Thursday, September 29, 2016

រឿងទាក់ទងនឹងបុណ្យ​ភ្ជុំបិណ្ឌ

បុណ្យភ្ជុំបិណ្ឌ

បុណ្យ​ភ្ជុំបិណ្ឌ​ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ ព្រះរាជពិធីទា្វរទសមាស។ នៅក្នុងរាជ្យព្រះបាទអង្គឌួង ទ្រង់ដើម្បីលើកទឹកចិត្តដល់​កងទ័ពដែល​បាន​ច្បាំង​ឈ្នះ​ត្រឡប់​មកវិញ ព្រះអង្គ​ក៏​បង្កើត​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ឡើង អាស្រ័យនឹងប្រវត្តិរឿង​ក្នុងព្រះពុទ្ធសាសនា​។ ប្រជាជនកម្ពុជា នាំគ្នាប្រារព្ធពិធីបុណ្យនេះ​​មិនដែល​អាក់ខាន​ឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មាន​រយៈ​ពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ1, បិណ្ឌ2 ... និងថៃ្ងបញ្ចប់ គឺជា ថៃ្ង "ភ្ជុំបិណ្ឌ"។ បុណ្យ​ភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែប​ព្រះពុទ្ធសាសនា។​

ជា​រៀងរាល់​ឆ្នាំ​ នៅ​ពេល​ដល់​ថ្ងៃ​ខែ​ដែល​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ គ្រប់​បងប្អូនកូន​ចៅសាច់​ញាតិ​សន្ដាន​ទាំងអស់​ ទោះ​នៅ​ទី​ជិត​ ឬ​ទី​ឆ្ងាយ​ តែង​តែ​ធ្វើ​ដំណើរ​ទៅ​ជួប​ជុំ​គ្នា​ ជា​ពិសេស​ឪពុក​ម្ដាយ​ ដើម្បី​រៀបចំ​ម្ហូប​អាហារ​ បាយ​សម្ល​ ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​នៅ​វត្ត​អារាម។​

ប្រវត្តិ​បុណ្យ​ភ្ជុំបិណ្ឌ

Bun-phumben2.jpg
ពាក្យថា "ភ្ជុំបិណ្ឌ" មកពីពាក្យ "ភ្ជុំ" រួមគ្នាជាមួយពាក្យ "បិណ្ឌ" ដែលមានន័យថា : ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ (មកពីភាសាបាលី) "ដុំបាយ" ដូចេ្នះ​យើង​អាច​សម្គាល់​ពាក្យ​នេះ តាមវិធីងាយបានថា គឺជា "ការប្រជុំ ឬប្រមូលផ្តុំដុំបាយ" ​(ការពូតដុំ បាយជាដុំៗ​ដែល​យើង​ហៅថា "បាយបិណ្ឌ") ។
បើ​តាម​តម្រា​ចារ​តាម​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ កម្ពុជា​យើង ​ បាន​បង្ហាញ​ថា​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​គឺ​កើត​មាន​តាំង​ពី​បុរាណ​កាល​មក​ ម្ល៉េះ។​ ប៉ុន្តែ​ទាស់​ត្រង់​ថា​ កាល​ពី​សម័យ​មុន​គេ​មិន​ហៅ​ថា​ បុណ្យ​ភ្ជុំ​ទេ​ ដោយ​នៅ​ក្នុង​ពិធី​នេះ​គេ​មាន​បែង​ចែក​ចេញ​ជា​ពីរ​ថ្នាក់។​ ថ្នាក់​ដំបូង​ គឺ​គេ​ចាប់​ផ្ដើម​ធ្វើ​ចាប់​ពី​ថ្ងៃ ​១​រោច​ រហូត​ដល់​ថ្ងៃ​១៤​រោច​ ជា​វារកភត្ត​ (ភត្ត​ធ្វើ​តាម​ថ្ងៃ)​ ជា​បន្ត​បន្ទាប់។​ ចំណែក​មួយ​ថ្នាក់​ទៀត​គេ​ធ្វើ​នៅ​ថ្ងៃ​ ១៥​រោច​ ដែល​គេ​ហៅ​ថា​បុណ្យ​ភ្ជុំ។​ ពិធី​បុណ្យ​ទាំង​ពីរ​ថ្នាក់​នេះ​ បច្ចុប្បន្ន​ត្រូវ​បាន​យើង​បូក​បញ្ចូល​គ្នា​ ហើយ​ហៅ​កាត់​ថា​ ពិធី​បុណ្យ​បិណ្ឌ​ភ្ជុំ​នេះ​ឯង

រឿងទាក់ទងនឹងបុណ្យ​ភ្ជុំបិណ្ឌ

នៅក្នុងគម្ពីរព្រះត្រ័យបិដក និង​ព្រះអដ្ឋកថា មាននិយាយ​ទាក់ទងទៅនឹងពិធីបុណ្យកាន់បិណ្ឌគឺ :
  1. គម្ពីរ បេតវត្ថុ : បកស្រាយពីរឿងប្រេត គម្ពីរអានិសង្ឃបិណ្ឌនិយាយអំពីផលនៃការធ្វើបុណ្យ
  2. គម្ពីរពិទ្យាធរ ឬគម្ពីរវិជ្ជាធរ និយាយតំណាលអំពីប្រពៃណីរបស់ជាតិខែ្មរ ដែល ជាប់ទាក់ទងមកដល់សព្វថៃ្ង
  3. គម្ពីរវិមានវត្ថុ គម្ពីរធម្មបទ ជា ដើម...។
បើតាមគម្ពីរ "ពិទ្យាធរ ឬវិជ្ជាធរ" មានតំណាលថា កាលនោះមាន ព្រះថេរមួយ អង្គឈ្មោះ ព្រះឧបគុត្តត្ថេរ លោក​មានអំណាច មានឥទ្ធិពលច្រើនណាស់ លោក​ក៏​បាន​និមន្ត​ទៅធ្វើ​ទស្សនកិច្ចនៅ​ស្ថាននរក ដែលពោរពេញដោយ ភ្លើងឆេះ សន្ធោរសន្ធៅក្តៅ​ខ្លាំង ប៉ុនែ្តដោយឥទ្ធិពល​របស់លោក ក៏មានលេចចេញឲ្យ​មាននូវ​ផ្កាឈូក​រត័្ន​មួយធំប៉ុនកងរាជរថ រួច​លោកក៏គង់នៅលើផ្កា​ឈូកនោះ ហើយផ្កាឈូកនោះ ក៏ហោះកាត់ស្ថាននរក ដែលធើ្វឲ្យ​ព្រះអង្គ​ត្រជាក់ស្រួល មិន​បណ្តាល​ឲ្យប៉ះពាល់ដល់ភ្លើងកម្តៅស្ថាននរកឡើយ។
រីឯពួកសត្វនរកវិញគ្រាន់តែដឹងថា ព្រះឧបគុត្តត្ថេរ លោក​និមន្តទៅភ្លាម ក៏ធ្វើឲ្យ​ពួក​សត្វ​នរក​ទាំង​នោះ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ។ ពួកសត្វនរកទាំងនោះ មាន​ការកោត​ខ្លាចនូវ​ភាពអស្ចារ្យនេះយ៉ាងខ្លាំង ក៏នាំគ្នាចុះមក​អបអរសាទរ ហើយសួរអំពី ឫទិ្ធបារមីរបស់​ព្រះអង្គ លោក​ក៏បានពន្យល់ សមែ្តង​ធម៌‌ទេសនា​អោយពួកសត្វ​នរកទាំងនោះស្តាប់ ក្រោយ​មក លោកក៏​បានលាត្រឡប់​មកស្ថាន​មនុស្ស​វិញ ហើយ​ពួក​សត្វ​នរក​ទាំង​នោះ​បាន​ផ្តាំផ្ញើ​ថា : "ទូល​ព្រះបង្គំ​ទាំង​អស់គ្នាសព្វថៃ្ងនេះ​លំបាក​វេទនាណាស់ ណា​កម្តៅភ្លើងនរក ណា​អត់អាហារ មិន​ដែល​មាន​សាច់​សា​លោហិត​ណា​លើក​យក​អាហារភោជន ឬ បច្ច័យបួន​មកឧបត្ថម្ភខ្ញុំម្តងណាទេ គឺខ្ញុំអត់ឃ្លាន​នោះខ្លាំងណាស់ រោគាព្យាធិ ជំងឺតម្កាត់​ក៏មានច្រើនដែរ ហេតុនេះ ​បើ​ព្រះអង្គ​និមន្ត​ទៅ​ស្ថាន​មនុស្ស​លោកវិញ សូម​ព្រះអង្គ មេត្តាផ្សព្វផ្សាយឲ្យបងប្អូនញាតិមិត្ត ម៉ែ ឪ ជីដូន ជីតា របស់ខ្ញុំធ្វើបុណ្យ និមន្តព្រះសង្ឃមក​ដាក់បិណ្ឌ ឬកាន់បិណ្ឌផង រួច​ហើយ​ផ្សព្វផ្សាយ​ពរសព្វសាធុការផល្លានិសង្ស បុណ្យ​ដាក់បិណ្ឌ​ដល់ទូល ព្រះបង្គំទាំងអស់គ្នាផង ដើម្បីអោយ​បានផលជួយឧបត្ថម្ភឲ្យ​បាន​ឆែ្អត​ស្កប់​ស្កល់​បាត់​ទុក្ខ​វេទនា​ តទៅ"។
ព្រះឧបគុត្តតេ្ថរ ក៏នាំយកបណ្តាំទាំងនោះទៅក្រាបបង្គំទូលសេ្តចនាពេលនោះទៅ។ គ្រាន់តែថ្វាយ​ព្រះពរ​ប៉ុណ្ណឹងសេ្តចក៏ធ្វើជា​ចុតហ្មាយ ផ្សព្វ​ផ្សាយ​ដល់​ប្រជា​រាស្រ្ត​គ្រប់ៗគ្នា ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បី​ឲ្យប្រជារាស្រ្ត​ទាំងអស់​ធ្វើបុណ្យ​ដាក់​បិណ្ឌ ឬកាន់បិណ្ឌនៅក្នុង រដូវវស្សាដោយផ្តាំផ្ញើទៀតថា ឲ្យធ្វើចំនៅថៃ្ង ១រោច ខែភទ្របទរហូតដល់ ថៃ្ង១៥រោច ខែភទ្របទ ឬដាច់ខែដោយហេតុនេះហើយដែល នាំឲ្យមានពិធីកាន់បិណ្ឌជាប្រពៃណី តាំង​ពីពេលនោះ​រហូត​មក​ដល់​សព្វ​ថៃ្ងនេះ​។
ពិធីបុណ្យភ្ជុំបិណ្ឌ មានដើមកំណើតនៅសម័យអង្គរ នៅពេលដែលប្រជាជនធ្វើតាមសត្វ មុនព្រះព្រហ្មឫព្រះពុទ្ធសាសនា។ ប្រសិន បើយោងទៅតាមព្រះគម្ពីរដែលទាក់ទងទៅនឹងពិធីបុណ្យភ្ជុំបិណ្ឌគឺមានភាពស្មុគស្មាញច្រើន ប៉ុន្តែព្រះគម្ពីរដំបូងពាក់ព័ន្ធមានព្រះ សង្ឃ៥អង្គបានចរចាជាមួយព្រលឹងខ្មោច។ ក្នុងព្រះគម្ពីរទី២​ មន្រ្តីរាជការនិងទាហានជាច្រើនបានទទួលបញ្ជារបស់ស្ដេចឲ្យទៅធ្វើ សង្គ្រាម។ នៅលើសំពៅនៅពេលយប់ពួកគេបានជួបជាមួយនឹងព្រលឹងខ្មោចអត់ឃា្លន។ មន្ត្រីរាជការនិងទាហានបានសួរថា"តើពួក យើងអាចឲ្យចំណីអាហារទៅឲ្យអ្នកដោយរបៀបណា?"​ ព្រលឹងខ្មោចបានឆ្លើយ"អ្នកអាចឲ្យចំណីអាហារទៅមនុស្សមា្នក់ក្នុងចំណោមអ្នកទាំងអស់ដែលប្រតិបត្តិសីលឬសីល៨ហើយហៅឈ្មោះរបស់ពួកយើង"។ បើយោងទៅតាមព្រះតេជគុណ អ៊ុំ​ សាម បានឲ្យដឹងថា ជាយូរណាស់មកហើយព្រះសង្ឃពុទ្ធសាសនា​ បានដើរគ្រប់ទីកន្លែងដើម្បីបិណ្ឌបាត្រ មិនថាជួបនឹងអាកាសធាតុអាក្រក់យ៉ាងណា នោះទេ។ ក្រោយមកក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នដែលជាអ្នកតស៊ូដ៏ខ្លាំងនៃព្រះពុទ្ធសាសនាបានគាំទ្រនឹងផ្ដល់ឲ្យព្រះសង្ឃពុទ្ធ សាសនានូវរបស់ចាំបាច់ចំនួន៤គឺ សំលៀកបំពាក់ អាហារ ជំរក និងថ្នាំពេទ្យ។ ស្ដេចដឹងថានៅពេលដែលព្រះសង្ឃដើរបិណ្ឌបាត្រ ក្នុងរដូវវស្សានេះជួបប្រទះនឹងភ្លៀងផ្គរយ៉ាងខ្លាំង។ ស្ដេចមានចិត្តអាណិតអា​​សូរដល់ព្រះសង្ឃយ៉ាងខ្លាំង ដូច្នេះបានស្នើរសុំមិនឲ្យ ព្រះសង្ឃដើរបិណ្ឌបាត្ររយះពេល៣ខែរៀងរាល់រដូវវស្សា។ ដូច្នេះស្ដេចក៏បានអំពាវនាវដល់ប្រជាជនទាំងអស់ឲ្យផ្ដល់ជូននូវអាហារ និងតំរូវការមូលដ្ឋានផ្សេងទៀតសម្រាប់ព្រះសង្ឃក្នុងរយះពេលនេះ។ អ្នកដើរតាមព្រះពុទ្ធនឹងទទួលបានកុសលផលបុណ្យជាច្រើន។ ជាលទ្ធផលមានមនុស្សកាន់តែច្រើនបានផ្ដល់ជូននូវតំរូវការចាំបាច់ទាំង៤ដល់ព្រះសង្ឃ។ និន្នាការនេះបានបង្កើតឲ្យមានគម្ពីរមួយ ទៀតស្ដីអំពីពិធីបុណ្យភ្ជុំបិណ្ឌ។ តាមការអានគម្ពីរនិយាយថាមានព្រះថេរៈមួយអង្គព្រះនាមព្រះឩបគុត្តត្ថេរ មានរិទ្ធានុភាពខ្លាំងក្លាអាចចុះទៅឋាននរក បាន។ លោកអាចហោះហើរនៅឋាននរកដោយគ្មាន ទទួលរងនូវគ្រោះភ័យ។ អ្នកដែលស្លាប់នៅឋាននរកនោះមានការចាប់អារម្មណ៍ យ៉ាងខ្លាំងនូវដំណើរទស្សនកិច្ចរបស់លោក ហើយធ្វើឲ្យលោកទទួលបាននូវការស្វាគមន៍យ៉ាងកក់ក្ដៅ ហើយលោកបានទេសនា ទៅឲ្យពួកនរកទាំងនោះស្ដាប់។ មុនពេលដែលលោកត្រឡប់មកវិញពួកនរកទាំងនោះបានសុំឲ្យព្រះអង្គនាំជូនសារដល់សាច់ញាត្តិរបស់ពួកគេនៅឋានមនុស្សលោកថា របស់ពួកគេទទួលរងនូវភ្លើងនរក ការអត់ឃ្លាន​ និងជំងឺយ៉ាងខ្លាំង។ ដូចនេះសាច់ញាត្តិដែលរស់នៅគួរតែធ្វើបុណ្យដល់ព្រះសង្ឃនិងប្រគេនបច្ច័យទាំង៤ដើម្បីដោះលែងពួកគេពីការរងទុក្ខនេះ។ ពេលដែលព្រះថេរៈវិលត្រឡប់មកវិញ ក៏នាំសារថ្វាយដល់ព្រះព្រះមហាក្សត្រៗបានបញ្ជាឲ្យមនុស្សទាំងអស់ប្រារព្ធពិធីបុណ្យកាន់បិណ្ឌដែលមាន រយះពេល១៥ថ្ងៃដើម្បីឧទ្ទិសកុសលទៅឲ្យញាតិទាំឡាយអ្នកដែលស្លាប់ទៅ។ ដូចនេះពិធីបុណ្យភ្ជុំបិណ្ឌបាន កើតមាន ចាប់តាំងពីពេលនោះមក។

មូលហេតុ​ដែល​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ

ប្រជាជនខែ្មរ ក៏តែងតែចងចាំ និងយល់គ្រប់ៗគ្នាថា "បុណ្យភ្ជុំបិណ្យ" គឺជាការធ្វើបុណ្យដាក់បិណ្ឌ ដើម្បីឧទ្ទិសដល់ បេតបុគ្គលជាឪពុក ម្តាយ បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកស្ថានទៅ ហើយ មិនដឹងជាទៅចាប់កំណើតនៅលោកខាងមុខជាអ្វីនោះ។ ប៉ុនែ្តបើ តាមអត្ថបទរបស់ លោក សុង ស៊ីវ វិញការធ្វើបុណ្យភ្ជុំបិណ្ឌ ពុំមែនមានន័យតែប៉ុណ្ណឹងទេ គឺលោកបានបកស្រាយដោយលើកយកអត្ថន័យចំនួន ៣ គឺ :
  1. ដើម្បីឧទិ្ទសកុសលចំពោះបេតបុគ្គល ឬប្រេតបុគ្គល (ពាក្យ "បេត" ជាពាក្យបាលី ឯពាក្យ "ប្រេត" ជាពាក្យសំស្រ្កឹត)
  2. ដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន។
  3. ដើម្បីបង្កើតសាមគ្គីរបស់ជាតិ គឺការស្រុះស្រួលគ្នាទាំងពេលវេលាកំណត់ទាំងការធ្វើនំគម អន្សម ពេញទូទាំង ព្រះរាជាណាចក្រកម្ពុជា យើងក៏អាចកត់សម្គាល់ នូវពាក្យមួយទៀតថា "បុណ្យសែនដូនតា" ដែលជាពាក្យសាមញ្ញសម្រាប់ប្រជារាស្រ្តខ្លះ ព្រោះថាពាក្យទាំងពីរគឺមានន័យដូចគ្នា។
កាល​ពី​សម័យ​បុរាណកាល​ គេ​ធ្វើ​ពិធី​បុណ្យ​នេះ​គឺ​ដើម្បី​រៀបចំ​ធ្វើ​សង្ឃភត្ត​ ទំនុក​បម្រុង​ព្រះសង្ឃ​ដែល​គង់​ចាំ​វស្សា​ក្នុង​វត្ត​រយៈ​ពេល​៣​ខែ​ ចាប់​តាំង​ពី​ថ្ងៃ​ចូល​វស្សា​រហូត​ដល់​ថ្ងៃ​ចេញ​វស្សា។ នៅ​ក្នុង​ចំណេរ​កាល​បុរាណ​បាន​ចារ​ថា​ ដោយ​នៅ​ក្នុង​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ រលឹម​ពព្រិច​ ធ្វើ​ឲ្យ​មាន​ការ​លំបាក​ដល់​ព្រះសង្ឃ​ក្នុង​ពេល​ធ្វើ​គោចរ​បិណ្ឌបាត។​ ហេតុ​ដូច្នេះ​ ទើប​បណ្ដា​ពុទ្ធ​បរិស័ទ​នាំ​គ្នា​រៀបចំ​ពិធី​នេះ​ ដើម្បី​ផ្គត់ផ្គង់​ព្រះសង្ឃ​ប្រចាំ​ថ្ងៃ​រហូត​ដល់​ថ្ងៃ​ចេញ​វស្សា។​ ម្យ៉ាង​វិញ​ទៀត​ នៅ​ក្នុង​ពិធី​បុណ្យ​នេះ​ គឺ​ធ្វើ​ឡើង​ដើម្បី​ផ្សាយ​ឧទ្ទិស​កុសល​ដល់​ពពួក​បេតជនញាតិ​ និង​ញាតិ​ទាំង​៧​សណ្ដាន​ ព្រម​ទាំង​តំណ​ញាតិ​ច្រើន​មហាកប្ប​នោះ​ផង​ដែរ​ តាម​រយៈ​អនុភាព​នៃ​សង្ឃគតាទក្ខិណាទាន​ ដែល​រស់​រង​ទុក្ខ​វេទនា​ កើត​ជា​ប្រេត​មាន​កម្មពៀរ​ ជាប់​ទោស​ធ្ងន់​ រងកម្ម​ក្រហល់​ក្រហាយ​អត់ឃ្លាន​ទាំងអស់​នោះ​ បាន​រួច​ផុត​ពី​ក្ដី​លំបាក​សោកសៅ។
ម្យ៉ាងទៀតប្រជាជនខ្មែរប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌដោយសារតែពួកគេបានជំនឿយ៉ាងមុតមាំតាមបណ្ដាំចាស់ៗដែលពោលណែនាំនិងអនុវត្តជារៀងរាល់ឆ្នាំតៗគ្នាមក។ គេជឿថាសាច់ញាត្តិដែលបានចែកឋានទៅហើយ មានមាតាបិតា ជីដូនជីតា បងប្អូនកូនចៅ ញាតិកាទាំង៧សន្ដាននោះ ដែលខ្លះមានបាបកម្មត្រូវទទួលទោសនៅឋាននរកកើតជាប្រេត​ កើតជាអបាយភូមិវេទនាណាស់។ ឋាននោះស្ថិតនៅជ្រៅឆ្ងាយពីឋាន មនុស្សមិនអាចមើលឃើញពន្លឺព្រះអាទិត្យទេ គ្មានសំលៀកបំពាក់ គ្មានអាហារបរិភោគឡើយ។ លុះដល់រដូវបុណ្យគេដោះលែងឲ្យមក ទទួលផល្លានិសង្ឃដែលសាច់សាលោហិតធ្វើបុណ្យឧទ្ទិសឲ្យ។ ប្រជាជនខ្មែរជឿថាព្រលឹងរបស់អ្នកទាំងនោះនឹងមកដល់វត្តអារាមហើយ ទទួលការផ្ដល់ជូនពីសាច់ញាត្តិឫកូនចៅរបស់ពួកគេតាមរយះការអធិដ្ឋានដោយព្រះសង្ឃ។ ម្យ៉ាងទៀតគេខ្លាចជីដូនជីតាដាក់ប្រទេចបណ្ដា សាឲ្យគេហិនហោច ប្រសិនបើដើរស្វែងរកគ្រប់៧វត្តហើយនៅមិនឃើញសាច់ញាត្តិធ្វើបុណ្យឧទ្ទិសឲ្យ។ មួយវិញទៀតគេសង្ឃឹមថាកុសល ផលបុណ្យដែលគេបានធ្វើនៅជាតិនេះ នឹងធ្វើឲ្យគេទទួលបាននូវសេចក្ដីសុខ សេចក្ដីចំរើនរហូតដល់ជាតិក្រោយ។

ទំនាក់ទំនងបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលវស្សា

បើតាមសង្ឃដីការបស់ សមេ្តចព្រះមង្គលទេពាចារ្យ អ៊ុំ ស៊ុម បានឲ្យដឹងថា នៅសម័យដើមគឺ ក្រោយពេល ដែល ព្រះពុទ្ធសាសនា បាន​ផ្សាយ​ចូល​មក​ក្នុង​ប្រទេស​ខែ្មរ​យើង ហើយ​នោះ​ភិក្ខុសង្ឃបាននិមន្ត ទៅបិណ្ឌបាតគ្រប់ច្រកល្អករាល់ពេលវេលា ដោយមិនគិតថា ជារដូវវស្សា រដូវប្រាំង រដូវក្តៅ ឬរដូវរងាឡើយ ។
លុះដល់សម័យសេ្តចសោយរាជ្យ គឺវង្ស "ជ័យវរ្ម័ន" ព្រះអង្គមានព្រះទ័យជ្រះថ្លានឹងព្រះពុទ្ធសាសនា ក៏បានឧបត្ថម្ភព្រះសង្ឃ​ដែល​បួសក្នុង ​ព្រះ​ពុទ្ធ​សាសនា​ ដោយ​បច័្ចយ​បួន មានចង្អាន់​បិណ្ឌបាត្រ សេនាសណៈ ភេសជ្ជៈ និង ចីវរ ។ ក្រោយ​មក​ទៀត ព្រះអង្គ​ទ្រង់​ឈេ្វង​យល់ថា​នៅ​រដូវវស្សា​ព្រះសង្ឃ​និមន្ត​ចេញ​ទៅ​បិណ្ឌ​ បាត្រ​ នោះ​ជួបប្រទះ​នូវការលំបាក ខ្លាំងណាស់​ដូចជា ភ្លៀង ផ្គរ រន្ទះ ខ្យល់បក់បោក​ដែល បណ្តាល​ឲ្យព្រះសង្ឃអង្គខ្លះ ត្រូវ​ដួល​លើភក់​ជ្រាំនោះ ក៏​នាំ​ឲ្យ​ព្រះ​អង្គ​​កើត ព្រះទ័យ​សងេ្វគផង ជ្រះថ្លាផង ហើយក៏បានបវរណា ដល់ព្រះសង្ឃក្នុង ព្រះរាជាណាចក្រកម្ពុជា ឲ្យនិមន្តគង់នៅក្នុងវត្ត ហើយ​កុំនិមន្ត​ចេញ បិណ្ឌ​បាត្រ​ឯណា ក្នុងរយៈពេល ៣ខែ មិនតែប៉ុណ្ណោះព្រះអង្គក៏បានធ្វើជា ព្រះរាជ​ប្រកាស​ផ្សព្វផ្សាយ ឲ្យប្រជារាស្រ្តទាំងអស់ក្នុង ព្រះរាជាណាចក្រកម្ពុជា ជួយ​ឧបត្ថម្ភ​បច្ច័យ​បួនដល់ ព្រះសង្ឃក្នុង រយៈពេលនៃ រដូវវស្សាកុំឲ្យ ព្រះសង្ឃនិមន្តបិណ្ឌបាត្រ នៅខាងក្រៅទៀត។
ការអនុវត្តន៍បែបនេះ ចេះតែក្លាយ​បន្តិចម្តងៗ ប្រជារាស្រ្ត​ក៏ធ្វើតាម ព្រះរាជារហូតមក គឺឲ្យតែដល់រដូវវស្សា រយៈពេល ៣ខែ ដោយគិតចាប់ពីថៃ្ង ១ រោច ខែអាសាឍ ដល់​ថៃ្ង​ពេញ​បូរមី​ខែ​អស្សុជ​មិន​ឲ្យ​ព្រះសង្ឃ​ទៅណា​ទេ (គឺនៅសម័យនោះ គេដាក់បិណ្ឌក្នុង រយៈពេល ៣ខែ តែក្រោយៗ​មកក៏សល់​រយៈពេលតិចទៅៗ រហូត​មកដល់សព្វ​ថៃ្ងនេះ អាស្រ័យ​ដោយ​កត្តា​ជីវភាព​រស់​នៅ​ក្នុងសង្គម​មានកា​រ​ប្រែប្រួល)។

រដូវ​បុណ្យ​ភ្ជុំបិណ្ឌ

ចាប់​តាំង​ពី​សម័យ​បុរាណកាល​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ គេ​តែងតែ​ប្រារព្ធ​នៅ​ក្នុង​រដូវវស្សា​ ព្រោះ​នៅ​ក្នុង​រដូវ​នេះ​ពពួក​ប្រេត​អាច​មាន​ឱកាស​ច្រើន​ក្នុង​ការ​ស្វែងរក​ ចំណី​អាហារ​ ជាង​រដូវ​ផ្សេងៗ​ទាំងអស់។​ ម្យ៉ាង​វិញ​ទៀត​នៅ​ក្នុង​វស្សានរដូវ​ អាហារ​របស់​ពួក​ប្រេត​ ដូចជា​ភក់​ជ្រាំ​ ស្លេស្ម៍​ កំហាក​ សាកសព​ និង​កាកសំណល់​អសោចិ៍​ សម្បូរ​នៅ​ក្នុង​ខែ​ភ្លៀង​ផ្គរ​ពព្រិច។​ នៅ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​រយៈ ពេល​១៥​ថ្ងៃ​នេះ​ មាន​ពពួក​បេតជន​ (ពួក​ប្រេត)​ សាច់ញាតិ​ទាំង​ប្រាំពីរ​សណ្ដាន​ ព្រម​ទាំង​តំណ​ញាតិ​ច្រើន​មហាកប្ប​ ដែល​អត់​ឃ្លាន​អាហារ​អស់​រយៈ ពេល​ជា​ច្រើន​ខែ​មក​ហើយ​នោះ​ ត្រូវ​បាន​រួច​ផុត​ពី​ការ​ឃុំឃាំង​អនុញ្ញាត​ឲ្យ​មក​ស្វែង​រក​សាច់ញាតិ​នៅ​ តាម​វត្តអារាម​ផ្សេងៗ​ ដែល​នាំ​យក​ចំណីអាហារ​ផ្សេងៗ​ មក​ឧទ្ទិស​កុសល​ឲ្យ​ខ្លួន។​ ម្យ៉ាង​វិញ​ទៀត​ បើ​តាម​សម្ដី​ចាស់ៗ​បុរាណ​និយាយ​តៗ​គ្នា​ថា​ ក្នុង​រយៈ​ពេល​១៥​ថ្ងៃ​ បើ​ពពួក​បេតជន​ទាំងអស់​នោះ​ដើរ​ស្វែងរក​ញាតិ​ចំនួន​៧​វត្ត​ នៅ​តែ​មិន​ឃើញ​នោះ​ ពពួក​ប្រេត​ទាំងអស់​នោះ​នឹង​ស្រែក​យំ​ទន្ទ្រាំ​ជើង​ ព្រោះ​តែ​ការ​ខក​បំណង​ និង​ភាព​ស្រេក​ឃ្លាន​ក្រហល់ក្រហាយ​ក្នុង​ចិត្ត។​ ជា​ពិសេស​ពពួក​បេតជន​ទាំងអស់​នោះ​ នឹង​ជេរ​ដាក់​បណ្ដាសា​ដល់​សាច់ញាតិ​ កូន​ចៅ​ជា​មិន​ខាន។
ភ្ជុំបិណ្ឌ

ការ​ប្រារព្ធ​ពិធី​បុណ្យ​បិណ្ឌ​ភ្ជុំ

ចំពោះ​បុណ្យ​បិណ្ឌ​ភ្ជុំ​នេះ​ បុរាណាចារ្យ​រាជបណ្ឌិត​ខ្មែរ​យើង​បាន​រៀបចំ​រយៈ​ពេល​១៥​ថ្ងៃ​ ដោយ​ចាប់​គិត​ពី​ថ្ងៃ​ទី​០១​រោច​ ដល់​ថ្ងៃ​ទី​១៥​រោច​ ខែ​ភទ្របទ​ ជា​ពិធី​មួយ​សម្រាប់​ឧទ្ទិស​កុសល​ទៅ​ដល់​បេតជន​ញាតិ​ដែល​បាន​ស្លាប់​ទៅ។
នៅ​ក្នុង​រយៈ​ពេល​១៤​ថ្ងៃ​ នៃ​ការ​កាន់​បិណ្ឌ​ ឬ​ដាក់​បិណ្ឌ​នេះ​ ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​ទាំងអស់​ជាពិសេស​ក្រុម​នីមួយៗ​ដែល​បាន​រៀបចំ​ជា ​ក្រុម​ដោយ​លោក​តា​អាចារ្យ​ចាត់ចែង​នោះ​ ត្រូវ​បែងចែក​ចេញ​៣​ឬ​៤​ក្រុម​តូចៗ​ ដើម្បី​រៀបចំ​ធ្វើ​យាគូ​ ឬ​ធ្វើ​ភត្តាហារ​ជា​៣​ទៅ​៤​ឆ្នាំង​ ស្មើ​នឹង​៣​ទៅ​៤​មុខ​ម្ហូប។​ ពេល​ទូង​ស្គរ​ចំណាំ​វស្សា​ អ្នក​នៅ​ក្នុង​ក្រុម​វេន​នីមួយៗ​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ចង្ហាន់​ ហើយ​យាយ​តា​ចាស់ៗ​ក្នុង​ក្រុម​វេន​ ត្រូវ​ជ្រើស​រើស​យក​ផ្ទះ​ណាមួយ​ដើម្បី​ប្រមូល​នំនែក​រៀបចំ​បាយ​បិណ្ឌ​ បាយ​បត្តបូរ។​ រៀបចំ​រួច​ហើយ​ត្រូវ​នាំ​គ្នា​ទៅ​វត្ត​ស្ដាប់​លោក​សូត្រ​ថ្វាយ​បង្គំ​ធម៌​ សុខោ​ និង​ធម៌បរាភវសូត្រ។​ ចំណែក​ឯ​កូន​ចៅ​ដែល​នៅ​ផ្ទះ​ ត្រូវ​នាំ​គ្នា​ខិត​ខំ​ដុត​ដៃ​ដុត​ជើង​បបរ​ឬ​ស្លស្លុក​តាម​មុខ​ម្ហូប​នីមួយៗ ​ដោយ​ឡែក​ពី​គ្នា។​ លុះ​ដល់​ពេល​ព្រឹក​ព្រាង​អរុណោទ័យ​ត្រូវ​នាំ​គ្នា​រៀបចំ​ខ្លួន​ កណ្ដៀត​ យួរ​ កាន់​ ទូល​ រែក​ចង្ហាន់​ទៅ​វត្ត។
នៅ​ក្នុង​វត្ត​ លោក​តា​អាចារ្យ​ត្រូវ​រៀបចំ​ពី​ធី​រាប់បាត្រ​នៅ​លើ​ឧបដ្ឋាន​សាលា។​ បន្ទាប់​មក​លោក​អាចារ្យ​ជា​ប្រធាន​ ត្រូវ​នាំ​ពុទ្ធបរិស័ទ​វេរ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ វេរ​បាយ​បត្តបូរ។ល។​ លុះ​ដល់​ពេល​ព្រះសង្ឃ​ធ្វើ​បត្តានុមោទនគាថា​ចប់​ មេ​វេន​ក្រុម​នីមួយៗ​ត្រូវ​រៀបចំ​ម្ហូប​អាហារ​ ចំណី​ចូល​គំនាប់​ជូន​លោក​តា​អាចារ្យ​វត្ត​ ព្រម​ទាំង​ចាត់ចែង​ភោជនាហារ​ទទួល​ភ្ញៀវ​ដែល​អញ្ជើញ​ទៅ​បុណ្យ​នៅ​ក្នុង​ថ្ងៃ​ វេន​របស់​ខ្លួន​នោះ​ផង​ដែរ។
ការប្រគេនចង្ហានដល់ព្រះសង្ឃ ត្រូវបានធ្វើឡើងដើម្បីឧទិសកោសលឲ​ទៅ​ជីដូនជីតាង បងប្អូន និងញាតិទាំង៧សណ្តាន[១] ដែលបានស្លាប់ក្លាយជាប្រេតហើយត្រួវបានជាប់ឃំនៅក្នុងនរក ។ ក្នុងការបើទ្វានរកនេះ ប្រេតខ្លះ មានឪកាសរួចផុតពីការជាប់​ទារុណកម្ម​នៅ​នរក ខណៈ​ដែលខ្លះទៀតត្រូវបានគេ​ ដោះលែងឲនៅក្រៅនរកជាបណ្តោះអាសន្នដើម្បីទៅទទួលយកនូវចំណី និងកោសលផលបុណ្យដែលកូនចៅបានឧទិសឲ ហើយនឹងត្រូវ​ត្រឡប់​ទៅទទួលទុក្ខ​វេទនា​នៅក្នុងនរកបន្តទៀត បន្ទាប់ពីពិធីភ្ជុំបិណ្ឌនេះត្រូវបានបញ្ចប់។ ចំពោះញាតិសណ្តានដែលមិនបាននៅក្នុងនរកក៏ដោយក្តី ក៏ត្រូវបានគេចាត់ទុកថាអាចទទួលបាននូវកោសលពីពិធីការឧទិស​ក្នុង​ពិធី​ បុណ្យនេះផងដែរ។
ដោយហេតុពុទ្ធសាសនិកមានការមមាញឹកចំពោះកិច្ចានុកិច្ចប្រចាំថៃ្ងនិងដើម្បីធានាថាព្រះសង្ឃត្រូវបានផ្គត់ផ្គង់ជាទៀងទាត់នោះទើបគេចែកជាក្រុមៗដាក់វេណគ្នាយកទេយ្យទានទៅប្រគេនព្រះសង្ឃរយៈពេល១៤ថៃ្ងចាប់ពីថៃ្ង១រោចដល់ថៃ្ង១៤រោចខែភទ្របទហើយអោយឈ្មោះថាវេណទី១.វេណទី១៤។ រយៈពេល១៤ថៃ្ងនេះអោយឈ្មោះថាបុណ្យកាន់បិណ្ឌឬបុណ្យដាក់បិណ្ឌ ចំណែកថ្ងៃ១៥រោចដែលជាថ្ងៃចុងក្រោយនោះពុទ្ធសាសនិកពីគ្រប់វេណទាំងអស់បានមកជួបជុំគ្នាធ្វើទានចំពោះសង្ឃជាមួយគ្នាដើម្បី បញ្ចប់បុណ្យកាន់បិណ្ឌថ្ងៃទី១៥ត្រូវនឹងថ្ងៃ១៥រោចខែភទ្របទដែលជាថ្ងៃចុងក្រោយនេះអោយឈ្មោះថា ភ្ជុំបិណ្ឌ ឬថ្ងៃភ្ជុំបិណ្ឌ។
សូម​បញ្ជាក់​ដែរ​ថា​ ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំ​ មាន​រៀបចំ​កញ្ចប់​ចតុប្បច្ច័យ​ (ស៊ង)​ ប្រគេន​គ្រប់​ភិក្ខុ​សាមណេរ។​ ឯ​គណៈកម្មការ​វត្ត​បាន​ចាត់ចែង​នំ​អន្សម​ នំ​គម​ និង​បាយ​បត្តបូរ​ឲ្យ​ទៅ​សិស្ស​គណទុក​ប្រគេន​ភិក្ខុ​សាមណេរ​តាម​ចំណែក​ សម្រាប់​ធ្វើ​ចង្ហាន់​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់។​ ម្យ៉ាង​វិញ​ទៀត​ ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​ កាល​ពី​សម័យ​បុរាណ​មាន​លេង​ល្បែង​ប្រណាំង​ក្របី​ សេះ​ ចាប់​ពី​២-៣​គូ​ ទៅ​តាម​តំបន់​រៀងៗ​ខ្លួន[ត្រូវការអំណះអំណាង]​ ដើម្បី​អបអរ​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ឆ្លង​បង្ហើយ។​ លើស​ពី​នេះ​ទៅ​ទៀត​ក្របី​ សេះ​ និង​របស់​ដែល​ត្រូវ​ប្រកួត​ គេ​បាន​តុបតែង​លំអ​ដោយ​ប្រេង​ លាប​ពណ៌​រលើបរលោង​ មាន​ពាក់​ប្រឡៅ​ កណ្ដឹង​ត្រដោក​ ឬ​ចង្ក្រង​ជាដើម។[ត្រូវការអំណះអំណាង]​ ​ កន្លែង​ខ្លះ​ទៀត​មាន​លេង​ល្បែង​ផ្សេងៗ​ខុស​ពី​នេះ​។​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ទំនៀមទម្លាប់​នេះ​ចេះ​តែ​បាត់ៗ​ រួញ​ថយ​បន្តិច​ម្ដងៗ​ សាសនា​កាន់​តែ​កន្លង​វែង​ទៅ​ នាំ​ឲ្យ​ការ​ប្រកាន់​ខ្ជាប់​ស្ទើរ​តែ​បាត់បង់​ច្រើន​ណាស់​ដែរ៕

បរាភវសូត្រ

បរាភវសូត្រ​ (អាន​ថា​ ប៉ៈ រ៉ា​ ភៈ​ វៈ​) តែង​​ត្រូវ​​បាន​ព្រះសង្ឃ​សូត្រ​នៅ​ក្នុង​ព្រះវិហារ​​ជា​រៀងរាល់​ថ្ងៃ​នា​ពេល​ទៀប​ភ្លឺ​ នៅ​ក្នុង​អំឡុង​ពេល​បុណ្យ​​កាន់​បិណ្ឌ។[២] នៅ​ក្នុង​បរាភវសូត្រ​នេះ ​​ជា​រឿយៗ​គេ​ឮ​ឃ្លា​មួយ​ដែល​ថា​ នាំ​ឲ្យ​វិនាស។ ឃ្លា​នេះ​ជា​ហេតុ​នាំ​​ឲ្យ​អ្នក​ខ្លះ​មាន​ទស្សនៈ​ថា​ ពួក​គេ​មិន​ហ៊ាន​ស្ដាប់​ធម៌​​បរាភវសូត្រ​ទេ​ ព្រោះ​ខ្លាច​វិនាស។
តាម​ពិត​បរាភវសូត្រ​មាន​ន័យ​ថា «មាត្រា​ដែល​ពោល​ពី​ធម្មជាតិ​ដែល​គ្មាន​ក្ដី​ចម្រើន​​ ឬ​ធម៌​ជា​ហេតុ​​នាំ​ឲ្យ​មាន​ក្ដី​វិនាស»។[២] សូត្រ​នេះ​មាន​នៅ​ក្នុង​គម្ពីរ​សុត្តន្តបិដកខុទ្ទកនិកាយ​​ សុត្តនិបាត​ តតិយភាគ​ទី​៥៤​ ទំព័រ​ទី​៣៦។ ធម៌​នេះ​យើង​អាច​អះអាង​ថា​ មិនមែន​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​បាន​ដល់​នូវ​ក្ដី​វិនាស​ឡើយ​ ផ្ទុយ​ទៅ​វិញ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​បាន​ដឹង​ច្បាស់​​ពី​មូលហេតុ​ដែល​នាំ​ឲ្យ ​វិនាស​ ហើយ​ឲ្យ​គេ​ជៀសវាង​ ដើម្បី​គេច​ឲ្យ​ផុត​ពី​ក្ដី​​វិនាស​ហើយ​ ប្រសិន​បើ​គេ​មិន​បាន​ស្ដាប់​ធម៌​នេះ​ គេ​អាច​​នឹង​មិន​ដឹង​ពី​ហេតុ​​ដែល​នាំ​ឲ្យ​វិនាស​​ហេតុ​នេះ​អាច​នឹង​ ប្រព្រឹត្ត​ខុស​ជា​​ហេតុ​នាំ​ឲ្យ​វិនាស​ទៅ​វិញ​ទេ។ ក្នុង​នោះ​ព្រះពុទ្ធ​បាន​បង្រៀន​ពី​ហេតុ​ផល​សាមញ្ញៗ​ និង​ជាក់ស្ដែង​​ដូចជា​ថា​ បុគ្គល​ដែល​មាន​វ័យ​ចំណាស់​ពេក​ហើយ​យក​មនុស្ស​ក្មេង​ជា​ប្រពន្ធ​ប្ដី​ភាព​ជា ​បុគ្គល​អកត្ដញ្ញូ​ មិន​ដឹង​គុណ​ឪពុកម្ដាយ​ អ្នក​លេង​ល្បែង​ ៣​ប្រការ​ គឺ​​ល្បែង​ស្រី​ ល្បែង​ស្រា​ និង​ល្បែង​ភ្នាល់​គ្រប់​ប្រភេទ​ ភាព​ជា​អ្នក​ខ្ជិល​ច្រអូស​ជា​ដើម​ថា​ហេតុ​នាំ​មក​នូវ​ក្ដី​វិនាស។

ការ​បោះបាយ​បិណ្ឌ

នៅ​ព្រលឹម​ម៉ោង​៤ព្រឹក ប្រជាពលរដ្ឋ​តែងតែ​នាំគ្នា​ដើរ​ទៅវត្ដ​អារ៉ាម​នានា​នៅក្នុង​ភូមិ ឬ​នៅក្បែរ​ផ្ទះរបស់​ខ្លួន ជាមួយ​នឹងនំចំណី​ដែល​ធ្វើរួច​ជាស្រេច​ដាក់ក្នុង​ចាន ឬ​ស្បោង​ដើម្បី​ទៅវត្ដ។ ការ​បោះបាយ​បិណ្ឌ​ជាជំនឿ​អរូបិយ​មួយ​ផងដែរ ដែល​ប្រជាពលរដ្ឋ​ខ្មែរយើង​និយម​ធ្វើជា​រៀងរាល់​ព្រឹក ដើម្បី​បញ្ជូន​ឬឧទ្ទិស​កុសល​ឱ្យទៅ​ញាតិ​សន្ដាន​សាច់​សាលោ​ហិតដែល បាន​ចែកឋាន​ទៅ​បរលោក។[៣]
ការ​បោះ​បាយ​បិណ្ឌ (ការ​បោះ​ដុំ​បាយ) ជា​សកម្មភាព​មួយ​ដែល​មិន​​ទាន់​មាន​ឯកភាព​​គ្នា​នៅ​ក្នុង​សង្គម​ពុទ្ធសាសនិក ​នៅ​ឡើយ​ ដោយ​អ្នក​ខ្លះ​បាន​ចាត់​ទុក​​ការ​បោះ​បិណ្ឌ​​​ជា​កិច្ច​​ដ៏​សំខាន់​មួយ​មិន​ អាច​ខាន​បាន​នៅ​ក្នុង​រដូវ​បុណ្យ​កាន់​បិណ្ឌ​នេះ​ ខណៈ​ដែល​អ្នក​ខ្លះ​បាន​អះអាង​ និង​រិះគន់​ថា​ ការ​បោះ​បាយ​បិណ្ឌ​ជា​ទង្វើ​មិន​ត្រឹមត្រូវ​ ជា​ភាព​ខ្ជះខ្ជាយ​ជា​ការ​ធ្វើ​មិន​គោរព​ទាន​ជា​ដើម។[២] អ្នក​ដែល​​ជឿ​ថា​ បោះ​បាយ​បិណ្ឌ​​មាន​ប្រយោជន៍​គិត​ថា​ បោះ​បាយ​បិណ្ឌ​គឺ​បោះ​ឲ្យ​ពួក​ប្រេត​ (ហេតុ​នេះ​ទើប​នៅ​តំបន់​ខ្លះ​មិន​ហៅ​បាយ​បិណ្ឌ​ទេ​ តែ​ហៅ​ថា​បាយ​ប្រេត)។ ចំណែក​អ្នក​ពុទ្ធ​និយម​ខ្លះ​ទៀត​បាន​អះអាង​ថា​ ការ​បោះ​បាយ​បិណ្ឌ​ជា​ការ​​ធ្វើ​ទាន​មិន​ត្រឹមត្រូវ​តាម​ការ​បង្រៀន​របស់​ ព្រះពុទ្ធ​ឡើយ។[២]
ទន្ទឹមនឹងនេះ ដែរពួកគេបានធ្វើការអធិដ្ឋានទៅដល់សាច់ញាត្តិដែលស្លាប់និងបោះបាយបិណ្ឌនៅជុំវិញព្រះវិហារ។ ជាពិសេសពួកគេជឿថាវិញាណទាំង ឡាយណាដែលគ្មានសាច់ញាត្តិត្រូវបានគេដោះលែងពីឋាននរកឲ្យមកកាន់វត្តអារាមដើម្បីទទួលអាហារពីសាច់ញាត្តិរបស់ពួកគេនៅពេល យប់។ វិញាណពួកគេត្រូវត្រឡប់ទៅឋាននរកវិញនៅមុនពេលព្រះអាទិត្យរះ។ វិញាណអ្នកទាំងនោះគឺមានទំរង់ធំហើយខ្ពស់ដែលពួកគេ អាចបោះជំហាននៅលើប្រាសាទបាន។ ទោះជាយ៉ាងណាពួកគេមិនហានធ្វើដូច្នេះទេដោយខ្លាចថាពួកគេបានប្រព្រឹត្តអំពើបាបបន្ថែមទៀត ។ ពួកគេបានត្រឹមតែឈរយំហើយសុំអាហារ។ វិញាណទាំងនោះនឹងទៅគ្រប់៧វត្តដើម្បីរកមើលសាច់ញាត្តិនិងទទួលអាហារពីពួកគេ។ ប្រសិនបើវិញាណទាំងនោះមិនឃើញសាច់ញាត្តិរបស់ពួកគេមកវត្តទេនោះ ពួកគេនឹងដាក់បណ្ដាសាសាច់ញាត្តិរបស់ពួកគេ។ នេះហើយជា មូលហេតុដែលសាច់ញាត្តិគួរតែយកចង្ហាន់ទៅវត្តទោះបីជាច្រើនឫក៏តិចក៏ដោយក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ។

ការ​ពូនភ្នំ​ខ្សាច់​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ

ទាក់ទិន​នឹង​ជំនឿ​ដែល​ពុទ្ធបរិស័ទ​លើកឡើង​អំពី​ការពូន​ភ្នំខ្សាច់ នៅអំឡុង​ពេល​បុណ្យភ្ជុំបិណ្ឌ​នេះ វាជា​ជំនឿ​មួយដែល​ខ្មែរយើង​ទូទៅ​យល់ថា វាល្អ​ហើយ​មាន​ប្រយោជន៍​ទើប​ពួកគាត់​ធ្វើ។ ហើយ​បានដាក់​លុយ​ទៅតាម​ភ្នំខ្សាច់​នីមួយៗ ព្រមទាំង​អុជធូប​ស្មាលា កំហុស​បាប​មួយ​ចំនួន​ដែលខ្លួន​បានសាង​ឡើង ដោយ​មិនបាន​ចាប់អារម្មណ៍​កន្លង​មក។ ការ​ពូនភ្នំ​ខ្សាច់នេះ​ក៏ជាការ​ឧទ្ទិសកុសល​មួយ​ជូនដល់​ឧបការីជន​ទាំងឡាយ​ ដែលបាន​លាចាក​លោក​ផងដែរ។[៣]

ប្រេត

អត្ថបទ​លម្អិត៖ ប្រេត
នៅ​ក្នុង​គម្ពីរ​ព្រះត្រៃបិដក​នៃ​ពុទ្ធសាសនា​និកាយ​ថេរវាទ នៅ​ក្នុង​តាម​គម្ពី​ព្រះពុទ្ធ​សាសនា​ បាន​ចែងថា មនុស្ស​ដែលស្លាប់​ទៅតែង​ទៅកើត​ទីផ្សេងៗ​តាម​កម្ម​របស់ខ្លួន។ មនុស្ស​ចិត្ដអាក្រក់ ដែលបាន​ធ្វើបាប​កម្ម​ផ្សេងៗ លុះស្លាប់​ទៅ​តែងតែ​កើតជា​ប្រេត​ ៤ប្រភេទ គឺប្រេត​ដែល​ចិញ្ចឹម​ជីវិត​ដោយខ្ទុះ​ឈាម ប្រេត​ស្រេក​ឃ្លាន​អាហារ​ជានិច្ច ប្រេត​ដែលភ្លើង​ឆេះ​ជានិច្ច និងប្រេត​ដែល​ចិញ្ចឹម​ជីវិត​ដោយ​ផល​ដែល​បុគ្គល​ដទៃ​ឧទ្ទិស​ទៅឱ្យ។ គេ​តែង​និយម​ជ្រើសរើស​ចំថ្ងៃ​រនោច​ខែភទ្របទ ព្រោះ​ពេលវេលា​នោះ​ព្រះចន្ទ​ ពុំសូវ​មាន​ពន្លឺ ហើយ​ចេះតែ​ង​ងឹត​ទៅៗ ព្រោះ​ឱកាស​នោះហើយ ដែល​យមរាជ​ដោះលែង​ពួកប្រេត​ទាំងនោះឱ្យ​មក​រស់នៅ​លាយឡំ​ជាមួយ​មនុស្ស​ចាំទទួល ​ភោគផល​ដែល​បងប្អូន​ញាតិសន្ដាន ដែល​ញាតិ​ឧទ្ទិស​ឱ្យ ព្រោះ​ពួកប្រេត​ខ្លាច​ពន្លឺ​ណាស់។ ប្រសិន​បើ​រយៈពេល​១៥ថ្ងៃ ពួកប្រេត​ដើរ​រកគ្រប់វត្ដ​ពុំមាន​ឃើញ​បងប្អូន​ញាតិសន្ដាន​ណាធ្វើ​បុណ្យ​ បញ្ជូន​កុសល​ទៅឱ្យ​ទេ ពួកគេ​នឹងអត់​បាយ​អត់ទឹក​ស្រេកឃ្លាន​រងទុក្ខ​វេទនា​យ៉ាង​ក្រៃលែង ហើយ​នឹង​ជេរប្រទេច​ផ្ដាសា​ដល់​បងប្អូន​ញាតិកា​ទាំងឡាយ​ឱ្យ​ហិនហោច​ ទ្រព្យសម្បត្ដិ ព្រាត់ប្រាស់​ឪពុកម្ដាយ ប្ដីប្រពន្ធ កូនចៅ ញាតិ​ផៅទាំង​ប្រាំពីរ​សន្ដាន។

បុណ្យ​ស្រដៀង​គ្នា​នេះ

ភ្ជុំបិណ្ឌ ជាពិធីបុណ្យរបស់កម្ពុជា។ ប៉ុន្តែ ក៏មានពិធីបុណ្យសម្រាប់ឧទិសកោសលផលបុណ្យដែលមានភាពស្រដៀងគ្នានេះដែរ ដូចជានៅ សេរីលង្កា(ឧ. ការឧទិសដល់អ្នកដែលស្លាប់) ហើយក៏វាមានភាពប្រហាក់ប្រហែលគ្នាទៅនឹង Ghost Festival នៅ​តៃវ៉ាន់ផងដែរ (ដែល​វា​ទាក់​ទង​ទៅ​នឹង​ការ​បើក​ទ្វានរក​ យមរាជ ជាដើម)។

ឯកសារ​យោង

  1. "Caring for the Dead Ritually in Cambodia", Southeast Asian Studies (Kyoto University)
  2. ភ្ជុំ​បិណ្ឌ​ការ​បោះបាយ​បិណ្ឌ​ និង​បរាភវសូត្រ,អំពី​ស្ត្រី
  3. ភ្ផុំបិណ្ឌ ជាបុណ្យ​ប្រវត្ដិសាស្ដ្រ​របស់​បុព្វជន​ខ្មែរ, សុខភាព​កម្ពុជា
4. ទស្សនាវដ្ដី​សុខភាព​យើង--លេខ​០៣២

Wednesday, September 28, 2016

សូមកោតសសើរលោកពូប៉ូលីស ការលះបង់របស់ពូ

ការយល់ឃើញ៤ចំណុចសំខាន់ ដែលបានកែប្រែជីវិតបុគ្គលជោគជ័យជាច្រើនរូប


មិនថាមានរឿងកើតឡើងនៅក្នុងជីវិតរបស់អ្នកនោះទេ អ្វីដែលអ្នកយល់ឃើញគឺសំខាន់ជាងគេបង្អស់ ព្រោះថាការយល់ឃើញរបស់អ្នកនេះនឹងហើយ នឹងអូសទាញអ្នកឲ្យប្រើប្រាស់ជីវិតរបស់អ្នកបែបណានោះ។
ខាងក្រោមនេះគឺជាការយល់ឃើញដែលបុគ្គលជោគជ័យជាច្រើនមានទាំងមុនពេលដែលគាត់បានទទួលនូវជោគជ័យទៅទៀត៖
១) បង្ហាញតាមរយៈសកម្មភាព៖ មនុស្សជាច្រើនគឺពូកែនិយាយមែនទែន តែនៅពេលដែលជួបប្រទះជាមួយនឹងការងារមែនទែន អ្នកទាំងអស់បែរជាគ្មានពាក្យអ្វីត្រូវនិយាយទៅវិញ។ ហេតុនេះហើយទើបអ្នកទាំងអស់នោះជ្រើសរើសបង្ហាញតាមរយៈសកម្មភាពរបស់ពួកគេជាជាងបានតែថា តែធ្វើមិនបាន។
២) បញ្ហាណាក៏មានដំណោះស្រាយ៖ នៅពេលដែលមានបញ្ហាម្ដងៗ ជាជាងការគេចពីបញ្ហា អ្នកគួរតែប្រឈមមុខជាមួយ ព្រោះថាបើអ្នកមិនប្រឈមមុខជាមួយវានោះទេ ចុងបញ្ចប់វានឹងក្លាយជាបញ្ហាដដែលនោះទេ ហើយអ្នកក៏គួរតែចងចាំទុកផងដែរថា បញ្ហាណាក៏អាចមានវិធីដោះស្រាយបានដែរ។
៣) ទាល់តែខំប្រឹងទើបអាចជោគជ័យ៖ កុំមានអារម្មណ៍ថាតូចចិត្តនៅពេលដែលអ្នកដទៃនៅជុំវិញខ្លួនអ្នកមិនខំប្រឹងអីទាំងអស់តែបែរជាអាចរស់នៅយ៉ាងសុខស្រួល តែនៅថ្ងៃណាមួយអ្នកនឹងដឹងថាជីវិតមនុស្សម្នាក់ៗមិនដូចគ្នានោះគេ។ ហេតុនេះហើយទាន់អ្នកនូវមានកម្លាំង មានសមត្ថភាព អ្នកគួរតែខំប្រឹងឲ្យអស់ពីកម្លាំងកាយ និងកម្លាំងចិត្តដើម្បីអនាគតរបស់អ្នក។
៤) គិតវិជ្ជមានជានិច្ច៖ ការគិតវិជ្ជមាននឹងធ្វើឲ្យជីវិតរបស់អ្នកមានតែភាពប្រសើរឡើងប៉ុណ្ណោះ ព្រោះថានៅពេលដែលអ្នកគិតវិជ្ជមាន អ្នកផ្ដោតទៅលើអ្វីដែលល្អជានិច្ច ទោះបីជាអ្នកកំពុងតែស្ថិតនៅស្ថានភាពដ៏លំបាកណាមួយក៏ដោយ។ អ្នកក៏គួរតែចងចាំថាការគិតវិជ្ជមានក៏នាំឲ្យជីវិតរបស់អ្នកមានតែរឿងវិជ្ជមានកើតឡើងផងដែរ៕
អត្ថបទ៖ រស្មី

Baby sing a song បុណ្យភូមិ


Monday, September 26, 2016

គួច ម៉េងលី៖ ឡើងកុំអឿ តឿកុំទាប

ឧកញ៉ា គួច ម៉េងលី ដែលជាបុគ្គលមានវោហាស័ព្ទទន់ភ្លន់ក្នុងចំណោមអ្នកជំនួញជោគជ័យជាច្រើននៅកម្ពុជា លោកឧកញ៉ា តែងរំលេចពាក្យសម្ដីពាក់ព័ន្ធនឹងដំណើរការអាជីវកម្មឲ្យទទួលបានជោគជ័យ ដោយឡែកលោក ក៏ជាមេដឹកនាំគំរូមួយរូប ដែលត្រូវបានបុគ្គលិកគោរពស្រឡាញ់លោក ក៏ដូចជាក្រុមហ៊ុនដូចក្នុងគ្រួសារតែមួយ។
ពាណិជ្ជកម្ម កម្ពុជា បានដកស្រង់សម្ដីដ៏មានន័យមួយចំនួនរបស់លោកឧកញ៉ា គួច ម៉េងលី ដែលលោកបានចងក្រងជាសៀវភៅ ដែលមានចំណងជើងថា ទស្សនៈអាជីវកម្ម ក្នុងនោះលោកឧកញ៉ាបានលើកឡើងថា៖
អ្នកជំនួញជោគជ័យ គឺជាបុគ្គលកាច់បំបាក់បាននូវភាពអំនួតរបស់ខ្លួន
អ្នកជំនួញជោគជ័យភាគច្រើន គឺជាបុគ្គលកាច់បំបាក់បាននូវភាពអំនួតរបស់ខ្លួន មានន័យថា  ជាបុគ្គលដែលគ្មាអំនួតនិយមនៅក្នុងខ្លួន។ បុគ្គលជាអ្នកដឹកនាំដែលមមានអំនួត សំដៅលើអ្នកដឹកនាំខ្លះ ដើរពឺងទ្រូង អំនួត មោទនភាពជ្រុលនិយម ខណៈដែលគេបានធ្វើជាថៅកែក្រុមហ៊ុន ឬគ្រាន់តែមានឈ្មោះជាប្រធាន តែនេះគ្រាន់តែជាឈ្មោះតំណាង ប៉ុណ្ណោះ។ ដូច្នេះ ដើម្បីកាច់បំបាក់បាននូវភាពអំនួត យើងត្រូវមានឥរិយាបថថ្លៃថ្នូរ ហើយត្រូវមានអារម្មណ៍ថា ដឹកនាំគេដើម្បីឲ្យគេអភិវឌ្ឍ។
ឡើងកុំអឿ តឿកុំទាប
លោកឧកញ៉ា បានផ្ដល់អនុសាសន៍ថា “ឡើងកុំអឿ តឿកុំទាប” ដោយពន្យល់ថា បើនរណាម្នាក់ធ្វើខុសអី្វមួយ ជាមេដឹកនាំត្រូវចេះណែនាំគេ សូមកុំច្រត់ចង្កេះបញ្ជា ត្រូវចេះដាក់ខ្លួន ត្រូវចេះស្រឡាញ់គេ ត្រូវយល់ពីគំនិតគេ និងត្រូវដឹកនាំបង្ហាញឲ្យគេធ្វើ មានន័យថា ធ្វើអ្វីក៏ដោយធ្វើក្នុងនាមជាគំរូ។
យកអ្នក ៥ ធ្វើបាន ១០ តែកុំយកអ្នក ១០ ធ្វើបានតែ ៥
ពាក្យមួយឃ្លានេះ លោកឧកញ៉ា យកអ្នក ៥ ធ្វើបាន ១០ តែកុំយកអ្នក ១០ ធ្វើបានតែ ៥” មកធ្វើការបកចង់ផ្ដល់ដំបូន្មានទៅដល់អ្នកដឹកនាំក្រុមហ៊ុននានា ក្នុងការធ្វើការជ្រើសរើសបុគ្គលិកឲ្យបានត្រឹមត្រូវ។ លោកឧកញ៉ាបានឲ្យដឹងថា មានមនុស្សមួយចំនួនមានចំណេះដឹងខ្ពស់ ហើយថែមទាំងមានភាពថ្លៃថ្នូរ មិនវាយឫក មានភាពទន់ភ្លន់ រួសរាយរាក់ទាក់ គួរឲ្យប្រពៃ មានន័យថា មនុស្សប្រភេទនេះ ចេះតែ ៥ទេ ប៉ុណ្ណោះតែអាចធ្វើបាន ១០៕





***http://business-cambodia.com***

Jack Ma៖ ក្លាយជាមហាសេដ្ឋី មានភាពឈឺចាប់ខ្លាំងណាស់

September 24, 2016


មហាសេដ្ឋីមាឌល្អិតពូកែវេហាស័ព្ទជាមួយនឹងទ្រព្យសម្បត្តិជិត ២៧ ពាន់លានដុល្លារអាមេរិកគឺលោក Jack Ma បាននិយាយក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNBC កាលពីពេលថ្មីៗកន្លងមកនេះថា៖ «ក្លាយជាមហាសេដ្ឋីមានភាពឈឺចាប់ខ្លាំងណាស់ ខ្ញុំមិនសូវមានអារម្មណ៍សប្បាយចិត្តសោះ»
មហាសេដ្ឋីមាឌល្អិតរូបនេះ បាននិយាយថា ខែនេះខ្ញុំមានអារម្មណ៍មិនសប្បាយចិត្តទាល់តែសោះ ខ្ញុំគិតថា ខ្ញុំមានសម្ពាធច្រើនពេកហើយ ។ ប៉ុន្តែពេលខ្លះ ខ្ញុំព្យាយាមធ្វើអោយខ្លូនខ្ញុំមានភាពសប្បាយរីករាយ ព្រោះខ្ញុំដឹងថា បើខ្ញុំមិនសប្បាយចិត្ត អ្នកធ្វើការជាមួយខ្ញុំក៏មិនសប្បាយចិត្ត ម្ចាស់ភាគហ៊ុនរបស់ខ្ញុំក៏មិនសប្បាយចិត្ត ហើយអតិថិជនរបស់ខ្ញុំក៏មិនសប្បាយចិត្តដែរ»
លោក Jack Ma បានមានប្រសាសន៍ថា ចាប់ពីក្រុមហ៊ុនរបស់លោកបោះផ្សាយមូលបត្រជាសាធារណៈ (IPO) ដែលមានតម្លៃរហូតដល់ ២៥ពាន់លានដុលា្លរអាមេរិកនោះ បានចាប់ផ្តើមមានភាពតប់ប្រមល់ច្រើន (stress) ។ លោកថា ប្រហែលជា ផ្សារភាគហ៊ុនកើនឡើងខ្លាំង ហើយមនុស្សជាច្រើនចាប់ផ្តើមមានការរំពឹងខ្ពស់លើលោកអ្នក ឬមួយក៏ខ្ញុំគិតច្រើនពីអនាគត ហើយនៅមានរឿងរ៉ាវជាច្រើនទៀតដែលត្រូវព្រួយបារម្ភ ។ លោក Jack Ma បានសង្កត់ធ្ញន់ថា តម្លៃនៃការបោះផ្សាយមូលបត្រ (IPO) គឺវាអស្ចារ្យខ្លាំងណាស់ ហើយខ្ញុំក៏សប្បាយចិត្តជាមួយលទ្ធផលនេះដែរ ។ ប៉ុន្តែបើនិយាយអោយស្មោះត្រង់ នៅពេលដែលមនុស្សមានក្តីរំពឹងចំពោះអ្នកខ្លាំងពេក អ្នកក៏ត្រូវតែមានទំនួលខុសត្រូវច្រើនដែរ ។
ម្យ៉ាងវិញទៀត លោក Jack Ma ធ្លាប់បាននិយាយថា កាលលោកនៅក្រ លោកសប្បាយចិត្តជាងឥឡូវ ។ លោកថា កាលខ្ញុំរកលុយបាន ១២ដុល្លារក្នុង ១ខែ គឺជាពេលដែលខ្ញុំរីករាយបំផុតក្នុងជីវិតដែលខ្ញុំធា្លប់បានជួប។
លោក Jack Ma បានពន្យល់ថា នៅពេលដែលអ្នកមិនមានលុយច្រើន អ្នកនឹងមិនដឹងពីរបៀបនៃការចាយវាយនោះទេ។ ប៉ុន្តែនៅពេលដែលអ្នកក្លាយជាសេដ្ឋីពាន់លាន អ្នកនឹងមានទំនួលខុសត្រូវក៏ច្រើនដែរ ជាពិសេសគឺត្រូវទទួលខុសត្រូវជាមួយម្ចាស់ភាគហ៊ុនដ៏ច្រើន។
លោក បានពន្យល់ទៀតថា បើអ្នកមានលុយតិចជាង ១ លានដុល្លារ អ្នកប្រាកដជាដឹងពីរបៀបនៃការចំណាយលុយនោះ  តែបើអ្នកមានលុយ១ពាន់លានដុល្លារ លុយនោះមិនមែនជារបស់អ្នកទេ តួយ៉ាងដូចខ្ញុំអញ្ចឹង  លុយដែលខ្ញុំមានខ្ទង់ពាន់លានដុល្លារនៅសព្វថ្ងៃនេះ មិនមែនជាលុយរបស់ខ្ញុំទេ វាជាការទទួលខុសត្រូវរបស់ខ្ញុំទៅវិញទេ
នេះមិនមែនជាលើកទីមួយទេដែលលោក Jack Ma និយាយអំពីបន្ទុករែកពន់របស់សេដ្ឋីពាន់លានដូចជារូបលោក។ លោកធា្លប់បាននិយាយក្នុងកម្មវិធី CNN Money ដែរថា បុគ្គលណាដែលមានលុយ ១ លានដុល្លារ គឺជាអ្នកមានសំណាង ប៉ុន្តែ បើអ្នកមានចាប់ពី១០ លានដុល្លារឡើងទៅ អ្នកទទួលបញ្ហាក៏កាន់តែច្រើនដែរ៕
***http://business-cambodia.com***