Thursday, May 28, 2015

​អនុវត្ត​​គន្លឹះ​​​៤​យ៉ាង​​នេះ ​​ដើម្បី​ទប់ស្កាត់​​ការ​ផ្ទុះ​កំហឹង​ដែល​​នាំឲ្យ​​ស្ដាយក្រោយ​​អស់​មួយ​​ជីវិត​!

​គួរ​អនុវត្ត​ចំណុច​ទាំង​​​៤​យ៉ាង​​នេះ ​​ដើម្បី​ទប់ស្កាត់​​ការ​ផ្ទុះ​កំហឹង​ ដែល​អាច​នាំ​ឲ្យ​ស្តាយ​ក្រោយ​អស់​មួយ​​ជីវិត​!ប្រភព៖​ snaughty.wordpress.com

គ្មាន ​នរណា​ម្នាក់​មិនធ្លាប់​ខឹង​នោះ​ទេ​ មិនថា​ចាស់ ក្មេង​ អ្នក​មាន​ចំណេះដឹង​ខ្ពស់​ ឬ ទាប​​ គ្រាន់តែ​កម្រិត​នៃ ​កំហឹង​គឺ​ផ្សេងៗ​គ្នា​ប៉ុណ្ណោះ​។ ​នៅពេល​មនុស្ស​មាន​កំហឹង​ម្តងៗ​ ពួកគេ​តែង​បាត់បង់​ការ​គ្រប់គ្រង​អារម្មណ៍​ ដែល​ងាយ​នឹង​ធ្វើ​ឲ្យ​​ពួកគេ​ផ្ទុះ​កំហឹង​ ​ហើយ​ប្រើ​ពាក្យពេចន៍​មិន​សមរម្យ​ និង ពេលខ្លះ​ឈាន​ដល់​អំពើ​ហិង្សា​ក៏​មាន​។ ​​​ពេលខ្លះ​កំហឹង​​​​ នឹង​ធ្វើ​ឲ្យ​​អ្នក​មាន​វិប្បដិសារី​អស់​មួយ​ជីវិត​​ក៏​មាន​។ ​


ដូច្នេះ​ហើយ​អ្នក​ត្រូវ​រិះរក​វិធី​ដើម្បី​បញ្ចៀស​​កំហឹង​​​ឲ្យ​បាន​ច្រើន​បំផុត​ តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ដូច​ខាង​ក្រោម​៖​​


១) ឈប់​គិតថា​ ពិភព​លោក​គួរតែ​ដើរ​តាម​អ្វី​ដែល​ខ្លួន​ចង់​បាន​
​ ​​​​មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មាន​ការ​គិត​ខុសៗគ្នា ​ដូច្នេះ​ហើយ​បើ​អ្នក​ចង់​ឲ្យ​គេ​គិត​ ធ្វើ ឬ ដើរតាម​ខ្លួន​គ្រប់យ៉ាង​គឺ​មិន​ងាយ​ឡើយ​។ ​​​ ​ជាទូទៅ​កំហឹង​កើតឡើង​ដោយសារតែ​ មនុស្ស​ជុំវិញ​ខ្លួន​ធ្វើអ្វី​មួយ​​មិន​ធ្វើ​ស្រប​តាម​ការ​ចង់បាន​របស់​អ្នក ​​ ប៉ុន្តែ​ត្រូវ​គិត​ថា ​សូម្បីតែ​ខ្លួន​ឯង​ពេល​ខ្លះ​ក៏​មិនអាច​បំពេញ​បំណង​របស់​ខ្លួន​បាន​ផង ចុះ​ទម្រាំ​អ្នកដទៃ​ទៀត​ គឺ​មិន​ងាយ​នោះ​ឡើយ​។ ​បើ​អ្នក​គិត​ថា ពិភពលោក​នេះ​ត្រូវ​តែ​ដើរតាម​ចំណង់​របស់​អ្នក​​គ្រប់​យ៉ាង​នោះ វា​នឹង​នាំ​ឲ្យ​អ្នក​មាន​អារម្មណ៍​ខឹង​សម្បារ​ជា​មិនខាន​ ​ព្រោះថា អ្វីៗ​នឹង​ខុស​ពី​ការ​គិត​របស់​អ្នក​ស្រឡះ​តែ​ម្តង​។


​២) ​កុំ​មាន​ប្រតិកម្ម​នឹង​រឿង​អ្វីមួយ​​​លឿន​ពេក
​ ​​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​មនុស្ស​តែង​ជួប​បញ្ហា​ជាច្រើន​រាប់មិនអស់​ ​ដែល​​វា​នាំ​ឲ្យ​ម្នាក់ៗ​មាន​អារម្មណ៍​តានតឹង​ក្នុង​ចិត្ត​។ ក្នុង​ស្ថានភាព​នេះ​ អ្នក​គួរតែ​តាំង​អារម្មណ៍​ឲ្យ​ស្ងប់​បន្តិច​ តាម​រយៈ​ការ​ព្យាយាម​មិន​ប្រតិកម្ម​ ឬ ឆ្លើយតប​ភ្លាមៗ​នោះ​ទេ​ទៅ​នឹង​​អ្វី​ដែល​បាន​កើតឡើង ​ព្រោះ​វា​ជួយ​ធ្វើ​ឲ្យ​អ្នក​កាត់បន្ថយ​នូវ​ការ​ផ្ទុះ​កំហឹង​ខ្លាំង​។ ​ឧទាហរណ៍​ថា​ ​នៅ​ពេល​នរណា​ម្នាក់​និយាយ​ពាក្យ​មិន​សមរម្យ ​អ្នក​មិន​គួរ​ឆ្លើយ​តប​ទៅ​នឹង​ពាក្យសំដី​​របស់​គេ​ភ្លាមៗ​នោះ​ទេ ពោល​គឺ​ត្រូវ​​នៅ​ស្ងៀម​ ដោយ​គិត​ឲ្យ​បាន​វែង​បន្តិច​​ ដើម្បី​ឲ្យ​កំហឹង​របស់​អ្នក​រសាយ​ពី​ក្នុង​ចិត្ត​បន្តិច​​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ប្រតិកម្ម​ភ្លាមៗ​តែ​ម្តង​ វា​នឹង​នាំ​ឲ្យ​បរិយាកាស​កាន់តែ​អាក្រក់​ ហើយ​កំហឹង​នឹង​ផ្ទុះឡើង​ខ្លាំង​មិនខាន​។


៣) ​ស្វែងរក​វេលា​គ្រប់គ្រាន់​ដើម្បី​កម្សាន្ត
​បើ​ ទោះបីជា​ ​អ្នកខ្លះ​ជា​មនុស្ស​ដែល​មិនសូវ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ទូទៅ ឬ ខ្លះ​ជា​មនុស្ស​ម៉ត់ចត់​យ៉ាងណាក៏ដោយ​ ប៉ុន្តែ​ពួកគេ​មិនអាច​រស់នៅ​ដោយ​គ្មាន​ភាព​រីករាយ​បាន​ឡើយ​។ ​​​​ការ​ពិត​ទៅ​ មនុស្ស​មួយ​ចំនួន​ផ្ទុះ​កំហឹង ​មិនមែន​​ដោយសារតែ​ជួប​បញ្ហា​មួយ​នោះ​ទេ​ ពោល​គឺ​ដោយសារតែ​អារម្មណ៍​ធុញថប់​ដែល​សន្សំ​ទុក​ក្នុង​ចិត្ត​ពី​មួយ​ថ្ងៃ​ទៅ ​មួយ​ថ្ងៃ​ដែល​មិនបាន​ជម្រះ​ចេញ​។ កាលណា​អ្នក​សន្សំ​អារម្មណ៍​បែបនេះ​បន្តិច​ម្តងៗ​ វា​នឹង​ផ្ទុះឡើង​នៅពេល​ណាមួយ​ បើ​ទោះបីជា​ពេល​ខ្លះ​ជួប​រឿង​បន្តិចបន្តួច​ក្តី​។​ដើម្បី​បញ្ចៀស​បញ្ហា​នេះ​ អ្នក​គួរតែ​ទុក​ពេលវេលា​សមគួរ​ចំពោះ​ខ្លួនឯង​ ដើម្បី​ស្វែងរក​ភាព​រីករាយ​ក្នុង​​ចិត្ត​ ព្រោះ​វា​ជួយ​​កាត់បន្ថយ​ភាព​តានតឹង​ជាច្រើន​ដែល​អ្នក​បាន​ជួបប្រទះ​កន្លងមក ​។​ ដូច្នេះហើយ​សូម​កុំ​មើល​ស្រាល​ចំណុច​នេះ ឲ្យសោះ​។


…មនុស្ស​ ៦​ ប្រភេទ​នេះ ​គ្មាន​ថ្ងៃ​អាច​បើក​​ជំនួញ​​រកស៊ី​ជោគជ័យ​​ក្នុង​ជីវិត​នោះ​ឡើយ!​​…


៤) ​​​ការ​អធ្យាស្រ័យ
​ក្នុង​លោក​នេះ​គ្មាន​នរណា​ ម្នាក់​មិនធ្លាប់​ធ្វើ​ខុស​នោះ​ទេ ​ពោល​គឺ​គ្រាន់តែ​តិច​ និង ច្រើន​ប៉ុណ្ណោះ​។​ ​​អ្នក​ក៏​ធ្លាប់​ធ្វើខុស ហើយ​អ្នកដទៃ​ក៏​ធ្លាប់​ធ្វើ​ខុស​ ដូច្នេះ​ជម្រើស​ក៏​ល្អ​បំផុត​ដើម្បី​បញ្ចៀស​កំហឹង​នោះ គឺ​ត្រូវ​ចេះ​យោគយល់​អធ្យាស្រ័យ​ ទៅតាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន។ ជា​ការ​ពិត​ណាស់​ កំហុស​ខ្លះ​ពិត​ជា​មិនអាច​អត់ឱន​ឲ្យ​មែន ប៉ុន្តែ​ក៏​មាន​​បញ្ហា​ជា​ច្រើន​ទៀត​ដែល​មិនជា​ធំ​អ្វី​ទេ​ តែ​ត្រូវ​បាន​មនុស្ស​​មិន​តិច​ទេ​យក​ធ្វើជា​ឈ្នាន់​ ដើម្បី​បញ្ចេញ​កំហឹង​ ដែល​វា​មិនមែន​ជា​រឿង​ដែល​គួរ​ធ្វើ​នោះ​ទេ​៕ ​


ប្រែ​សម្រួល៖ រស្មី

Thursday, May 21, 2015

មូលហេតុ​ចំនួន ៤ យ៉ាង​នេះ ជា​កត្តា​សំខាន់​នាំ​ឲ្យ​អាជីវកម្ម​របស់​លោក​អ្នក​ដួល​រលំ​​ដោយ​ងាយ​

​កំហុស​ឆ្គង់​​៤​យ៉ាង​ ធ្វើ​ឲ្យ​អាជីវកម្ម​របស់​អ្នក​រលាយ​ទៅវិញ​ដោយ​ងាយ​បំផុត​!ប្រភព៖​ www.alleywatch.com
ការ ​បើក​មុខ​ជំនួញ​​ មិនមែន​ចេះតែ​នឹក​ឃើញ​ភ្លាម​ធ្វើ​ភ្លាម​​នោះ​ទេ ព្រោះ​វា​អាច​នាំឲ្យ​មាន​បញ្ហា​ជាច្រើន​កើតឡើង ហើយ​ដួល​រលំ​ទៅវិញ​ក៏​មាន​។​ ​អ្នកខ្លះ​បើក​ជំនួញ​ ព្រោះ​ឃើញ​អ្នកដទៃ​ជោគជ័យ​ តែ​មិនបាន​គិត​ឲ្យ​ច្បាស់​ថា ​ខ្លួន​មាន​សមត្ថភាព និង ​ឱកាស​គ្រប់គ្រាន់​ដើម្បី​ដំណើរការ​វា​ឲ្យ​ជោគជ័យ​នោះ​​ទេ។ ​​​​​​​​​ការ​​ធ្វើ​ជំនួញ​ដោយ​គ្មាន​ មូលដ្ឋាន​ច្បាស់លាស់​បែប​នេះ​ហើយ ​គឺជា​សញ្ញា​មិន​ច្បាស់​លាស់​មួយ​នៃ​អនាគត​។​

ខាងក្រោម​នេះ គឺជា​កំហុស​ឆ្គង​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​ដួល​រលំ​ទៅវិញ​ ក្រោយ​ពេល​ដំណើរ​ការ​បាន​មួយ​រយៈ៖

​១) ​ខ្វះ​ការ​ស្រាវជ្រាវ
​​ដើម្បី​ប្រាកដ​ថា ក្រុមហ៊ុន​ ឬ អាជីវកម្ម​ថ្មី​របស់​អ្នក​អាច​មាន​ជីវិត​យូរអង្វែង​នៅ​លើ​ទីផ្សារ​ ​ចំណុច​សំខាន់​មួយ​ដែល​ត្រូវ​យក​ចិត្ត​ទុកដាក់​នោះ គឺ​ការ​ស្រាវជ្រាវ​។ ការស្រាវជ្រាវ​​ពិត​ជា​សំខាន់​ខ្លាំង​ណាស់ ព្រោះ​វា​​បង្ហាញ​អំពី​ចំណុច​ខ្លាំង​ ចំណុចខ្សោយ និង ឱកាស​ទីផ្សារ​ដែល​យើង​អាច​រៀបចំ​យុទ្ធសាស្ត្រ​​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ ស្ថានភាព​ជាក់ស្ដែង​។ ​ប៉ុន្តែ​មាន​មនុស្ស​មិន​តិច​ទេ​ ដែល​បាន​បើក​ជំនួញ​ដែល​មិនបាន​ធ្វើការ​ស្រាវជ្រាវ​ទីផ្សារ​ឲ្យ​បាន​ច្បាស់​ ឬ គ្រាន់តែ​ស្រាវជ្រាវ​​​ឲ្យ​តែ​បាន​ៗ ជាហេតុ​ធ្វើ​ឲ្យ​លទ្ធផល​ចុងក្រោយ​​មិន​អាច​ជោគជ័យ​​។ ​​

២) ចង់បាន​គម្រោង​ល្អ​ឥត​ខ្ចោះ​ពេក
​​តាម​ពិត​ទៅ​ ​​ការ​គិតគូរ​វែងឆ្ងាយ​ដើម្បី​ទទួល​បាន​គម្រោង​ដ៏​ឥតខ្ចោះ​មួយ​ គឺ​មិនមែន​ជា​រឿង​ខុស​នោះ​ទេ​ ប៉ុន្តែ​ពេល​ខ្លះ​ការ​ព្យាយាម​រក​ភាព​ល្អ​ឥត​ខ្ចោះ​នោះ​ បែរ​ជា​នាំ​មក​នូវ​បញ្ហា​ស្មុគស្មាញ​ទៅវិញ​ ព្រោះថា ក្នុង​​លោក​នេះ​គ្មាន​រឿង​ណា​មួយ​ដែល​ល្អឥតខ្ចោះ​ឡើយ ពោល​គឺ​តែងតែ​មាន​បញ្ហា​បន្តិច​បន្តួច​ជៀស​មិន​ផុត​។ ​​កាលណា​អ្នក​ចាំ​ទាល់តែ​មាន​គម្រោង​ដ៏​ល្អ​ឥត​ខ្ចោះ​ទើប​អនុវត្ត​ ​វា​នាំ​ឲ្យ​មាន​ភាព​យឺតយ៉ាវ​ ឬ មិន​អាច​ចេញ​ជា​លទ្ធផល​បាន។ ដូច្នេះ​ហើយ​ ​មិន​គួរ​ចាំ​ទាល់តែ​មាន​គម្រោង​ល្អឥតខ្ចោះ​ទើប​ចេញ​ជា​សកម្ម​ភាព​នោះ​ទេ ពោល​គឺ​ត្រូវ​មើល​លើ​ឱកាស​ ​។ បើ ឱកាស​ល្អ​ត្រូវ​ចាប់​យក​ឲ្យ​រហ័ស​បំផុត​។​

៣) ​អនុវត្ត​តាម​ដំបូន្មាន​​ពី​មនុស្ស​ជុំវិញ​ខ្លួន​ទាំង​ងងឹតងងល់​​
​ ​វា​ជា​រឿង​ដ៏​ល្អ​បំផុត​ ក្នុង​ការ​ស្វែងរក​ដំបូន្មាន​ល្អៗ​ពី​មនុស្ស​ជុំវិញ​ខ្លួន​ ជាពិសេស​អ្នកជំនាញ ឬ អ្នក​មាន​បទពិសោធន៍​ជោគជ័យ​លើ​ប្រភេទ​ជំនួញ ឬ ការងារ​ដែល​យើង​ចង់​ធ្វើ​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​ ក្នុង​នាម​អ្នកជា​មនុស្ស​ម្នាក់​ ត្រូវ​តែ​ចេះគិតគូរ​ ថ្លឹងថ្លែង​រកហេតុផល​ឲ្យ​បាន​ច្បាស់​ ពោល​គឺ​មិនមែន​ធ្វើ​តាម​ដំបូន្មាន​របស់​មនុស្ស​ទាំងនោះ​​ទាំងអស់​ឡើយ​ ព្រោះ​ស្ថានភាព​មិន​ដូចគ្នា​ឡើយ​។ ​បើកាលណា​​អ្នក​ធ្វើ​ជំនួញ​ដោយ​អនុវត្ត​តាម​ដំបូន្មាន​គេ​ទាំងអស់​ នោះ​លទ្ធផល​ចុងក្រោយ​គឺ​ប្រាកដ​ជា​បរាជ័យ​មិនខាន​។

…​អ្នក​ដែល​បាក់ទឹកចិត្ត​លែង​ចង់​ធ្វើអ្វី​នោះ សូម​អាន​សម្រង់​សម្ដី​​ទាំង​​៦​ឃ្លា​នេះ​ ដើម្បី​មាន​កម្លាំង​ចិត្ត​​ឡើង​វិញ… ​​
​​
៤) ​ខ្វះ​ការ​តាំងចិត្ត
​ ជា​ធម្មតា​ទេ ការ​ធ្វើ​អ្វីមួយ​ដែល​តែង​ជួប​បញ្ហា​។ សម្រាប់​មនុស្ស​មួយ​ចំនួន​​ ​​មិន​អាច​សម្រេច​តាម​គោលដៅ​ព្រោះ​តែ​ ពួកគេ​ខ្វះ​ការ​តាំងចិត្ត​ក្នុង​ការសម្រេច​​កិច្ចការ​ដែល​ចង់​បាន​។ ​ក្នុង​កិច្ចការ​ជំនួញ​វិញ ​មាន​អាជីវកម្ម​ជាច្រើន​បាន​បិទទ្វារ​ទៅ​វិញ ដោយសារតែ​ម្ចាស់​អាជីវកម្ម​ឆាប់​ចុះចាញ់​ពេក​ ​ដោយ​ការ​តាំង​ចិត្ត​មាន​តែ​ពេល​ដំបូងៗ​ ក្រោយមក​នៅ​ពេល​ជួប​ការ​លំបាក​ក៏​រុញរា​ក្នុង​ចិត្ត​ ហើយ​ក៏​បោះបង់​ចោល​ទាំង​កណ្តាល​ទី​​តែម្តង៕

Wednesday, May 20, 2015

វាគ្មិន​អាជីវកម្ម ​លោក Jeff Haden៖ ​ធ្វើ​ការ​ឲ្យ​គេ​មិន​អាច​ឲ្យ​​​អ្នក​ក្លាយ​ជា​អ្នក​មាន​​នោះ​ឡើយ!

លោក Jeff Haden​ ជា​សហគ្រិន និង ជា​​វាគ្មិន​សហគ្រិន​​មួយ​រូប​របស់​អាមេរិកប្រភព៖​ www.inc.com
គ្មាន​អ្នកណា​ម្នាក់​ដែល​មិន​ចង់​ក្លាយ​ជា​អ្នក​មាន​នោះ​ទេ តែ​អាច​ក្លាយ​ជា​អ្នក​មាន ឬ អ្នកក្រ​គឺ​អាស្រ័យ​លើ​​ខ្លួន​​អ្នក​ផ្ទាល់​តែ​ប៉ុណ្ណោះ​ថា តើ​អ្នក​​បាន​ស្វែង​យល់​ពី​គន្លឹះ​រក​ប្រាក់​ដោយ​របៀបណា? នៅ​ទី​នេះ លោក Jeff Haden​ ជា​សហគ្រិន និង ជា​​វាគ្មិន​សហគ្រិន​​មួយ​រូប​របស់​អាមេរិក​បាន​​ណែនាំ​ពី​យុទ្ធសាស្ត្រ​មួយ​ចំនួន​ដើម្បី​ឆ្ពោះ​ទៅ​វិថី​ក្លាយ​ជា​អ្នក​មាន។​

លោក Jeff Haden ​ បាន​លើក​ឡើង​ថា៖«បើ​អ្នក​ធ្វើ​ការ​​ឲ្យ​គេ អ្នក​មិន​ងាយ​នឹង​ក្លាយ​ជា​អ្នក​មាន​នោះ​ឡើយ ។ ទោះបី​ជា​លោក​អ្នក​អាច​ទទួល​បាន​អត្ថប្រយោជន៍​ផ្សេងៗ​ជា​ច្រើន​នៅ​ក្នុង​ក្រុមហ៊ុន​ណា​មួយ​ ដូច​ជា ដំឡើង​​ប្រាក់ខែ​ឲ្យ​កាន់​តែ​ច្រើន ប្រាក់​រង្វាន់​លើកទឹកចិត្ត (Bonus) ថ្លៃ​សេវាកម្ម​ផ្សេងៗ​ក៏​ពិត​មែន ទាំង​នេះ​អ្នក​ទទួល​បាន​ដោយ​​មាន​កំណត់​មិន​ដូច​អ្វី​ដែល​អ្នក​ចង់​បាន​នោះ​ឡើយ»

ធ្វើ​ដូចម្តេច​ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​មាន​បាន?

មិន​ខុស​ពី​ការ​លើកឡើង​នៅ​ក្នុង​ចំណុច​ទី១ លោក Haden ​​បាន​បញ្ជាក់​ជា​ថ្មី​​ម្តង​ទៀត​​ថា អ្នក​​នឹង​មិន​អាច​​សម្រេច​ក្តី​ប្រាថ្នា​​ជា​អ្នក​មាន​ដោយ​គ្រាន់តែ​ធ្វើ​ការ​ឲ្យ​គេ​នោះ​ឡើយ។ លោក​បញ្ជាក់​​​ថា នៅ​ពេល​ដែល​អ្នក​ធ្វើ​ការ​ឲ្យ​គេ សេរីភាព ការ​គ្រប់គ្រង ប្រាក់ខែ ឬ តម្រូវការ​ផ្សេងៗ​ទាំង​នេះ​សុទ្ធតែ​​ត្រូវ​បាន​កំណត់​ទាំងអស់។ បើ​​ប្រាក់​ខែ​របស់​អ្នក​មាន​កម្រិត តម្រូវ​ការ​របស់​អ្នក​ក៏​មាន​កម្រិត​ផង​ដែរ។


លោក​បាន​បង្ហាញ​ពី​របាយការណ៍​ស្រាវជ្រាវ​មួយ​ពី​ភាគ​រយ​របស់​​​ក្រុម​អ្នក​មាន​កំពូល ៤០០ នាក់​​នៅ​លើ​លោក​​ដែល​មាន​ប្រាក់​ចំណូល​​គិត​ជា​មធ្យម​​ចំនួន​ ២០២,៤ លាន​ដុល្លារ។ លទ្ធផល​បាន​បង្ហាញ​ថា៖​​​

​​-អ្នក​មាន  ៨,៦% ​បាន​​មកពីប្រាក់ខែ
-អ្នក​មាន​ ៦,៦% បាន​មក​ពី​​ការ​ដាក់​ប្រាក់បញ្ញើ​​​នៅ​ក្នុង​ធនាគារ 
-អ្នក​មាន ១៣% ​​បាន​មក​ពី​ភាគលាភ​​រកស៊ី​នៅ​​ក្នុង​ក្រុមហ៊ុន 
-អ្នក​​មាន ១៩,៩% បាន​មក​ពី​ដាក់​ភាគហ៊ុន​​នៅ​ក្នុង​ក្រុមហ៊ុន​សាជីវកម្ម​សហកម្មសិទ្ធិ 
-អ្នក​​មាន ៤៥,៨% បាន​មក​ពី​បោះទុន​វិនិយោគ។ ​

ផ្អែក​លើ​ទិន្នន័យ​នេះ​​បញ្ជាក់​ថា៖

-ធ្វើ​ការ​​ឲ្យ​គេ ឬ ពឹង​លើ​ប្រាក់​ខែ មិន​ងាយ​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​បាន​ឡើយ
-យក​ប្រាក់​ទៅ​ដាក់​បញ្ញើ​ក៏​មិន​​ងាយ​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​អ្នកមាន​​
-វិនិយោគ​ទៅ​លើ​​​​ភាគហ៊ុន​តែមួយ​នៅ​ក្នុង​ក្រុមហ៊ុន​ធំ​ណា​មួយ​ក៏​មិន​ងាយ​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​មាន​​​​​
-បើក​អាជីវកម្ម​ផ្ទាល់​ខ្លួន​ក៏​មិនមែន​​សុទ្ធ​តែ​ធ្វើ​ឲ្យ​អ្នក​​ក្លាយ​ជា​អ្នក​មាន​ភ្លាមៗ តែ​​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​​មាន​នៅ​ពេល​ណា​មួយ
-ប៉ុន្តែ ការ​​បោះទុន​វិនិយោគ ពិត​ជា​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​មាន​ ១០០%។

​​បើ​យោង​​ទៅ​តាម​ការ​អះអាង​របស់​អ្នក​ជំនាញ​​រូប​នេះ គេ​សង្កេត​ឃើញ​ថា មហាសេដ្ឋី​កំពូលៗ​ក្នុង​លោក​ទាំង ១០ គឺ​សុទ្ធតែ​អ្នក​រកស៊ី​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ដោយសារ​តែ​ការ​បោះទុន​វិនិយោគ​នេះ​ឯង។ មហាសេដ្ឋី​ទាំង​នោះ​មាន​ដូច​ជា លោក Bill Gates លោក Warren Buffett  លោក  Carlos Slim Helu  លោក Larry Ellison ជា​ដើម​សុទ្ធតែ​មាន​ក្រុមហ៊ុន​វិនិយោគ​ធំៗ។

លោក Jeff Haden បាន​បន្ថែម​ដូច្នេះ​ថា៖ «ការ​មាន​អាជីវកម្ម​ផ្ទាល់​ខ្លួន​​គឺ​ជា​ជម្រើស​ដ៏​ល្អ​ប្រសើរ។ នៅ​ពេល​ដែល​​យើង​មាន​អាជីវកម្ម​ផ្ទាល់​ខ្លួន យើង​ចាប់​ផ្តើម​មាន​ទំនួលខុសត្រូវ​ប្រឈមមុខ​ទៅ​​នឹង​បញ្ហា​នានា  បង្កើត​បេសកកម្ម​​ និង គោលដៅ​​ឲ្យ​ខ្លួន​ឯង ជា​ពិសេស​ទៀត​នោះ​គឺ​ការ​ទទួល​បាន​បទពិសោធន៍​ដ៏​សំបូរ​បែប​ពី​ក្រុម​ការងារ​ បុគ្គលិក ឬ មនុស្ស​ថ្មីៗ​ដែល​​យើង​មិន​ធ្លាប់​ស្គាល់»


លោក​​ពន្យល់​​​ថា នៅ​ពេល​​អ្នក​​ក្លាយ​ទៅ​ជា​សហគ្រិន អ្នក​នឹង​មាន​សេរីភាព​ច្រើន​ណាស់​រាប់​​ទាំង​ពី​ការ​សម្រេចចិត្ត និង បង្កើត​ជម្រើស​នានា​ឲ្យ​ខ្លួន​ឯង ការ​ដើរហើរ​ និង​ មាន​អារម្មណ៍​ឯករាជ្យ​ មិន​ដូច​ធ្វើ​ការ​ឲ្យ​គេ​នោះ​ឡើយ។​ នេះ​ហើយ​ជា​វិថី​ផ្លូវ​ឆ្ពោះ​ក្លាយ​ទៅ​ជា​បុគ្គល​មាន​សេរីភាព​ហិរញ្ញវត្ថុ។ ​ការ​បើក​របរ​ផ្ទាល់​ខ្លួន​គឺ​ពិត​ជា​អស្ចារ្យ​ណាស់។ ​​​​

បើ​ដូច្នេះ​មែន អ្នក​ត្រូវ​តែ​លាឈប់​ពី​ការងារ​ភ្លាមៗ​ទៅ​បើក​អាជីវកម្ម​មែន​ទេ?

ចំពោះ​សំនួរ​មួយ​នេះ លោក Jeff Haden ​បាន​ផ្តល់​ដំបូន្មាន​ថា អ្នក​មិន​ចាំបាច់​លាឈប់​ពី​ការងារ​ភ្លាមៗ​ទៅ​បើក​របរ​រកស៊ី​ដោយ​ខ្លួន​​ឯង​នោះ​ឡើយ។ គន្លឹះ​ដ៏​ល្អ គឺ​អ្នក​ត្រូវ​កំណត់​​ពេល​វេលា​ឲ្យ​​បាន​ត្រឹមត្រូវ​ពី​​ការងារ​ពេញ​ម៉ោង និង ការងារ​ក្រៅ​ម៉ោង​សម្រាប់​កសាង​គ្រឹះ​អាជីវកម្ម​របស់​អ្នក ត្បិតអី​គ្រឹះ​កសាង​អាជីវកម្ម​​មិន​ចាំបាច់​ឲ្យ​អ្នក​ចំណាយ​ពេល​រាប់​​ថ្ងៃ ឬ រាប់​ឆ្នាំ​នោះ​ឡើយ។ អ្នក​គ្រាន់តែ​ចំណាយ​ពេល ៤ ទៅ ៥ ម៉ោង​ក៏​​ទទួល​បាន​គ្រឹះ​អាជីវកម្ម​បាន​ដែរ ព្រោះ​ការ​ធ្វើ​អាជីវកម្ម​អាច​ធ្វើ​បាន​គ្រប់​ពេល​​មិន​ថា ពេល​ថ្ងៃ ឬ ពេល​យប់​នោះ​ឡើយ​។

យ៉ាងណា​មិញ​​លោក​បាន​ផ្តល់​ដំបូន្មាន​ចុងក្រោយ​ថា៖« ​ចង់​​ធ្វើ​ជា​សហគ្រិន​យក​ល្អ ចាប់​ផ្តើម​ពី​ចំណុច​តូច​ទៅ​មុន ទើប​វា​មិន​សូវ​មាន​ហានិភ័យ​ច្រើន ហើយ​បន្តិច​ម្តងៗ វា​អាច​ធ្វើ​ឲ្យ​​យើង​​ដើរ​កាន់តែ​ជិត​គោលដៅ​របស់​យើង​ផង​ដែរ។ តែ​កុំ​ភ្លេច​ធ្វើ​វា​ឲ្យ​បាន​ល្អ​ និង ត្រូវ​គោលដៅ​បើ​មិន​ដូច្នេះ​ទេ យើង​នឹង​ទទួល​បាន​លទ្ធផល​មិន​ដូច​តាម​ការ​គ្រោងទុក»៕​

ប្រែសម្រួល៖ ខេវិន​

Tuesday, May 19, 2015

រៀងរាល់​ថ្ងៃ​ កុំ​ភ្លេច​និយាយ​ឃ្លា​​ចំនួន ១៥ ​នេះ​ចេញ​មក​ដើម្បី​ក្រើនរំលឹក​ខ្លួនអ្នក​ឲ្យ​បាន​​ច្រើន!​

រូបតំណាងប្រភព៖​ mohnishahluwalia
១) “ខ្ញុំ​នឹង​ជោគជ័យ​លើ…”
នៅ​​ពេល​ដែល​អ្នក​និយាយ​ប្រាប់​ខ្លួន​អ្នក​ថា អ្នក​នឹង​ជោគជ័យ​លើ​​​ការងារ ឬ គោលដៅ​អ្វី​មួយ​នៅ​ថ្ងៃ​ខាងមុខ នេះ​មានន័យ​ថា អ្នក​កំពុង​ជម្រះ​ភាព​មន្ទិលសង្ស័យ​របស់​អ្នក​ដើម្បី​​ឈោង​ចាប់​​យក​​ភាព​ជោគជ័យ​នោះ​ហើយ។

២) “ ខ្ញុំ​បាន​ជោគជ័យ​ជា​បន្តើរៗ​មក​ហើយ​នៅ​ពេល​កន្លង​មក”
ការ​រំលឹក​​ពី​ភាព​ជោគជ័យ ឬ សមិទ្ធផល​​អ្វី​មួយ​ដែល​អ្នក​សម្រេច​បាន​ដោយ​​មោនភាព​បំផុត នោះ​កឺ​ជា​ការ​ជួយ​ផ្តល់​​ទំនុកចិត្ត​ខ្លួន​​ឯង ដើម្បី​ពង្រឹង​សមត្ថភាព​របស់​អ្នក​ឲ្យ​រឹងមាំ និង ព្យាយាម​ធ្វើ​អ្វីៗ​ដែល​ថ្មី​បន្ថែម​ទៀត។

៣) “ខ្ញុំ​អាច​យក​ឈ្នះ​​ពី​ភាព​ភ័យខ្លាច​បាន”
សូម​ចាំ​ថា ភាព​ភ័យខ្លាច​នឹង​កាន់តែ​មាន​អំណាច​ខ្លាំង​ឡើង​ នៅ​ពេល​ដែល​អ្នក​យល់​ព្រម​អនុញ្ញាត​ឲ្យ​វា​ចូល​ខ្លួន​របស់​អ្នក។ យ៉ាងណាមិញ ការ​​យក​ឈ្នះ​ភាព​ភ័យខ្លាច​ដែល​ស្ថិត​នៅ​ចំពោះ​មុខ​អ្នក គឺ​ជា​រឿង​មួយ​គួរ​ឲ្យ​​​តម្លៃ​បំផុត ហើយ​ត្រូវ​យល់​ថា អ្នក​ត្រូវ​តែ​​​ធ្វើ​ការ​សម្រេចចិត្ត​មួយ​ដើម្បី​​យក​ឈ្នះ​វា​ឲ្យ​បាន ត្បិតអី​​​​លក្ខណៈ​ពិសេស​មួយ​នេះ​អាច​ជួយ​​ធ្វើ​ឲ្យ​ខ្លួន​អ្នក​កាន់តែ​រឹងមាំ និង មាន​ទំនុកចិត្ត។

៤) “ឧបសគ្គ​ដែល​កើត​មាន​​ឡើង​មិនមែន​សុទ្ធតែ​ផ្តល់​ផល​​អាក្រក់​ដូច​អ្វី​ដែល​ខ្ញុំ​គិត​នោះ​ទេ”
ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ អ្នក​អាច​ជួប​បញ្ហា​មិន​ចេះ​ចប់​មិន​​ចេះ​ហើយ។ ទោះបី​ជា​បែប​នេះ​ក្តី អ្នក​ត្រូវ​យល់​ថា ទាំង​ភាព​ភ័យខ្លាច ឧបសគ្គ​ ភាព​បរាជ័យ ​។ល។ វត្តមាន​របស់​វា​ អាច​ជួយ​ឲ្យ​អ្នក​ចេះ​តស៊ូ បង្កើត​គំនិត​ច្នៃប្រឌិត​ថ្មី រៀន​​រក​ដំណោះស្រាយ និង ធ្វើ​ឲ្យ​អ្នក​កាន់តែ​រឹងមាំ​​ឡើង​។

៥) “ខ្ញុំ​​បាន​ធ្វើ​អ្វី​មួយ​ដែល​គ្មាន​អ្នក​ណា​ម្នាក់​ចង់​ធ្វើ​វា​នោះ​ឡើយ​”
ទោះបី​ជា​គោលដៅ​របស់​អ្នក​បាន​ធ្វើ​នោះ​វា​តូចក្តី ឬ ធំ​ក្តី វា​គឺ​ជា​សមិទ្ធផល​របស់​អ្នក​ដែល​​អ្នក​ផ្សេង​​មិន​ដែល​ធ្លាប់​ធ្វើ ឬ ធ្លាប់​គិត​ថា ចង់​ធ្វើ។ នេះ​ជា​​​គោលការណ៍​មួយ​ដ៏​សំខាន់​សម្រាប់​ពង្រឹង​​គោលជំហរ​របស់​អ្នក​ដោយ​មិន​ស្ថិត​នៅ​ក្រោម​ចំណុះ​របស់​អ្នក​ណា​ម្នាក់។

៦) “វា​ជា​កំហុស​របស់​ខ្ញុំ”
ការ​ទទួលខុសត្រូវ​លើ​អ្វី​ដែល​អ្នក​បាន​ធ្វើ​កន្លង​មក គឺ​ជា​​ការ​បង្ហាញ​នូវ​គុណ​សម្បត្តិ​ដ៏​ពិសេស​របស់​អ្នក​គ្រប់គ្រង ឬ អ្នក​ដឹកនាំ។ អ្នក​ដែល​មាន​ការ​ទទួលខុសត្រូវ​ខ្ពស់ អ្នក​នោះ​ហើយ​ដែល​គេ​ឲ្យ​តម្លៃ។ សូម​កុំ​បន្ទោស​ខ្លួន​ឯង ហើយ​ត្រូវ​ធ្វើ​ឲ្យ​កំហុស​នោះ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ជាងមុន។


៧) “ខ្ញុំ​បាន​ចាប់​ផ្តើម​ធ្វើ​វា​ហើយ”
អ្នក​ប្រហែល​ជា​ធ្លាប់​គិត​ថា ចង់​ធ្វើ​អ្វី​មួយ​នៅ​ថ្ងៃ​នេះ ថ្ងៃ​ស្អែក ឬ នៅ​​ខែ​ក្រោយ​ជា​ដើម។ ទាំង​នេះ​ជា​គម្រោង​របស់​អ្នក​ ហើយ​អ្នក​ត្រូវ​ប្រាកដ​ថា គម្រោង និង វត្ថុបំណង​ដែល​អ្នក​ចង់​ធ្វើ​ ត្រូវ​មាន​ការ​ចាប់​ផ្តើម​ឡើង​បន្តិច​ម្តងៗ ដើម្បី​បង្រៀន​ខ្លួន​ឯង​ឲ្យ​​ចេះ​ចាប់​ផ្តើម​ធ្វើ​អ្វី​មួយ​ដោយ​មិន​បង្អែបង្អង់។ កុំ​ភ្លេច​ចាប់​ផ្តើម​ពី​ចំណុច​ងាយស្រួល​មុន​ ទើប​ជា​ការ​ប្រសើរ។

៨) “ខ្ញុំ​ពិត​ជា​អស្ចារ្យ”
អ្នក​ប្រហែល​ជា​មិន​ធ្លាប់​ឮ​ពាក្យ​នេះ​ចេញ​ពី​មាត់​មនុស្ស​គ្រប់គ្នា​មក​លើ​អ្នក​នោះ​ឡើយ តែ​មនុស្ស​ម្នាក់ៗ​ពិត​ជា​បាន​គិត​ថា ខ្លួន​ឯង​អស្ចារ្យ។​ ហេតុដូច្នេះ មនុស្ស​យើង​ម្នាក់​ៗ​មាន​​លក្ខណៈ​ពិសេស​​រៀងៗ​ខ្លួន​​ដែល​ជា​ភាព​អស្ចារ្យ​មួយ​ អ្នក​គួរ​​មាន​មោទនភាព​ ដើម្បី​ឲ្យ​ខ្លួន​អ្នក​មាន​ក្តី​សង្ឃឹម​នៅ​ថ្ងៃ​ខាង​មុខ។

៩) “ខ្ញុំ​មិន​ខ្វល់​​ទៅ​នឹង​ការ​គិត​របស់​អ្នកដទៃ​នោះ​ឡើយ”
តាម​ពិត​ទៅ មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក​​អាច​យល់​ថា អ្នក​ជា​មនុស្ស​បែប​នេះ ឬ បែប​នោះ​ទៅ​តាម​អ្វី​ដែល​គេ​វាយតម្លៃ។ យ៉ាងណាមិញ ការ​ប្រើ​ពាក្យ​នេះ​ជា​រៀងរាល់​ថ្ងៃ គឺ​ដើម្បី​រំលឹក​ខ្លួន​អ្នក​ថា អ្នក​ធ្វើ​អ្វី​ទៅ​តាម​អ្វី​ដែល​អ្នក​គិត​ថា ត្រឹមត្រូវ និង មានតម្លៃ​សម្រាប់​ខ្លួន​អ្នក​ នោះ​ជា​ការ​ប្រពៃ​ណាស់​ទៅ​ហើយ។​​​​

១០) “អ្នក​ដទៃ​​មិន​ខុស​ពី​​ខ្ញុំ​​នោះ​ឡើយ”
គេ​តែង​និយាយ​ថា បើ​ចង់​មាន​សុភមង្គល កុំ​ប្រៀបធៀប​ខ្លួន​អ្នក​ជា​មួយ​អ្នកដទៃ។ នេះ​ជា​ចំណុច​សំខាន់​មួយ​ព្រោះ​ថា បើ​ពុំ​ដូច្នោះ​ទេ ​អ្នក​នឹង​យល់​ថា​ខ្លួន​អ្នក​អស់​តម្លៃ។ ជំនួស​ឲ្យ​ការ​គិត​​ពី​ចំណុច​អវិជ្ជមាន​របស់​អ្នក​ទៅ​នឹង​អ្នក​ដទៃ អ្នក​ត្រូវ​យល់​ថា អ្នក​​​មាន​​តម្លៃ ដូច​អ្វី​ដែល​អ្នក​ដទៃ​មាន​​តម្លៃ​ដូច​អ្នក​ដែរ។

១១) “ខ្ញុំ​អាច​ធ្វើ​វា​បាន”
ជំហាន​ដំបូង​​មុន​នឹង​អ្នក​ឈាន​ដល់​ស្ថានភាព​ដ៏​លំបាក​មួយ ឬ កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ប្រឈមមុខ ​អ្នក​ត្រូវ​និយាយ​ថា អ្នក​អាច​ធ្វើ​បាន​។ ដោយសារ​តែ​អ្នក​ជឿជាក់​ថា អ្នក​អាច​ធ្វើ​បាន នេះ​ហើយ​ជា​រឿង​ដ៏​ត្រឹមត្រូវ​បំផុត​មួយ។

១២) “ពេលវេលា​កំពុង​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ”
មនុស្ស​មួយ​ចំនួន​ មិន​បាន​ផ្តល់​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ខ្លួន​ឯង​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ​សម្រាប់​ខ្លួន​​អ្នក​ផ្ទាល់ អ្នក​ត្រូវ​យល់​ពី​តម្លៃ​ពេលវេលា​នេះ​ ហើយ​ប្រើប្រាស់​វា​ឲ្យ​តម្លៃ​បាញ់​ឆ្ពោះ​ទៅ​​រក​គោលដៅ​របស់​អ្នក។


១៣) “ ខ្ញុំ​មិនមែន​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ប៉ុន្តែ​គ្មាន​បញ្ហា​នោះ​ទេ”
ពាក្យ​មួយ​ឃ្លា​គេ​និយាយ​ថា គ្មាន​អ្នកណា​ម្នាក់​ល្អ​​ឥត​ខ្ចោះ​​នោះ​ទេ ហើយ​អ្នក​ក៏​ជា​បុគ្គល​ម្នាក់​ដែល​មិន​​ល្អ​ឥតខ្ចោះ​នោះដែរ។ ប៉ុន្តែ អ្នក​ត្រូវ​ចាំ​ថា នោះ​មិនមែន​ជា​បញ្ហា​នោះទេ។ បើ​អ្នក​ធ្វើ​មិន​បាន​ល្អ​ក្នុង​ថ្ងៃ​នេះ អ្នក​ត្រូវ​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​នៅ​ថ្ងៃ​ស្អែក ធ្វើ​ហើយ​ធ្វើ​ទៀត​រហូត​ដល់​ចំណុច​មួយ​ដែល​ជា​ទី​គាប់ចិត្ត​របស់​អ្នក។

១៤) “នេះ​ជា​​ភារកិច្ច​របស់​ខ្ញុំ”
មនុស្ស​ភាគច្រើន បាន​គេច​ចេញ​ពី​ទំនួល​ខុសត្រូវ​របស់​ខ្លួន ដែល​ជា​ការ​យកលេស​មួយ​ដោយ​គ្មាន​ហេតុផល​​មួយ​ល្អ​ទាល់តែ​សោះ។ សម្រាប់​​ខ្លួន​​​អ្នក​ផ្ទាល់ ជីវិត​របស់​អ្នក គឺ​ស្ថិត​នៅ​ក្នុង​ដៃ​អ្នក ហេតុដូច្នេះ អ្នក​ត្រូវ​មាន​ទំនួលខុសត្រូវ​លើ​គោលដៅ​ជីវិត​​របស់​អ្នក ​ចាប់​ផ្តើម​ជា​មួយ​ការ​ទទួល​ខុសត្រូវ​មួយ​ខ្ពស់​ជាង​មុន។

១៥) ​”ខ្ញុំ​ត្រូវ​តែ​បោះ​ជំហាន​ទៅ​មុខ​ជានិច្ច​”
រស់​នៅ​ក្នុង​នាម​ជា​មនុស្ស​មួយ​ដូច​ថ្ងៃ​​ម្សិលមិញ នោះ​ប្រហែល​មិនមែន​ជា​អ្វី​ដែល​អ្នក​ត្រូវ​ការ​នោះ​ឡើយ។ អ្នក​ត្រូវ​ការ​ផ្លាស់ប្តូរ​ខ្លួន​ឯង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ បោះ​ជំហាន​ទៅមុខ​ជា​លំដាប់​ទាំង​ការងារ តំណែង​ តួនាទី ចំណេះដឹង ប្រាក់​ចំណូល ។ល។ ហេតុដូច្នេះ​ វា​គ្មាន​អ្វី​ក្រៅ​ពី​តាំងចិត្ត​ធ្វើ​ឲ្យ​ខ្លួន​​នេះ​តែ​អភិវឌ្ឍ​ឡើង​ជា​លំដាប់​នោះ​ទេ៕

ប្រែសម្រួល៖​ ខេវិន
ប្រភព៖​ Time

មហាសេដ្ឋី Mark Cuban​ បង្ហាញ​​​​គន្លឹះ​សំខាន់​ចំនួន​២ ធ្វើ​ឲ្យ​លោក​អ្នក​​ក្លាយ​ជា​អ្នក​​មាន​នៅ​ពេល​អនាគត

មហាសេដ្ឋី​អាមេរិក លោក Mark Cubanប្រភព៖​ www.inc.com
មហាសេដ្ឋី​ Mark Cuban ​ដែល​គេ​ទទួល​ស្គាល់​ថា ​ជា​បុគ្គល​ដ៏​ជោគជ័យ​របស់​អាមេរិក បាន​លើក​​ឧទាហរណ៍ និង ផ្ដល់​ដំបូន្មាន​​​មួយ​ចំនួន​ដល់​ប្រិយមិត្ត​នៅ​ពេល​នេះ ពី​គន្លឹះ​ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​មាន​។ ​​​​​ចាំ​មើល​ ថា​តើ​មហាសេដ្ឋី​រូប​នេះ​មាន​រូបមន្ត​ដូច​ម្តេច​ដើម្បី​អាច​​ផ្តល់​សង្ឃឹម​ឲ្យ​លោក​អ្នក​​ក្លាយ​ទៅ​ជា​អ្នក​មាន​បាន?

ធ្វើ​ដូចម្ដេច​ទៅ​ទើប​ក្លាយ​ជា​អ្នក​​មាន​បាន? នេះ​ជា​សំនួរ​មួយ​ដែល​មនុស្ស​គ្រប់គ្នា​ចង់​បាន​ចម្លើយ​បំផុត។ សម្រាប់​មហាសេដ្ឋី​វ័យ៥៦​ឆ្នាំ​ រូប​នេះ​​​បាន​លើក​ឡើង​ថា លោក​មិន​និយាយ​កុហក​នោះ​ឡើយ​​ពី​គន្លឹះ​នេះ ហើយ​ថា វា​ពិត​ជា​មាន​ផ្លូវ​ជា​ច្រើន​ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​មាន​។ ប៉ុន្តែ ផ្លូវ​ទាំង​នោះ​មិន​អាច​​ក្លាយ​ជា​រូបមន្ត​​​សម្រាប់​មនុស្ស​គ្រប់គ្នា​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​មាន​​បាននោះ​ឡើយ។

លោក Mark Cuban មាន​ប្រសាសន៍​បន្ត​ថា ការ​ពិត​ទៅ​ដើម្បី​ទៅ​ដល់​គោលដៅ​នោះ​បាន វា​ទាមទារ​​ឲ្យ​អ្នក​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ឱកាស​ដែល​នឹង​ចូល​មក​ដល់​។ ការ​ផ្លាស់ប្ដូរ និង ភាព​មិន​ច្បាស់លាស់ បង្កើត​បាន​ជា​ឱកាស​ឲ្យ​កើត​ចេញ​មក ហើយ​​ភាព​មិន​ច្បាស់លាស់​នៅ​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ គឺ​ជា​​​​ចំណុច​ចាប់​ផ្តើម​មួយ​​ក្នុង​ការ​កំណត់​ពី​ភាព​ជោគជ័យ​ ឬ បរាជ័យ​​ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​មាន។​​​​​


អ្វី​ដែល​អ្នក​មិន​ត្រូវ​ធ្វើ!
ទស្សនៈ​ដំបូង​របស់​លោក Mark ​នៅ​ទី​នេះ​គឺ​ថា គ្មាន​ឡើយ​រូបមន្ត​ជោគជ័យ​នៅ​លើ​លោក​យើង​នេះ។   ដរាបណា​អ្នក​មាន​លុយ​តិច វិថី​ឆ្ពោះ​ទៅ​ជា​អ្នក​មាន​របស់​អ្នក​ក៏​​កាន់តែ​លំបាក​ទៅ​តាម​នោះ​ដែរ។  ភាព​ផុយ​ស្រួយ​នៅ​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ ឬ ការ​ខ្ជះខ្ជាយ​ប្រាក់​ដោយ​គ្មាន​គម្រោង​ច្បាស់លាស់ គឺ​​សញ្ញាណ​នៃ​ផ្លូវ​​បរាជ័យ​ក្លាយ​ទៅ​ជា​អ្នក​មាន។

គន្លឹះ​ទី១៖ សន្សំ​លុយ​ទុក​
មហាសេដ្ឋី​រូប​នេះ​បាន​ផ្តល់​ដំបូន្មាន​​ដូច្នេះ​ថា៖« សន្សំ​លុយ​ទៅ! សន្សំ​លុយ​ឲ្យ​បាន​ច្រើន​តាម​លទ្ធភាព​ដែល​អ្នក​​អាច​ធ្វើ​បាន ជាជាង​ទៅ​ផឹក​កាហ្វេ ទៅ McDonalds ទៅ​ហាង​ទំនើបៗ​​ទិញ​អាហារ​ឆ្ងាញ់ៗ ​ទៅ​ជួបជុំ​ក្នុង​ពិធី​​សប្បាយៗ​ឥតប្រយោជន៍​។ ព្យាយាម​កាត់​បន្ថយ​ការ​ចំណាយ​របស់​អ្នក​ឲ្យ​បាន​ច្រើន​ទៅ! កុំ​ទៅ​វាយ​វាយ​លើ​អ្វី​ដែល​ឥតប្រយោជន៍​»

លោក​បាន​បន្ត​ថា៖« បើ​អ្នក​មិន​កាត់​បន្ថយ​ការ​ចំណាយ​ទេ​នោះ អ្នក​មិន​អាច​ក្លាយ​ជា​អ្នក​បាន​ទេ។​ អ្នក​ត្រូវ​ចាំ​ថា បើ​ចង់​ក្លាយ​ជា​អ្នក​មាន ទាមទារ​ឲ្យ​​​មាន​ច្បាប់​ចាយ​លុយ​មួយ​​ដាក់​កំហិត​មក​លើ​​ខ្លួន​ឯង​។ បើ​អ្នក​ពិត​ជា​ចង់​ក្លាយ​ជា​អ្នក​មាន អ្នក​ត្រូវ​តែ​រក​ច្បាប់​ចាយ​លុយ​នោះ​​​ឲ្យ​ឃើញ! តើ​អ្នក​អាច​រក​ឃើញ​ទេ?»

​​លោក​បាន​ពន្យល់​ទៀត​ថា បើ​អ្នក​អាច​រក​វា​ឃើញ នោះ​អ្នក​នឹង​បាន​ដឹង​ថា ប្រាក់​សន្សំ​របស់​អ្នក​នឹង​កើន​ឡើង​​ហើយ។ អ្នក​មិន​គួរ​រ៉ាប់រង​លើ​បន្ទុក​គ្រួសារ​តែ​ម្នាក់​ឯង​​​នោះ​ឡើយ ប្រសិន​បើ​អ្នក​ណា​ម្នាក់​នៅ​ក្នុង​គ្រួសារ​របស់​​អ្នក​អាច​​រក​លុយ​បាន​ដូច​អ្នក។ នេះ​ជា​ការ​ពិត​ដែល​អ្នក​ត្រូវ​តែ​ទទួល​ស្គាល់ ព្រោះ​វា​អាច​ជួយ​រក​ចំណូល​បន្ថែម​ទៀត​ឲ្យ​អ្នក។

បន្ទាប់​មក​ប្រាប់​ឲ្យ​សមាជិក​គ្រួសារ​របស់​អ្នក​ចេះ​សន្សំ សន្សំ​ហើយ​សន្សំ​ទៀត​​បាន​កាន់តែ​ច្រើន​កាន់តែ​ល្អ​ ហើយ​ក្រោយ​មក​យក​ប្រាក់​​នោះ​ទៅ​សន្សំ​ទុក​នៅ​ធនាគារ​សិន។ សម្រាប់​ឪពុកម្ដាយ​របស់​អ្នក ការ​សន្សំ​​គួរ​តែ​ទុក​សម្រាប់​ពេល​ចូល​និវត្តន៍​ តែ​សម្រាប់​អ្នក អ្នក​គួរ​សន្សំ​​លុយ​ទុក​សម្រាប់​​ទុក​បង្កើន​ប្រាក់​ចំណូល​បន្ថែម​ទៀត។

​មហាសេដ្ឋី​រូប​នេះ​បន្ត​ទៀត​ថា អ្នក​ត្រូវ​​ចេះ​ចាយ​លុយ​ឲ្យ​ឆ្លាត​បន្តិច។ ការ​យក​លុយ​ទៅ​ទុក​ធនាគារ ទោះបី​ជា​អ្នក​ដេក​យប់​ក៏​វា​រក​​លុយ​ឲ្យ​អ្នក​ដែរ ហើយ​លុយ​របស់​អ្នក​​នៅ​ថ្ងៃ​ស្អែក​នឹង​កើន​ឡើង​ជាង​ថ្ងៃ​នេះ។ លោក​បញ្ជាក់​ទៀ​តថា កុំ​ធ្វើ​ជា​អ្នក​ពូកែ​ចាយ​លុយ ​ឬ ក្តាប់​លុយ​នឹង​ដៃ​យ៉ាង​ស្អិត​​មិន​ធ្វើ​អ្វី​សោះ។ បុគ្គល​ដែល​​ប្រើប្រាស់​ទម្លាប់​នេះ មិន​ងាយ​ក្លាយ​ជា​អ្នក​មាន​បាន​ឡើយ។


គន្លឹះ​ទី២៖ ​វិនិយោគ
សម្រាប់​គន្លឹះ​ទី២ លោក Mark បាន​បង្ហើប​ដូច្នេះ​​ថា៖« វិនិយោគ​ពេលវេលា​​​ឲ្យ​​បាន​ច្រើន​សម្រាប់​ខ្លួន​​ឯង និង ត្រូវ​​ដឹង​ពី​របៀប​ធ្វើ​​អាជីវកម្ម​ ឬ បង្កើត​មុខរបរ​ដែល​អ្នក​ស្រលាញ់​បំផុត។ វា​មិន​សំខាន់​ថា ​មុខរបរ​ ឬ អាជីវកម្ម​នោះ​ជា​អ្វី​នោះ​ទេ ឲ្យ​តែ​អ្នក​ស្រលាញ់ ពេញចិត្ត ចាប់​អារម្មណ៍ អ្នក​​ចាប់​ផ្តើម​ធ្វើ​វា​ទៅ​​បើ​អ្នក​មាន​លុយ​ធ្វើ​ដើម​ទុន​ហើយ​នោះ ហើយ​បើ​អ្នក​គ្មាន​បទពិសោធន៍​ សាកល្បង​ធ្វើ​ការងារ​នោះ​​ និង រៀន​ពី​គេ​សិន​ទៅ!»

មហាសេដ្ឋី​​រូប​នេះ​លើក​ឡើង​ដូច្នេះ​ទៀត​ថា៖« មិន​ថា ​ធ្វើ​ជា​​អ្នក​លក់ ឬ អ្វី​ផ្សេង​​នោះ​ទេ អ្នក​អាច​រៀន​ពី​កន្លែង​ណា​មួយ​ដែល​អ្នក​អាច​ធ្វើ​បាន ជៀសវាង​ទៅ​​រៀន​នៅ​សាលា​ណា​មួយ​ដែល​តម្រូវ​ឲ្យ​អ្នក​បង់​លុយ​ដើម្បី​រៀន​ជំនាញ​ ឬ វគ្គ​ខ្លីៗ​ទាំង​នោះ។ ការងារ​នោះ​អាច​មិន​ល្អ​សម្រាប់​អ្នក តែ​ត្រូវ​ចាំ​ថា គ្មាន​ផ្លូវ​ណា​ល្អ​បំផុត​ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​មាន​នោះ​​ឡើយ​!»

ផ្អែក​លើ​ដំបូន្មាន​របស់​មហាសេដ្ឋី​ដដែល​នេះ​បាន​​ណែនាំ​ទៀត​ថា នៅ​មុន ឬ ក្រោយ​ពេល​ធ្វើ​ការ ឬ នៅ​ចុង​សប្តាហ៍ អ្នក​​គួរ​តែ​អាន​សៀវភៅ​ពី​របៀប​ធ្វើ​ជំនួញ​ឲ្យ​បាន​ច្រើន​ ដូច​ជា​ទស្សនាវដ្ដី​ជំនួញ ​សំណេះសំណាល និង ទាក់ទង​អ្នក​រក​ស៊ី​ដែល​​អ្នក​បាន​ស្គាល់​ឲ្យ​បាន​ច្រើន និង ​​អ្នក​រកស៊ី​ជា​មួយ​បុគ្គល​នោះ។

យ៉ាងណាមិញ លោក Mark បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា៖« ​នេះ​វា​មិន​​មែន​ជា​វិធី​សាស្រ្ត​​ដែល​អ្នក​​ត្រូវ​ជោគជ័យ​ក្នុង​រយៈ​ពេល​​ត្រឹម​ប៉ុន្មាន​ថ្ងៃ ឬ ប៉ុន្មាន​ខែ​នោះ​ទេ តែ​​ជា​​​​​ជោគជ័យ​មួយ​​ដែល​អ្នក​រំពឹង​ទុក​នៅ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត និង អាច​ដល់​ទសវត្ស​ទៀត​ក៏​មាន។ ខ្ញុំ​មិន​បាន​និយាយ​ថា វា​ជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ដើម្បី​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​មាន​យ៉ាង​ឆាប់រហ័ស​នោះ​ឡើយ តែ​វា​ជា​ផ្លូវ​មួយ​ដែល​នាំ​ឲ្យ​អ្នក​មាន​លទ្ធភាព​ក្លាយ​ទៅ​ជា​អ្នក​មាន​នៅ​ពេល​អនាគត»


តាម​រូបមន្ត​របស់​មហាសេដ្ឋី​នេះ ឥឡូវ​នេះ​ភាព​មិន​ប្រាកដប្រជា និង ការ​ផ្លាស់ប្ដូរ​នឹង​កើត​មាន​នៅ​ក្នុង​អាជីវកម្ម​របស់​អ្នក។ ​​​ចង់​ឬ មិន​ចង់ ចំណុច​ពីរ​នេះ ​នឹង​កើត​មាន​ជា​មិន​ខាន ហើយ​អាច​ថា មក​ឆាប់ៗ​ទាំង​អ្នក​មិន​បាន​ត្រៀម​ទុក​មុន ឬ រាប់​ឆ្នាំ​ទៅ​មុខ​ទៀត​ក៏​មាន។ ​តែ​​បើ​អ្នក​ឆ្លាត​ អ្នក​នឹង​​ដឹង​ថា ​​អ្នក​គួរ​ឆក់​យក​ឱកាស​ដែល​ចូល​មក​ដល់​ដែរ​ទេ? ចម្លើយ​នោះ​គឺ​ថា បើ​អ្នក​បាន​ត្រៀម​ខ្លួន​បាន​ហើយ​នោះ អ្នក​ច្បាស់​ជា​ឆក់​ចាប់​វា​​ជា​មិន​ខាន។

មក​ដល់​ចំណុច​នេះ លោក Mark ​បាន​លើក​ឧទាហរណ៍​ឡើង​ ពី​វិស័យ​អចលនទ្រព្យ។ ​ការ​ផ្លាស់ប្ដូរ  និង ភាព​មិន​ច្បាស់លាស់​​មាន​នៅ​លើ​ទីផ្សារ​អចលនទ្រព្យ​មាន​ការ​ប្រែប្រួល តែ​ជា​ទូទៅ​​តម្លៃ​ទីផ្សារ​របស់​វា​កើន​ឡើង​ជា​លំដាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ អ្នក​ដែល​រកស៊ី​លើ​វិស័យ​នេះ បើ​ចេះ​សន្សំ​លុយ​ទុក​ផង វិនិយោគ​ផង នោះ​ចំណូល​កើន​ឡើង​ដោយ​ឯកឯង​តែ​ម្តង។ ​​​​

ហេតុ​ដូច្នេះ​ហើយ លោក Mark ​​​​បាន​បង្ហាញ​​រូបមន្ត​រួម​ថា នៅ​ពេល​ដែល​ការ​សន្សំ និង ការ​ផ្លាស់ប្ដូរ ឬ ភាព​មិន​ប្រាកដប្រជា​កើត​ឡើង​ជួន​ប្រសព្វ​គ្នា នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​​មាន​​ឱកាស​។ ឱកាស​នេះ​​ហើយ​ដែល​ជា​សំណាង​របស់​អ្នក។ សំណាង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​មាន៕

ប្រែសម្រួល៖ ខេវិន
ប្រភព៖​ addicted2success

Thursday, May 7, 2015

សាកល្បង​​អនុវត្ត​​តាម​​យុទ្ធសាស្ត្រ​ ៥​យ៉ាង​នេះ ដើម្បី​ធានា​ភាព​ជោគជ័យ​ដ៏​យូរអង្វែង​អាជីវកម្ម​​របស់​លោក​អ្នក​

​យុទ្ធសាស្ត្រ​សំខាន់​៥​យ៉ាង​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​ដ៏​យូរអង្វែង​របស់​អាជីវកម្ម​​របស់​អ្នក​!​ប្រភព៖​ www.lifehack.org

ការ ​បើក​ជំនួញ​មិនមែន​ជា​រឿង​លំបាក​ពេក​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ថា ត្រូវ​ដំណើរ​ការ​បែប​ណា​ដើម្បី​ជោគជ័យ​យូរអង្វែង។ ​អាជីវកម្ម​ខ្លះ​ តែង​បិទទ្វារ​ទៅវិញ​ក្រោយពេល​បើក​រកស៊ី​បាន​មួយ​រយៈ ខណៈ​អាជីវកម្ម​ខ្លះ​ទៀត​ក៏​អាច​បន្ត​ដំណើរ​ទៅ​មុខ​យ៉ាង​វិជ្ជមាន។​ ​បរាជ័យ ជោគជ័យ​ខ្លី និង ជោគជ័យ​យូរអង្វែង​ វា​អាស្រ័យ​លើ​ម្ចាស់​អាជីវកម្ម​ប៉ុណ្ណោះ ពោល​គឺ​បើ​រៀបចំ​យុទ្ធសាស្ត្រ​ត្រូវ​ នោះ​អ្វីៗ​ក៏​ប្រសើរ​ តែ​បើ​រៀបចំ​ខុស​វិញ​គឺ​ប្រាកដ​អស់​អ្វី​និយាយ​​។


ខាងក្រោម​នេះ គឺជា​យុទ្ធសាស្ត្រ​មួយ​ចំនួន​ ដើម្បី​ធានា​ថា​អាជីវកម្ម​របស់​អ្នក​អាច​បន្តដំណើរ​ទៅ​មុខ​ប្រកប​ដោយ​ជោគជ័យ​យូរអង្វែង៖


១) ​ជ្រើសរើស​គោលដៅ​ដែល​ខ្លួន​ពេញ​ចិត្ត
​មាន​ មនុស្ស​មិន​តិច​ទេ ដែល​ចូលចិត្ត​ផ្អើល​តាម​ហ្វូង ពោល​គឺ​ពេល​ឃើញ​គេ​ធ្វើ​អ្វី​មួយ​ជោគជ័យ​ ក៏​ព្យាយាម​ធ្វើតាម​គេ​ដែរ​​ព្រោះ​ចង់​ជោគជ័យ​ តែ​ភ្លេច​គិត​ហើយ​ថា ខ្លួន​ពេញ​ចិត្ត​ឬ​អត់ ហើយ​មាន​សមត្ថភាព​ធ្វើ​វា​ដែរ​ឬ​ទេ​។ បើកាលណា​អ្នក​គ្រាន់​តែ​ចម្លង​តាម​គេ​ ដើម្បី​ឆាប់​ជោគជ័យ​នោះ វា​នាំ​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​ក្រោយ​ ព្រោះ​អ្នក​មិនអាច​សម្រេច​អ្វីមួយ​ ដែល​ខ្លួន​គ្មាន​​សមត្ថភាព និង មិន​ចូលចិត្ត​ឡើយ​។ ផ្ទុយទៅវិញ​ បើ​គោលដៅ​ដែល​អ្នក​ជ្រើសរើស​នោះ គឺ​ស្តែក​ចេញ​ពី​បំណង​ដ៏​មោះមុត​របស់​អ្នក​មែន ទោះបីជា​មាន​បញ្ហា​ច្រើន​ប៉ុណ្ណោះ​ក្តី ក៏​អាច​ដោះស្រាយ​បាន​ដែរ​។


២) ​ព្យាយាម​​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយនឹង​ដៃគូ​
​ ​គ្មាន​ការ​រកស៊ី​ណាមួយ​ដែល​អាច​ដំណើរការ​ទៅ​បាន​ ដោយ​គ្មាន​ទំនាក់ទំនង​នោះ​ទេ។ ​ទំនាក់ទំនង​ពិតជា​មាន​សារសំខាន់​​ខ្លាំង​ណាស់​ ព្រោះ​វា​កំណត់​នូវ​ភាព​ជោគជ័យ​របស់​អាជីវកម្ម​នីមួយៗ។ ​ដូច្នេះ​ហើយ ​​ក្នុង​នាម​ជា​អ្នក​ជំនួញ​ម្នាក់ អ្នក​មិន​គួរ​មើល​រំលង​ចំណុច​នេះ​ជាដាច់ខាត​ ព្រោះ​វា​ជា​ដង្ហើម​ដ៏​សំខាន់​របស់​អាជីវកម្ម ហើយ​ការ​សាង​ទំនាក់ទំនង​ល្អ​នេះ​ក៏​គ្មាន​ការ​លំបាក​អ្វី​ខ្លាំង​នោះ​ដែរ​ ទោះ​បី​ជា​ក្នុង​ស្ថានភាព​ខ្លះ​វា​ត្រូវការ​ពេលវេលា​យូរ​បន្តិច​ក្តី។


…តើ​បុគ្គល​មួយ​ចំនួន​មាន​ឱកាស​​ក្លាយ​ជា​​មហាសេដ្ឋី​​​ដោយសារ​អ្វី?


៣) ​​ដាក់ខ្លួន​ដើម្បី​រៀន​សូត្រ​
​ម្ចាស់​ អាជីវកម្ម​ខ្លះ​ យល់​ឃើញ​ថា​ខ្លួន​ជា​មនុស្ស​មាន​សញ្ញាបត្រ​ខ្ពស់ បទពិសោធន៍​ច្រើន និង ​មាន​ក្រុមហ៊ុន​ធំ​ ដូច្នេះ​មិន​ត្រូវការ​ការរៀនសូត្រ​ច្រើន​ពេក​នោះ​ទេ​ជាពិសេស​ពី​ក្រុមហ៊ុន​ តូចៗ​។​ ការ​គិត​បែបនេះ​ ហាក់ដូចជា​មិនសូវ​ល្អ​ប៉ុន្មាន​ទេ ព្រោះ​វា​ជា​រនាំង​មួយ​ដែល​រាំង​ខ្ទប់​​ការចេះដឹង​របស់​អ្នក ។ ដូច្នេះ​ហើយ អ្នក​ត្រូវ​ចេះ​ដាក់ខ្លួន​ឲ្យ​ទាប ​ដើម្បី​អាច​ទទួល​បាន​បទពិសោធន៍​ និង ចំណេះដឹង​ថ្មីៗ ពី​អាជីវកម្ម​ផ្សេងៗ​ទោះ​ធំ​ក្តី​តូច​ក្តី ដើម្បី​បង្កើន​គំនិត​ច្នៃ​ប្រឌិត​សម្រាប់​ការអភិវឌ្ឍន៍​ក្រុមហ៊ុន​របស់​អ្នក ​។


 ៤) ​ត្រូវ​ហាន​ប្រថុយ
​គ្មាន​ភាព​ជោគជ័យ​ណា​​កើត​ ចេញពី​ភាព​ស្ទាក់ស្ទើរ​នោះ​ឡើយ​។ មនុស្ស​ជាច្រើន​ដែល​ជោគជ័យ​ក្នុង​វិស័យ​ជំនួញ​ ព្រោះ​ពួកគេ​ឃើញ​ឱកាស​​ហើយ​ស្រវា​ចាប់​វា​ភ្លាម​ ព្រោះ​ថា ឱកាស​មិន​ងាយ​នឹង​មាន​ឡើយ​ ហើយ​បើ​គិត​យូរ​ខ្លាំង​ពេក​ប្រាកដ​ជា​ហួស​អស់​មិន​ខាន​។ តាមពិត​ទៅ ការ​ប្រថុយ​ក្នុង​បរិបទ​នេះ ​មានន័យថា អ្នក​ត្រូវ​តែ​ហ៊ាន​ធ្វើ​ចំពោះ​អ្វី​ដែល​ខ្លួន​គិត​ថា ត្រឹមត្រូវ ពោល​គឺ​ជៀសវាង​ភាព​ស្ទាក់ស្ទើរ​​​​ដែល​រារាំង​មិន​ឲ្យ​អ្នក​អាច​ទទួល​បាន​ ភាព​ជោគជ័យ​ធំធេង​។


​​​​៥) ​ផ្តល់​តម្លៃ​ចំពោះ​អតិថិជន​
​​គ្មាន​ ក្រុមហ៊ុន​ ឬ អាជីវកម្ម​ណាមួយ​អាច​ដំណើរ​ការ​ទៅ​បាន​ដោយ​គ្មាន​អ្នកទិញ​នោះ​ទេ ពោល​គឺ​​ត្រូវតែ​មាន​​អ្នកលក់​និង អ្នកទិញ​ជា​ដាច់ខាត។ ​ត្រូវ​ចាំ​ថា អ្នកទិញ​គឺ​មាន​លុយ​មក​ដូរ​ដើម្បី​បាន​ទំនិញ​ ឬ សេវាកម្ម​របស់​យើង មិនមែន​មក​សុំ​ទទេៗ​ឡើយ​។ ដូច្នេះ​ត្រូវ​ធ្វើ​ឲ្យ​ពួកគេ​សប្បាយ​ចិត្ត តាមរយៈ​ភាព​រួសរាយ​រាក់ទាក់​ ការប្រើប្រាស់​សំដី​ប្រកប​ដោយ​ការគោរព​ បើ​ទោះ​បី​ជា​ពួក​គេ​ស្ថិត​ក្នុង​កំរិត​ជីវភាព​អ្វី​ក៏ដោយ​។ ​ការ​ផ្តល់​តម្លៃ​ដល់​អតិថិជន​ ​ មានន័យ​ស្មើ​នឹង​ផ្តល់​ផ្លូវ​រស់​សម្រាប់​អាជីវកម្ម​ទាំង​អស់៕


ប្រែ​សម្រួល៖ រស្មី

ប្រភព៖​ www.lifehack.org

Monday, May 4, 2015

មេរៀន​ចំនួន ៣ បង្រៀន​កូនៗ​របស់​​លោក​អ្នក​​​​ឲ្យ​ក្លាយ​ជា​សហគ្រិន​​ជោគជ័យ​​នា​ពេល​អនាគត

រូបតំណាងប្រភព៖​ huffingtonpost

ក្នុង ​នាម​​ជា​ឪពុកម្ដាយ លោក​អ្នក​ពិត​ជា​យកចិត្ត​ទុកដាក់​ពី​កូនៗ​របស់​លោក​អ្នក ជា​ពិសេស​ចង់​ឲ្យ​ពួកគេ​​មាន​អនាគត​​ដ៏​ភ្លឺស្វាង​​មួយ​នៅ​ពេល​អនាគត។ នេះ​មិនមែន​ជា​រឿង​មួយ​ងាយស្រួល​នោះ​ឡើយ ហើយ​ក៏​ត្រូវ​ចំណាយ​ពេល​យូរ​ទៀត​ផង។ ប៉ុន្តែ​លោក​អ្នក​ទំនង​ជា​មិន​​​ខ្លាច​នឿយហត់​​នោះ​ឡើយ ហេតុដូច្នេះ​លោក​អ្នក​ច្បាស់​ជា​រិះរក​វិធីសាស្ត្រ​ជា​ច្រើន​ដើម្បី​ឲ្យ​ ពួកគេ​ជោគជ័យ​នៅ​​ថ្ងៃ​ខាងមុខ។ បើ​នេះ​វា​បំណង​ប្រាថ្នា​របស់​លោក​អ្នក​មាន​នោះ វិធីសាស្ត្រ​ខាងក្រោម​ចំនួន​​៣ នេះ​អាច​ជួយ​លោក​អ្នក​បាន​៖​


១) ត្រូវ​ធ្វើ​ឲ្យ​ពួកគេ​មាន​​ភាព​ជឿជាក់ និង​​​មាន​ទំនុក​ចិត្ត​ខ្លួន​ឯងធម្មតា ​ក្មេង​​មិន​សូវ​ជា​គិតគូរ​បាន​វែង​ឆ្ងាយ​ប៉ុន្មាន​ដូច​មនុស្ស​ពេញ​វ័យ​ឬ មនុស្ស​ចាស់​នោះ​ឡើយ​ ពោល​គឺ​វា​ចូលចិត្ត​ធ្វើ​អ្វី​ដែល​សប្បាយៗ​។ យ៉ាងណាមិញ អ្នក​ត្រូវ​ដឹង​ថា ​​ការ​ប្រកួតប្រជែង​​ថ្មីៗ និង ឧបសគ្គ​ជីវិត​នឹង​កើត​មាន​ចំពោះ​ពួកគេ​នៅ​ថ្ងៃ​ណាមួយ​ ហេតុដូច្នេះ​វា​ជា​ដំណាក់កាល​មួយ​ដែល​អ្នក​ត្រូវ​ដឹង​ថា តើ​ត្រូវ​ធ្វើ​ដូចម្ដេច​ឲ្យ​ពួកគេ​​ត្រៀម​ខ្លួន​យក​ឈ្នះ​ឧបសគ្គ​ទាំង​នេះ​ ប្រកប​ដោយ​​​ទំនុក​ចិត្ត​ខ្ពស់​ និង ភាព​ជឿជាក់? ​


នៅ​ពេល​ដែល​​លោក​អ្នក​បង្រៀន​កូនៗ​​របស់​លោក​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​ សហគ្រិន​មួយ​រូប​នោះ អ្នក​ត្រូវ​​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើ​ការ​សម្រេចចិត្ត​ដោយ​ខ្លួន​ឯង​ ហើយ​ត្រូវ​​​​គាំទ្រ​ដល់​ការ​សម្រេចចិត្ត​របស់​ពួកគេ​ ទោះបី​ជា​ការ​សម្រេចចិត្ត​នេះ​មិន​ត្រឹមត្រូវ​ក៏ដោយ និង ព្យាយាម​តាមដាន​សកម្មភាព​របស់​ពួកគេ​ឲ្យ​បាន​ដិតដល់​។ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត លោក​អ្នក​ត្រូវ​ដើរតួ​នាទី​ជា​អ្នក​សម្របសម្រួល​កុំ​ព្យាយាម​​បង្ហាញ​រូបភាព ​ដូច​ជា​អំណាច​ផ្ដាច់ការ​លើ​​ពួកគេ និង ដើរតួ​នាទី​ជា​ដៃគូ​​សហការ​នៅ​ពេល​ដែល​ពួកគេ​ធ្វើ​សកម្មភាព​ផ្សេងៗ។


សូម​ចាំ​ថា នៅ​ពេល​ដែល​អ្នក​ផ្ដល់​ឱកាស​ឲ្យ​​កូនៗ​របស់​លោក​​អ្នក​មាន​ការ​សម្រេចចិត្ត​ កាន់តែ​ច្រើន​ឡើង វា​នឹង​ជួយ​បង្កើន​ទំនុក​ចិត្ត និង ភាព​​ជឿជាក់​ដល់​ពួកគេ​​កាន់តែ​ច្រើន​ឡើង​ដែរ។ ទន្ទឹម​នឹង​នេះ​ លោក​អ្នក​ត្រូវ​លើក​ទឹកចិត្ត​ដល់​ពួកគេ​​បន្ថែម​ទៀត និង ត្រូវ​ឲ្យ​ពួកគេ​ព្យាយាម​ដោះស្រាយ​បញ្ហា​ខ្លួន​​ឯង​​ឲ្យ​បាន​កាន់តែ​ញឹកញាប់ ​ទើប​សមត្ថភាព​ការ​គិត និង ដំណោះស្រាយ​បញ្ហា​ អាច​កើត​​មាន​​នៅ​ក្នុង​ពេល​​ដំណាល​គ្នា​នេះ។ ​​


…បើ​មិន​បាន​​រៀន​នៅ​សាលា​ បង្រៀន​ខ្លួន​ឯង​តាម​វិធីសាស្ត្រ​ទាំង​៧​នេះ​​ក៏​​​មាន​ចំណេះដឹង​កើន​ឡើង​​ដែរ…


២) បង្រៀន​ពួកគេ​ឲ្យ​ចេះ​តស៊ូ​​ និង អត់ធ្មត់មិន​ ចំពោះ​ថា លោក​អ្នក​​បាន​ការពារ​កូនៗ​របស់​​លោក​អ្នក​បាន​កម្រិត​ណា​នោះ​ឡើយ ការ​ខកចិត្ត អារម្មណ៍​តឹងតែង ការ​បរាជ័យ និង សកម្មភាព​អវិជ្ជមាន​ផ្សេងៗ​ទៀត​នឹង​កើត​មាន​ចំពោះ​ពួកគេ។ នេះ​ក៏​មិន​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត​ប៉ុន្មាន​ដែរ។ យ៉ាងណាមិញ ការ​បង្រៀន​កូនៗ​របស់​អ្នក​ពី​សហគ្រិនភាព​នេះ គឺ​ជា​កាតព្វកិច្ច​មួយ​ដែល​អ្នក​ត្រូវ​បង្រៀន​ពួកគេ​ពី​ភាព​បរាជ័យ មិនមែន​ជា​ការ​ផ្ដល់​មេរៀន​ភ័យខ្លាច​ដល់​ពួកគេ​នោះ​ទេ។ ក្រោយ​មក​ពួកគេ​នឹង​​រៀនសូត្រ​ថា តើ​ត្រូវ​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ដោយ​របៀបណា?


ដើម្បី​កូនៗ​​របស់​លោក​អ្នក​មាន​ការ​តស៊ូ និង ​ចេះ​ព្យាយាម​ជានិច្ច លោក​អ្នក​ត្រូវ​ធ្វើ​​ឲ្យ​ពួកគេ​​​​ឆ្លងកាត់​​​​​បទពិសោធន៍​បរាជ័យ​មួយ​ ចំនួន។ វា​​មើល​ទៅ​ហាក់បីដូចជា​​មិន​សម​ទំនង​សោះ​ក្នុង​នាម​លោក​​អ្នក​ជា​ឪពុកម្ដាយ ​​ឈរ​​ឱប​ដៃ​មើល​​ពួកគេ​បរាជ័យ។ ប៉ុន្តែ នេះ​ដើម្បី​បញ្ជាក់​ថា ពេល​ខ្លះ​ពួកគេ​​ក៏​ត្រូវ​ទទួល​យក​ការ​បរាជ័យ​របស់​ខ្លួន​ដែរ​ទោះបី​ជា​ ពួកគេ​មាន​ការ​ខិតខំ​ប្រឹងប្រែង​ក៏ដោយ ហើយ​នេះ​ជា​ឱកាស​ដ៏​ល្អ​ដែល​អ្នក​ចូល​ទៅ​អន្តរាគមន៍​បង្រៀន​ពួកគេ​ឲ្យ​ស្វែង ​រក​ដំណោះស្រាយ​ក្រោយ​ភាព​​បរាជ័យ​​​។


ទន្ទឹម​នឹង​នេះ លោក​អ្នក​ត្រូវ​ចងចាំ​ថា ​មិន​ត្រូវ​​ស្វែង​រក​ដំណោះស្រាយ​ជូន​ពួកគេ​នោះ​ឡើយ ហើយ​ក៏​មិន​ត្រូវ​​ស្ដីបន្ទោស ឬ ដាក់​សម្ពាធ​បន្ថែម​ទៀត​​ទៅ​លើ​ពួកគេ​នោះ​​ដែរ តែ​ត្រូវ​លើក​ទឹកចិត្ត​ឲ្យ​ពួកគេ​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង​ទើប​ជា​ការ​ ប្រសើរ។


៣) ធ្វើ​ឲ្យ​ពួកគេ​មាន​​ភាព​ច្នៃប្រឌិត​កាន់តែ​ខ្ពស់អនាគត ​របស់​ពួកគេ​នៅ​ពេល​ដឹង​ក្តី ប្រហែល​ជា​មិន​ធ្វើ​​ការ​នៅ​ក្នុង​កន្លែង​មួយ​ដូច​អ្វី​ដែល​អ្នក​គិត​នោះ​ ឡើយ។ ថ្ងៃណាមួយ​ ពួកគេ​អាច​ក្លាយ​ជា​ម្ចាស់ក្រុមហ៊ុន​មួយ​ដ៏​ធំ ឬ អ្នក​ដឹកនាំ​មួយ​ដ៏​ល្បី​នៅ​ក្នុង​ស្ថាប័ន​មួយ​ក៏​ថា​បាន។ តែ​ស្ថានភាព​ប្រកួតប្រជែង​ប្រាកដ​ជា​មាន ដែរ​ទាមទារ​ឲ្យ​កូនៗ​របស់​អ្នក​​មាន​គុណសម្បត្តិ​ពិសេស​មួយ​នោះ​គឺ ភាព​ច្នៃប្រឌិត ដែល​ជា​ចំណុច​ស្លាប់​រស់​របស់​សហគ្រិន​នេះ​ឯង។


ដំណោះស្រាយ​បញ្ហា​របស់​សហគ្រិន​ គឺ​ការ​ស្វែង​រក​ចម្លើយ​ដ៏​ច្នៃប្រឌិត​នេះ​ឯង ដែល​ជា​អាវុធ​ពិសេស​សំលៀង​ធ្មុង​របស់​ពួកគេ​ឲ្យ​កាន់តែ​មុត​ស្រួច​នៅ​ក្នុង​ ទីលាន​អាជីវកម្ម​ក្តី នៅ​ក្នុង​អាជីព​ការងារ​​របស់​ពួកគេ​ក្តី ស្រព​ពេល​ដែល​ពិភពលោក​កំពុង​ត្រូវ​ការ​វា។ ​ការ​​ធ្វើ​ឲ្យ​កូនៗ​របស់​អ្នក​មាន​ភាព​ច្នៃប្រឌិត និង សំបូរ​ទៅ​ដោយ​គំនិត​ថ្មីៗ​គឺ​ការ​ចំណាយ​ពេលវេលា​ដ៏​សមស្រប​ណាមួយ​សម្រាប់​ ពួកគេ​ដើម្បី​អនុវត្ត​កិច្ចការ​អ្វី​មួយ។


អ្នក​ត្រូវ​តាមដាន​មើល​ពី​សកម្មភាព​របស់​ពួកគេ​ថា តើ​ពួកគេ​ពូកែ​ខាង​អ្វី? គណិតវិទ្យា? អក្សរសាស្ត្រ? ភាសា? ទំនាក់ទំនង? ឬ អ្វី​ផ្សេង​ក្រៅ​ពី​នេះ? តើ​អ្វី​ទៅ​ជា​ឧបសគ្គ​របស់​ពួកគេ? នៅ​ពេល​ដែល​អ្នក​មើល​ឃើញ​ថា ពួកគេ​មាន​សមត្ថភាព​អ្វី​មួយ ឬ ពូកែ​លើ​មុខវិជ្ជា​ណាមួយ​ ត្រូវ​លើក​ទឹកចិត្ត​ឲ្យ​ពួកគេ​ធ្វើ​​កិច្ចការ​នោះ ហើយ​ត្រូវ​ស្វែង​រក​ដំណោះស្រាយ​បន្ថែម​លើ​ឧបសគ្គ​មួយ​ចំនួន​ដែល​ពួកគេ​​ បរាជ័យ។ ភាព​ច្នៃប្រឌិត​ គឺ​ជា​ចំណុច​ស្លាប់រស់​​នាំ​មក​នូវ​ភាព​ជោគជ័យ​នៅ​ក្នុង​អាជីវកម្ម និង អាជីព​ការងារ៕

៥ គន្លឹះ​​បង្រៀន​​កូនៗ​របស់​​លោក​អ្នក​ឲ្យ​​ចេះ​​រក​លុយ និង ​ចេះ​គ្រប់គ្រង​​ហិរញ្ញវត្ថុ​​​ឲ្យ​ហើយ!

រូបតំណាង​ប្រភព៖​ crosswalk

១) ដាក់​កូនជ្រូក​សន្សំ​ប្រាក់​នៅ​បន្ទប់​គេងការ ​ដាក់​កូនជ្រូក​សន្សំ​ប្រាក់​នៅ​ក្នុង​បន្ទប់​គេង​​ គឺ​ជា​ជម្រើស​ដ៏​ល្អ​មួយ​​សម្រាប់​ប្រៀន​កូនៗ​របស់​អ្នក​ឲ្យ​ចេះ​សន្សំ​ ប្រាក់​។ អ្នក​ត្រូវ​​ដើរ​តួ​សំខាន់​នៅ​ក្នុង​រឿង​នេះ​​ដើម្បី​ទាក់ទាញ​ក្រសែភ្នែក​ កូនៗ​របស់​​អ្នក​យក​គំរូ​តាម​ប្រៀប​ដូច​ជា​យក​ចិត្ត​ទុកដាក់​ទៅ​នឹង​​ កូនជ្រូក​នេះ ​ឲ្យ​តម្លៃ​វា​ខ្លាំង និង ដាក់​ប្រាក់​មួយ​ថ្ងៃ​ម្តងៗ។ នេះ​នឹង​ធ្វើ​ឲ្យ​ពួកគេ​ចងចាំ និង ចាប់​ផ្តើម​រៀនសូត្រ​ពី​ការ​សន្សំ​ប្រាក់។


២) បង្រៀន​លក់ព្យាយាម និង សាកល្បង​ឲ្យ​កូនៗ​របស់​អ្នក​សាក​លក់​ផលិតផល​អ្វី​​មួយ​ដូច​ជា​ ផ្លែឈើ ចាប់ហួយ ឧបករណ៍​ចាស់ៗ​ និង ផលិតផល​តូចតាច​មួយ​ចំនួន​ទៀត​​នៅ​ខាងមុខ​ផ្ទះ​របស់​អ្នក​។ វា​មិនមែន​ជា​អ្វី​ដែល​អ្នក​ត្រូវ​​ដាក់កំហិត​ដល់​ពួកគេ​នោះ​ទេ តែ​គ្រាន់តែ​ធ្វើ​ឲ្យ​ពួកគេ​ចេះ​រៀន​​លក់ ចេះ​រកលុយ និង រក​វិធីសាស្ត្រ​​ទាក់ទាញ​អតិថិជន​ដោយ​ខ្លួន​ឯង​ប៉ុណ្ណោះ។ សកម្មភាព​នេះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពួកគេ​នឹង​កាន់តែ​ដុះ​គំនិត​រកស៊ី​​ល្អ​​ប្រសើរ​​ឡើង​ ហើយ​នៅ​ពេល​ធំ​ដឹងក្តី ពួកគេ​នឹង​មាន​បទពិសោធន៍​ពេញ​ខ្លួន​តែម្តង។


៣) កំណត់​ផែនការ​ចំណាយ​របស់​ពួកគេ​នៅ​ទី​នេះ​អ្នក​ ត្រូវ​ឲ្យ​កូនៗ​របស់​អ្នក​អង្គុយ​ចុះ ​ហើយ​សន្ទនា​ជា​មួយ​​ពួកគេ​ពី​ប្រាក់​ដែល​ត្រូវ​ចំណាយ ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​ចេះ​មាន​ទំនួល​ខុសត្រូវ​មិន​ចាយ​វាយ​​ខ្ជះខ្ជាយ​។ ​អ្នក​អាច​បង្ហាញ​ពី​ផែនការ​ចំណាយ​ដ៏​​មាន​ប្រសិទ្ធភាព ដោយ​មិន​ត្រូវ​ឲ្យ​ពួកគេ​ធ្វើ​​តាម​អំពើ​ចិត្ត​នោះ​ទេ ឬ សាកល្បង​​បង្ហាញ​ពី​ពួកគេ​​ពី​ខ្ទង់​ចំណាយ​របស់​អ្នក​​ជា​រៀងរាល់​ថ្ងៃ ដូច​ជា អាហារ ស្លៀកពាក់ សិក្សា និង សម្ភារៈ​គេហដ្ឋាន​ជា​ដើម។ ​នេះ​នឹង​ធ្វើ​ឲ្យ​ពួកគេ​ចេះ​ចាប់​ផ្តើម​​គ្រប់គ្រង​ហិរញ្ញវត្ថុ​បាន​ល្អ​ ប្រសើរ​​។​


…គន្លឹះ​ចំនួន ៦ ធ្វើ​ឲ្យ​ការ​គិត​របស់​​​អ្នក​ក្នុង​ឆ្នាំ ២០១៥ នេះ​ ​កាន់តែ​ឆ្លាត​ជាង​​​មុន​…


៤) បង្រៀន​​ពួកគេ​ឲ្យ​ចេះ​សន្សំ​​នៅ​តូចៗ​ពួកគេ​ មិន​មាន​លទ្ធភាព​រក​ប្រាក់​ចំណូល​បាន​​នោះ​ទេ ហេតុដូច្នេះ​បើ​អ្នក​មាន​ប្រាក់​ជា​រង្វាន់​​ដល់​ពួកគេ​ អ្នក​គួរតែ​ធ្វើ​ឲ្យ​ពួកគេ​យក​ប្រាក់​នោះ​ទៅ​សន្សំ​ទុក។ តែ​បើ​ពួកគេ​ចេះ​រក​លុយ​​ដោយ​ខ្លួន​ឯង​បាន​ទៀត​គឺ​កាន់តែ​ប្រសើរ ហើយ​អ្នក​ត្រូវ​តែ​ឈរ​នៅ​ពី​ក្រោយ​ដើម្បី​បង្ហាញ​ផែនការ​សន្សំ​ដល់​ពួកគេ។ អ្នក​អាច​ទិញ​កូន​ជ្រូក​សន្សំ​ប្រាក់​ឲ្យ​ពួកគេ​​ចំនួន​២ ដូច​ជា​ កូនជ្រូក​សម្រាប់​សន្សំ​ប្រាក់​ទុក និង កូនជ្រូក​សម្រាប់​ចំណាយ​ទិញ​សម្ភារៈ​​ផ្សេង ហើយ​បន្ទាប់​មក​​ឲ្យ​​ពួកគេ​ដាក់​ប្រាក់​ចូល​ទៅ​ក្នុង​កូនជ្រូក​សន្សំ​ ប្រាក់​ទាំង​នេះ។


៥) លើក​ទឹកចិត្ត​ឲ្យ​​ចេះ​រក​លុយ​បន្ថែមកូនៗ របស់​អ្នក​អាច​ចាយ​ប្រាក់​ខ្ជះខ្ជាយ​ដែល​នេះ​ទាមទារ​ឲ្យ​អ្នក​ចេះ​ អន្តរាគមន៍​កំណត់​ការ​ចំណាយ​របស់​ពួកគេ។ អ្នក​រក​ជួយ​ពួកគេ​បាន​ដូច​ជា ឲ្យ​ពួកគេ​ចេះ​ធ្វើ​ការងារ​ផ្ទះ​​ និង​ខិតខំ​រៀនសូត្រ​ដើម្បី​ទទួល​​បាន​ប្រាក់​រង្វាន់​​ជា​ដើម។ ក្រៅ​ពី​នេះ បើ​​កូនៗ​របស់​អ្នក​អាច​ចេះ​លក់​​ផលិតផល​​ផ្សេងៗ​បាន​ទៀត​នោះ វា​កាន់តែ​ប្រសើរ ទោះបី​​ជា​ពួកគេ​រក​ប្រាក់​ចំណូល​បាន​តិច​ក្តី​ច្រើន​ក្តី អ្នក​​ត្រូវ​លើកទឹកចិត្ត​ពួកគេ​ឲ្យ​រក​លុយ​បន្ថែម​ទៀត​កាន់តែ​ច្រើន​ឡើង។ នេះ​ហើយ​ជា​គំនិត​ស្វែង​រក​លុយ​នៅ​ពេល​ដែល​ពួកគេ​ធំ​ដឹង​ក្តី៕


ប្រែសម្រួល៖ ខេវិន​​​​