
លោក អោម សេងបូរ៉ា មានបទពិសោធន៍ច្រើនក្នុងជំនួញ និងភាពជាអ្នកដឹកនាំ ហើយលោកបានបង្កើត និងដឹកនាំស្ថាប័នឯកជនជាច្រើន និងវិទ្យាស្ថានសង្គម រួមមាន ក្រុមហ៊ុនពិគ្រោះយោបល់ Aplus Consulting និងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ Aplus គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា សហគ្រាសកម្ពុជាមូលនិធិករុណា និង ក្លឹបបណ្តុះបណ្តាល CEO Master។
លោក អោម សេងបូរ៉ា បានលើកឡើងនូវពាក្យមួយឃ្លា ដែលទាក់ទងទៅនឹងភាពជាអ្នកដឹកនាំ ដែលលោកបានលើកឡើងថា “ ប្រសិនបើ លោកអ្នកចង់ដឹកនាំអ្នកដទៃឲ្យបានជោគជ័យ លោកអ្នកត្រូវ ដឹកនាំខ្លួនឯងបានជោគជ័យជាមុនសិន”។
ពាក្យមួយឃ្លានេះ លោកចង់មានន័យថា ភាពជាអ្នកដឹកនាំ គឺតែងតែផ្ដើមចេញពីភាពជាអ្នកដឹកនាំខ្លួនឯងផ្ទាល់ ពោលគឺមានន័យថា ប្រសិនបើលោកអ្នកនាំខ្លួនឯងមិនបានផងនោះ ទម្រាំទៅដឹកនាំអ្នកដទៃ លោកអ្នករឹតតែមិនអាចធ្វើវាបាននោះទេ។
លោកបានសង្កត់ធ្ងន់ថា លោកអ្នកត្រូវចេះដឹកនាំផ្លូវចិត្ត ផ្លូវអារម្មណ៍របស់ខ្លួនឯងបានជាមុនសិន នោះទើបលោកអ្នកអាចដឹកនាំអ្នកដទៃ ទទួលបានជោគជ័យ។ ធ្វើជាអ្នកដឹកនាំគេ លោកអ្នកត្រូវមានអារម្មណ៍នឹងនរ ហើយបើលោកអ្នកមានអារម្មណ៍ ឆាប់ខឹងឆេវឆាវ មានការប្រណែនឈ្នានីស ធ្វើមុខក្រញ៉ូវដាក់ អ្នកដែលនៅក្រោមបង្គាប់ នោះលោកអ្នកមិនអាចជាគំរូល្អដល់អ្នកដែលនៅក្រោមបង្គាមលោកអ្នកបាននោះទេ។
ការគ្រប់គ្រោងអារម្មណ៍ ពិតជាមានសារៈសំខាន់ណាស់ ពីព្រោះ បើលោកអ្នកអាចគ្រប់គ្រងអារម្មណ៍របស់ លោលអ្នកបានល្អ នោះលោកអ្នកអាចធ្វើកិច្ចការនានាប្រកបដោយជោគជ័យ ជាពិសេស ការដឹកនាំរបស់លោកអ្នកនៅក្នុងកិច្ចការផ្សេងៗ ក៏ទទួលបានជោគជ័យដូចគ្នាផងដែរ៕
អត្ថបទដោយ៖ ហុង

