ជំនាញ៥នេះធ្វើឲ្យលោកអ្នកពិបាករៀនខ្លាំងណាស់ តែបើអាចធ្វើបានប្រាកដជាជោគជ័យធំធេង!
ខាងក្រោមនេះ គឺជាជំនាញសំខាន់ៗ ដែលមនុស្សទូទៅពិបាកក្នុងការរៀនសូត្រដើម្បី យកទៅអនុវត្តក្នុងជីវិត៖
១) ការគ្រប់គ្រងពេលវេលា
វាមិនមែនជា រឿងងាយស្រួលក្នុងទេ ក្នុងការធ្វើឲ្យខ្លួនឯងក្លាយជា មនុស្សម្នាក់ដែលពូកែគ្រប់គ្រងពេលវេលា ប៉ុន្តែវាទាមទារឲ្យ អ្នកទាំងនោះជាមនុស្សដែលពូកែរៀបចំ និង មានភាពម៉ត់ចត់លើការកំណត់ពេលវេលា។ ដោយសារតែបែបនេះហើយ បានជាមនុស្សជាច្រើនបានជួបរឿងបរាជ័យជាបន្តបន្ទាប់។ ប៉ុន្តែបើមនុស្សទាំងនោះ មានសមត្ថភាពអាចរៀបចំយុទ្ធសាស្ត្រ ក្នុងការគ្រប់គ្រងពេលវេលាឲ្យបានល្អនោះ មានន័យថា ពួកគេនឹងអាចធ្វើការងារផ្សេងៗប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។
២) ការយល់ពីចិត្តមនុស្សជុំវិញខ្លួន
អ្នកខ្លះ មានសមត្ថភាពខ្ពស់ក្នុងការធ្វើកិច្ចការផ្សេងៗ ដោយសារតែមានចំណេះដឹងខ្ពស់ ភាពវៃឆ្លាត និង ទេពកោសល្យ ប៉ុន្តែពួកគេមិនដែលខ្វល់ ឬ យល់ចិត្តអ្នកដទៃឡើយ។ ក្នុងស្ថានភាពបែបនេះ វាមិនមែនជារឿងល្អនោះឡើយ ព្រោះកាលណាមិនចេះយល់ពីចិត្តអ្នកដទៃ វាពិតជាងាយនឹងបង្កបញ្ហាខ្លាំងណាស់។ វាពិតជាមិនមែនជារឿងងាយស្រួលនោះទេ ក្នុងការស្វែងយល់ពីចិត្តអ្នកដទៃ ប៉ុន្តែបើអាចធ្វើបាន នោះ ការងារ ក៏ដូចជាការរស់នៅប្រចាំថ្ងៃប្រាកដជា អាចដំណើរការទៅ បានយ៉ាងរលូន។
៣) រៀបចំការគេងឲ្យបានល្អ
អ្នកខ្លះចូលចិត្តគេងច្រើន ប៉ុន្តែអ្នកខ្លះមិនបានគេងគ្រប់គ្រាន់នោះឡើយ។ ចំណុចទាំងនេះមិនមែនជា រឿងល្អនោះទេ មិនថា គេងច្រើនពេក ឬ គេងតិចពេក។ អ្នកដែលចូលចិត្តគេងច្រើន នឹងប្រឈមមុខនឹង ការខាតបង់ពេលវេលាធ្ងន់ធ្ងរ ហើយក៏ធ្វើឲ្យសុខភាពជួបបញ្ហាផងដែរ។ ចំណែកអ្នកដែលគេងបានតិចវិញ ក៏ត្រូវជួបបញ្ហាសុខភាព ហើយក៏មិនអាចបំពេញការងារបានល្អនោះដែរ។ វាមិនមែនជារឿងងាយស្រួលនោះឡើយ ក្នុងការរៀបចំពេលវេលាឲ្យល្អ ដើម្បីគេងទៀងទាត់ និង គ្រប់គ្រាន់ ព្រោះមនុស្សគ្រប់គ្នាសុទ្ធតែមាន ការងាររវល់ និង ការតាំងចិត្តផ្សេងៗពីគ្នា។
៤) គិតវិជ្ជមានចំពោះខ្លួនឯង
វាមិន សំខាន់ពេកទេ ថាតើអ្នកដទៃគិតយ៉ាងម៉េចចំពោះអ្នក ប៉ុន្តែបើខ្លួនឯងគិតផ្លូវអវិជ្ជមាន វាប្រាកដជាអាក្រក់ តែបើគិតថា វាវិជ្ជមាន អ្វីៗនឹងមានភាពវិជ្ជមានដែរ។ ដូច្នេះហើយទោះបីជា មានរឿងអ្វីក៏ដោយ ប្រសិនបើច្បាស់ថា អ្វីដែលខ្លួនធ្វើនោះពិតជាត្រឹមត្រូវ ឬ អាចជោគជ័យនោះ អ្នកត្រូវតែបន្តធ្វើវា ទោះបីជាអ្នកដទៃគិតបែបណាក៏ដោយ។ ប៉ុន្តែមនុស្សមួយចំនួន តែងផ្លាស់ប្តូរគំនិតរបស់ខ្លួនវិញ នៅពេលមានការរិះគន់ពីអ្នកដទៃ ជាហេតុនាំឲ្យការងារនោះមិនអាចសម្រេចបាន។
…ហេតុផល៤យ៉ាងដែលធ្វើឲ្យលោកអ្នក មិនអាចផ្លាស់ប្ដូរទម្លាប់អាក្រក់ខ្លួនឯងបាន…
៥) ស្នើរកជំនួយពីអ្នកដទៃ
បើទោះបីជា មានសមត្ថភាពខ្ពស់ប៉ុណ្ណាក៏ដោយ តែមនុស្សមិនអាចធ្វើកិច្ចការគ្រប់យ៉ាងតែម្នាក់ឯងនោះឡើយ ព្រោះអ្វីៗសុទ្ធតែមានដែនកំណត់។ ដូច្នេះហើយ អ្នកមិនអាចបដិសេធការស្វែងរកជំនួយពីមនុស្សជុំវិញខ្លួននោះឡើយ។ ប៉ុន្តែ មនុស្សមួយចំនួន គិតថាខ្លួនឯងអស្ចារ្យ គឺមិនត្រូវការស្តាប់យោបល់ ឬ ទទួលយកជំនួយពីអ្នកដទៃឡើយ ជាហេតុនាំឲ្យការងារត្រូវបរាជ័យ៕
No comments:
Post a Comment