ចង់ដោះស្រាយបញ្ហាក្នុងអាជីវកម្មឲ្យមានប្រសិទ្ធភាព អនុវត្តតាមជំហានទាំង១០នេះ
តើ លោកអ្នកធ្លាប់មានបញ្ហានៅក្នុងអាជីវកម្មដែរឬទេ? តើបរាជ័យនៅក្នុងអាជីវកម្មរបស់អ្នកមានក្នុងកម្រិតណា? តើអ្នកដោះស្រាយបញ្ហានោះដោយរបៀបណា? តើមានជំហានអ្វីខ្លះដែលអ្នកត្រូវអនុវត្តដើម្បីដោះស្រាយបញ្ហា ទាំងនោះ? ហេតុអ្វីបានជាមហាសេដ្ឋី Bill Gates, Larry Ellison, Warren Buffett, Mark Zuckerberg, Aliko Dangote និង Steve Jobs អាចជោគជ័យក្នុងអាជីវកម្មបាន?ការពិត មហាសេដ្ឋីកំពូលៗនៅលើពិភពលោកទាំងនេះសុទ្ធតែជួបបញ្ហាក្នុង អាជីវកម្មរាប់មិនអស់ តែអ្វីដែលសំខាន់នោះគឺថា ពួកគេបានហែលផុតបញ្ហាទាំងនោះបានដោយជោគជ័យរហូតមកដល់សព្វថ្ងៃ។ អ្នកទាំងនេះគឺសុទ្ធតែមានយុទ្ធសាស្ត្រដោះស្រាយអាជីវកម្មរៀងៗខ្លួន រួចទៅហើយ តែជាគោលការណ៍ការស្វែងរកដំណោះស្រាយក្នុងអាជីវកម្មត្រូវបានគេ អនុវត្តតាមជំហានទាំង១០ ខាងក្រោមនេះ៖
១) រកឲ្យឃើញបញ្ហាដែលកើតមានឡើង
តើអ្វីទៅជាបញ្ហានៅក្នុងអាជីវកម្មរបស់អ្នក? នេះជាសំនួរមួយដើម្បីបញ្ជាក់ថា អ្នកពិតជាដឹងខ្លួនឯងថា ខ្លួនកំពុងប្រឈមមុខទៅនឹងបញ្ហាមួយពិតប្រាកដដែលមិនទាន់ដោះស្រាយ នៅឡើយ។ ជាទូទៅ អាជីវកម្មដែលបរាជ័យ ភាគច្រើនកើតឡើងដោយសារតែប្រព័ន្ធគ្រប់គ្រងបានមើលរំលងបញ្ហាមួយ ចំនួន។ ជំហានដំបូងនៅពេលនេះគឺអ្នកត្រូវដឹងថា បញ្ហាពិតជាមាន ហើយដំណោះស្រាយមួយក៏ត្រូវដាក់ចេញជាក្រោយផងដែរ។
…ហេតុអ្វីបានជាអតិថិជនត្រូវជ្រើសរើសអ្នក តែមិនមែនជាគូប្រជែងរបស់អ្នក?…
២) កំណត់មូលហេតុនៃបញ្ហា
តើអ្វីទៅជាមូលហេតុនាំឲ្យកើតមានបញ្ហានេះឡើង? បន្ទាប់ពីបានរកឃើញបញ្ហាហើយនោះ ជំហានបន្ទាប់គឺជាដំណាក់កាលមួយដែលអ្នកត្រូវដឹងពីមូលហេតុដែលនាំ ឲ្យបញ្ហាអាជីវកម្មរបស់អ្នកកើតមានឡើង។ អ្នកត្រូវប្រកាន់គោលការណ៍មួយថា មានហេតុ ទើបមានផលជាក្រោយ ហេតុដូច្នេះបញ្ហាក្នុងអាជីវកម្មក៏មានហេតុរបស់វាដែរ។ នៅពេលដែលអ្នកអាចជីកកកាយឫសគល់នៃមូលហេតុនៃបញ្ហាអាជីវកម្មបាន ហើយនោះ មានន័យថា អ្នកក៏អាចដឹងពីដំណោះស្រាយដើម្បីត្រៀមទប់ស្កាត់បញ្ហានោះបាន ដែរ។
៣) ជឿជាក់ថា ដំណោះស្រាយពិតជាមាន
បញ្ហា និង ឫសគល់នៃបញ្ហា អ្នកអាចកំណត់បានអស់ហើយ ហើយអ្វីដែលជាជំហានបន្ទាប់នោះគឺ ការស្វែងរកដំណោះស្រាយយ៉ាងមានប្រសិទ្ធភាពមួយលើបញ្ហានោះ។ នេះអាចជារឿងលំបាកសម្រាប់អ្នកក្នុងការស្វែងរកវាឡើង តែអ្វីដែលចាំបាច់នោះគឺអ្នកត្រូវជឿជាក់ថា រាល់បញ្ហាសុទ្ធតែមានដំណោះស្រាយទាំងអស់។ នៅពេលដែលអ្នកដាក់ជំនឿនេះហើយ មិនយូរមិនឆាប់ដំណោះស្រាយដ៏មានប្រសិទ្ធភាពមួយពិតជាមានជាក់ជាមិនខាន ហើយបញ្ហានោះនឹងរលត់ទៅវិញក្នុងរយៈណាមួយ។
…តើធ្វើយ៉ាងណាទើបអាចកសាងកេរ្តិ៍ឈ្មោះរបស់អ្នកឲ្យល្បីនៅក្នុងវិស័យជំនួញ?…
៤) ដាក់បញ្ហាឲ្យសមាជិកក្នុងក្រុមពិភាក្សាស្វែងរកដំណោះស្រាយ
វាមិនមែនជាអ្វីដែលគួរឲ្យព្រួយបារម្ភនោះឡើយ បើបញ្ហានេះគ្រាន់តែជារឿងមួយតូចតាចដែលអ្នកអាចដោះស្រាយដោយខ្លួន ឯងបាន។ ទោះបីជាយ៉ាងណាក៏ដោយ បើបញ្ហានោះមានលក្ខណៈធ្ងន់ធ្ងរ អ្នកចាំបាច់ត្រូវស្វែងរកជំនួយពីក្រុមការងារស្វែងរកដំណោះស្រាយ ត្បិតអី ក្រុមការងារដ៏រឹងមាំអាចមានយុទ្ធសាស្ត្រ និង គំនិតល្អៗច្រើនបង្កើតជាជម្រើសដ៏សមស្របណាមួយសម្រាប់អ្នកធ្វើការ សម្រេចចិត្តដោះស្រាយលើបញ្ហានោះ។
៥) សាកល្បងស្វែងរកដំណោះស្រាយដោយខ្លួនឯង
ទន្ទឹមនឹងការស្នើសុំជំនួយពីសមាជិកក្នុងក្រុមការងារជួយស្វែងរក ដំណោះស្រាយឲ្យអ្នក អ្នកក៏ត្រូវគិតរិះរកយុទ្ធសាស្ត្រ ឬ គន្លឹះដោះស្រាយបញ្ហាឲ្យបានច្រើនដោយខ្លួនឯងផងដែរតាមលទ្ធភាព ដែលអាចធ្វើបាន។ ចំណាយពេលវេលាដ៏ស្ងប់ស្ងាត់នៅកន្លែងដ៏សមគួរមួយអាចជួយឲ្យ អ្នកស្វែងរកដំណោះស្រាយយ៉ាងមានប្រសិទ្ធភាពបាននិង ប្រកបដោយភាពច្នៃប្រឌិតទៀតផង ត្បិតអីពេលខ្លះការចំណាយពេលវេលាគិតនៅកន្លែងស្ងប់ស្ងាត់ ដំណោះស្រាយអាចផុសចេញឡើងទាំងមិនដឹងខ្លួន។
…ក្រុមហ៊ុន Khmer Real Estate ផ្ដល់មូលនិធិពី ៣០០០$-៥០០០$ សម្រាប់យុវជនមានមហិច្ឆតាបង្កើតអាជីវកម្ម!…
៦) កត់ត្រាទុកលទ្ធភាពដំណោះស្រាយនីមួយៗ
បន្ទាប់ពីអ្នករិះរកមធ្យោបាយ ឬ គន្លឹះដោះស្រាយផ្សេងៗបានច្រើនដោយខ្លួនអ្នកផ្ទាល់ហើយនោះ អ្នកត្រូវចាប់ផ្តើមកត់ត្រាទុកគន្លឹះទាំងនោះដែលអ្នកជឿជាក់ថា អាចមានលទ្ធភាពដោះស្រាយបញ្ហានោះបានឲ្យបានតាមលំដាប់លំដោយ និង ត្រឹមត្រូវផងដែរ។ យ៉ាងណាមិញ អ្នកមិនត្រូវប្រញាប់ប្រញាល់ធ្វើឲ្យដំណោះស្រាយរបស់អ្នកកើតចេញ ជាសកម្មភាពភ្លាមៗនោះឡើយ ពោលគឺគ្រាន់តែព្រាងទុកនៅក្នុងក្រដាសតែប៉ុណ្ណោះ ដើម្បីយកទៅផ្ទៀងផ្ទាត់ជាមួយដំណោះស្រាយរបស់សមាជិកក្នុងក្រុម ដែលមាននៅជំហានទីបន្ទាប់នេះ។
៧) ផ្ទៀងផ្ទាត់លទ្ធផលដំណោះស្រាយរបស់អ្នកជាមួយសមាជិកក្នុងក្រុម
បន្ទាប់ពីបានចំណាយពេលរៀងៗខ្លួនស្វែងរកដំណោះស្រាយដែលកំពុង ប្រឈមមុខ ឥឡូវនេះដល់ពេលដែលអ្នកត្រូវលើកឡើងពីដំណោះស្រាយរបស់អ្នកទៅ សមាជិកក្នុងក្រុមឲ្យស្វែងយល់ទាំងអស់គ្នា។ បន្ទាប់មក អ្នកត្រូវស្នើសុំឲ្យសមាជិកនីមួយៗលើកទស្សន ឬ គំនិតយោបល់របស់ខ្លួនដើម្បីរកឲ្យឃើញពីយុទ្ធសាស្ត្រដ៏ល្អមួយជា គន្លឹះដោះស្រាយបញ្ហានោះមុនសម្រេចចិត្តជាផ្លូវការ។ សកម្មភាពនេះមានប្រយោជន៍ខ្លាំងណាស់សម្រាប់អាជីវកម្ម ព្រោះថា វាអាចកសាងក្រុមការងារឲ្យរឹងមាំបានដែលនេះហើយធ្វើឲ្យអាជីវកម្ម របស់អ្នកបោះជំហានទៅមុខយ៉ាងរស់រវើក។
…ដំបូន្មានដ៏មានតម្លៃរបស់ស្ថាបនិកក្រុមហ៊ុនល្បីៗ៥ រូបពីយុទ្ធសាស្រ្តធ្វើអាជីវកម្ម…
៨) ចាប់ផ្តើមកត់ត្រាទុកដំណោះស្រាយនីមួយៗដែលបានលើកឡើង
ក្នុងអំឡុងពេលដែលក្រុមការងារកំពុងលើកឡើងពីមតិយោបល់ដែលជា យុទ្ធសាស្ត្រដោះស្រាយបញ្ហានោះ អ្នកក៏មិនត្រូវភ្លេចទាញក្រដាសកត់ត្រាចំណុចសំខាន់ៗនៃមតិយោបល់ ទាំងនោះ ហើយចាប់ផ្តើមប្រៀបធៀបពីមួយទៅមួយ ដើម្បីរកឲ្យឃើញថា តើដំណោះស្រាយណាមួយល្អបំផុតសម្រាប់អ្នក។ នេះជាវិធីសាស្ត្រមួយដើម្បីធ្វើឲ្យអ្នកប្រាកដថា មានតែជម្រើសដ៏ល្អមួយប៉ុណ្ណោះដែលត្រូវបានអនុវត្ត។
៩) ចាប់ផ្តើមធ្វើការសម្រេចចិត្ត
បន្ទាប់ពីបានស្តាប់ និង ថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយលើដំណោះស្រាយនានាពីក្រុមការងារ នេះដល់ពេលដែលអ្នកត្រូវសម្រេចចិត្តយ៉ាងឆាប់រហ័សក្នុងការ ជ្រើសរើសដំណោះស្រាយដ៏ល្អមួយយកមកអនុវត្តមុននឹងបញ្ហារាលដាល កាន់តែធំ។ អ្នកគឺជាសហគ្រិន ជាអ្នកដែលគ្រប់គ្រងលើជោគវាសនារបស់ក្រុមហ៊ុន ហេតុដូច្នេះការសម្រេចចិត្តក្នុងពេលនេះគឺជាតួនាទីរបស់អ្នកដោយ ការទទួលខុសត្រូវ។
…តើអ្វីទៅជាលក្ខណៈខុសគ្នារវាង អាជីវករខ្នាតតូច និងសហគ្រិន?…
១០) អនុវត្តការសម្រេចចិត្តនោះ និង ទទួលស្គាល់លទ្ធផលដែលកើតមានឡើង
ការសម្រេចចិត្តរបស់អ្នកមានរួចហើយ ដូច្នេះនៅពេលនេះវានៅរង់ចាំតែការអនុវត្តរបស់អ្នកតែប៉ុណ្ណោះ។ អ្នកត្រូវបប្រើប្រាស់ធនធាននានាដែលជាមធ្យោបាយគាំទ្រដល់ការ សម្រេចចិត្តនោះ ឆ្លើយតបទៅនឹងបញ្ហាដែលកំពុងកើតមាន។ ប៉ុន្តែនៅមានសំនួរមួយទៀតដែលអ្នកត្រូវឆ្លើយនោះគឺ តើអ្នកបានត្រៀមខ្លួនទទួលយកលទ្ធផលក្រោយពីការសម្រេចចិត្តរបស់អ្នក ហើយឬនៅ?
លទ្ធផលពីរត្រូវតែកើតមាននៅពេលនេះ ពោលដំណោះស្រាយបញ្ហានោះអាចទទួលបានលទ្ធផលជាវិជ្ជមាន ឬ អវិជ្ជមាន។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកត្រូវតែទទួលយកលទ្ធផលទាំងពីរនេះដោយការទទួលខុសត្រូវ ត្បិតអីមនុស្សភាគច្រើនបានគេចវេស និង ភ័យខ្លាចទៅនឹងលទ្ធផលអវិជ្ជមាន។ សម្រាប់អ្នកវិញ ក្នុងនាមជាសហគ្រិន អ្នកមិនត្រូវបដិសេធន៍ទំនួលខុសត្រូវរបស់ខ្លួនក្នុងនាមជាអ្នក ដឹកនាំនៅក្នុងក្រុមហ៊ុននោះឡើយ ព្រោះថាការហ៊ានប្រឈមមុខទៅនឹងការបរាជ័យក្នុងអាជីវកម្មនេះហើយ ដែលជាគន្លឹះធ្វើឲ្យអ្នកក្លាយជាសហគ្រិនជោគជ័យបាននៅថ្ងៃ ខាងមុខ៕
TheBNEWS នឹងចេញផ្សាយសៀវភៅមួយក្បាលមានឈ្មោះថា “ឈ្នះល្បែងអាជីវកម្ម” ឬ “Winning the Game of Business” នៅពេលឆាប់ៗខាងមុខនេះ។ សៀវភៅនេះនឹងចែកជូនដោយឥតគិតថ្លៃដល់ប្រិយមិត្ត១០០នាក់ដំបូង ដែលបានផ្ញើអ៊ីមែលរបស់ខ្លួនមកកាន់ប្រអប់ទទួលសារ (inbox) facebook របស់ TheBNEWS! សូមប្រញាប់រួសរាន់ឡើង ហើយសូមជួយចែករំលែកព័ត៌មាននេះផងណា! សូមអរគុណ!
ប្រែសម្រួល៖ ខេវិន
ប្រភព៖ mytopbusinessideas
No comments:
Post a Comment