ធានាថាលោកអ្នកសល់ប្រាក់ច្រើន ប្រសិនបើអនុវត្តតាមដំបូន្មាន៨យ៉ាងបានសម្រេច !
ទ្រឹស្ដី មួយដើម្បីក្លាយខ្លួនជាអ្នកដែលសល់ប្រាក់ច្រើន គឺព្យាយាមធ្វើអតិបរមាកម្មលើប្រាក់ចំណេញ និងធ្វើអប្បបរមាកម្មលើប្រាក់ចំណាយ (try to maximize your income, and minimize your expense) ឬនិយាយឲ្យស្រួលស្ដាប់ជាងនេះថា ប្រឹងរកប្រាក់ ហើយរិះថាំ ខំសន្សំ។ក្រៅពីនោះ ក៏មានពាក្យមួយតំណាលថា «សម្បូរទ្រព្យ – rich» និង «សម្បូរប្រាក់ – wealthy» មិនដូចគ្នាទេ។ ពាក្យថា «សម្បូរប្រាក់» មានន័យថាប្រាក់សម្បូរហូរហៀរ ប្រាក់ចាយមិនចេះស្កាលដូចពាក្យសំនួនរបស់ខ្មែរថា «ហែកដំបូលចាក់» មានន័យថាលុយសម្បូរខ្លាំងពេក ដល់ថ្នាក់ចាក់លុយចូលក្នុងផ្ទះតាមដំបូលផ្ទះតែម្ដង។
មួយវិញទៀត ពាក្យថា «ពូកែរកលុយ» និងពាក្យ «ពូកែសន្សំលុយ» ក៏ខុសគ្នាដែរ។ លោកអ្នកប្រហែលជាធ្លាប់ឮពាក្យ «ក្លាយជាអ្នកមានឆាប់ទេ តែបើចង់រក្សាប្រាក់ឲ្យនៅសល់យូរអង្វែងកុំឲ្យខ្វះចាយទៅថ្ងៃ ក្រោយ ជារឿងមិនងាយស្រួលឡើយ» ។
អ្នកដែលចង់ «សល់លុយច្រើន» យល់ថាគេអាចប្រើសាច់ប្រាក់ ដើម្បីបង្កើនសាច់ប្រាក់ ពោលគឺត្រូវធ្វើឲ្យសាច់ប្រាក់មានលំហូរជានិច្ច មិនឲ្យវានៅស្ងៀមទេ។ ពួកគេយល់អំពីតម្លៃប្រាក់ និងចំណាយត្រូវខ្ទង់ ហើយប្រាក់នឹងឲ្យពរឲ្យជ័យត្រឡប់ទៅគេវិញ តែប្រសិនបើលោកអ្នកមើលងាយប្រាក់ដោយចាយប្រាក់ខ្ជះខ្ជាយ ប្រាក់នឹងឲ្យទុក្ខទោសទៅលោកអ្នកវិញដែរ។
ខាងក្រោមនេះ ជាប្រការ ៨យ៉ាងដែលលោកអ្នក ប្រសិនប្រាថ្នាចង់ «សម្បូរប្រាក់» ត្រូវជៀសវាងព្រោះសុទ្ធសឹងជាកំហុស។
…សញ្ញាណសំខាន់ៗទាំង១០ បង្ហាញពីភាពខុសគ្នារវាងបុគ្គលជោគជ័យ និងបុគ្គលបរាជ័យ!…
១-លោភខាងទ្រព្យសម្បត្តិ:កាលណាលោកអ្នកចង់បាន ផាសុកភាពហើយ ចង់ធ្វើអ្វី ចង់បានអ្វីដែលស្រួលៗ រកតែស្រណុក រកតែស្រួល វាជាការដើរច្រាសទិសគ្នា មិនឲ្យលោកអ្នកទុកដាក់ប្រាក់កាសឲ្យគង់វង្សបានទេ ហើយវាជាបច្ច័យអាក្រក់បំផុតក្នុងបញ្ហាលុយកាក់។ លោកអ្នកដែលលោភខាងទិញរបស់ប្រើប្រាស់ គឺស្ថិតក្នុងចំពូក «អ្នកវណ្ណៈកណ្ដាល -middle class»។
ផ្ទុយពីនេះ «អ្នកសម្បូរប្រាក់ -the wealth» លោភខាងសេរីភាព និងលោភខាងកើបលុយទុក យូរៗទៅ ប្រាក់លែងអាស្រ័យតែលើកិច្ចខិតខំ (efforts) របស់គេតែមួយមុខទៀតហើយ តែអាស្រ័យលើកត្តាដទៃទៀត។ មនុស្សចំពូកនេះ លោភតែខាងប្រាក់ និងសេរីភាព រីឯរបស់របរប្រើប្រាស់មិនមែនជាមុខសញ្ញាដែលគេត្រូវយកចិត្តទុក ដាក់នោះទេ។
២-ជៀសវាងការរកស៊ីហក់លោត: គួរជៀសវាងការផ្លាស់ប្ដូរមុខរបរញឹកញាប់ (diversificaton) ព្រោះការរកស៊ីហក់លោត ពិបាកជោគជ័យណាស់ ពោលគឺបន្តិចរកស៊ីនេះ មិនបានប៉ុន្មានផង ដូរមុខរបរទៅរកស៊ីអ្វីផ្សេង។
…ជំនាញអាជីវកម្មសំខាន់ៗទាំង៧ ដែលសហគ្រិនគួររៀនពីមេធាវី…
លោក Mark Cubanជាធុរជនដ៏ឆ្នើមមួយរូប ឲ្យដំបូន្មានថា «បើរកស៊ីអ្វី ឲ្យចំជារកស៊ីហ្នឹង ប្រសើរជាងរកស៊ីហក់លោត»។ ប្រសិនបើ លោកអ្នកចង់ចូលក្នុងចំពូក «អ្នកសម្បូរប្រាក់» ត្រូវសម្លឹងមើលឱកាសវិនិយោគឲ្យត្រូវ ហើយតម្រង់ទិសទៅតែមុខព្រួញនោះតែមួយ ពិតជាមិនខុសទេ។
៣-កុំពឹងលើប្រភពចំណូលតែមួយ (រកស៊ីងាប់ក្រឡា):លោក អ្នកគួរកុំពឹងទៅលើប្រភពចំណូលតែមួយ មិនថាលោកអ្នករកចំណូលមួយមុខនោះបានច្រើនប៉ុណ្ណាទេ ព្រោះធ្វើបែបនេះមិនខុសពីពាក្យខ្មែរថា «រកស៊ីងាប់ក្រឡា»។ មានករណី នារីម្នាក់ធ្វើការឲ្យគេតែមួយមុខ មិនមានមុខរបរផ្សេងទេ មានន័យថាគាត់ពឹងតែលើប្រាក់ខែមួយមុខ ស្រាប់តែថ្ងៃមួយ ក្រុមហ៊ុនបញ្ឈប់នាងពីការងារ បណ្ដាលឲ្យប្រភពចំណូលរបស់នាងត្រូវកាត់ផ្ដាច់ដូចគេកាត់ផ្ដាច់ សរសៃឈាមដូច្នោះដែរ ព្រោះអាងតែលើប្រាក់ខៃតែមួយមុខ មិនរកស៊ីអ្វីផ្សេង ដើម្បីគួបផ្សំគ្នា។
ប្រការសំខាន់គឺលោកអ្នកពុំគួរទុកសាច់ប្រាក់ឲ្យនៅទំនេរទេ ត្រូវបោះទុនរកស៊ីលើវិស័យអ្វីផ្សេង ដើម្បីបង្កើតចំណូលផ្សំគ្នា នេះបន្តិចនោះបន្តិច។ នេះគេមិនហៅថា «រកស៊ីហក់លោត ឬដូរមុខរបរ – diversification» ទេ តែជា «ការពង្រីកមុខរបរ – fortification»។
…សៀវភៅបីក្បាលដែលល្អបំផុតសម្រាប់សហគ្រិននារីៗ!…
៤-កុំមើលបំណាំគ្នា(កុំគិតអំពីគេ គិតអំពីខ្លួនឯង): ប្រសិនបើលោកអ្នករវល់តែធៀបខ្លួនឯងជាមួយអ្នកដទៃ រកកំណើតមានមិនឃើញទេ ព្រោះការប្រៀបធៀបគ្នាបែបនេះ បើរស់នៅក្នុងបរិស្ថានមិនប្រកួតប្រជែង ធ្វើឲ្យមនុស្សមិនសូវខំប្រឹង ព្រោះរវល់តែមើលគេ ប្រសិនបើគេមិនសូវប្រឹង ឯងមិនសូវប្រឹងដែរ យូរទៅ លែងចង់មានចង់បាន។ ដូចនេះ គួរកុំខ្វល់រឿងគេ គិតតែពីរឿងខ្លួនឯងវិញ ល្អជាង។
៥-រកស៊ី ត្រូវចេះមើលកាលៈទេសៈ ចូរលោកអ្នកកុំរកស៊ីលើបច្ចេកវិទ្យាទំនើបចុងក្រោយ និងធំៗពេកព្រោះជួនកាលយើងតាមគេមិនទាន់ទេ គេចេញស៊េរីថ្មីៗ ឯងនៅលក់ផលិតផលចាស់មិនទាន់អស់ផង ដូច្នេះទំនិញទាំងនោះ បានត្រឹមមួយឆាវប៉ុណ្ណោះ រួចហើយឆាប់សាបទៅវិញ។ លោក Warren Buffett រកស៊ីខាងវិស័យអគ្គិសនី សំណង់ស្ពានថ្នល់ ធនាគារ ធានារ៉ាប់រង ភេសជ្ជៈ អាហារ ស្ករគ្រាប់។
លោកអ្នកគួររកស៊ីមុខរបរណា ផលិតផលណា ដែលគេនិយមប្រើប្រាស់យូរអង្វែង មិនចេះសាបរលាប។
៦-កុំឆាប់ជឿគេអស់ពីពោះពេកៈ អស់លោក លោកស្រីខ្លះ ជឿជាក់លើគេពេក ពោលគឺជឿអស់ពីពោះ ឬជឿផ្កាប់មុខតែម្ដង ដោយសារសេចក្ដីឆោតល្ងង់ ឬដោយសារមនោសញ្ចេតនាពេញចិត្តពេញថ្លើមចំពោះគេ។ នេះជាកំហុសឆ្គងដ៏ធំនៅក្នុងមុខជំនួញ។
…វិធីសាស្ត្រ ៩យ៉ាង ដើម្បីបញ្ចុះបញ្ចូលអតិថិជនគ្រាក់ៗឱ្យទិញផលិតផលរបស់អ្នក!…
ត្រូវចាំថានៅក្នុងលោកនេះ ល្បិចកលមនុស្សរាប់រយជំពូក មិនអាចជឿទុកចិត្តគេទាំងស្រុងទេ មុននឹងយល់ព្រមចុះហត្ថលេខាលើលិខិតស្នាមអ្វីមួយ មុននឹងប្រគល់ប្រាក់ដើម្បីវិនិយោគលើគម្រោងអ្វីមួយ តោងលោកអ្នកពិនិត្យពិច័យឲ្យបានល្អិតល្អន់បំផុត ពុំនោះទេ នឹងត្រូវខាតបង់ប្រាក់ទាំងដុំៗអសារឥតការជាមិនខាន។
និយាយនេះមិនមែនជំរុញឲ្យលោកអ្នកគិតតែពីសង្ស័យអ្នកដទៃនោះទេ តែលោកអ្នកត្រូវឆ្លាតវៃបន្តិច ដើម្បីទប់ទល់នឹងមនុស្សខូច ដើរបោកប្រាស់គេ។ សព្វថ្ងៃមានករណីមនុស្សចេះល្បិចថតចម្លងប័ណ្ណកម្មសិទ្ធិដីធ្លី ផ្ទះសម្បែងឬធ្វើប្លង់ដីប្លង់ផ្ទះក្លែងក្លាយ មិនចេះតិច ហើយយកទៅបញ្ចាំច្រើនកន្លែង (ផ្ទះតែមួយកន្លែង ដីតែមួយកន្លែង ធ្វើប្លង់ក្លែងក្លាយបួនប្រាំ ដើរដាក់បញ្ចាំ ដើម្បីបោកប្រាស់លុយគេ)។ នេះជាឧទាហរណ៍ដែលកើតមានពិតៗនៅក្នុងសង្គម ដូចនេះមុននឹងរកស៊ីត្រូវតាមដានស្រាវជ្រាវឲ្យល្អិតល្អន់។
៧-ដាក់ប្រាក់ក្នុងធនាគារ ដើម្បីចំណេញការប្រាក់់ៈ ប្រសិនបើលោកអ្នកត្រឹមតែរកលុយមកទុក មិនទាន់ចាត់ចូលក្នុងចំពូក «មនុស្សពូកែសន្សំប្រាក់» ទេ។ យកល្អយកប្រាក់ទៅផ្ញើនៅធនាគារ ដើម្បីបានការប្រាក់ស៊ី ទោះតិចក្ដីច្រើនក្ដី គ្រាន់បើជាងទុកប្រាក់នៅក្នុងផ្ទះ នាំប្រឈមនឹងហានិភ័យ។
ប្រការសំខាន់ លោកអ្នកគួរផ្អឹបសាច់ប្រាក់ខ្លួនឯងនៅក្នុងខ្ទង់គណនីដែលមិនបង្ក លក្ខណៈងាយស្រួលឲ្យលោកអ្នកដកប្រាក់ស្រេចតែនឹងចិត្តនោះទេ ព្រោះបើមិនដូច្នេះទេ លោកអ្នកចេះតែចង់ចំណាយប្រាក់ ទោះកាន់ក្រដាសប្រាក់ កាន់មូលប្បទានប័ត្រ កាន់វីហ្សាកាត ឬអ្វីក៏ដោយ ឲ្យតែអាចទូទាត់ជាប្រាក់បាន ដឹងតែពីចង់ចំណាយ។ ដូចនេះ ត្រូវជ្រើសរើសប្រភេទគណនីដែលបង្កកប្រាក់ដើមទុក ដើម្បីកុំឲ្យលោកអ្នកចេះតែចង់ដកប្រាក់ពីធនាគារមកចាយផ្ដេសផ្ដាស។
…បុគ្គល ១០រូបមានប្រវត្តិជាទុគ៌តជន តែបានអភិវឌ្ឍខ្លួនជាបុគ្គលឆ្នើម និងល្បីល្បាញទូទាំងពិភពលោក!…
៨-មានលុយនៅមិនសុខ ចង់តែចំណាយលុយៈ ពេលអ្នកមានទ្រព្យធនសម្បូរហូរហៀរ ពួកគេចាប់ផ្ដើមចាយលុយដូចក្រដាស ពោលគឺចាយខ្ជះខ្ជាយខុសខ្ទង់ លើរបស់ដែលមិនចាំបាច់។ លោកអ្នកខ្លះដែលមានប្រាក់ក្នុងខ្លួន ដឹងតែពីនៅមិនសុខ ចង់តែចំណាយ ទិញនេះទិញនោះ មិនចេះអស់រឿងទិញ។
ប្រសិនបើទិញរបស់របរដើម្បីត្រឹមបង្អួត ឬសម្ញែងអ្នកដទៃប៉ុណ្ណឹងទេ គួរកុំធ្វើបែបនេះអីល្អជាង ព្រោះគេបានត្រឹមសរសើរមួយភ្លែត ឬមិនស្រួលដៀលលោកអ្នកវិញផង ថាចាយខ្ជះខ្ជាយ៕
ប្រែសម្រួល៖ អន សំអាង
No comments:
Post a Comment