន​ហើយ​ Alibaba គឺ​ជា​ឈ្មោះ​ក្រុមហ៊ុន​​ពាណិជ្ជកម្ម​តាម​អ៊ីនធឺណិត​ដ៏​ល្បីល្បាញ​​ និង កំពុង​ឡើង​កូដ​ខ្លាំង​បំផុត​មួយ​របស់​ចិន​នៅ​​ក្នុង​សតវត្ស​ទី​២១​ នេះ។

​​​លោក​ Jack Ma គឺ​ជា​មហាសេដ្ឋី​ចិន​​​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​ ​ដែល​កើត​នៅ​ក្នុង​ឆ្នាំ​១៩៦៤។ មុន​នឹង​ក្លាយ​ជា​មហាសេដ្ឋី​ដូច​ពេល​បច្ចុប្បន្ន​ លោក​គឺ​ជា​អតីត​គ្រូបង្រៀន​ភាសា​អង់គ្លេស​​ដ៏​ស្ទាត់ជំនាញ​មួយ​រូប ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា មាន​ប្រវត្តិ​តស៊ូ​មិន​ធម្មតា។

ក្រោយ​ការ​បញ្ចប់​បរិញ្ញាប័ត្រ​​លើ​ឯកទេស​ភាសា​អង់គ្លេស​ក្នុង​ឆ្នាំ ១៩៨៨ លោក Jack ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធាន​និស្សិត​នៃ​សាកលវិទ្យាល័យ Hangzhou Dianzi ដែល​ក្រោយ​មក​លោក​បាន​ក្លាយ​ជា​​សាស្ត្រាចារ្យ​​លើ​មុខ​វិជ្ជា​ភាសា​ អង់គ្លេស​ និង ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​​ទី​នេះ។

…កំហុស​​ធំៗ​ទាំង​៦ ​របស់​យុវជន​​នៅ​មុន​អាយុ​៣០…

ក្នុង​ឆ្នាំ​១៩៩៥ លោក Jack បាន​បង្កើត​គេហទំព័រ​ចិន Yellowpages ដែល ​ត្រូវ​បាន​គេ​ជឿជាក់​ និង​ចាត់ទុក​ថា ជា​ក្រុមហ៊ុន​តាម​បណ្ដាញ​អ៊ីនធឺណិត​​​លើក​ដំបូង​របស់​ទីក្រុង​ប៉េកាំង។ ដោយ​សារ​តែ​សមត្ថភាព​របស់​លោក​ ចាប់​ពី​ឆ្នាំ ១៩៩៨ ដល់​ឆ្នាំ ១៩៩៩ Jack ត្រូវ​បាន​ជ្រើសរើស​ឲ្យ​​គ្រប់គ្រង​​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​ដែល​បង្កើត ​ឡើង​ដោយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អេឡិចត្រូនិក​អន្តរជាតិ នៃ​ក្រសួង​ពាណិជ្ជកម្ម​អន្តរជាតិ និង កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​​ចិន។ ​

ទីបំផុត​នៅ​ក្នុង​​ឆ្នាំ ១៩៩៩ ក្រុមហ៊ុន Alibaba.com ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ជា​​​អាជីវកម្ម​ពាណិជ្ជកម្ម​តាម​អ៊ីនធឺណិត​ ដោយ​​ផ្តើម​ចេញ​ពី​ដើម​ទុន​ត្រឹមតែ​៦០ ០០០​ដុល្លារ​ ប៉ុណ្ណោះ​​ជា​ជំនួយ​​​ដែល​លោក​​ទទួល​បាន​ពី​មិត្តភក្ដិ​។ ១៥ ឆ្នាំ​ក្រោយ​មក Alibaba បាន​ធ្វើ​ពាណិជ្ជកម្ម​​​នៅ​ជាង​ ​​២០០ ប្រទេស​​នៅ​ជុំវិញ​ពិភពលោក ដែល​មាន​សមាជិក ​៧០ លាន​នាក់។


យោង​តាម​ទស្សនាវដី្ត Forbes លោក Jack មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១០,៥៤ ពាន់​លាន​ដុល្លារ​នៅ ​ពេល​បច្ចុប្បន្ន​នេះ​។ នៅ​ថ្ងៃ​ទី ១៥ មករា ឆ្នាំ ២០១៣ កន្លង​ទៅ​ លោក Jack បាន​លាលែង​​​ពី​តំណែង​ជា​ប្រធាន​ក្រុមហ៊ុន​​ខាងលើ​មក​​កាន់​តួនាទី​ជា​នាយក​ ប្រតិបត្តិ​វិញ។

នេះ​ជា​មោទនភាព​​មួយ​របស់​លោក Jack ដែល​បាន​អភិវឌ្ឍ​ជីវិត​ជា​គ្រូបង្រៀន​ដ៏​សាមញ្ញ​មួយ​រូប ក្លាយ​​ជា​មហាសេដ្ឋី​លំដាប់​កំពូល​របស់​​ចិន​​លើ​ឆាក​អន្តរជាតិ​ទាំង​មិន​ គួរឲ្យ​ជឿ ​ដែល​នេះ​ជា​មូលហេតុ​មួយ​​ធ្វើ​ឲ្យ​គេហទំព័រ​សេដ្ឋកិច្ច​​ The BNEWS លើក​យក​ដំបូន្មាន​សំខាន់ៗ​របស់​លោក​សម្រាប់​សហគ្រិន​ទូទៅ​ស្វែងយល់​ដូច​ ខាងក្រោម​នេះ៖​​

១) អ្នក​មិន​អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ​មាន​គំនិត​តែមួយ​បាន​ឡើយ តែ​អ្នក​អាច​ធ្វើ​បាន​តាម​រយៈ​ការ​ដាក់​គោលដៅ​រួម​មួយ​

លោក Jack ​បាន​ពន្យល់​ថា កុំ​ជឿជាក់​ថា​អ្នក​អាច​ធ្វើ​ឲ្យ​អ្នកដទៃ​មាន​គំនិត​តែ​មួយ​បាន​ឲ្យ​សោះ ហើយ​បើ​អាច​​ទៅរួច​មាន​ត្រឹមតែ ៧០ % ប៉ុណ្ណោះ​ដែល​​គេ​ជឿ​អ្នក។​​ អ្វី​ដែល​លោក​ចង់​បញ្ជាក់​នៅ​​ទី​​នេះ​​នោះ​គឺ​ថា សូម​កុំ​ឲ្យ​​បុគ្គលិក​ធ្វើ​ការ​​ឲ្យ​អ្នក តែ​ត្រូវ​ឲ្យ​ពួកគេ​ធ្វើការ​ស្រប​តាម​គោលដៅ​រួម​មួយ​។​



…មេរៀន​​​លំបាក​ៗ​ទាំង ​៧​ ដែល​មនុស្ស​គ្រប់​គ្នា​គួរ​រៀន​ពី​ភាព​ជោគជ័យ​…


២) ​អ្វី​ទៅ​ដែល​​បុគ្គលិក​គ្មាន​​ តែ​អ្នក​ដឹកនាំ​មាន

លោក Jack Ma បាន​និយាយ​ថា សមត្ថភាព​ជា​បច្ចេកទេស​​របស់​អ្នក​ដឹកនាំ​​ក្រុមហ៊ុន​មិន​គួរ​យក​​មក​ ប្រៀបធៀប​នឹង​​បុគ្គលិក​របស់​ខ្លួន​នោះ​ឡើយ។ បុគ្គលិក​របស់​​អ្នក ត្រូវ​តែ​ជា​មនុស្ស​ដែល​មាន​សមត្ថភាព​ល្អ​​ជាង​អ្នក បើ​មិន​ដូច្នេះ​ទេ មាន​ន័យ​ថា អ្នក​បាន​ជ្រើសរើស​បុគ្គលិក​ខុស​ហើយ។ ចុះ​អ្វី​ទៅ​ដែល​អ្នក​ដឹកនាំ​ត្រូវ​មាន​នៅ​ពេល​នេះ?

លោក Jack បាន​បន្ត​ទៀត​ថា ​អ្វី​ដែល​អ្នក​ដឹកនាំ​ត្រូវ​មាន​ គឺ​ទស្សនវិស័យ​ដឹកនាំ​ក្រុមហ៊ុន ភាព​ក្លាហាន និង ការ​តស៊ូ​ឲ្យ​​ខ្ពស់​ជាង​​បុគ្គលិក។​ ទន្ទឹម​នឹង​នេះ​ ​អ្នក​ដឹកនាំ​ គឺ​ជា​មនុស្ស​ដែល​​​​​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​​មួយ​ចំនួន​ដែល​បុគ្គលិក ​មិន​អាច​ធ្វើ​បាន និង អាច​ប្រឈមមុខ​នឹង​ភាព​បរាជ័យ​បាន​​ដោយ​មិន​ចេះ​រារែក

​៣) ចង់​​បើក​អាជីវកម្ម ឬ ក្រុមហ៊ុន​កុំ​​ពាក់ព័ន្ធ​នឹង​នយោបាយ

នៅ​ក្នុង​ចំណុច​នេះ លោក Jack បាន​ពន្យល់​ថា នយោបាយ និង ការ​ធ្វើ​អាជីវកម្ម​មិន​ត្រូវ​លាយឡំ​គ្នា​ជា​ដាច់ខាត។ លោក​លើកឡើង​ថា បើ​អ្នក​ចង់​ធ្វើ​នយោបាយ​កុំ​គិត​ពី​រឿង​រក​លុយ តែ​បើ​ចង់​ធ្វើ​អាជីវកម្ម​​ក៏​មិន​ត្រូវ​ពាក់ព័ន្ធ​ពី​រឿង​នយោបាយ​ដែរ ត្បិត​អី​​​ចំណុច​ទាំង​ពីរ​នេះ​បើ​បាន​ជួប​គ្នា​កាលណា​ អ្នក​ត្រៀម​វេចបង្វេច​ឲ្យ​ហើយ​ទៅ

៤) យុវជន​ជំនាន់​​ក្រោយ​ត្រូវ​គិត​ពី​​ចំណុច​​​សំខាន់ៗ​ទាំង​៤​​ខាងក្រោម​នេះ៖

តើ​អ្វី​ទៅ​ជា​ការ​បរាជ័យ? ការ​បោះបង់ គឺ​ជា​ឫសគល់​​តែ​មួយ​គត់​នៃ​ភាព​​បរាជ័យ។

តើ​អ្វី​ទៅ​ជា​ការ​តស៊ូ? នៅ​ពេល​ដែល​អ្នក​ជំនះ​​រឿងរ៉ាវ​លំបាកៗ​​ ភាព​ទុក្ខព្រួយ ឬ ការ​​ខកចិត្ត​​ជា​ច្រើនគឺ​នៅ​ពេល​នោះ​ហើយ​ដែល​អ្នក​​អាច​យល់​ដោយ​​ខ្លួនឯង​ បាន​ថា តើ​ការ​តស៊ូ​មាន​អត្ថន័យ​​​ដូចម្តេច?​

តើ​អ្វី​ទៅ​ជា​កាតព្វកិច្ច​របស់​យុវជន? កាតព្វកិច្ច​របស់​យុវជន គឺ​ត្រូវ ព្យាយាម ខិតខំ​ប្រឹងប្រែង​រៀនសូត្រ និង មាន​មហិច្ឆតា​​ធំ​​ជាង​​អ្នក​ដទៃ។

មនុស្ស​ឆ្លាត​ប្រើ​ខួរក្បាល​​មក​គិត និង បេះដូងសម្រាប់​បង្កើត​ភាព​ជោគជ័យ​ឲ្យ​​ខ្លួនឯង។​ ប៉ុន្តែ​​មាន​តែ​មនុស្ស​ល្ងង់​ទេ​ដែល​ប្រើ​​មាត់​និយាយ​ឥត​​បាន​ការ។​



…សៀវភៅ​ល្អៗ ទាំង​ ១០ ក្បាល​សម្រាប់​​អ្នក​មាន​មហិច្ឆតា​​ចង់​​វិនិយោគ…


៥) យើង​កើត​មក​ដើម្បី​រស់ និង ​ដកស្រង់​បទពិសោធន៍​ក្នុង​​ជីវិត

តាម​ទស្សនៈ​របស់​លោក Jack មនុស្ស​គ្រប់រូប​កើត​មក​មិនមែន​ដើម្បី​តែ​ធ្វើ​ការ​នោះ​ទេ តែ​វា​ជា​ការ​​​បង្កើត​ភាព​រីករាយ​ឲ្យ​ខ្លួនឯង។ លោក​បាន​បន្ត​ទៀត​ថា គ្មាន​អ្នក​ណា​ម្នាក់​ដែល​អាច​ជួយ​ខ្លួន​អ្នក​​បាន​ ក្រៅ​ពី​ខ្លួន​អ្នក​នោះ​​ឡើយ ហើយ​ត្រូវ​ទទួល​ស្គាល់​ការពិត​ពី​អ្វី​ដែល​ខ្លួន​មាន​​​​នៅ​​ពេល​នេះ ព្រម​ទាំង​ឈប់​ចំណាយ​ពេល​មួយ​ឆាក​ជីវិត​ដើម្បី​តែ​ការងារ បើ​មិន​ដូច្នេះ​ទេ អ្នក​នឹង​ស្តាយក្រោយ​អស់​មួយ​ជីវិត។

៦) ការ​ប្រកួតប្រជែង​​ក្នុង​ល្បែង​​ពាណិជ្ជកម្មរបស់​លោក Jack Ma

-លោក​ Jack បាន​បញ្ចេញ​ទស្សនៈ​សំខាន់ៗ​ដូច​ខាងក្រោម​នេះ​ថា៖

-បើ​អ្នក​​ចូលចិត្ត​យកកំហឹងទល់កំហល់​ អ្នក​​គឺ​ជា​មនុស្ស​ល្ងង់។

-បើ​អ្នក​ចាត់ទុក​អ្នកដទៃ​ជា​សត្រូវ​របស់​អ្នក នោះ​មនុស្ស​ទាំង​នោះ​​នឹង​ចាត់ទុក​អ្នក​ជា​សត្រូវ​របស់​ពួកគេ​វិញ។

-កុំ​យក​​ភាព​ស្អប់​ខ្ពើម​ជា​ត្រីមុខ​​នៅ​គ្រប់​ការ​ប្រកួត បើ​ពុំនោះ​ទេ អ្នក​នឹង​បរាជ័យ។

-ការ​ប្រកួត​ប្រៀប​ដូច​ជា​ការ​លេង​អុក​ដូច្នេះ​ដែរ បើ​ចាញ់​ម្តង អាច​លេង​​ម្តង​ទៀត​បាន​ ហើយ​​អ្នក​ចាញ់​មិន​ប្រាកដ​ថា​ចាញ់​រហូត ហើយ​អ្នក​ឈ្នះ​ក៏​មិន​ប្រាកដ​ថា ឈ្នះ​រហូត​នោះ​ដែរ។

-អ្នក​ជំនួញ ឬ សហគ្រិន គ្មាន​សត្រូវ​នោះ​ឡើយ ព្រោះ​ថា​ដង្ហើម​​មុខ​ជំនួញ ឬ អាជីវកម្ម​របស់​ខ្លួន​គឺ​ស្ថិត​នៅ​លើ​កណ្ដាប់ដៃ​របស់​​អតិថិជន​គ្រប់រូប។



ចង់​ឈ្នះ​ល្បែង​អាជីវកម្ម?​ ​BNEWS នឹង​ចេញ​ផ្សាយ​សៀវភៅ​មួយ​ក្បាល​មាន​ឈ្មោះ​ថា​​ “ឈ្នះ​ល្បែង​អាជីវកម្ម” ​ឬ​ “Winning the Game of Business” ​នៅ​ពេល​ឆាប់​ៗខាង​មុខ​នេះ។ ​BNEWS ​នឹង​​ចែក​ជូន​ដោយ​ឥត​គិត​ថ្លៃ​ចំពោះ​អ្នក​ផ្ញើ​អ៊ីម៉ែល​​មក​​ប្រអប់​ទទួល​ សារ (inbox) ​​ facebook ​របស់​ BNEWS ​១០០​នាក់​ដំបូង!​ ​សូម​ប្រញាប់​រួស​រាន់​ឡើង​។ សូម​ជួយ​ចែក​រំលែក​ព័ត៌មាន​នេះ​ផង​ណា! ​សូម​អរគុណ! ​​

៧) កុំ​​គិត​ដូច​ចៅ​ចាក់ស្មុគ​

គំនិត​ដូច​ចៅ​ចាក់ស្មុគ​ វា​គ្រាន់តែ​ជា​ការ​ស្រមើស្រមៃ​មួយ​គ្មាន​គោលដៅ​​​ពិត​ប្រាកដ ​មិន​អាច​យក​ជា​ការ​បាន។ នេះ​​ជា​​ប្រសាសន៍​របស់​លោក Jack Ma ។ បើ​​នេះ​ក្លាយ​ជា​ទម្លាប់ វា​ប្រៀប​ដូច​ជា​អ្នក​ផឹកស្រា​​ដែរ ពោល​គឺ​ផឹក​កាន់តែ​ច្រើន ស្រវឹង​កាន់តែ​ច្រើន ហើយ​គិត​កាន់តែ​ច្រើន ក៏​គ្មាន​ប្រយោជន៍​អ្វី​ដែរ។ លោក​បាន​បន្ត​ថា ពិភពលោក​មិន​ខ្វល់​ថា អ្នក​បាន​គិត ឬ និយាយ​អ្វី​នោះ​ឡើយ តែ​ពិភពលោក​នឹង​ចងចាំ​ប្រសិន​បើ​អ្នក​បាន​ធ្វើ​អ្វី​មួយ​ឲ្យ​កើត​ចេញ​ជា​ ផ្លែផ្កា​បាន។​​​



…មហាសេដ្ឋី​​​​កើត​ចេញ​ពី​កូន​កសិករ​ Clayton Mathile៖ ទំនុកចិត្ត​​គឺ​ជា​គ្រឹះ​សម្រាប់​​ការ​លូតលាស់​ក្នុង​​​អាជីវកម្ម…




៨) ដំបូន្មាន​របស់​លោក Jack Ma សម្រាប់​សហគ្រិន​ទូទៅ


-ឱកាស​ដែល​​គ្មាន​អ្នក​ណា​​បាន​ឃើញ គឺ​ជា​ឱកាស​ដែល​ល្អ​បំផុត​​។

-ត្រូវ​​​ធ្វើ​ឲ្យ​បុគ្គលិក​បង្កើត​ស្នាមញញឹម​ជានិច្ច​នៅ​កន្លែង​ធ្វើ​ការ។

​​​-អតិថិជន​​គឺ​ជា​មនុស្ស​​សំខាន់​ទី១ បុគ្គលិក​ជា​មនុស្ស​​សំខាន់​ទី​២ និង ​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​គឺ​ជា​មនុស្ស​សំខាន់​​ទី៣។​​

-ត្រូវ​រក្សា​ទុក និង ផ្លាស់ប្ដូរ​មុន​​ពេល​ទំនោរ​ថ្មីៗ ឬ ការ​ផ្លាស់ប្ដូរ​បាន​ចូល​មក​ដល់។​

-បើ​ភ្លេច​​រឿង​លុយ​កាក់ មានន័យ​ថា​ អ្នក​ភ្លេច​រឿង​រក​​ស្វែង​រក​ប្រាក់​ចំណូល។

-អកប្បកិរិយា​របស់​អ្នក សម្ដែង​ឲ្យ​ឃើញ​កិរិយា​មារយាទ​របស់​អ្នក។



៩) ភាព​ជា​សហគ្រិន​របស់​លោក Jack Ma


ឱកាស​ដ៏​ល្អ​មួយ​ជា​និច្ចកាល​ គឺ​មាន​ការ​ពិបាក​បំផុត​ក្នុង​ការ​ពន្យល់​ឲ្យ​បាន​ច្បាស់លាស់ ត្បិតអី​​អ្វីៗ​​ដែល​អាច​ពន្យល់​បាន​ដោយ​ងាយស្រួល មិនមែន​ជា​​ឱកាស​ដ៏​ល្អ​នោះ​ឡើយ។

អ្នក​គួរតែ​ស្វែង​រក​បុគ្គល​ណាមួយ​ដែល​មាន​សមត្ថភាព​ពេញ​លេញ ដើម្បី​បើក​ក្រុមហ៊ុន​របស់​អ្នក។ អ្នក​មិន​ចាំបាច់​ស្វែងរក​បុគ្គល​ដែល​ជោគជ័យ​នោះ​ឡើយ ពោល​គឺ​ជ្រើសរើស​មនុស្ស​​ឲ្យ​ចំ​ទិសដៅ​​ការងារ​ មិន​មែន​ជ្រើសរើស​​បុគ្គលិក​ដែល​ល្អ​បំផុត​នោះ​ឡើយ។​

-អ្វី​ដែល​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​សម្រាប់​មនុស្ស​ជាតិ​ទាំងមូល គឺ​ការ​ទំនាក់ទំនង

-ពាក្យ​ថា​”Free” ឬ “ដោយ​ឥតគិតថ្លៃ” គឺ​ជា​ពាក្យ​ដែល​មាន​តម្លៃ​បំផុត​។

-ថ្ងៃ​នេះ​អាច​​អាក្រក់​សម្រាប់​អ្នក ថ្ងៃ​ស្អែក​អាច​រឹត​កាន់តែ​អាក្រក់​ជាង​ថ្ងៃ​នេះ។ ប៉ុន្តែ​ថ្ងៃ​ខានស្អែក​អាច​ជា​​ថ្ងៃ​ល្អ​បំផុត​សម្រាប់​អ្នក។



១០) អ្វី​ដែល​សហគ្រិន​ត្រូវ​ជៀសវាង


-អ្វី​ដែល​​គួរឲ្យ​ខ្លាច​ជាងគេ​​បំផុត​សម្រាប់​​សហគ្រិន​ក្នុង​ការ​ចាប់​ផ្តើម​អាជីវកម្ម​​គឺ​ ភាព​អសមត្ថភាព ភាព​វាយឫក ភាព​ស្ទាក់ស្ទើរ​ និង ការ​មិន​ព្រម​បោះ​ជំហាន​ទៅ​មុខ

-បើ​អ្នក​មិន​ដឹង​ថា​ គូប្រជែង​​របស់​អ្នក​នៅ​ឯណា អ្វី​ទៅ​​ជា​ភាព​ខ្លាំង​របស់​គូប្រជែង នោះ​អ្នក គឺ​ជា​​សហគ្រិន​តែ​មួយ​គត់​ដែល​នឹង​ត្រៀម​ខ្លួន​បរាជ័យ។ ​

-ទោះបី​ជា​គូប្រជែង​របស់​អ្នក​តូចខ្សោយ​ជាង​អ្នក​ក៏ដោយ អ្នក​ត្រូវ​ចាត់ទុក​ថា គឺ​ជា​គូប្រជែង​ដ៏​ខ្លាំង និង ​ធំ​បំផុត​សម្រាប់​អ្នក។ ដូចគ្នា​នេះ​ដែរ ទោះបី​ជា​​គូប្រជែង​របស់​អ្នក​ធំខ្លាំង​ជាង​អ្នក​យ៉ាងណា​ក៏ដោយ អ្នក​ក៏​មិន​ត្រូវ​ចាត់ទុក​ខ្លួនឯង​ខ្សោយ​ជាង​គូប្រកួត​ដែរ។​​

…បុគ្គល​គំរូ១០រូប ​​​​អភិវឌ្ឍ​​ខ្លួន​ពី​ជន​ក្រីក្រ​​​​​បំផុត​ទៅ​ជា​មហាសេដ្ឋី​ពិភពលោក…

១១) និយមន័យ​ឱកាស​​របស់​លោក Jack Ma

លោក Jack បាន​​បកស្រាយ​​ថា បើ​មាន​មនុស្ស​​៩០% និយាយ​ថា “​យល់​ស្រប” ​ទៅ​នឹង​សំណើ​លើកឡើង​​មួយ លោក​នឹង​ទាត់ចោល​ភ្លាម​។ ហេតុ​ផល​នោះ​គឺ​ថា ប្រសិន​បើ​មនុស្ស​ភាគ​ច្រើន​ចាត់ទុក​ថា សំណើ​នោះ​​ល្អ ពួកគេ​​នឹង​ធ្វើ​អ្វី​​តាម​សំណើ​នោះ ដូច្នេះ​ឱកាស​នឹង​មិន​​អាច​ធ្លាក់​មក​លើ​ដៃ​របស់​​អ្នក​នោះ​ឡើយ បើ​អ្នក​យល់ស្រប​ដែរ​នោះ៕

​​

ប្រែសម្រួល៖ ខេវិន
ប្រភព៖​ yahoo

No comments:

Post a Comment