Wednesday, September 23, 2015

ចង់​ដោះស្រាយ​បញ្ហា​ក្នុង​អាជីវកម្ម​ឲ្យ​មាន​ប្រសិទ្ធភាព​ អនុវត្ត​​តាម​​ជំហាន​ទាំង​១០​នេះ

ចង់​ដោះស្រាយ​បញ្ហា​ក្នុង​អាជីវកម្ម​ឲ្យ​មាន​ប្រសិទ្ធភាព​ អនុវត្ត​​តាម​​ជំហាន​ទាំង​១០​នេះប្រភព៖​ adviceforlawyer
តើ ​លោក​អ្នក​ធ្លាប់​មាន​បញ្ហា​នៅ​ក្នុង​អាជីវកម្ម​ដែរ​ឬទេ? តើ​បរាជ័យ​នៅ​ក្នុង​អាជីវកម្ម​របស់​អ្នក​មាន​ក្នុង​កម្រិត​ណា? តើ​អ្នក​ដោះស្រាយ​បញ្ហា​នោះ​​ដោយ​របៀបណា? តើ​មាន​ជំហាន​​អ្វី​ខ្លះ​ដែល​អ្នក​ត្រូវ​អនុវត្ត​​ដើម្បី​ដោះស្រាយ​បញ្ហា​ ទាំង​នោះ? ហេតុ​អ្វី​បាន​ជា​មហាសេដ្ឋី Bill Gates, Larry Ellison, Warren Buffett, Mark Zuckerberg, Aliko Dangote និង Steve Jobs អាច​ជោគជ័យ​ក្នុង​អាជីវកម្ម​បាន?

ការ​ពិត​ មហាសេដ្ឋី​កំពូលៗ​នៅ​លើ​ពិភពលោក​ទាំង​នេះ​សុទ្ធតែ​ជួប​បញ្ហា​ក្នុង​ អាជីវកម្ម​រាប់មិនអស់ តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ថា ពួកគេ​បាន​ហែល​ផុត​បញ្ហា​ទាំង​នោះ​បាន​ដោយ​ជោគជ័យ​រហូត​មកដល់​សព្វថ្ងៃ។ អ្នក​ទាំង​នេះ​​គឺ​សុទ្ធតែ​មាន​យុទ្ធសាស្ត្រ​ដោះស្រាយ​អាជីវកម្ម​រៀងៗ​ខ្លួន ​រួច​ទៅ​ហើយ​ ​តែ​ជា​គោលការណ៍​​ការ​ស្វែង​រក​ដំណោះស្រាយ​ក្នុង​អាជីវកម្ម​ត្រូវ​បាន​គេ​ អនុវត្ត​​តាម​ជំហាន​ទាំង​១០ ខាងក្រោម​នេះ៖

១) ​រក​ឲ្យ​ឃើញ​បញ្ហា​ដែល​កើត​មាន​ឡើង​

តើ​អ្វី​ទៅ​ជា​បញ្ហា​នៅ​ក្នុង​អាជីវកម្ម​របស់​អ្នក? នេះ​ជា​សំនួរ​មួយ​​ដើម្បី​បញ្ជាក់​ថា អ្នក​ពិត​​ជា​​ដឹង​ខ្លួន​ឯង​ថា ខ្លួន​កំពុង​ប្រឈមមុខ​ទៅ​នឹង​​បញ្ហា​មួយ​ពិតប្រាកដ​​ដែល​មិន​ទាន់​ដោះស្រាយ​ នៅ​ឡើយ។ ជា​ទូទៅ អាជីវកម្ម​ដែល​បរាជ័យ ភាគច្រើន​កើត​ឡើង​​ដោយសារ​តែ​​​​ប្រព័ន្ធ​គ្រប់គ្រង​បាន​មើល​រំលង​បញ្ហា​មួយ ​ចំនួន​​។ ជំហាន​ដំបូង​នៅ​ពេល​នេះ​គឺ​អ្នក​ត្រូវ​ដឹង​ថា បញ្ហា​ពិត​ជា​មាន ហើយ​ដំណោះស្រាយ​មួយ​ក៏​ត្រូវ​ដាក់​ចេញ​​​ជា​ក្រោយ​​ផង​​ដែរ។

…ហេតុ​អ្វី​បាន​ជា​អតិថិជន​ត្រូវ​ជ្រើសរើស​អ្នក​ តែ​មិនមែន​ជា​គូប្រជែង​​របស់​អ្នក?…



២) កំណត់​មូលហេតុ​នៃ​បញ្ហា


​តើ​អ្វី​ទៅ​ជា​មូលហេតុ​នាំ​ឲ្យ​កើត​មាន​បញ្ហា​នេះ​ឡើង? បន្ទាប់​ពី​បាន​រក​ឃើញ​បញ្ហា​ហើយ​នោះ ជំហាន​បន្ទាប់​គឺ​ជា​ដំណាក់​កាល​មួយ​ដែល​អ្នក​ត្រូវ​ដឹង​ពី​មូលហេតុ​ដែល​នាំ ​ឲ្យ​បញ្ហា​អាជីវកម្ម​របស់​អ្នក​កើត​មាន​ឡើង។ ​អ្នក​ត្រូវ​ប្រកាន់​គោលការណ៍​មួយ​ថា មាន​ហេតុ​ ទើប​មាន​ផល​ជា​ក្រោយ ហេតុ​ដូច្នេះ​បញ្ហា​​ក្នុង​អាជីវកម្ម​ក៏​មាន​ហេតុ​របស់​វា​ដែរ។ នៅ​ពេល​ដែល​អ្នក​អាច​ជីកកកាយ​ឫសគល់​នៃ​មូលហេតុ​នៃ​​បញ្ហា​អាជីវកម្ម​បាន​​ ហើយ​នោះ មាន​ន័យ​ថា អ្នក​ក៏​អាច​ដឹង​ពី​ដំណោះស្រាយ​ដើម្បី​​​ត្រៀម​​ទប់ស្កាត់​បញ្ហា​នោះ​បាន​​ ដែរ។ ​



៣) ជឿជាក់​ថា​ ដំណោះស្រាយ​ពិត​ជា​មាន


បញ្ហា​ និង ឫសគល់​នៃ​បញ្ហា​ អ្នក​អាច​កំណត់​បាន​​អស់​ហើយ ហើយ​អ្វី​ដែល​ជា​ជំហាន​បន្ទាប់​នោះ​គឺ ការ​ស្វែង​រក​ដំណោះស្រាយ​យ៉ាង​មាន​ប្រសិទ្ធភាព​មួយ​លើ​បញ្ហា​នោះ។ នេះ​អាច​ជា​រឿង​លំបាក​សម្រាប់​អ្នក​ក្នុង​ការ​ស្វែង​រក​វា​​ឡើង តែ​អ្វី​ដែល​ចាំ​បាច់​​​នោះ​គឺ​​អ្នក​ត្រូវ​​ជឿជាក់​​ថា រាល់​បញ្ហា​​សុទ្ធតែ​មាន​ដំណោះស្រាយ​ទាំង​អស់។ នៅ​ពេល​ដែល​អ្នក​ដាក់​ជំនឿ​នេះ​ហើយ មិនយូរមិនឆាប់​ដំណោះស្រាយ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ពិត​ជា​មាន​ជាក់​ជាមិនខាន ហើយ​​បញ្ហា​នោះ​នឹង​រលត់​ទៅវិញ​ក្នុង​រយៈ​​ណា​មួយ​។

…តើធ្វើយ៉ាងណាទើបអាចក​សាង​កេរ្តិ៍ឈ្មោះ​របស់​អ្នក​ឲ្យ​ល្បី​នៅ​ក្នុង​វិស័យ​ជំនួញ?…



៤) ដាក់​​បញ្ហា​ឲ្យ​សមាជិក​​​ក្នុង​ក្រុម​​ពិភាក្សា​ស្វែង​រក​ដំណោះស្រាយ


វា​មិន​មែន​ជា​អ្វី​ដែល​គួរឲ្យ​ព្រួយបារម្ភ​នោះ​ឡើយ បើ​បញ្ហា​នេះ​គ្រាន់តែ​ជា​រឿង​មួយ​តូចតាច​​ដែល​អ្នក​អាច​ដោះស្រាយ​ដោយ​ខ្លួន ​ឯង​បាន។ ទោះបី​ជា​យ៉ាងណា​ក៏ដោយ​ បើ​បញ្ហា​នោះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ អ្នក​ចាំបាច់​ត្រូវ​ស្វែង​រក​ជំនួយ​ពី​ក្រុម​ការងារ​ស្វែង​រក​ដំណោះស្រាយ​ ត្បិត​អី ក្រុមការងារ​ដ៏​រឹងមាំ​អាច​មាន​យុទ្ធសាស្ត្រ និង គំនិត​ល្អៗ​ច្រើន​បង្កើត​ជា​ជម្រើស​ដ៏​សមស្រប​ណាមួយ​សម្រាប់​អ្នក​ធ្វើ​ការ​ សម្រេចចិត្ត​​ដោះស្រាយ​លើ​បញ្ហា​នោះ។

៥) សាកល្បង​ស្វែង​រក​ដំណោះស្រាយ​ដោយ​ខ្លួន​ឯង

ទន្ទឹម​នឹង​ការ​ស្នើ​សុំ​ជំនួយ​ពី​សមាជិក​ក្នុង​ក្រុម​ការងារ​​ជួយ​ស្វែង​រក ​ដំណោះស្រាយ​​​ឲ្យ​អ្នក អ្នក​ក៏​ត្រូវ​គិត​រិះរក​យុទ្ធសាស្ត្រ ឬ គន្លឹះ​ដោះស្រាយ​បញ្ហា​ឲ្យ​បាន​ច្រើន​​ដោយ​ខ្លួន​ឯង​​ផង​ដែរ​តាម​លទ្ធភាព​ ដែល​អាច​ធ្វើ​បាន។ ចំណាយ​ពេល​វេលា​​ដ៏​ស្ងប់ស្ងាត់​នៅ​​កន្លែង​​​ដ៏​សមគួរ​មួយ​អាច​ជួយ​ឲ្យ​ អ្នក​ស្វែង​រក​ដំណោះស្រាយ​យ៉ាង​មាន​ប្រសិទ្ធភាព​បាន​និង ប្រកបដោយ​ភាព​ច្នៃប្រឌិត​ទៀត​ផង ត្បិតអី​ពេល​ខ្លះ​​ការ​ចំណាយ​ពេលវេលា​​គិត​​​នៅ​កន្លែង​ស្ងប់ស្ងាត់ ​​ដំណោះស្រាយ​​អាច​ផុស​ចេញ​ឡើង​ទាំង​មិន​ដឹង​ខ្លួន។

…​​ក្រុមហ៊ុន​ Khmer Real Estate​ ​ផ្ដល់​​មូលនិធិ​ពី​ ​​៣០០០$-៥០០០$​ សម្រាប់​​យុវជន​​​មាន​មហិច្ឆតា​បង្កើត​អាជីវកម្ម​!…



៦) កត់ត្រា​ទុក​​​លទ្ធភាព​ដំណោះស្រាយ​នីមួយៗ


បន្ទាប់​ពី​អ្នក​រិះរក​មធ្យោបាយ ឬ គន្លឹះ​ដោះស្រាយ​ផ្សេងៗ​​បាន​ច្រើន​​ដោយ​ខ្លួន​អ្នក​ផ្ទាល់​ហើយ​នោះ អ្នក​ត្រូវ​ចាប់ផ្តើម​កត់ត្រា​ទុក​គន្លឹះ​​ទាំង​នោះ​​ដែល​អ្នក​ជឿជាក់​ថា អាច​មាន​លទ្ធភាព​​ដោះស្រាយ​បញ្ហា​នោះ​​បាន​ឲ្យ​បាន​តាម​លំដាប់​លំដោយ និង ត្រឹមត្រូវ​ផង​ដែរ។ យ៉ាងណាមិញ អ្នក​មិន​ត្រូវ​​ប្រញាប់ប្រញាល់​ធ្វើ​​ឲ្យ​​ដំណោះស្រាយ​របស់​អ្នក​កើត​ចេញ​ ជា​សកម្មភាព​ភ្លាមៗ​នោះ​ឡើយ ពោល​គឺ​គ្រាន់តែ​ព្រាងទុក​នៅ​ក្នុង​ក្រដាស​តែ​ប៉ុណ្ណោះ ដើម្បី​យក​ទៅ​ផ្ទៀងផ្ទាត់​​ជា​មួយ​ដំណោះស្រាយ​របស់​សមាជិក​ក្នុង​ក្រុម ដែល​មាន​នៅ​ជំហាន​ទី​បន្ទាប់​នេះ។



៧) ផ្ទៀងផ្ទាត់​លទ្ធផល​ដំណោះស្រាយ​របស់​អ្នក​ជា​មួយ​សមាជិក​ក្នុង​ក្រុម


បន្ទាប់​ពី​បាន​ចំណាយ​ពេល​រៀងៗ​ខ្លួន​ស្វែង​រក​ដំណោះស្រាយ​​​ដែល​កំពុង​ ប្រឈមមុខ ឥឡូវ​នេះ​ដល់​ពេល​ដែល​អ្នក​ត្រូវ​​​លើកឡើង​ពី​ដំណោះស្រាយ​របស់​អ្នក​ទៅ​ សមាជិក​ក្នុង​ក្រុម​ឲ្យ​ស្វែង​យល់​ទាំង​អស់​គ្នា។ បន្ទាប់​មក​ អ្នក​ត្រូវ​ស្នើ​សុំ​ឲ្យ​សមាជិក​នីមួយៗ​លើក​ទស្សន ឬ គំនិត​យោបល់​របស់​ខ្លួន​ដើម្បី​រក​ឲ្យ​ឃើញ​ពី​​យុទ្ធសាស្ត្រ​ដ៏​ល្អ​មួយ​ជា​ គន្លឹះ​ដោះស្រាយ​បញ្ហា​នោះ​មុន​សម្រេចចិត្ត​​ជា​ផ្លូវការ។ សកម្មភាព​នេះ​មាន​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​អាជីវកម្ម​ ព្រោះ​ថា​ វា​អាច​កសាង​ក្រុមការងារ​ឲ្យ​រឹងមាំ​បាន​ដែល​នេះ​ហើយ​ធ្វើ​ឲ្យ​អាជីវកម្ម​ របស់​អ្នក​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​​រស់​រវើក។

…ដំបូន្មាន​ដ៏​មាន​តម្លៃ​​របស់​​​ស្ថាបនិក​ក្រុមហ៊ុន​ល្បីៗ​៥ រូប​​ពីយុទ្ធសាស្រ្ត​​ធ្វើ​​អាជីវកម្ម​​​​…



៨) ចាប់​ផ្តើម​កត់ត្រា​ទុក​ដំណោះស្រាយ​​​នីមួយៗ​ដែល​បាន​លើក​ឡើង


ក្នុង​អំឡុង​ពេល​ដែល​​ក្រុមការងារ​កំពុង​លើកឡើង​ពី​មតិយោបល់​​ដែល​ជា​ យុទ្ធសាស្ត្រ​ដោះស្រាយ​បញ្ហា​នោះ អ្នក​ក៏​មិន​ត្រូវ​ភ្លេច​ទាញ​ក្រដាស​កត់ត្រា​ចំណុច​សំខាន់ៗ​នៃ​មតិយោបល់​ ទាំង​នោះ ហើយ​ចាប់​ផ្តើម​ប្រៀបធៀប​ពី​មួយ​ទៅ​មួយ​ ដើម្បី​រក​ឲ្យ​ឃើញ​​ថា តើ​ដំណោះស្រាយ​ណា​មួយ​ល្អ​បំផុត​សម្រាប់​អ្នក។ នេះ​ជា​​​វិធីសាស្ត្រ​មួយ​ដើម្បី​​ធ្វើ​ឲ្យ​​អ្នក​ប្រាកដ​ថា មាន​តែ​ជម្រើស​ដ៏​ល្អ​មួយ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​អនុវត្ត​។



៩) ចាប់​ផ្តើម​ធ្វើ​ការ​សម្រេចចិត្ត


បន្ទាប់​ពី​បាន​ស្តាប់ និង ថ្លឹងថ្លែង​គ្រប់​ជ្រុងជ្រោយ​លើ​ដំណោះស្រាយ​នានា​ពី​ក្រុម​ការងារ នេះ​ដល់​ពេល​ដែល​អ្នក​ត្រូវ​​សម្រេច​ចិត្ត​​​​យ៉ាង​ឆាប់​រហ័ស​​ក្នុង​ការ​ ជ្រើសរើស​ដំណោះស្រាយ​ដ៏​ល្អ​មួយ​យក​មក​អនុវត្ត​មុន​​នឹង​​បញ្ហា​រាលដាល​​​ កាន់តែ​ធំ។ អ្នក​គឺ​ជា​សហគ្រិន ជា​អ្នក​ដែល​គ្រប់គ្រង​លើ​ជោគវាសនា​របស់​ក្រុមហ៊ុន ហេតុ​ដូច្នេះ​ការ​សម្រេច​ចិត្ត​ក្នុង​ពេល​នេះ​គឺ​ជា​តួនាទី​របស់​អ្នក​​ដោយ​ ការ​ទទួល​ខុសត្រូវ។ ​



…តើអ្វី​ទៅ​ជា​លក្ខណៈ​ខុស​គ្នា​រវាង ​​អាជីវករ​ខ្នាត​តូច​ និងសហគ្រិន​​​​?…


១០) អនុវត្ត​ការ​សម្រេចចិត្ត​នោះ​ និង ទទួល​ស្គាល់​​លទ្ធផល​​ដែល​កើត​មាន​ឡើង

ការ​សម្រេច​ចិត្ត​របស់​អ្នក​មាន​រួច​ហើយ ដូច្នេះ​នៅ​ពេល​នេះ​វា​នៅ​រង់ចាំ​តែ​ការ​​អនុវត្ត​របស់​អ្នក​តែ​ប៉ុណ្ណោះ។ ​អ្នក​ត្រូវ​ប​ប្រើប្រាស់​​ធនធាន​នានា​ដែល​ជា​មធ្យោបាយ​គាំទ្រ​ដល់​ការ​ សម្រេច​ចិត្ត​នោះ ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ដែល​កំពុង​កើត​មាន​។ ប៉ុន្តែ​នៅ​មាន​សំនួរ​​មួយ​ទៀត​ដែល​អ្នក​ត្រូវ​​ឆ្លើយ​​នោះ​គឺ តើ​អ្នក​បាន​ត្រៀមខ្លួន​ទទួល​យក​លទ្ធផល​ក្រោយ​ពី​ការ​សម្រេចចិត្ត​របស់​អ្នក ​ហើយ​ឬ​នៅ?

លទ្ធផល​ពីរ​ត្រូវ​តែ​កើត​មាន​នៅ​ពេល​នេះ​ ពោល​ដំណោះស្រាយ​បញ្ហា​នោះ​អាច​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន ឬ អវិជ្ជមាន។ ទោះបី​ជា​យ៉ាងណា​ក៏ដោយ អ្នក​ត្រូវ​តែ​ទទួល​យក​លទ្ធផល​ទាំង​ពីរ​នេះ​ដោយ​ការ​ទទួល​ខុសត្រូវ ត្បិតអី​មនុស្ស​ភាគ​ច្រើន​បាន​គេចវេស​ និង ភ័យ​ខ្លាច​​ទៅ​នឹង​​​លទ្ធផល​​អវិជ្ជមាន។ ​ សម្រាប់​អ្នក​វិញ ក្នុង​នាម​ជា​សហគ្រិន អ្នក​មិន​ត្រូវ​បដិសេធន៍​ទំនួលខុសត្រូវ​របស់​ខ្លួន​ក្នុង​នាម​​ជា​អ្នក​ ដឹកនាំ​នៅ​ក្នុង​ក្រុមហ៊ុន​នោះ​ឡើយ ព្រោះ​ថា​ការ​ហ៊ាន​ប្រឈមមុខ​ទៅ​នឹង​ការ​បរាជ័យ​ក្នុង​អាជីវកម្ម​​នេះ​ហើយ​ ដែល​ជា​គន្លឹះ​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​​សហគ្រិន​ជោគជ័យ​បាន​នៅ​​ថ្ងៃ​ ខាងមុខ៕

TheBNEWS នឹង​ចេញ​ផ្សាយ​សៀវភៅ​មួយ​ក្បាល​មាន​ឈ្មោះ​ថា​​ “ឈ្នះ​ល្បែង​អាជីវកម្ម” ​ឬ​ “Winning the Game of Business” ​នៅ​ពេល​ឆាប់​ៗខាង​មុខ​នេះ។ សៀវភៅ​នេះ​នឹង​​ចែក​ជូន​ដោយ​ឥត​គិត​ថ្លៃ​​ដល់​ប្រិយមិត្ត​១០០​នាក់​ដំបូង​ ដែល​​​បាន​ផ្ញើ​អ៊ីមែល​របស់​ខ្លួន​មក​កាន់​​​ប្រអប់​ទទួល​​សារ (inbox) ​​ facebook ​របស់​ TheBNEWS! ​សូម​ប្រញាប់​រួស​រាន់​ឡើង​ ហើយ​សូម​ជួយ​ចែក​រំលែក​ព័ត៌មាន​នេះ​ផង​ណា! ​សូម​អរគុណ! ​​



ប្រែសម្រួល៖ ខេវិន

ប្រភព៖​ mytopbusinessideas

​ចង់​​សម្រេច​ចិត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​ គន្លឹះ​ទាំង៤នេះអាច​ជួយ​អ្នក​បាន!

បើ​ចង់​​សម្រេច​ចិត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​ គន្លឹះ​ទាំង​៤​នេះ​អាច​ជួយ​អ្នក​បាន!ប្រភព៖​ rimpe
មុន ​ពេល​ចេញ​ជា​សកម្មភាព​អ្វីមួយ មនុស្ស​គ្រប់​គ្នា​តែង​ធ្វើ​ការ​សម្រេចចិត្ត។ ការ​សម្រេច​ចិត្ត​ខុស ធ្វើ​ឲ្យ​សកម្មភាព​ដែល​អ្នក​ធ្វើ​នោះ​ខុស តែ​បើ​ការ​សម្រេច​ចិត្ត​ត្រូវ​វិញ សកម្មភាព​ដែល​អ្នក​ធ្វើ​នោះ ប្រាកដ​ជាចេញ​ជា​លទ្ធផល​វិជ្ជមាន។ ដូច្នេះ​ការ​សម្រេច​ចិត្ត​ពិត​ជា មាន​សារៈសំខាន់​ខ្លាំង​ណាស់ សម្រាប់​មនុស្ស​គ្រប់​គ្នា ជាពិសេស ​ក្នុង​នាម​ជា​អ្នក​ដឹកនាំ​តែ​ម្តង។ ដូច្នេះ មុន​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​ អ្នក​ត្រូវ​តែ​គិតគូរ​ឲ្យ​បាន​ល្អិតល្អន់​ជាទីបំផុត ដើម្បី​ជៀសវាង​បញ្ហា​ផ្សេងៗ។

ខាង​ក្រោម​នេះជា​គន្លឹះ​សំខាន់ៗ​ដែល​ជួយ​ឲ្យ​អ្នក​ធ្វើ​ការ​សម្រេចចិត្ត​ប្រកប​ដោយប្រសិទ្ធភាព៖

១) សរសេរ​ជម្រើស​ទាំងអស់​ ដើម្បី​ប្រៀប​ធៀប (Write all your options for comparing )

ជា​ធម្មតា​ទេ ដើម្បី​មុន​ពេល​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ អ្នក​គួរ​តែ​បង្កើត​ជម្រើស​ឲ្យ​បាន​ច្រើន​សិន។ ការ​បង្កើត​ជម្រើស​ឲ្យ​បាន​ច្រើន​នេះ អាច​ជួយ​ឲ្យ​អ្នក​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​គិតគូរ និង ប្រៀប​ធៀប​រក​មើល​ថា មួយ​ណា​ល្អ​ជាង​គេ បន្ទាប់​មក​ធ្វើការ​សម្រេច​ចិត្ត​ធ្វើ​វា​តែ​ម្តង។​​

…ទម្លាប់អាក្រក់ទាំង៣នេះ មិនអាច​ធ្វើ​ឲ្យ​អ្នក​បញ្ចេញ​សក្ដានុពល​ឲ្យ​អស់​ពី​ខ្លួន​នៅ​កន្លែង​ការងារ​បាន​ឡើយ!…



២) បញ្ឈប់​​ការ​ស្វែង​រក​ភាព​ល្អឥតខ្ចោះ (Stop seeking perfection) ​


ការ​គិតគូរ​ពិចារណា​វែង​ឆ្ងាយ គឺ​ពិត​ជា​សំខាន់​ក្នុង​ការ​សម្រេចចិត្ត​ប្រកប​ដោយ​ផល​វិជ្ជមាន ប៉ុន្តែ​បើ​អ្នក​សញ្ជឹង​គិត​ដោយ​ព្យាយាម​​រក​ឲ្យ​ឃើញ​ភាព​ល្អ​ឥត​ខ្ចោះ​នោះ ក៏​មិន​អាច​ទៅ​រួច​ដែរ​ ព្រោះ​ក្នុង​លោក​នោះ គ្មាន​រឿង​បែប​នេះ​ឡើយ ហើយ​ជា​ធម្មតា​ទេ​ វា​តែង​តែ​មាន​បញ្ហា​ខ្លះៗ​ដែល​មិន​អាច​ជៀស​រួច។ បើ​អ្នក​ចាំ​ទាល់​​តែ​រក​ឃើញថា អ្វីៗ​​ល្អ​ឥត​ខ្ចោះ​សិន​ទើប​សម្រេច​ចិត្ត​នោះ​ វា​អាច​ធ្វើ​ឲ្យ​មាន​ការ​យឺត​យ៉ាវ​ក្នុង​ការ​ដាក់​ចេញ​ជា​ផែន​ការ ឬ សកម្មភាព​ការងារ​ផ្សេងៗ។ អ្វី​ដែល​សំខាន់​ត្រង់​ចំណុច​នេះ គឺ គ្រាន់​តែ​ព្យាយាម​គិត​ឲ្យ​បាន​ម៉ត់ចត់ ហើយ​ធ្វើ​ការ​សម្រេចចិត្ត​ជា​មួយ​នឹង​ទំនួល​ខុស​ត្រូវ​ខ្ពស់ នោះ​អាច​និយាយ​បាន​ថា វា​គឺ​ជា​រឿង​ដ៏​ប្រសើរ​មួយ​។

…គន្លឹះសំខាន់ទាំង ៥យ៉ាង​ដែល​អ្នក​អាច​រៀន​សូត្រ​ពី​ភាព​ជោគជ័យ​​របស់​ក្រុមហ៊ុន Google…

​៣) ត្រូវ​មាន​ភាព​ឯករាជ្យ​លើ​ខ្លួនឯង​ (Be independent)

ភាព​ឯករាជ្យ ពិត​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​មនុស្ស​ម្នាក់ ព្រោះ​បើ​គ្មាន​ភាព​ឯករាជ្យ​ទេ ពួកគេ​មិន​អាច​ធ្វើអ្វី​ដែល​ពួកគេ​ចង់​ធ្វើ​នោះ​ឡើយ។ ដូច្នេះ ដើម្បី​ធ្វើការ​សម្រេច​ចិត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​នោះ អ្នក​ត្រូវ​តែ​មាន​ភាព​ម្ចាស់​ការ​លើ​ខ្លួន​ឯង ពោល​គឺ ត្រូវ​ធ្វើអ្វី​ដែល​ខ្លួន​ពេញ​ចិត្ត ជាជាង​ធ្វើ​ទៅ​តាម​ការ​បញ្ចុះបញ្ចូល​របស់​អ្នក​ដទៃ។ មិនមែន​មាន​ន័យ​ថា អ្នក​មិន​ស្តាប់​អ្នកដទៃ​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ គឺ​អ្នក​ត្រូវ​មាន​ជំហរ​ច្បាស់លាស់ និង ស្គាល់​យ៉ាង​ច្បាស់​ពី​គោល​បំណង​របស់​ខ្លួន ដើម្បី​ជៀសវាង​ធ្វើអ្វីៗ​ទៅ​តាម​តែ​គេ។

…ដើម្បី​រកស៊ី​ជា​មួយមិត្តភក្ដិ​ប្រកប​ដោយ​ជោគជ័យ ត្រូវ​មាន៤ចំណុច​នេះ!…



៤) ចេះ​ទទួល​ស្គាល់​កំហុស (Admit your mistakes
)

គ្មាន​នរណា​ម្នាក់​មិន​ធ្លាប់​សាង​កំហុស​នោះ​ទេ តែ​អ្វី​ដែល​សំខាន់​នោះ ថា​តើ​ចេះ​​ទទួល​ស្គាល់​កំហុស​នោះ​ឬអត់។ ការ​ទទួល​ស្គាល់​កំហុស មានន័យថា អ្នក​បាន​ទទួល​ស្គាល់​ថា វិធី​ដែល​ធ្វើ​កន្លង​មក​គឺ​មាន​បញ្ហា ដូច្នេះ ត្រូវ​ការ​ផ្លាស់ប្ដូរ ដើម្បី​ធ្វើ​ឲ្យ​ស្ថានការណ៍​ប្រសើរ​ឡើង​វិញ។ ដូច្នេះ ការ​ទទួល​ស្គាល់​កំហុស អាច​ធ្វើ​ឲ្យ​ការ​សម្រេច​ចិត្ត​របស់​អ្នក​ល្អ​ជាង​មុន៕

…៤ចំណុច​សំខាន់​នេះ គ្រប់គ្រាន់​នឹង​បង្ហាញ​ថា អ្នក​ជា​បុគ្គលិក​អាក្រក់!…



ប្រែ​សម្រួល៖ រស្មី

ប្រភព៖​ Entrepheneur

Tuesday, September 15, 2015

ធានា​ថា​លោក​អ្នក​សល់​ប្រាក់​ច្រើន ប្រសិន​បើ​អនុវត្ត​តាម​ដំបូន្មាន​៨យ៉ាង​បាន​សម្រេច !

ធានា​ថា​លោក​អ្នក​សល់​ប្រាក់​ច្រើន ប្រសិន​បើ​អនុវត្ត​តាម​ដំបូន្មាន​៨យ៉ាង​បាន​សម្រេចប្រភព៖​ instantcashrotator
ទ្រឹស្ដី ​មួយ​ដើម្បី​ក្លាយ​ខ្លួន​ជា​អ្នក​ដែល​សល់​ប្រាក់​ច្រើន គឺ​ព្យាយាម​ធ្វើ​អតិបរមា​កម្ម​លើ​ប្រាក់​ចំណេញ និង​ធ្វើ​អប្បបរមា​កម្ម​លើ​ប្រាក់​ចំណាយ (try to maximize your income, and minimize your expense) ឬ​និយាយ​ឲ្យ​ស្រួល​ស្ដាប់​ជាង​នេះ​ថា ប្រឹង​រក​ប្រាក់ ហើយ​រិះ​ថាំ ខំ​សន្សំ។

ក្រៅ​ពី​នោះ ក៏​មាន​ពាក្យ​មួយ​តំណាល​ថា​ «សម្បូរ​ទ្រព្យ – rich» និង​ «សម្បូរ​ប្រាក់ – wealthy» មិន​ដូច​គ្នា​ទេ។ ពាក្យ​ថា​ «សម្បូរ​ប្រាក់» មាន​ន័យ​ថា​ប្រាក់​សម្បូរហូរហៀរ​ ប្រាក់​ចាយ​មិន​ចេះ​ស្កាល​ដូច​ពាក្យ​សំនួន​របស់​ខ្មែរ​ថា «ហែក​ដំបូល​ចាក់» មានន័យ​ថា​លុយ​សម្បូរ​ខ្លាំង​ពេក ដល់​ថ្នាក់​ចាក់​លុយ​ចូល​ក្នុង​ផ្ទះ​តាម​ដំបូល​ផ្ទះ​តែម្ដង។

មួយ​វិញ​ទៀត ពាក្យ​ថា​ «ពូកែ​រកលុយ​» និង​ពាក្យ «ពូកែ​សន្សំលុយ» ក៏​ខុស​គ្នា​ដែរ។ លោក​អ្នក​ប្រហែល​ជា​ធ្លាប់​ឮ​ពាក្យ «ក្លាយ​ជា​អ្នក​មាន​ឆាប់​ទេ តែ​បើ​ចង់​រក្សា​ប្រាក់​ឲ្យ​នៅ​សល់​យូរ​អង្វែង​កុំ​ឲ្យ​ខ្វះ​ចាយ​ទៅ​ថ្ងៃ​ ក្រោយ ជា​រឿង​មិន​ងាយ​ស្រួល​ឡើយ» ។


អ្នក​ដែល​ចង់ «សល់​លុយ​ច្រើន» យល់​ថា​គេ​អាច​ប្រើ​សាច់​ប្រាក់ ដើម្បី​បង្កើន​សាច់​ប្រាក់ ពោល​គឺ​ត្រូវ​ធ្វើ​ឲ្យ​សាច់​ប្រាក់​មាន​លំហូរ​ជានិច្ច មិន​ឲ្យ​វា​នៅ​ស្ងៀម​ទេ។ ពួកគេ​យល់​អំពី​តម្លៃ​ប្រាក់ និង​ចំណាយ​ត្រូវ​ខ្ទង់ ហើយ​ប្រាក់​នឹង​ឲ្យ​ពរ​ឲ្យ​ជ័យ​ត្រឡប់​ទៅ​គេ​វិញ តែ​ប្រសិន​បើ​លោក​អ្នក​មើលងាយ​ប្រាក់​ដោយ​ចាយ​ប្រាក់​ខ្ជះខ្ជាយ ប្រាក់​នឹង​ឲ្យ​ទុក្ខ​ទោស​ទៅ​លោក​អ្នកវិញ​ដែរ។

ខាង​ក្រោម​នេះ ជា​ប្រការ ៨យ៉ាង​ដែល​លោក​អ្នក​ ប្រសិន​ប្រាថ្នា​ចង់ «សម្បូរ​ប្រាក់» ត្រូវ​ជៀសវាង​ព្រោះ​សុទ្ធ​សឹង​ជា​កំហុស។

…សញ្ញាណ​សំខាន់ៗ​ទាំង​១០ បង្ហាញ​ពី​ភាព​ខុសគ្នា​រវាង​​បុគ្គល​ជោគជ័យ និងបុគ្គល​បរាជ័យ!…

១-លោភ​ខាង​ទ្រព្យ​សម្បត្តិ​:កាលណា​លោក​អ្នក​ចង់​បាន​ ផាសុកភាព​ហើយ ចង់​ធ្វើ​អ្វី ចង់​បាន​អ្វី​ដែល​ស្រួលៗ រក​តែ​ស្រណុក រក​តែ​ស្រួល វា​ជា​ការ​ដើរ​ច្រាស​ទិស​គ្នា មិន​ឲ្យ​លោក​អ្នក​ទុក​ដាក់​ប្រាក់​កាស​ឲ្យ​គង់វង្ស​បាន​ទេ​ ហើយ​វា​ជា​បច្ច័យ​អាក្រក់​បំផុត​ក្នុង​បញ្ហា​លុយ​កាក់។ លោក​អ្នក​ដែល​លោភ​ខាង​ទិញ​របស់​ប្រើប្រាស់​ គឺ​ស្ថិត​ក្នុង​ចំពូក «អ្នក​វណ្ណៈ​កណ្ដាល -middle class»។

ផ្ទុយ​ពី​នេះ «អ្នក​សម្បូរ​ប្រាក់ -the wealth» លោភ​ខាង​សេរីភាព និង​លោភ​ខាង​កើប​លុយ​ទុក យូរៗ​ទៅ ប្រាក់​លែង​អាស្រ័យ​តែ​លើ​កិច្ច​ខិតខំ (efforts) របស់​គេ​តែ​មួយ​មុខ​ទៀត​ហើយ តែ​អាស្រ័យ​លើ​កត្តា​ដទៃ​ទៀត។ មនុស្ស​ចំពូក​នេះ លោភ​តែ​ខាង​ប្រាក់ និង​សេរីភាព រីឯ​របស់របរ​ប្រើប្រាស់​មិន​មែន​ជា​មុខ​សញ្ញា​​ដែល​គេ​ត្រូវ​យក​ចិត្ត​ទុក​ ដាក់​នោះ​ទេ។

២-ជៀសវាង​ការ​រកស៊ី​ហក់​លោត: គួរ​ជៀសវាង​ការ​ផ្លាស់ប្ដូរ​មុខ​របរ​ញឹកញាប់ (diversificaton) ព្រោះ​ការ​រកស៊ី​ហក់លោត ពិបាក​ជោគជ័យ​ណាស់ ពោល​គឺ​បន្តិច​រកស៊ី​នេះ មិន​បាន​ប៉ុន្មាន​ផង ដូរ​មុខ​របរ​ទៅ​រកស៊ី​អ្វី​ផ្សេង។

…ជំនាញ​​​​អាជីវកម្ម​​សំខាន់ៗ​ទាំង​៧ ដែល​​សហគ្រិន​គួរ​រៀន​ពី​មេធាវី…

លោក Mark Cubanជា​ធុរជន​ដ៏​ឆ្នើម​មួយ​រូប ឲ្យ​ដំបូន្មាន​ថា «បើ​រក​ស៊ី​អ្វី​ ឲ្យ​ចំ​ជា​រក​ស៊ី​ហ្នឹង ប្រសើរ​ជាង​រកស៊ី​ហក់​លោត»។ ប្រសិនបើ លោក​អ្នក​ចង់​ចូល​ក្នុង​ចំពូក «អ្នក​សម្បូរ​ប្រាក់» ត្រូវ​សម្លឹង​មើល​ឱកាស​វិនិយោគ​ឲ្យ​ត្រូវ ហើយ​តម្រង់​ទិស​ទៅ​តែ​មុខ​ព្រួញ​នោះ​តែ​មួយ ពិត​ជា​មិន​ខុស​ទេ។

៣-កុំ​ពឹង​លើ​ប្រភព​ចំណូល​តែ​មួយ (រកស៊ី​ងាប់​ក្រឡា):លោក ​អ្នក​គួរ​កុំ​ពឹង​ទៅ​លើ​ប្រភព​ចំណូល​តែ​មួយ មិន​ថា​លោក​អ្នក​រក​ចំណូល​មួយ​មុខ​នោះ​បាន​ច្រើន​ប៉ុណ្ណា​ទេ ព្រោះ​ធ្វើ​បែប​នេះ​មិន​ខុស​ពី​ពាក្យ​ខ្មែរ​ថា «រក​ស៊ី​ងាប់​ក្រឡា»។ មាន​ករណី នារី​ម្នាក់​ធ្វើ​ការ​ឲ្យ​គេ​តែ​មួយ​មុខ មិន​មាន​មុខ​របរ​ផ្សេង​ទេ មានន័យ​ថា​គាត់​ពឹង​តែ​លើ​ប្រាក់ខែ​មួយ​មុខ ស្រាប់​តែ​ថ្ងៃ​មួយ ក្រុមហ៊ុន​បញ្ឈប់​នាង​ពី​ការងារ បណ្ដាល​ឲ្យ​ប្រភព​ចំណូល​របស់​នាង​ត្រូវ​កាត់ផ្ដាច់​ដូច​គេ​កាត់​ផ្ដាច់​ សរសៃឈាម​ដូច្នោះ​ដែរ ព្រោះ​អាង​តែ​លើ​ប្រាក់​ខៃ​តែ​មួយ​មុខ​ មិន​រក​ស៊ី​អ្វី​ផ្សេង ដើម្បី​គួបផ្សំ​គ្នា។

ប្រការ​សំខាន់​គឺ​លោក​អ្នក​ពុំ​គួរ​ទុក​សាច់​ប្រាក់​ឲ្យ​នៅ​ទំនេរ​ទេ ត្រូវ​បោះ​ទុន​រកស៊ី​លើ​វិស័យ​អ្វី​ផ្សេង ដើម្បី​បង្កើត​ចំណូល​ផ្សំ​គ្នា ​នេះ​បន្តិច​នោះ​បន្តិច។ នេះ​គេ​មិន​ហៅ​ថា «រកស៊ី​ហក់​លោត ឬ​ដូរ​មុខ​របរ – diversification» ទេ តែ​ជា «ការ​ពង្រីក​មុខ​របរ – fortification»។

…សៀវភៅ​បី​ក្បាល​ដែល​ល្អ​បំផុត​សម្រាប់​​​សហគ្រិន​​​នារី​ៗ​!…

៤-កុំ​មើល​បំណាំ​គ្នា(កុំ​គិត​អំពី​គេ គិត​អំពី​ខ្លួនឯង): ប្រសិនបើ​លោក​អ្នក​រវល់​តែ​ធៀប​ខ្លួន​ឯង​ជាមួយ​អ្នក​ដទៃ រក​កំណើត​មាន​មិន​ឃើញ​ទេ ព្រោះ​ការ​ប្រៀប​ធៀប​គ្នា​បែប​នេះ​ បើ​រស់​នៅ​ក្នុង​បរិស្ថាន​មិន​ប្រកួតប្រជែង ធ្វើ​ឲ្យ​មនុស្ស​មិន​សូវ​ខំ​ប្រឹង ព្រោះ​រវល់​តែ​មើល​គេ ប្រសិន​បើ​គេ​មិន​សូវ​ប្រឹង ឯង​មិន​សូវ​ប្រឹង​ដែរ យូរ​ទៅ លែង​ចង់​មាន​ចង់​បាន។ ដូចនេះ គួរ​កុំ​ខ្វល់​រឿង​គេ​ គិត​តែ​ពី​រឿង​ខ្លួន​ឯង​វិញ ល្អ​ជាង។

៥-រកស៊ី​ ត្រូវ​ចេះ​មើល​កាលៈទេសៈ ចូរ​លោក​អ្នក​កុំ​រកស៊ី​លើ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ និង​ធំៗ​ពេក​ព្រោះ​ជួនកាល​យើង​តាម​គេ​មិន​ទាន់​ទេ គេ​ចេញ​ស៊េរី​ថ្មីៗ ឯង​នៅ​លក់​ផលិត​ផល​ចាស់​មិន​ទាន់​អស់​ផង ដូច្នេះ​ទំនិញ​ទាំងនោះ បាន​ត្រឹម​មួយ​ឆាវ​ប៉ុណ្ណោះ​ រួច​ហើយ​ឆាប់​សាប​ទៅ​វិញ។ លោក​ Warren Buffett រកស៊ី​ខាង​វិស័យ​អគ្គិសនី ​សំណង់​ស្ពាន​ថ្នល់ ធនាគារ ធានារ៉ាប់រង ភេសជ្ជៈ អាហារ ស្ករ​គ្រាប់។

លោក​អ្នក​គួរ​រកស៊ី​មុខ​របរ​ណា ផលិតផល​ណា ដែល​គេ​និយម​ប្រើប្រាស់​យូរអង្វែង មិន​ចេះ​សាប​រលាប។

៦-កុំ​ឆាប់​ជឿ​គេ​អស់​ពី​ពោះ​ពេកៈ អស់​លោក​ លោក​ស្រី​ខ្លះ​ ជឿ​ជាក់​លើ​គេ​ពេក ពោល​គឺ​ជឿ​អស់​ពី​ពោះ ឬ​ជឿ​ផ្កាប់​មុខ​តែ​ម្ដង ដោយ​សារ​សេចក្ដី​ឆោត​ល្ងង់ ឬ​ដោយ​សារ​មនោសញ្ចេតនា​ពេញចិត្ត​ពេញ​ថ្លើម​ចំពោះ​គេ។ នេះ​ជា​កំហុស​ឆ្គង​ដ៏​ធំ​នៅ​ក្នុង​មុខ​ជំនួញ។

…​​វិធីសាស្ត្រ​​ ៩​យ៉ាង​ ដើម្បី​​បញ្ចុះ​បញ្ចូល​​​អតិថិជន​គ្រាក់​ៗ​ឱ្យ​ទិញ​ផលិតផល​របស់​អ្នក!…

ត្រូវ​ចាំ​ថា​នៅ​ក្នុង​លោក​នេះ​ ល្បិចកល​មនុស្ស​រាប់​រយ​ជំពូក មិន​អាច​ជឿ​ទុក​ចិត្ត​គេ​ទាំង​ស្រុង​ទេ មុន​នឹង​យល់​ព្រម​ចុះ​ហត្ថលេខា​លើ​លិខិត​ស្នាម​អ្វី​មួយ មុន​នឹង​ប្រគល់​ប្រាក់​ដើម្បី​វិនិយោគ​លើ​គម្រោង​អ្វី​មួយ តោង​លោក​អ្នក​ពិនិត្យ​ពិច័យ​ឲ្យ​បាន​ល្អិតល្អន់​បំផុត ពុំ​នោះ​ទេ នឹង​ត្រូវ​ខាត​បង់​ប្រាក់​ទាំង​ដុំៗ​អសារឥតការ​ជា​មិន​ខាន។

និយាយ​នេះ​មិន​មែន​ជំរុញ​ឲ្យ​លោក​អ្នក​គិតតែ​ពី​សង្ស័យ​អ្នក​ដទៃ​នោះ​ទេ តែ​លោក​អ្នក​ត្រូវ​ឆ្លាត​វៃ​បន្តិច ដើម្បី​ទប់​ទល់​នឹង​មនុស្ស​ខូច​ ដើរ​បោកប្រាស់​គេ។ សព្វ​ថ្ងៃ​មាន​ករណី​មនុស្ស​ចេះ​ល្បិច​ថតចម្លង​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ផ្ទះសម្បែង​ឬ​ធ្វើ​ប្លង់​ដី​ប្លង់​ផ្ទះ​ក្លែងក្លាយ មិន​ចេះ​តិច ហើយ​យក​ទៅ​បញ្ចាំ​ច្រើន​កន្លែង​ (ផ្ទះ​តែ​មួយ​កន្លែង ដី​តែ​មួយ​កន្លែង ធ្វើ​ប្លង់​ក្លែងក្លាយបួន​ប្រាំ​ ដើរ​ដាក់​បញ្ចាំ​ ដើម្បី​បោកប្រាស់​លុយ​គេ)។ នេះ​ជា​ឧទាហរណ៍​ដែល​កើត​មាន​ពិតៗ​នៅ​ក្នុង​សង្គម ដូច​នេះ​មុន​នឹង​រកស៊ី​ត្រូវ​តាមដាន​ស្រាវជ្រាវ​ឲ្យ​ល្អិតល្អន់។

៧-ដាក់​ប្រាក់​ក្នុង​ធនាគារ​ ដើម្បី​ចំណេញ​ការ​ប្រាក់់ៈ ប្រសិន​បើ​លោក​អ្នក​ត្រឹម​តែ​រក​លុយ​មក​ទុក មិន​ទាន់​ចាត់​ចូល​ក្នុង​ចំពូក «មនុស្ស​ពូកែ​សន្សំ​ប្រាក់» ទេ។ យក​ល្អ​យក​ប្រាក់​ទៅ​ផ្ញើ​នៅ​ធនាគារ ដើម្បី​បាន​ការប្រាក់​ស៊ី ទោះ​តិច​ក្ដី​ច្រើន​ក្ដី​ គ្រាន់​បើ​ជាង​ទុក​ប្រាក់​នៅ​ក្នុង​ផ្ទះ នាំ​ប្រឈម​នឹង​ហានិភ័យ។

ប្រការ​សំខាន់ លោក​អ្នក​គួរ​ផ្អឹប​សាច់ប្រាក់​ខ្លួន​ឯង​នៅ​ក្នុង​ខ្ទង់​គណនី​ដែល​មិន​បង្ក​ លក្ខណៈ​ងាយ​ស្រួល​ឲ្យ​លោក​អ្នក​ដក​ប្រាក់​ស្រេច​តែ​នឹង​ចិត្ត​នោះ​ទេ ព្រោះ​បើ​មិនដូច្នេះ​ទេ លោក​អ្នក​ចេះ​តែ​ចង់​ចំណាយ​ប្រាក់ ទោះ​កាន់​ក្រដាសប្រាក់ កាន់​មូលប្បទានប័ត្រ កាន់​វីហ្សាកាត ឬ​អ្វី​ក៏​ដោយ ឲ្យ​តែ​អាច​ទូទាត់​ជា​ប្រាក់​បាន ដឹង​តែ​ពី​ចង់​ចំណាយ។ ដូច​នេះ ត្រូវ​ជ្រើសរើស​ប្រភេទ​គណនី​ដែល​បង្កក​ប្រាក់​ដើម​ទុក ដើម្បី​កុំ​ឲ្យ​លោក​អ្នក​ចេះ​តែ​ចង់​ដកប្រាក់​ពី​ធនាគារ​មក​ចាយ​ផ្ដេសផ្ដាស។

…បុគ្គល​ ​១០រូបមាន​​ប្រវត្តិ​​ជា​​ទុគ៌តជន​​ តែ​បាន​​អភិវឌ្ឍ​ខ្លួន​ជា​​បុគ្គល​​ឆ្នើម និង​ល្បីល្បាញ​ទូទាំង​ពិភពលោក!…

៨-មាន​លុយ​នៅ​មិន​សុខ ចង់​តែ​ចំណាយ​លុយៈ ពេល​អ្នក​មាន​ទ្រព្យ​ធន​សម្បូរ​ហូរហៀរ ពួកគេ​ចាប់​ផ្ដើម​ចាយ​លុយ​ដូច​ក្រដាស​ ពោល​គឺ​ចាយ​ខ្ជះខ្ជាយ​ខុស​ខ្ទង់ លើ​របស់​ដែល​មិន​ចាំបាច់​។ លោក​អ្នក​ខ្លះ​ដែល​មាន​ប្រាក់​ក្នុង​ខ្លួន ដឹង​តែ​ពី​នៅ​មិន​សុខ ចង់​តែ​ចំណាយ ទិញ​នេះ​ទិញ​នោះ មិន​ចេះ​អស់​រឿង​ទិញ។

ប្រសិនបើ​ទិញ​របស់របរ​ដើម្បី​ត្រឹម​បង្អួត ឬ​សម្ញែង​អ្នក​ដទៃ​ប៉ុណ្ណឹង​ទេ គួរ​កុំ​ធ្វើ​បែប​នេះ​អី​ល្អ​ជាង ព្រោះ​គេ​បាន​ត្រឹម​សរសើរ​មួយ​ភ្លែត ឬ​មិន​ស្រួល​ដៀល​លោក​អ្នក​វិញ​ផង​ ថា​ចាយ​ខ្ជះខ្ជាយ៕

ប្រែ​សម្រួល៖ អន សំអាង

Monday, September 14, 2015

ដើម្បី​រកស៊ី​ជា​មួយមិត្តភក្ដិ​ប្រកប​ដោយ​ជោគជ័យ ត្រូវ​មាន៤ចំណុច​នេះ!

ដើម្បី​រកស៊ី​ជា​មួយ មិត្តភក្ដិ​ប្រកប​ដោយ​ជោគជ័យ ត្រូវ​មាន ៤ ចំណុច​នេះ!ប្រភព៖​ paulkeijze
ការ ​បើក​ជំនួញ គឺ​ពិត​ជា​រឿង​សំខាន់ ហើយ​មនុស្ស​ភាគ​មួយ​ចំនួន​ចូលចិត្ត​សហការ​ជា​មួយ​នឹង មិត្តភ័ក្ដិ​របស់​ខ្លួន ព្រោះ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ដំណើរ​ការ​ផ្សេងៗ ដោយសារ​ពួក​គេ​ស្គាល់​គ្នា​ច្បាស់​ទៅ​ហើយ។

ប៉ុន្តែ​ជំនួញ​ជា​ច្រើន បាន​បរាជ័យ​ទៅវិញ​ក្រោយពេល​បើក​ដំណើរ​ទៅ​បាន​មួយ​រយៈ ដោយសារតែ​ទុក​ចិត្ត​គ្នា​ជ្រុល និង មិន​បាន​បែងចែក​មុខងារ​ឲ្យ​បាន​ច្បាស់ នាំ​ឲ្យ​ការងារ​មាន​លក្ខណៈ​ស្មុគស្មាញ​ច្រើន។ អីចឹង​​ហើយ​បានជា មនុស្ស​មួយចំនួន​​ចូលចិត្ត​រក​ស៊ី​ជាមួយ​នឹង អ្នក​ដែល​មិន​សូវ​ជិត​ស្និត​ខ្លាំង​ជាមួយគ្នា ដើម្បី​ជៀស​វាង​បញ្ហា​ខាង​លើ។

ដូច្នេះ​ដើម្បី​បើក​ជំនួញ​ជា​មួយ​មិត្តភ័ក្ដិ ឬ សាច់ញាតិ​ប្រកប​ដោយ​ភាព​ជោគជ័យ អ្នក​ត្រូវ​គិត​លើ​ចំណុច​ខាង​ក្រោម​ឲ្យ​បាន​ច្បាស់៖

១) ស្វែង​រក​អ្នក​ដែល​មាន​គំនិត​ស្រដៀង​គ្នា​ (Finding friends who have similar ideas)

ដើម្បី​ចាប់​ផ្តើម​បើក​ជំនួញ​ជាមួយ​មិត្តភ័ក្ដិ អ្នក​គួរតែ​ព្យាយាម​ស្វែងរក​នរណា​ដែល​មាន​គំនិត​ស្រដៀង​គ្នា និងមាន​សមត្ថភាព​ផង​ដែរ ដើម្បី​ធានា​ថា ការ​សហការ​គ្នា​នេះ ប្រកប​ទៅ​ដោយ​ប្រសិទ្ធ​ភាព និង អាច​ឈាន​ទៅ​រក​ភាព​ជោគជ័យ​។ គ្មាន​នរណា​ម្នាក់ មាន​គំនិត​ដូច​អ្នក​ផ្សេង​ទាំងស្រុង​នោះ​ទេ ប៉ុន្តែ​អាច​មាន​លក្ខណៈ​ប្រហាក់ប្រហែល ឬ ស្រដៀងគ្នា ដែល​ប្រការ​នេះ​នាំ​ឲ្យ​ពួកគេ​អាច​ងាយ​​ចុះ​សម្រុង​គ្នា​លើ​ការ​សម្រេច​ ចិត្ត​ក្នុង​ផែន​ការ​អាជីវកម្ម និង ដំណើរ​ការ​នៃ​ការងារ​។

២) កុំ​ភ្លេច​ធ្វើ​កិច្ច​សន្យា​ឲ្យ​ច្បាស់លាស់ (Don’t forget the Agreement)

មិត្តភក្ដិ​គឺ​ជា មនុស្ស​ដែល​ស្គាល់​ច្បាស់​អំពី​អ្នក ហើយ​ពួកគេ​តែង​ជួយ​ដោះស្រាយ​បញ្ហា​ផ្សេងៗ តែ មនុស្ស​​ដែល​អាច​បោក​ប្រាស់​អ្នក​លឿន​បំផុត ក៏​ជា​មិត្តភ័ក្ដិ​របស់​អ្នក​ផង​ដែរ ព្រោះ​ម្នាក់ៗ​សុទ្ធ​តែ​ទុក​ចិត្ត​ជ្រុល​ទៅ​លើ​គ្នា។ បើ​ទោះ​បី​ជា សមាជិក​នៃ​ជំនួញ​ថ្មី​នោះ គឺ​សុទ្ធ​តែ​ជា​មិត្តភ័ក្ដិ​នឹង​គ្នា​ក្តី តែ​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ស្ថានភាព​នេះ គឺ​ការ​ធ្វើ​កិច្ច​សន្យា។ កិច្ច​សន្យា​នេះ ត្រូវ​កំណត់​ឲ្យ​បាន​ច្បាស់​ លើ​ការ​បែង​ចែក​ប្រាក់​ចំណេញ និង ការ​ទទួល​ខុស​ត្រូវ​អ្វី​ខ្លះ​ប្រសិន​បើ​នរណា​ម្នាក់​មិន​គោរព​តាម​កិច្ច​ ព្រមព្រៀង​នឹង​គ្នា។ ចំណុច​នេះ មើល​ទៅ​ហាក់​ដូចជា មិន​សូវ​សំខាន់ ព្រោះ​ម្នាក់ៗ​សុទ្ធ​តែ​ជា​មិត្តភ័ក្ដិ​និង បាន​ស្គាល់ចិត្ត​ថ្លើម​គ្នា​យូរ​មក​ហើយ ប៉ុន្តែ​មាន​បញ្ហា​ជា​ច្រើន​បាន​កើត​ឡើង​ទៅ​ហើយ ព្រោះតែ ម្នាក់ៗ​ទុក​ចិត្ត​គ្នា​ជ្រុល​ពេក ធ្វើ​ឲ្យ​លទ្ធផល​ចុងក្រោយ ត្រូវ​បរាជ័យ​ទាំងស្រុង ជាពិសេស​នៅ​ពេល​មាន​រណា​ម្នាក់ មិន​គោរព​តាម​គោលការណ៍។

៣) កំណត់​តួនាទី​ឲ្យ​ច្បាស់​​ ( Defining clearly the role of each )

ដើម្បី​ឲ្យ​ការងារ​ដំណើរការ​ទៅ​ដោយ​រលូន សមាជិក​ម្នាក់ៗ​ត្រូវ​បែងចែក ការងារ និង តួនាទី​ឲ្យ​ច្បាស់​ជាទី​បំផុត ដើម្បី​ធានា​ថា អ្នក​មិន​យក​រឿង​មិត្តភាព​ឡូកឡំ​ក្នុង​ការងារ​ច្រើនពេក​។ បើ​មិន​បែងចែក​ឲ្យ​ច្បាស់​លាស់​ អ្នកខ្លះ​ប្រាកដជា​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​លើ​ប្រសិទ្ធភាព​ការងារ ហើយ​អាច​ធ្វើ​ហួស​ដែន​សមត្ថភាព​ការងារ​របស់​ខ្លួន ដោយ​អាង​ថា សមាជិក​ទាំង​នោះ​​គឺ​ជា​មិត្តភក្ដិ​។

…ដំណើរ​ជោគជ័យ​របស់​ Samsung ​ពី​ក្រុមហ៊ុន​​អាហារ​តូ​ច​មួយ​នៅ​កូរ៉េ​​ទៅ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​​ក្នុង​លោក!…

៤) មិត្តភាព​គឺ​សំខាន់​ជាង​លុយ (Friendship is more important than money)

ថ្វីបើ​គោលដៅ​ធំ​បំផុត​ក្នុង​ការ​ធ្វើ​អាជីវកម្ម គឺ​ដើម្បី​ប្រាក់​ចំណេញ ប៉ុន្តែ​បើ​អ្នក​គិត​តែ​ផល​ចំណេញ​ខ្លាំង​ពេក វា​ធ្វើ​ឲ្យ​មិត្ត​ភាព​របស់​អ្នក​រង្គោះរង្គើ​មិនខាន។ សូម​កុំ​ភ្លេច​ថា អាជីវកម្ម​របស់​អ្នក​បង្កើត​ឡើង​ដោយ​មាន​ការ​ចូលរួម​ពី​មិត្តភក្ដិ​ ដូច្នេះ ប្រសិន​បើ​មិត្តភាព​ក្នុង​ក្រុមហ៊ុន​បាត់បង់ វា​មាន​ន័យ​ថា អាជីវកម្ម​របស់​អ្នក​នឹង​ត្រូវ​បរាជ័យ​មិនខាន​នៅ​ពេល​ខាង​មុខ។ ត្រូវ​ចេះ​អធ្យាស្រ័យ និង អត់ឱន​ឲ្យ​គ្នា​ទៅវិញទៅមក ពេល​មាន​បញ្ហា​កើត​ឡើង។ ដូច្នេះ ត្រូវ​គិតគូរ​ពី​មិត្តភាព​ជា​រឿង​សំខាន់ តែ​មិនមែន​មាន​ន័យ​ថា ដល់​ថ្នាក់​ហួសហេតុ​ពេក​នោះ​ទេ ព្រោះ​បើ​ហួស​ហេតុ​ពេក ក៏​ធ្វើ​ឲ្យ​អាជីវកម្ម​ត្រូវ​រលាយ​ផង​ដែរ៕

​ទ្រឹស្ដី​ ៥​​​ មាន​តម្លៃ​បំផុត​​របស់​លោក​ Warren Buffett ​ដែល​អ្នក​គួរ​រៀន​សូត្រ​តាម​

មហាសេដ្ឋីពិភពលោក Warren Buffettប្រភព៖​ ctreal
ទ្រឹស្ដី ​ទាំង​ ៥​ ខាង​ក្រោម​នេះ​ គឺ​ជា​ទ្រឹស្ដី​​សំខាន់ៗ​​​មាន​តម្លៃ​បំផុត​​ ដែល​លោក​​មហាសេដ្ឋី​លំដាប់​ពិភពលោក​​លោក​ Warren Buffett ​បាន​ចែក​រំលែក​ដល់​សហគ្រិន​ទូទាំង​ពិភពលោក។ ​ទ្រឹស្ដី​ទាំង​ ៥​នោះ​គឺ​៖



១) មាន​ភាព​ឆ្លាត​វ័យ​ក្នុង​ការ​ចាយ​លុយ​ (Spend wisely)៖ ​


«បើ​អ្នក​​ចំណាយ​លុយ​ទិញ​អ្វី​ដែល​អ្នក​មិន​ត្រូវ​ការ​ នោះ​​ឆាប់​ៗ​​អ្នក​នឹង​លក់​របស់​​​ដែល​អ្នក​ត្រូវ​ការ​ (If you buy things you don’t need, you will sell things you need)។​​ ​អ្នក​ត្រូវ​ចាំ​ជា​ដាច់​ខាត​អំពី​រឿង​នេះ»។ ​​មានន័យ ​​ដោយ​ខ្លី​ថា​ អ្នក​ត្រូវ​ចំណាយ​លុយ​ ​​​ទិញ​អ្វី​ដែល​អ្នក​ត្រូវ​ការ​​ មិន​ទិញ​របស់​អ្នក​ដែល​អ្នក​មិន​ត្រូវ​ការ​នោះ​ទេ។ ​​ធ្វើ​ដូច្នេះ​​ អ្នក​​ចំណាយ​​ចំ​ខ្ទង់​ ហើយ​ធ្វើ​ដូច្នេះ​​​អ្នក​​នឹង​អាច​មាន​លុយ​សន្សំ​​សម្រាប់​វិនិយោគ​នៅ​ថ្ងៃ​ ខាង​មុខ​​បាន​ទៀត​ផង។



…៨ ចំណុច​ស្វែងយល់​​ពី​​​​​​​ទ្រព្យសម្បត្តិ​​របស់​មហាសេដ្ឋី​រក​ប្រាក់​ចំណូល ៣៧ លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ Warren Buffett…


​មុន​​នឹង​ទិញ​ទំនិញ​អ្វី​ អ្នក​ត្រូវ​សួរ​ខ្លួន​ឯង​ថា ​៖ ​​«ខ្ញុំ​ពិត​ជា​ត្រូវ​ការ​របស់​នេះ​មែន​ទេ? ​​តើ​ខ្ញុំ​កំពុង​ចំណាយ​ច្រើន​ហើយ​មែន​ទេ? ​​តើ​ខ្ញុំ​អាច​សន្សំ​​លុយ​ខ្លួន​ដោយ​មិន​ចាំ​បាច់​ទិញ​របស់​ទាំង​នេះ​បាន​ ទេ?»។ ​​ត្រូវ​ចាំ​សំដី​របស់​លោក​ Warren Buffett ពីរ​ឃ្លា​ទៀត​គឺ​៖ ​១) ​​មិន​ត្រូវ​​​ចាយ​​លុយ​ឥត​ប្រយោជន៍​ ២) ​កុំ​​ភ្លេច​ច្បាប់​ទី​​១

២) សន្សំ​សំចៃ ​

«មាន​មនុស្ស​កំពុង​អង្គុយ​ជ្រក​​ក្រោម​ដើម​​ឈើ​​​ថ្ងៃ​នេះ​ ដោយ​សារ​តែ​មាន​មនុស្ស​ម្នាក់​ដាំ​វា​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ (Someone’s sitting in the shade today because someone planted a tree a long time ago )»។ ​នេះ​គឺ​ជា​ទ្រឹស្ដី​មួយ​ទៀត​របស់​មហាសេដ្ឋី​ Buffett។ ​លោក​ចង់​មាន​ន័យ​ថា​ ការ​សន្សំ​លុយ​ថ្ងៃ​នេះ​ មិន​មែន​បាន​ផល​ថ្ងៃ​នេះ​នោះ​ទេ​ តែ​​វា​ផ្ដល់​ផ្លែ​ផ្កា​នៅ​ថ្ងៃ​អនាគត។ ​អ្នក​អាច​ប្រើ​វា​សម្រាប់​​ដោះ​ស្រាយ​បញ្ហា​គ្រោះ​អាសន្ន​ដែល​​អាច​កើត​ឡើង ​​​ជា​យថាហេតុ​​​ ឬ​អ្នក​អាច​ប្រើ​ប្រាស់​វា​ដើម្បី​វិនិយោគ​​នៅ​ខាង​​ថ្ងៃ​ខាង​មុខ​។ ​ប្រការ​សំខាន់​បំផុត​នោះ ​គឺ​ថា​​ ​ច្បាប់​មួយ​ទៀត​របស់​លោក​ Buffett គឺ​៖ ​​មិន​ត្រូវ​សន្សំ​​លុយ​សល់​ពី​ចំណាយ​នោះ​ទេ​ តែ​ត្រូវ​​សន្សំ​មុន​ការ​ចំណាយ

…សហគ្រិន​​​វ័យ​ក្មេង​​​កំពូលៗ​ទាំង​៨​រូប​ មាន​អាយុ​ត្រឹម​ជាង​ ២០​​ឆ្នាំ បង្ហាញ​គន្លឹះ​​ធ្វើ​ឲ្យ​អាជីវកម្ម​​​ជោគជ័យ…



៣) ​គិត​ឱ្យ​បាន​វែង​ឆ្ងាយ​ និង​ត្រូវ​អត់ធ្មត់​ (Think long-term and be patient)


​លោក​ Warren Buffett បាន​លើកឡើង​ដូច្នេះ​ថា​ ៖«​​​មិន​ថា​អ្នក​ឆ្លាត​ ​​មាន​ដុង​ពី​កំណើត​ ឬ​ប្រឹង​ប្រែង​​​យ៉ាង​ណា​នោះ​ទេ​ ​​អ្វី​ៗ​គឺ​ត្រូវ​ការ​ពេល​វេលា។ ​​អ្នក​មិន​អាច​​បង្កើត​កូន​មួយ​ក្នុង​រយៈ​ពេល​មួយ​ខែ​​​​ដោយ​ឱ្យ​​ស្ត្រី​៩ ​នាក់​ពពោះ​នោះ​ទេ (Someone’s sitting in the shade today because someone planted a tree a long time ago )»។ វា​មិន​មែន​កើត​ឡើង​ដោយ​ឯក​ឯង​នោះ​ទេ។ ​មាន​ពេល​ខ្លះ​អ្នក​​​ប៉ាន់​ស្មាន​​ហួស​​​ពី​លុយ​ដែល​អ្នក​រក​បាន​ក្នុង​មួយ ​ឆ្នាំ​ ហើយ​​ពេល​ខ្លះ​អាច​​ប៉ាន់​ស្មាន​តិច​ពេក​ចំពោះ​​លុយ​ដែល​អ្នក​អាច​រក​បាន​ ក្នុង​រយៈ ពេល​ ១០​ឆ្នាំ។ ​​អ្នក​វិនិយោគ​ ត្រូវ​ការ​រក​ស៊ី​ដោយ​គិត​ពី​​គូរ​ផ្លូវ​វែង​ឆ្ងាយ​ ពោល​គឺ​មិន​មាន​ចង់​រក​ស៊ី​ថ្ងៃ​​នេះ​ ថ្ងៃ​ស្អែក​បាន​ចំណេញ​នោះ​ទេ។ ​វា​ត្រូវ​ការ​ពេល​វេលា​។



៤) ​ការ​ខ្ចី​បុល​ (Borrowing: Limit what you borrow)


​អ្នក​មិន​អាច​ក្លាយ​ជា​អ្នក​មាន​បាន​ជា​ដាច់​ខាត​​ដោយ​រស់​វ័ណ្ឌក​នឹង​ បំណុល។ ​មនុស្ស​មួយ​ចំនួន​តែង​គិត​ថា​ ​ការ​ខ្ចី​បុល​គឺ​អាច​គ្រប់គ្រង​បាន។ ដោយ​ឡែក​ ​​ការ​ខ្ចី​បុល​គួរ​ស្ថិត​នៅ​ក្នុង​ដែន​កំណត់​ណា​មួយ​ ​ហើយ​ការ​ខ្ចី​​លុយ​ទៀត​សោត​គួរ​តែ​មាន​គោលដៅ​ចំណាយ​ច្បាស់​លាស់។ ​​អ្វី​ដែល​អ្នក​គួរ​ធ្វើ​នោះ​គឺ​​​ខ្ចី​លុយ​ ​ដើម្បី​យក​មក​បង្កើត​លុយ។ ​ ​​មុន​នឹង​ខ្ចី​​ អ្នក​ត្រូវ​​វាយ​តម្លៃ​ពី​​លំហូរ​សាច់​ប្រាក់​​ និង​តម្រូវ​ការ​ហិរញ្ញវត្ថុ​​ផ្សេង​ៗ​នៅ​ពេល​អនាគត។ ​អ្នក​គួរ​តែ​កំណត់​ពេល​វេលា​ជាក់​លាក់​សម្រាប់​ខ្លួន​ឯង​​ចំពោះ​ការ​ជំពាក់ ​បំណុល​គេ​ អ្នក​មិន​មែន​ធ្វើ​ជា​ខ្ញុំ​កញ្ជះ​គេ​រហូត​នោះ​ទេ។

…ធានា​ថា​លោក​អ្នក​សល់​ប្រាក់​ច្រើន ប្រសិន​បើ​អនុវត្ត​តាម​ដំបូន្មាន​៨យ៉ាង​បាន​សម្រេច!…



៥) ​ហានិភ័យ​ (Risk)៖


​​តាម​ទ្រឹស្ដី​របស់​មហាសេដ្ឋី​កំពូល​រូប​នេះ​ ៖ «ហានិភ័យ​​កើត​ចេញ​​​​ពី​អ្វី​ដែល​​យើង​មិន​ដឹង​​អ្វី​ដែល​​ខ្លួន​កំពុង​ធ្វើ (Risk comes from not knowing what you are doing)»។ ​​មនុស្ស​​ម្នាក់​ចង់​រក​លុយ​ ​ហើយ​ចង់​រក​ឱ្យ​បាន​ច្រើន​ និង​ឆាប់​ៗ​​ទៀត​ផង​​ អីចឹង​ហើយ​បាន​ជា​មនុស្ស​មួយ​ចំនួន​ធំ​​​​បាន​យក​លុយ​យ៉ាង​ច្រើន​ទៅ​វិនិយោគ ​​ដោយ​រំពឹង​ថា​​ ​នឹង​ទទួល​បាន​ចំណូល​ច្រើន​មក​វិញ​ ដោយ​ពុំ​បាន​សិក្សា​ និង​វិភាគ​​​ហានិភ័យ​ផ្សេង​ៗ​នោះ​ទេ។ ​​ដូច្នេះ​គួរ​ជៀសវាង​បញ្ហា​នេះ​ អ្នក​​វិនិយោគ​ ក៏​ដូច​ជា​សហគ្រិន​ត្រូវ​តែ​​សិក្សា​ពី​ហានិភ័យ​ផ្សេង​ៗ​​ ហើយ​គ្មាន​ជំនាញ​ និង​​មិន​ដឹង​ពី​វិធី​វិភាគ​នោះ​ទេ​ ត្រូវ​​ទៅ​រក​សេវា​របស់​ក្រុមហ៊ុន​ប្រឹក្សា​យោបល់៕

ដោយ​ ៖ ឬទ្ធិ
ប្រភព៖​ ndtv

Wednesday, September 9, 2015

Jack Ma ប្រែក្លាយ​ជីវិត​​ពី​គ្រូបង្រៀន​អង់គ្លេស ​​ទៅ​ជា​មហាសេដ្ឋី​ក្រុមហ៊ុន Alibaba មាន​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​

លោក Jack Ma ​​ស្ថាបនិក​ក្រុមហ៊ុន​​ពាណិជ្ជកម្ម​តាម​អ៊ីនធឺណិត Alibaba
និយាយ​ពី​ឈ្មោះ​​លោក​ Jack Ma ប្រិយមិត្ត​ភាគច្រើន​ប្រហែល​ជា​មិន​សូវ​ស្គាល់​នោះ​ឡើយ ប៉ុន្តែ​បើ​និយាយ​ពី​ឈ្មោះ​ក្រុមហ៊ុន​ Alibaba វិញ មិត្ត​អ្នក​អាន​ពិត​ជា​ធ្លាប់​ឭ​ឈ្មោះ​​នេះ។ ពិត​មែន​ហើយ​ Alibaba គឺ​ជា​ឈ្មោះ​ក្រុមហ៊ុន​​ពាណិជ្ជកម្ម​តាម​អ៊ីនធឺណិត​ដ៏​ល្បីល្បាញ​​ និង កំពុង​ឡើង​កូដ​ខ្លាំង​បំផុត​មួយ​របស់​ចិន​នៅ​​ក្នុង​សតវត្ស​ទី​២១​ នេះ។

​​​លោក​ Jack Ma គឺ​ជា​មហាសេដ្ឋី​ចិន​​​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​ ​ដែល​កើត​នៅ​ក្នុង​ឆ្នាំ​១៩៦៤។ មុន​នឹង​ក្លាយ​ជា​មហាសេដ្ឋី​ដូច​ពេល​បច្ចុប្បន្ន​ លោក​គឺ​ជា​អតីត​គ្រូបង្រៀន​ភាសា​អង់គ្លេស​​ដ៏​ស្ទាត់ជំនាញ​មួយ​រូប ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា មាន​ប្រវត្តិ​តស៊ូ​មិន​ធម្មតា។

ក្រោយ​ការ​បញ្ចប់​បរិញ្ញាប័ត្រ​​លើ​ឯកទេស​ភាសា​អង់គ្លេស​ក្នុង​ឆ្នាំ ១៩៨៨ លោក Jack ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធាន​និស្សិត​នៃ​សាកលវិទ្យាល័យ Hangzhou Dianzi ដែល​ក្រោយ​មក​លោក​បាន​ក្លាយ​ជា​​សាស្ត្រាចារ្យ​​លើ​មុខ​វិជ្ជា​ភាសា​ អង់គ្លេស​ និង ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​​ទី​នេះ។

…កំហុស​​ធំៗ​ទាំង​៦ ​របស់​យុវជន​​នៅ​មុន​អាយុ​៣០…

ក្នុង​ឆ្នាំ​១៩៩៥ លោក Jack បាន​បង្កើត​គេហទំព័រ​ចិន Yellowpages ដែល ​ត្រូវ​បាន​គេ​ជឿជាក់​ និង​ចាត់ទុក​ថា ជា​ក្រុមហ៊ុន​តាម​បណ្ដាញ​អ៊ីនធឺណិត​​​លើក​ដំបូង​របស់​ទីក្រុង​ប៉េកាំង។ ដោយ​សារ​តែ​សមត្ថភាព​របស់​លោក​ ចាប់​ពី​ឆ្នាំ ១៩៩៨ ដល់​ឆ្នាំ ១៩៩៩ Jack ត្រូវ​បាន​ជ្រើសរើស​ឲ្យ​​គ្រប់គ្រង​​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​ដែល​បង្កើត ​ឡើង​ដោយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អេឡិចត្រូនិក​អន្តរជាតិ នៃ​ក្រសួង​ពាណិជ្ជកម្ម​អន្តរជាតិ និង កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​​ចិន។ ​

ទីបំផុត​នៅ​ក្នុង​​ឆ្នាំ ១៩៩៩ ក្រុមហ៊ុន Alibaba.com ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ជា​​​អាជីវកម្ម​ពាណិជ្ជកម្ម​តាម​អ៊ីនធឺណិត​ ដោយ​​ផ្តើម​ចេញ​ពី​ដើម​ទុន​ត្រឹមតែ​៦០ ០០០​ដុល្លារ​ ប៉ុណ្ណោះ​​ជា​ជំនួយ​​​ដែល​លោក​​ទទួល​បាន​ពី​មិត្តភក្ដិ​។ ១៥ ឆ្នាំ​ក្រោយ​មក Alibaba បាន​ធ្វើ​ពាណិជ្ជកម្ម​​​នៅ​ជាង​ ​​២០០ ប្រទេស​​នៅ​ជុំវិញ​ពិភពលោក ដែល​មាន​សមាជិក ​៧០ លាន​នាក់។


យោង​តាម​ទស្សនាវដី្ត Forbes លោក Jack មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១០,៥៤ ពាន់​លាន​ដុល្លារ​នៅ ​ពេល​បច្ចុប្បន្ន​នេះ​។ នៅ​ថ្ងៃ​ទី ១៥ មករា ឆ្នាំ ២០១៣ កន្លង​ទៅ​ លោក Jack បាន​លាលែង​​​ពី​តំណែង​ជា​ប្រធាន​ក្រុមហ៊ុន​​ខាងលើ​មក​​កាន់​តួនាទី​ជា​នាយក​ ប្រតិបត្តិ​វិញ។

នេះ​ជា​មោទនភាព​​មួយ​របស់​លោក Jack ដែល​បាន​អភិវឌ្ឍ​ជីវិត​ជា​គ្រូបង្រៀន​ដ៏​សាមញ្ញ​មួយ​រូប ក្លាយ​​ជា​មហាសេដ្ឋី​លំដាប់​កំពូល​របស់​​ចិន​​លើ​ឆាក​អន្តរជាតិ​ទាំង​មិន​ គួរឲ្យ​ជឿ ​ដែល​នេះ​ជា​មូលហេតុ​មួយ​​ធ្វើ​ឲ្យ​គេហទំព័រ​សេដ្ឋកិច្ច​​ The BNEWS លើក​យក​ដំបូន្មាន​សំខាន់ៗ​របស់​លោក​សម្រាប់​សហគ្រិន​ទូទៅ​ស្វែងយល់​ដូច​ ខាងក្រោម​នេះ៖​​

១) អ្នក​មិន​អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ​មាន​គំនិត​តែមួយ​បាន​ឡើយ តែ​អ្នក​អាច​ធ្វើ​បាន​តាម​រយៈ​ការ​ដាក់​គោលដៅ​រួម​មួយ​

លោក Jack ​បាន​ពន្យល់​ថា កុំ​ជឿជាក់​ថា​អ្នក​អាច​ធ្វើ​ឲ្យ​អ្នកដទៃ​មាន​គំនិត​តែ​មួយ​បាន​ឲ្យ​សោះ ហើយ​បើ​អាច​​ទៅរួច​មាន​ត្រឹមតែ ៧០ % ប៉ុណ្ណោះ​ដែល​​គេ​ជឿ​អ្នក។​​ អ្វី​ដែល​លោក​ចង់​បញ្ជាក់​នៅ​​ទី​​នេះ​​នោះ​គឺ​ថា សូម​កុំ​ឲ្យ​​បុគ្គលិក​ធ្វើ​ការ​​ឲ្យ​អ្នក តែ​ត្រូវ​ឲ្យ​ពួកគេ​ធ្វើការ​ស្រប​តាម​គោលដៅ​រួម​មួយ​។​



…មេរៀន​​​លំបាក​ៗ​ទាំង ​៧​ ដែល​មនុស្ស​គ្រប់​គ្នា​គួរ​រៀន​ពី​ភាព​ជោគជ័យ​…


២) ​អ្វី​ទៅ​ដែល​​បុគ្គលិក​គ្មាន​​ តែ​អ្នក​ដឹកនាំ​មាន

លោក Jack Ma បាន​និយាយ​ថា សមត្ថភាព​ជា​បច្ចេកទេស​​របស់​អ្នក​ដឹកនាំ​​ក្រុមហ៊ុន​មិន​គួរ​យក​​មក​ ប្រៀបធៀប​នឹង​​បុគ្គលិក​របស់​ខ្លួន​នោះ​ឡើយ។ បុគ្គលិក​របស់​​អ្នក ត្រូវ​តែ​ជា​មនុស្ស​ដែល​មាន​សមត្ថភាព​ល្អ​​ជាង​អ្នក បើ​មិន​ដូច្នេះ​ទេ មាន​ន័យ​ថា អ្នក​បាន​ជ្រើសរើស​បុគ្គលិក​ខុស​ហើយ។ ចុះ​អ្វី​ទៅ​ដែល​អ្នក​ដឹកនាំ​ត្រូវ​មាន​នៅ​ពេល​នេះ?

លោក Jack បាន​បន្ត​ទៀត​ថា ​អ្វី​ដែល​អ្នក​ដឹកនាំ​ត្រូវ​មាន​ គឺ​ទស្សនវិស័យ​ដឹកនាំ​ក្រុមហ៊ុន ភាព​ក្លាហាន និង ការ​តស៊ូ​ឲ្យ​​ខ្ពស់​ជាង​​បុគ្គលិក។​ ទន្ទឹម​នឹង​នេះ​ ​អ្នក​ដឹកនាំ​ គឺ​ជា​មនុស្ស​ដែល​​​​​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​​មួយ​ចំនួន​ដែល​បុគ្គលិក ​មិន​អាច​ធ្វើ​បាន និង អាច​ប្រឈមមុខ​នឹង​ភាព​បរាជ័យ​បាន​​ដោយ​មិន​ចេះ​រារែក

​៣) ចង់​​បើក​អាជីវកម្ម ឬ ក្រុមហ៊ុន​កុំ​​ពាក់ព័ន្ធ​នឹង​នយោបាយ

នៅ​ក្នុង​ចំណុច​នេះ លោក Jack បាន​ពន្យល់​ថា នយោបាយ និង ការ​ធ្វើ​អាជីវកម្ម​មិន​ត្រូវ​លាយឡំ​គ្នា​ជា​ដាច់ខាត។ លោក​លើកឡើង​ថា បើ​អ្នក​ចង់​ធ្វើ​នយោបាយ​កុំ​គិត​ពី​រឿង​រក​លុយ តែ​បើ​ចង់​ធ្វើ​អាជីវកម្ម​​ក៏​មិន​ត្រូវ​ពាក់ព័ន្ធ​ពី​រឿង​នយោបាយ​ដែរ ត្បិត​អី​​​ចំណុច​ទាំង​ពីរ​នេះ​បើ​បាន​ជួប​គ្នា​កាលណា​ អ្នក​ត្រៀម​វេចបង្វេច​ឲ្យ​ហើយ​ទៅ

៤) យុវជន​ជំនាន់​​ក្រោយ​ត្រូវ​គិត​ពី​​ចំណុច​​​សំខាន់ៗ​ទាំង​៤​​ខាងក្រោម​នេះ៖

តើ​អ្វី​ទៅ​ជា​ការ​បរាជ័យ? ការ​បោះបង់ គឺ​ជា​ឫសគល់​​តែ​មួយ​គត់​នៃ​ភាព​​បរាជ័យ។

តើ​អ្វី​ទៅ​ជា​ការ​តស៊ូ? នៅ​ពេល​ដែល​អ្នក​ជំនះ​​រឿងរ៉ាវ​លំបាកៗ​​ ភាព​ទុក្ខព្រួយ ឬ ការ​​ខកចិត្ត​​ជា​ច្រើនគឺ​នៅ​ពេល​នោះ​ហើយ​ដែល​អ្នក​​អាច​យល់​ដោយ​​ខ្លួនឯង​ បាន​ថា តើ​ការ​តស៊ូ​មាន​អត្ថន័យ​​​ដូចម្តេច?​

តើ​អ្វី​ទៅ​ជា​កាតព្វកិច្ច​របស់​យុវជន? កាតព្វកិច្ច​របស់​យុវជន គឺ​ត្រូវ ព្យាយាម ខិតខំ​ប្រឹងប្រែង​រៀនសូត្រ និង មាន​មហិច្ឆតា​​ធំ​​ជាង​​អ្នក​ដទៃ។

មនុស្ស​ឆ្លាត​ប្រើ​ខួរក្បាល​​មក​គិត និង បេះដូងសម្រាប់​បង្កើត​ភាព​ជោគជ័យ​ឲ្យ​​ខ្លួនឯង។​ ប៉ុន្តែ​​មាន​តែ​មនុស្ស​ល្ងង់​ទេ​ដែល​ប្រើ​​មាត់​និយាយ​ឥត​​បាន​ការ។​



…សៀវភៅ​ល្អៗ ទាំង​ ១០ ក្បាល​សម្រាប់​​អ្នក​មាន​មហិច្ឆតា​​ចង់​​វិនិយោគ…


៥) យើង​កើត​មក​ដើម្បី​រស់ និង ​ដកស្រង់​បទពិសោធន៍​ក្នុង​​ជីវិត

តាម​ទស្សនៈ​របស់​លោក Jack មនុស្ស​គ្រប់រូប​កើត​មក​មិនមែន​ដើម្បី​តែ​ធ្វើ​ការ​នោះ​ទេ តែ​វា​ជា​ការ​​​បង្កើត​ភាព​រីករាយ​ឲ្យ​ខ្លួនឯង។ លោក​បាន​បន្ត​ទៀត​ថា គ្មាន​អ្នក​ណា​ម្នាក់​ដែល​អាច​ជួយ​ខ្លួន​អ្នក​​បាន​ ក្រៅ​ពី​ខ្លួន​អ្នក​នោះ​​ឡើយ ហើយ​ត្រូវ​ទទួល​ស្គាល់​ការពិត​ពី​អ្វី​ដែល​ខ្លួន​មាន​​​​នៅ​​ពេល​នេះ ព្រម​ទាំង​ឈប់​ចំណាយ​ពេល​មួយ​ឆាក​ជីវិត​ដើម្បី​តែ​ការងារ បើ​មិន​ដូច្នេះ​ទេ អ្នក​នឹង​ស្តាយក្រោយ​អស់​មួយ​ជីវិត។

៦) ការ​ប្រកួតប្រជែង​​ក្នុង​ល្បែង​​ពាណិជ្ជកម្មរបស់​លោក Jack Ma

-លោក​ Jack បាន​បញ្ចេញ​ទស្សនៈ​សំខាន់ៗ​ដូច​ខាងក្រោម​នេះ​ថា៖

-បើ​អ្នក​​ចូលចិត្ត​យកកំហឹងទល់កំហល់​ អ្នក​​គឺ​ជា​មនុស្ស​ល្ងង់។

-បើ​អ្នក​ចាត់ទុក​អ្នកដទៃ​ជា​សត្រូវ​របស់​អ្នក នោះ​មនុស្ស​ទាំង​នោះ​​នឹង​ចាត់ទុក​អ្នក​ជា​សត្រូវ​របស់​ពួកគេ​វិញ។

-កុំ​យក​​ភាព​ស្អប់​ខ្ពើម​ជា​ត្រីមុខ​​នៅ​គ្រប់​ការ​ប្រកួត បើ​ពុំនោះ​ទេ អ្នក​នឹង​បរាជ័យ។

-ការ​ប្រកួត​ប្រៀប​ដូច​ជា​ការ​លេង​អុក​ដូច្នេះ​ដែរ បើ​ចាញ់​ម្តង អាច​លេង​​ម្តង​ទៀត​បាន​ ហើយ​​អ្នក​ចាញ់​មិន​ប្រាកដ​ថា​ចាញ់​រហូត ហើយ​អ្នក​ឈ្នះ​ក៏​មិន​ប្រាកដ​ថា ឈ្នះ​រហូត​នោះ​ដែរ។

-អ្នក​ជំនួញ ឬ សហគ្រិន គ្មាន​សត្រូវ​នោះ​ឡើយ ព្រោះ​ថា​ដង្ហើម​​មុខ​ជំនួញ ឬ អាជីវកម្ម​របស់​ខ្លួន​គឺ​ស្ថិត​នៅ​លើ​កណ្ដាប់ដៃ​របស់​​អតិថិជន​គ្រប់រូប។



ចង់​ឈ្នះ​ល្បែង​អាជីវកម្ម?​ ​BNEWS នឹង​ចេញ​ផ្សាយ​សៀវភៅ​មួយ​ក្បាល​មាន​ឈ្មោះ​ថា​​ “ឈ្នះ​ល្បែង​អាជីវកម្ម” ​ឬ​ “Winning the Game of Business” ​នៅ​ពេល​ឆាប់​ៗខាង​មុខ​នេះ។ ​BNEWS ​នឹង​​ចែក​ជូន​ដោយ​ឥត​គិត​ថ្លៃ​ចំពោះ​អ្នក​ផ្ញើ​អ៊ីម៉ែល​​មក​​ប្រអប់​ទទួល​ សារ (inbox) ​​ facebook ​របស់​ BNEWS ​១០០​នាក់​ដំបូង!​ ​សូម​ប្រញាប់​រួស​រាន់​ឡើង​។ សូម​ជួយ​ចែក​រំលែក​ព័ត៌មាន​នេះ​ផង​ណា! ​សូម​អរគុណ! ​​

៧) កុំ​​គិត​ដូច​ចៅ​ចាក់ស្មុគ​

គំនិត​ដូច​ចៅ​ចាក់ស្មុគ​ វា​គ្រាន់តែ​ជា​ការ​ស្រមើស្រមៃ​មួយ​គ្មាន​គោលដៅ​​​ពិត​ប្រាកដ ​មិន​អាច​យក​ជា​ការ​បាន។ នេះ​​ជា​​ប្រសាសន៍​របស់​លោក Jack Ma ។ បើ​​នេះ​ក្លាយ​ជា​ទម្លាប់ វា​ប្រៀប​ដូច​ជា​អ្នក​ផឹកស្រា​​ដែរ ពោល​គឺ​ផឹក​កាន់តែ​ច្រើន ស្រវឹង​កាន់តែ​ច្រើន ហើយ​គិត​កាន់តែ​ច្រើន ក៏​គ្មាន​ប្រយោជន៍​អ្វី​ដែរ។ លោក​បាន​បន្ត​ថា ពិភពលោក​មិន​ខ្វល់​ថា អ្នក​បាន​គិត ឬ និយាយ​អ្វី​នោះ​ឡើយ តែ​ពិភពលោក​នឹង​ចងចាំ​ប្រសិន​បើ​អ្នក​បាន​ធ្វើ​អ្វី​មួយ​ឲ្យ​កើត​ចេញ​ជា​ ផ្លែផ្កា​បាន។​​​



…មហាសេដ្ឋី​​​​កើត​ចេញ​ពី​កូន​កសិករ​ Clayton Mathile៖ ទំនុកចិត្ត​​គឺ​ជា​គ្រឹះ​សម្រាប់​​ការ​លូតលាស់​ក្នុង​​​អាជីវកម្ម…




៨) ដំបូន្មាន​របស់​លោក Jack Ma សម្រាប់​សហគ្រិន​ទូទៅ


-ឱកាស​ដែល​​គ្មាន​អ្នក​ណា​​បាន​ឃើញ គឺ​ជា​ឱកាស​ដែល​ល្អ​បំផុត​​។

-ត្រូវ​​​ធ្វើ​ឲ្យ​បុគ្គលិក​បង្កើត​ស្នាមញញឹម​ជានិច្ច​នៅ​កន្លែង​ធ្វើ​ការ។

​​​-អតិថិជន​​គឺ​ជា​មនុស្ស​​សំខាន់​ទី១ បុគ្គលិក​ជា​មនុស្ស​​សំខាន់​ទី​២ និង ​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​គឺ​ជា​មនុស្ស​សំខាន់​​ទី៣។​​

-ត្រូវ​រក្សា​ទុក និង ផ្លាស់ប្ដូរ​មុន​​ពេល​ទំនោរ​ថ្មីៗ ឬ ការ​ផ្លាស់ប្ដូរ​បាន​ចូល​មក​ដល់។​

-បើ​ភ្លេច​​រឿង​លុយ​កាក់ មានន័យ​ថា​ អ្នក​ភ្លេច​រឿង​រក​​ស្វែង​រក​ប្រាក់​ចំណូល។

-អកប្បកិរិយា​របស់​អ្នក សម្ដែង​ឲ្យ​ឃើញ​កិរិយា​មារយាទ​របស់​អ្នក។



៩) ភាព​ជា​សហគ្រិន​របស់​លោក Jack Ma


ឱកាស​ដ៏​ល្អ​មួយ​ជា​និច្ចកាល​ គឺ​មាន​ការ​ពិបាក​បំផុត​ក្នុង​ការ​ពន្យល់​ឲ្យ​បាន​ច្បាស់លាស់ ត្បិតអី​​អ្វីៗ​​ដែល​អាច​ពន្យល់​បាន​ដោយ​ងាយស្រួល មិនមែន​ជា​​ឱកាស​ដ៏​ល្អ​នោះ​ឡើយ។

អ្នក​គួរតែ​ស្វែង​រក​បុគ្គល​ណាមួយ​ដែល​មាន​សមត្ថភាព​ពេញ​លេញ ដើម្បី​បើក​ក្រុមហ៊ុន​របស់​អ្នក។ អ្នក​មិន​ចាំបាច់​ស្វែងរក​បុគ្គល​ដែល​ជោគជ័យ​នោះ​ឡើយ ពោល​គឺ​ជ្រើសរើស​មនុស្ស​​ឲ្យ​ចំ​ទិសដៅ​​ការងារ​ មិន​មែន​ជ្រើសរើស​​បុគ្គលិក​ដែល​ល្អ​បំផុត​នោះ​ឡើយ។​

-អ្វី​ដែល​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​សម្រាប់​មនុស្ស​ជាតិ​ទាំងមូល គឺ​ការ​ទំនាក់ទំនង

-ពាក្យ​ថា​”Free” ឬ “ដោយ​ឥតគិតថ្លៃ” គឺ​ជា​ពាក្យ​ដែល​មាន​តម្លៃ​បំផុត​។

-ថ្ងៃ​នេះ​អាច​​អាក្រក់​សម្រាប់​អ្នក ថ្ងៃ​ស្អែក​អាច​រឹត​កាន់តែ​អាក្រក់​ជាង​ថ្ងៃ​នេះ។ ប៉ុន្តែ​ថ្ងៃ​ខានស្អែក​អាច​ជា​​ថ្ងៃ​ល្អ​បំផុត​សម្រាប់​អ្នក។



១០) អ្វី​ដែល​សហគ្រិន​ត្រូវ​ជៀសវាង


-អ្វី​ដែល​​គួរឲ្យ​ខ្លាច​ជាងគេ​​បំផុត​សម្រាប់​​សហគ្រិន​ក្នុង​ការ​ចាប់​ផ្តើម​អាជីវកម្ម​​គឺ​ ភាព​អសមត្ថភាព ភាព​វាយឫក ភាព​ស្ទាក់ស្ទើរ​ និង ការ​មិន​ព្រម​បោះ​ជំហាន​ទៅ​មុខ

-បើ​អ្នក​មិន​ដឹង​ថា​ គូប្រជែង​​របស់​អ្នក​នៅ​ឯណា អ្វី​ទៅ​​ជា​ភាព​ខ្លាំង​របស់​គូប្រជែង នោះ​អ្នក គឺ​ជា​​សហគ្រិន​តែ​មួយ​គត់​ដែល​នឹង​ត្រៀម​ខ្លួន​បរាជ័យ។ ​

-ទោះបី​ជា​គូប្រជែង​របស់​អ្នក​តូចខ្សោយ​ជាង​អ្នក​ក៏ដោយ អ្នក​ត្រូវ​ចាត់ទុក​ថា គឺ​ជា​គូប្រជែង​ដ៏​ខ្លាំង និង ​ធំ​បំផុត​សម្រាប់​អ្នក។ ដូចគ្នា​នេះ​ដែរ ទោះបី​ជា​​គូប្រជែង​របស់​អ្នក​ធំខ្លាំង​ជាង​អ្នក​យ៉ាងណា​ក៏ដោយ អ្នក​ក៏​មិន​ត្រូវ​ចាត់ទុក​ខ្លួនឯង​ខ្សោយ​ជាង​គូប្រកួត​ដែរ។​​

…បុគ្គល​គំរូ១០រូប ​​​​អភិវឌ្ឍ​​ខ្លួន​ពី​ជន​ក្រីក្រ​​​​​បំផុត​ទៅ​ជា​មហាសេដ្ឋី​ពិភពលោក…

១១) និយមន័យ​ឱកាស​​របស់​លោក Jack Ma

លោក Jack បាន​​បកស្រាយ​​ថា បើ​មាន​មនុស្ស​​៩០% និយាយ​ថា “​យល់​ស្រប” ​ទៅ​នឹង​សំណើ​លើកឡើង​​មួយ លោក​នឹង​ទាត់ចោល​ភ្លាម​។ ហេតុ​ផល​នោះ​គឺ​ថា ប្រសិន​បើ​មនុស្ស​ភាគ​ច្រើន​ចាត់ទុក​ថា សំណើ​នោះ​​ល្អ ពួកគេ​​នឹង​ធ្វើ​អ្វី​​តាម​សំណើ​នោះ ដូច្នេះ​ឱកាស​នឹង​មិន​​អាច​ធ្លាក់​មក​លើ​ដៃ​របស់​​អ្នក​នោះ​ឡើយ បើ​អ្នក​យល់ស្រប​ដែរ​នោះ៕

​​

ប្រែសម្រួល៖ ខេវិន
ប្រភព៖​ yahoo