Thursday, July 30, 2015

ទម្លាប់​​៤ ​ជា​លក្ខណៈ​​ពិសេស​របស់​មហាសេដ្ឋី​​​ខុស​ពី​មនុស្ស​ទូទៅ

រូបតំណាងប្រភព៖​ forbes
ទ្រព្យសម្បត្តិ ​ហូរហៀរ​របស់​អ្នក​មាន មហាសេដ្ឋី ឬ បុគ្គល​ល្បីៗ​នៅ​ក្នុង​សង្គម ​បាន​បង្កើត​ចម្ងល់​ជា​ច្រើន​​ថា តើ​ជា​ដំបូង​បុគ្គល​ទាំង​នេះ​អាច​​អភិវឌ្ឍ​ខ្លួន​​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​មាន ​ដោយ​របៀបណា? សំនួរ​នេះ​អាច​ធ្វើ​ឲ្យ​​អ្នក​ព្យាយាម​សិក្សា​ស្វែង​យល់​​ ត្បិតអី​​ភាព​មាន​បាន​ចង់​មាន​ប្រាក់​ចាយវាយ​មិន​អស់ គឺ​ជា​ក្តី​ប្រាថ្នា​របស់​អ្នក។

ទីបំផុត​លទ្ធផល​វា​មិន​ដូច​អ្វី​ដែល​ជា​ការ​រំពឹង​ទុក​របស់​អ្នក​នោះ​ ឡើយ។ បុគ្គល​ខ្លះ​បាន​ស្លាប់​ទៅ​វិញ​ដោយ​មិន​បាន​​បន្សល់​ទុក​អ្វី​សោះ​ឡើយ ខណៈ​បុគ្គល​ខ្លះ​ទៀត​ហាក់​បីដូច​ជា​គ្មាន​ហេតុ​ផល​ច្បាស់លាស់​​ថា ខ្លួន​រស់​នៅ​ដើម្បី​អ្វី? ធ្វើ​អ្វី​ខ្លះ​ទើប​ជោគជ័យ​ដូចគេ?

ឥឡូវ​នេះ TheBNEWS បាន​លើក​យក​ប្រធានបទ​​នេះ​មក​ដែល​ស្តី​ពី “ទម្លាប់​​៤ ​ជា​លក្ខណៈ​​ពិសេស​របស់​មហាសេដ្ឋី​​​ខុស​ពី​មនុស្ស​ទូទៅ” មក​ចែក​រំលែក​ជូន​​លោក​អ្នក​សិក្សា​ស្វែង​យល់។ ការ​ពិត​ចំណុច​ទាំង​នេះ វា​មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​​លោក​អ្នក​នៅ​ឡើយ​ទេ​ តែ​យ៉ាង​ហោច​ណាស់​អាច​ទុក​ជា​​ជា​ប្រទីប​មួយ​សម្រាប់​ជួយ​លោក​អ្នក​ឲ្យ​ ជោគជ័យ ត្បិត​​មហាសេដ្ឋី​ជា​ច្រើន​បាន​យក​វា​មក​ដាក់​នៅ​ក្នុង​ខ្លួន​​ទៅ​ហើយ​នោះ។​ ​​​​​

១) ប្រឹងប្រែង​ធ្វើ​ការ​​​យ៉ាង​ស្វាហាប់​
ការ​ចង់​ ក្លាយ​ជា​អ្នក​មាន​វា​គ្រាន់តែ​ជា​ក្តី​ស្រមៃ​មួយ​តែ​ប៉ុណ្ណោះ ​​ក៏​ប៉ុន្តែ​ដើម្បី​ឲ្យ​​ក្តី​ស្រមៃ​នោះ​ក្លាយ​ជា​ការពិត​វា​​ទាមទារ​ឲ្យ​​ មាន​ការ​ខិតខំ​ប្រឹងប្រែង និង មធ្យោបាយ​ជា​ច្រើន​ទៀត​ដែល​អាច​និយាយ​ថា មិន​ងាយស្រួល​ដូច​បកចេក​នោះ​ឡើយ។ ម្ល៉ោះហើយ​ទើប​មាន​មនុស្ស​ច្រើន​ណាស់​បាន​ដេក​ត្រឹមតែ​ស្រមៃ ​បណ្ដែតបណ្ដោយ​​ខ្លួន​ និងនិយាយ​ពាក្យ​ស្ដាយ​ក្រោយ​​ ព្រោះ​មិន​អាច​ក្លាយ​ជា​អ្នក​មាន​នឹង​គេ។ ​​

នៅ​ត្រង់​នេះ​បើ​គេ​ងាក​ទៅ​មើល​សកម្មភាព​របស់​អ្នក​មាន​ ឬ មហាសេដ្ឋី​ល្បីៗ​នៅ​ជុំវិញ​ពិភពលោក ការ​មាន​ទ្រព្យសម្បត្តិ​ហូរហៀរ​របស់​ខ្លួន​មិនមែន​កើត​ចេញ​ពី​ភាព​ចៃដន្យ​​ នោះ​​ឡើយ​ ពោល​គឺ​វា​ជា​សមិទ្ធផល​ដែល​កើត​ចេញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ តាំង​ពី​ដើម​ទី​រហូត​​មក។ បុគ្គល​ទាំង​នេះ ​ភាគ​ច្រើន​ជា​អ្នក​ធ្វើ​ការ​​យ៉ាង​ស្វាហាប់​ខណៈ​មនុស្ស​ជា​ច្រើន​ទៀត​កំពុង ​តែ​​លង់លក់​ក្នុង​ដំណេក​​​ ​ជា​អ្នក​ដែល​តស៊ូ​​មិន​ភ័យខ្លាច​ទៅ​នឹង​ភាព​លំបាក ​ជា​អ្នក​ចាប់​​ផ្តើម និង ជា​អ្នក​ដើរ​ទៅ​មុខ​ដោយ​មិន​រាថយ​។

មហាសេដ្ឋី Warren Buffett ​បង្ហើប​​​គន្លឹះ​ចំនួន ៩ ធ្វើ​ឲ្យ​ជីវិត​​របស់​អ្នក​រីករាយ និង ជោគជ័យ

២) មាន​គោលដៅ​ដែល​ត្រូវ​ទៅ​ច្បាស់លាស់ជា​ការ​ពិត​ មាន​មនុស្ស​មិន​តិច​ទេ​ដែល​បណ្តោយ​ឲ្យ​​ឆាក​ជីវិត​របស់​ខ្លួន​បណ្តែត​​ បណ្តោយ​ទៅ​តាម​ខ្យល់ ​​ចង់​ទៅ​ណា​ឲ្យ​ប្រាកដ​ក៏​មិន​ដឹង ធ្វើ​ត្រង់​នេះ​ត្រង់​នោះ​មិន​ច្បាស់​ត្រង់​ណា​ ហើយ​ទី​បំផុត​ចំណាយ​ពេល​​​​ឥតប្រយោជន៍​គ្មាន​ផ្លែផ្កា​អ្វី​សោះ​​​រហូត​​ឈាន ​ដល់​វ័យ​ចំណាស់​ក៏​នៅ​សឹង​តែ​មិន​ដឹង​ខ្លួន​ឈរ​នៅ​កន្លែង​ណា​​ទៀត។ ចុះ​លោក​អ្នក​វិញ មាន​ដឹង​​ទេ​ថា មូលហេតុ​​អ្វី​បាន​ជា​​អ្នក​មាន ឬ មហាសេដ្ឋី​ខិតខំ​​​ធ្វើ​ការ​ខ្លាំង​ម្ល៉េះ?

តាម​ពិត​ទៅ​​បទពិសោធន៍​ក្នុង​ឆាក​ជីវិត​​របស់​បុគ្គល​ទាំង​នេះ​អាច​ធ្វើ​ ឲ្យ​​ខ្លួន​ជោគជ័យ ក៏ប៉ុន្តែ​ការ​ខិតខំ​ប្រឹងប្រែង​របស់​​ពួកគេ​ដោយសារ​តែ​មាន​គោលដៅ​ច្បាស់​ លាស់​​នេះ​​​ឯង។ នៅ​ទី​នេះ​គេ​អាច​ពន្យល់​បាន​​ថា នៅ​ពេល​​មនុស្ស​មាន​គោលដៅ​ច្បាស់លាស់ ពួកគេ​ពិត​ជា​ចង់​សម្រេច​គោលដៅ​នោះ​ និង មាន​​ជំនឿ​យ៉ាង​មុតមាំ​ថា ពួកគេ​នឹង​សម្រេច​បាន​គោលដៅ​នោះ​ពិតប្រាកដ​មែន។ នេះ​បាន​ធ្វើ​ឲ្យ​ពួកគេ​ខិតខំ​ប្រឹងប្រែង​​​យ៉ាង​ស្វាហាប់​​ផុស​ចេញ​ពី​ ខ្លួន​តែម្ដង​សំដៅ​តែ​លើ​គោលដៅ​​ដែល​ត្រូវ​ទៅ​​ប៉ុណ្ណោះ ហើយ​ទី​បំផុត​ក៏​ទទួល​បាន​ជោគជ័យ​ពិតប្រាកដ​មែន។ ​​​

​បើ​មិន​ចូលចិត្ត​ជំនួញ យ៉ាងហោចណាស់​ក៏​ចូលចិត្ត​សម្ដី​សំខាន់ៗ​របស់​មហាសេដ្ឋី Warren Buffett ​ចំនួន​៨​នេះ​ដែរ​

៣)​ ​ទទួល​យក​​​ភាព​បរាជ័យ
ការ​ភ័យខ្លាច​ភាព​បរាជ័យ គេ​សង្កេត​ឃើញ​មាន​​​ក្នុង​ខ្លួន​មនុស្ស​ភាគ​ច្រើន​ទៅ​ហើយ។ យ៉ាងណាមិញ ប្រសិន​បើ​អ្នក​ខ្លាច​ភាព​បរាជ័យ អ្នក​នឹង​បាត់បង់​ឱកាស​​ល្អៗ​ជា​ច្រើន​ដែល​នឹង​ធ្លាក់​មក​លើ​ដៃ​របស់​អ្នក​​ ដោយសារ​តែ​អ្នក​​មិន​ហ៊ាន​បោះជំហាន​ទៅ​មុខ​នេះ​ឯង។ បើ​គេ​សម្លឹង​មើល​​លក្ខណៈ​របស់​មហាសេដ្ឋី​ជា​ច្រើន ពួកគេ​ម្នាក់ៗ​តែងតែ​មាន​គោលការណ៍​គ្រឹះ​ដ៏​រឹងមាំ​មួយ​សម្រាប់​ខ្លួន​ឯង​ ខុស​ពី​មនុស្ស​ទូទៅ​ផ្សេង​ទៀត។

ចំណុច​ពិសេស​មួយ​ក្នុង​ចំណោម​ចំណុច​ពិសេស​ទាំង​នោះ​គឺ​ថា ពួកគេ​​មិន​ភ័យខ្លាច​បរាជ័យ តែ​បាន​ស្វាគមន៍​វា​ទៅ​វិញ ពី​ព្រោះ​ថា ភាព​បរាជ័យ​បាន​បង្កប់​នូវ​គុណ​តម្លៃ​ដូច​ជា​បទពិសោធន៍ និង ឱកាស​ជា​ច្រើន​ដែល​អ្នក​ផ្សេង​មើល​មិន​កម្រ​បាន​​​ឃើញ។ ​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​បុគ្គល​ទាំង​នេះ​ ដើរ​ទៅ​មុខ​ជានិច្ច ហាក់​មិន​​ខ្វះ​ខ្វាយ​ទៅ​នឹង​ការ​ប្រឈមមុខ​​មួយ​ចំនួន​​បន្តិច​សោះ​​​ឡើយ។ ​

​អត្ថន័យ​​ភាព​ជោគជ័យ​របស់​​​មហាសេដ្ឋី Warren Buffett គឺ​​ធ្វើ​រឿង​មួយ​នេះ​!

៤) ជ្រើសរើស​អ្នកណា​ម្នាក់​មក​ធ្វើ​ជា​គំរូ​របស់​ខ្លួន​
គ្រូ ​​ល្អ​ម្នាក់​​អាច​ជួយ​តម្រង់​ទិស​​របស់​អ្នក​ឲ្យ​ក្លាយ​ជា​សិស្ស​​​ល្អ​​​ ម្នាក់​ទទួល​បាន​ជោគជ័យ​ជាង​មុន​បាន​។ យ៉ាងណាមិញ សម្រាប់​បុគ្គល​ជា​គំរូ​ មិន​អាច​ជួយ​អ្នក​ដោយ​ផ្ទាល់​បាន​ឡើយ ក៏ប៉ុន្តែ​ជា​បុគ្គល​ដែល​អាច​​​បង្រៀន​អ្នក​​មិន​ឲ្យ​ដើរ​​លើ​គន្លង​ផ្លូវ​ តែ​មួយ​​​ដែល​ជា​កំហុស​របស់​បុគ្គល​នោះ​នៅ​ពេល​កន្លង​មក ហើយ​នេះ​ជា​មេរៀន​ជីវិត​ដែល​មាន​តម្លៃ​ដ៏​មហាសាល​មួយ​សម្រាប់​អ្នក។​

នេះ​ហើយ​ជា​មូលហេតុ​ដែល​មហាសេដ្ឋី​ជា​ច្រើន​សុខចិត្ត​ជ្រើសរើស​​បុគ្គល​ ល្បីៗ​ណា​ម្នាក់​មក​ធ្វើ​ជា​បុគ្គល​គំរូ​របស់​ខ្លួន​តួយ៉ាង​ដូច​ជា​ មហាសេដ្ឋី Bill Gates និង លោក Warren Buffett ​ជា​ដើម​សុទ្ធតែ​បាន​ជ្រើសរើស​បុគ្គល​គំរូ​របស់​ខ្លួន​ដើម្បី​​យក​មក​ធ្វើ​ ជា​បទពិសោធន៍​រៀន​សូត្រ​តាម។ ថ្វីត្បិត​តែ​ភាព​ជោគជ័យ​របស់​បុគ្គល​ទាំង​នេះ​មិន​ដូច​គ្នា​មែន ក៏ប៉ុន្តែ​វា​​ច្បាស់​ណាស់​ថា បទពិសោធន៍​ដែល​ជា​ភាព​បរាជ័យ​​របស់​បុគ្គល​មុនៗ​អាច​ធ្វើ​ឲ្យ​​មនុស្ស​ ជំនាន់​​ក្រោយ​​​សិក្សា​រៀន​សូត្រ និង ជៀសវាង​បាន​៕​​

ហាងឆេងមាស និង​អត្រា​ប្ដូរ​ប្រាក់​ថ្ងៃ​ព្រហស្បតិ៍ ទី៣០ ខែកក្កដា

នៅ ​ថ្ងៃ​ព្រហស្បតិ៍​នេះ មាស​មិន​ធ្លាក់​ថ្លៃ​ជា​បន្ត​ទៀត​ទេ បន្ទាប់ពី​ធនាគារកណ្ដាល​សហរដ្ឋ​អាមេរិក​បិទ​កិច្ចប្រជុំ​រយៈ​ពេល​ពីរ​ថ្ងៃ ហើយ​មិន​បាន​កំណត់​ពេល​វេលា​ជាក់លាក់​ថា​នឹង​ដំឡើង​ការ​ប្រាក់​នៅ​ពេល​ណា​ ឲ្យ​ពិត​ប្រាកដ។ នៅ​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​បិទទ្វារ ឬ​កិច្ចប្រជុំ​ផ្ទៃក្នុង​នេះ ធនាគារ​អាច​នឹង​លើក​ឡើង​នូវ​ចំណុច​ជា​គោល​ដែល​មាន​ជាអាទិ៍៖ ស្ថានភាព​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក និង​អត្រា​អ្នក​មាន​ការងារ​ធ្វើ​ ត្បិតអី​វិស័យ​ទាំងពីរ​នេះ​សំខាន់​ណាស់​សម្រាប់​ធនាគារ​ពិចារណា​ដំឡើង​ការ​ ប្រាក់។ ចំណុច​សំខាន់​គឺ​ថា​មក​ទល់​នឹង​ពេល​នេះ គេ​មិន​ទាន់​ទទួល​ដំណឹង​ច្បាស់ការ​ថា​ធនាគារ​នឹង​ដំឡើង​ការ​ប្រាក់​នៅ​ពេល​ ណា​ឲ្យ​ពិត​ប្រាកដ។

​សម្រាប់​ដំណាក់កាល​នេះ គេ​នៅ​តែ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​តម្លៃ​មាស (មិន​ទាន់​ហ៊ាន​ទិញ​ទុក​ច្រើន​ទេ)។ ម្យ៉ាងទៀត ប្រាក់​ដុល្លារ​អាច​នឹង​ឡើង​ថ្លៃ។ ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ អំឡុង​ពេល​នេះ មាស​មិន​អាច​ឡើង​ថ្លៃ​យ៉ាង​គំហុក​នោះ​ទេ។ ទាំង​អ្នក​វិនិយោគ​នៅ​ទីផ្សារ​មូលបត្រ​ទិញ/លក់​មាស ក៏​ដូចជា​ទីផ្សារ​លក់​មាស​ មិន​មាន​សញ្ញា​ថា​មាស​ត្រូវ​បាន​ទិញ/លក់​ក្នុង​បរិមាណ​ច្រើន​នោះ​ទេ។

មាស​តាម​អត្រា​ទិញ/លក់​ព្រឹក​នេះ គឺ​មួយ​ឱន​ថ្លៃ ១០៩៦,៥ / 1,096.5 ដុល្លារ ឬ​មួយ​ដំឡឹង​ថ្លៃ ១៣២១,០៨/ 1,321.08 ដុល្លារ​តាម​ហាងឆេង​នៅ​ទីក្រុង​ញីវយ៉ក​គិត​ត្រឹម​ម៉ោង ១:៤១ រំលង​អាធ្រាត្រ ឬ​ទៀបភ្លឺ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។ ដោយឡែក មាស​សម្រាប់​ការ​បញ្ជា​ទិញ​ទុក​​ខែសីហា​នៅ​សហរដ្ឋ​អាមេរិក​ ធ្លាក់​ថ្លៃ ០,៣% គឺ​មួយ​ឱន​ថ្លៃ ១០៩៧,៤/ 1,097.4។

​សកម្មភាព​ទិញ/លក់​មាស​បាន​ធ្លាក់​ចុះ​ទាប​បំផុត​ចាប់ពី​ឆ្នាំ២០០៩ មក​ទល់​នឹង​ពេល​នេះ។ មូលហេតុ​សំខាន់​ដោយសារ​ប្រទេស​ចិន​បាន​បញ្ចេញ​សាច់​ប្រាក់​យ៉ាង​ច្រើន​លើស​ លប់​ដើម្បី​ទិញ​យក​មូលបត្រ​បំណុល ឬ​ប័ណ្ណ​បំណុល។ ដូច្នេះ ចិន​មិន​អាច​យក​លុយ​ទៅ​ទិញ​មាស​ទេ។ ម្យ៉ាងទៀត សកម្មភាព​ទិញ/លក់​មាស​នៅ​ប្រទេស​ឥណ្ឌា​បាន​ធ្លាក់​ចុះ​ទាប​បំផុត​ក្នុង​ រយៈពេល ១៥ ខែ​ចុង​ក្រោយ​នេះ។ មូលនិធិ​ SPDR Gold Trust នៅ​ទីក្រុង​ញីវយ៉ក ដែល​ជា​ឃ្លាំង​ស្តុក​មាស​ធំ​បំផុត​ក្នុង​ពិភពលោក​សម្រាប់​ប្ដូរ​នឹង​ ក្រដាសប្រាក់​នោះ មាន​មាស​បម្រុង​ទុក​ក្នុង​ឃ្លាំង​ចំនួន​ជាង ៦៨០,២៣៣/ 680.233 តោន​គិត​ត្រឹម​ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍។ នេះ​ជា​ចំនួន​មាស​បម្រុង​ទុក​ដែល​មាន​ចំនួន​តិច​បំផុត​គិត​ចាប់​ពី​ឆ្នាំ​ ២០០៨ រៀងមក។

អំពី​សន្ទស្សន៍​តម្លៃ​មាស
មាស​មួយ​ឱន (៨ជី ៣ហ៊ុន) = ១០៩៣,២១/ 1,093.21 ឬ ដុល្លារ ដុល្លារ (១ដំឡឹង = ១៣១៧,១២ ឬ 1,317.12 ដុល្លារ​អាមេរិក) (តាម​ហាងឆេង Comex នៅ​សហរដ្ឋ​អាមេរិក)
វៀតណាម ៖ មាស​មួយ​ឱន (៨ជី ៣ហ៊ុន) = ១០៩៣,៤៩ ឬ 1,093.49 ដុល្លារ (មួយ​ដំឡឹង​ = ១៣១៧,៤៥ ឬ 1,317.45 ដុល្លារ​អាមេរិក)
ថៃ ៖ មាស​មួយ​ឱន (៨ជី ៣ហ៊ុន) = ១០៩២,៩ ឬ 1,092.9 ដុល្លារ (មួយ​ដំឡឹង = ១៣១៦,៧៤ ឬ 1,316.74 ដុល្លារ​អាមេរិក)

អំពី​សន្ទស្សន៍​អត្រា​ប្ដូរ​ប្រាក់​តាម​ទីផ្សារ​អន្តរជាតិ ថ្ងៃ​ព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០១៥ (ម៉ោង ១០:៣០ ព្រឹក​នៅ​ព្រះរាជាណាចក្រ​កម្ពុជា)
មួយ​ដុល្លារ​អាមេរិក = ៣៥,០៦ ឬ 35.06 បាត (ថៃ)
មួយ​ដុល្លារ​អាមេរិក = ២១ ៨១៨,៥ ឬ 21,818.5 ដុង (វៀតណាម)
មួយ​ដុល្លារ​អាមេរិក = ០,៩១ ឬ 0.91 អឺរ៉ូ (១អឺរ៉ូ = ១,១ ឬ 1.1 ដុល្លារ​អាមេរិក)
មួយ​ដុល្លារ​អាមេរិក = ១១៦៥,៦ ឬ 1,165.6 វុន (កូរ៉េខាងត្បូង)
មួយ​ដុល្លារ​អាមេរិក = ១,៣៧ ឬ 1.37 ដុល្លារ​អូស្ត្រាលី
មួយ​ដុល្លារ​អាមេរិក = ៧,៧៥ ឬ 7.75 ដុល្លារ​ហុងកុង
មួយ​ដុល្លារ​អាមេរិក = ១,៣ ឬ 1.3 ដុល្លារ​កាណាដា
មួយ​ដុល្លារ​អាមេរិក = ១,៣៧ ឬ 1.37 ដុល្លារ​សិង្ហបុរី
មួយ​ដុល្លារ​អាមេរិក = ១២៤,០៩ ឬ 124.09 យ៉េន (ជប៉ុន)
មួយ​ដុល្លារ​អាមេរិក = ៦,២១ ឬ 6.21 យ័ន្ត (ចិន)

…ហាងឆេង​មាស​ និង​អត្រា​ប្ដូរ​ប្រាក់​ថ្ងៃ​ពុធ ទី២៩ ខែកក្កដា…

​ប្រែ​សម្រួល ៖ អន សំអាង
ប្រភព៖​ nasdaq.com - marketwatch.com - bloomberg.com - Reuters.com

មហាសេដ្ឋី Warren Buffett ​បង្ហើប​​​គន្លឹះ​ចំនួន ៩ ធ្វើ​ឲ្យ​ជីវិត​​របស់​អ្នក​រីករាយ និង ជោគជ័យ

​មហាសេដ្ឋី Warren Buffettប្រភព៖​ INC
គេ ​នៅ​ចាំ​បាន​ថា ​កាល​​លោក  Warren Buffett មាន​អាយុ ២៥ ឆ្នាំ នៅ​គ្រា​នោះ​លោក​មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ត្រឹមតែ​ ២ លាន​ដុល្លារ​ បើ​ប្រៀបធៀប​ទៅ​នឹង​​ពេល​បច្ចុប្បន្ន។ នៅ​ពេល​នោះ​ហើយ​ដែល​លោក​ចាប់​ផ្តើម​មាន​ភាព​ឯករាជ្យ​​លើ​ការ​គ្រប់គ្រង​ ហិរញ្ញវត្ថុ​កាន់តែ​ប្រសើរ​ឡើង​ដើម្បី​សម្រេច​គោលដៅ​របស់​លោក។

ប៉ុន្តែ​នៅ​ពេល​នេះ លោក​មាន​អាយុ ៨៤ ឆ្នាំ​ហើយ ហើយ​លោក​គឺ​ជា​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​លំដាប់​ទី​៣ នៅ​លើ​ពិភពលោក​ដែល​មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ជាង ៧០ ពាន់​​លាន​ដុល្លារ និង បាន​កសាង​កេរ្តិ៍ឈ្មោះ​របស់​​លោក​ជា​វិនិយោគិន​ដ៏​​អស្ចារ្យ​នៅ​ក្នុង​ ប្រវត្តិសាស្ត្រ (The Greatest Investor in History)។

ខាងក្រោម​នេះ ជា​ដំបូន្មាន​ចំនួន ៩ ចំណុច​ដែល​មហាសេដ្ឋី​​រូប​នេះ​បាន​ចែក​រំលែក​យ៉ាង​ច្រើន​ឥតគណនា​ទៅ​កាន់​ សិស្ស​និស្សិត​របស់​អាមេរិក​​ និង សាធារណជន​រាប់​​លាន​នៅ​ជុំវិញ​ពិភពលោក​អំពី​​របៀប​ធ្វើ​ឲ្យ​ជីវិត​រីករាយ និង ជោគជ័យ។​​

១) វិយោគ​ពេលវេលា​សម្រាប់​ខ្លួន​​ឯង​មុន​អ្វីៗ​ទាំងអស់
«ការ​​ចំណាយ​ពេល​វិនិយោគ​មក​លើ​ខ្លួន​ឯង គឺ​ជា​​រឿង​ដែល​ល្អ​បំផុត​ដែល​​អ្នក​ត្រូវ​ធ្វើ​មុន​អ្វីៗ​ទាំងអស់​»។ នេះ​ជា​ការ​លោក​លើក​ឡើង​របស់​លោក Warren Buffett។ លោក​​បាន​ពន្យល់​ថា ការ​ចំណាយ​ពេល​របស់​អ្នក​ទៅ​លើ​ការ​​អប់រំ ការ​បណ្ដុះបណ្ដាល ​ការ​អភិវឌ្ឍ​ជំនាញ​របស់​ខ្លួន ការ​រៀន​សូត្រ​អ្វីៗ​ដែល​ថ្មី ឬ ក៏​ចាប់​ផ្តើម​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​មួយ​ដោយ​ខ្លួន​ឯង​ ទាំងអស់​នេះ​សុទ្ធតែ​មាន​អត្ថប្រយោជន៍​សំខាន់​ខ្លាំង​ណាស់។

២) ជម្រុះ​​ចោល​​ទម្លាប់​អាក្រក់​បាន​កាន់តែ​ឆាប់​កាន់តែ​ល្អ​​​
លោក  Warren Buffett មាន​ប្រសាសន៍​​ថា៖« ​ ទម្លាប់​​​អាច​ធ្វើ​ឲ្យ​​​យើង​ល្អ ឬ ​ទាញ​​​ទម្លាក់​​យើង​ឲ្យ​​​ចូល​​ក្នុង​ជ្រោះ​បាន ហើយ​​​​ការ​យក​ទម្លាប់​អាក្រក់​មក​ដាក់​ក្នុង​ខ្លួន​នេះ នឹង​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​អន្តរាយ​តែ​ម្តង!»

តាម​​ដំបូន្មាន​​របស់​លោក​ បើ​អ្នក​មាន​ទម្លាប់​អាក្រក់​ក្នុង​ខ្លួន​ហើយ​នោះ អ្នក​ត្រូវ​​ឆាប់​ចាប់​ផ្តើម​ជម្រុះ​វា​ចោល​ភ្លាមៗ​កុំ​ឲ្យ​វា​មក​យាយី​ ជីវិត​របស់​អ្នក​តទៅ​ទៀត បាន​លឿន​កាលណា​ល្អ​​កាល​ហ្នឹង។ លោក​មាន​ហេតុផល​ថា បើ​​អ្នក​ទុក​ទម្លាប់​​អាក្រក់​នោះ​ឲ្យ​រីក​កាន់តែ​ធំ វា​នឹង​កាន់តែ​លំបាក​សម្រាប់​កម្ចាត់​វា​ចេញ​នៅ​ថ្ងៃ​ក្រោយ។ ​​

បើ​មិន​ចូលចិត្ត​ជំនួញ យ៉ាងហោចណាស់​ក៏​ចូលចិត្ត​សម្ដី​សំខាន់ៗ​របស់​មហាសេដ្ឋី Warren Buffett ​ចំនួន​៨​នេះ​ដែរ​

៣) ស្គាល់​ពី​ចំណុច​​ខ្លាំង និង ចំណុច​ខ្សោយ​របស់​ខ្លួន
នៅ ​ទី​នេះ បើ​តាម​ទស្សនៈ​របស់​មហាសេដ្ឋី​មក​ពី​រដ្ឋ Nebraska រូប​នេះ​​ អ្នក​ត្រូវ​ប្រើ​ចំណេះដឹង​ដើម្បី​ស្រូប​យក​លុយ​ពី​​ការងារ​ដែល​​​ជា​ជំនាញ​ របស់​អ្នក ពោល​គឺ​មិន​ត្រូវ​បង្ខំ​ខ្លួន​ឯង​ធ្វើ​ការងារ​ណា​មួយ​ដែល​​ជា​ចំណុច​ខ្សោយ​ របស់​អ្នក​នោះ​ឡើយ។

« អ្នក​មិន​ចាំបាច់​​ធ្វើ​ជា​អ្នក​ជំនាញ​លើ​កិច្ចការ​សព្វបែបយ៉ាង​នោះ​ឡើយ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​លើ​ជ្រុង​មួយ​ជា​ចំណុច​ខ្លាំង​ និង ​ចំណុច​ខ្សោយ​របស់​អ្នក​ ហើយ​ត្រូវ​ស្វែង​យល់​ពី​វា​ឲ្យ​បាន​ច្បាស់​ ព្រោះ​ទាំង​នេះ​សុទ្ធតែ​សំខាន់​ដូចគ្នា​ដើម្បី​​​បញ្ជាក់​ថា អ្នក​ត្រូវ​ដើរ​ទៅ​ផ្លូវ​ណា​មួយ!»។ នេះ​ជា​ប្រសាសន៍​របស់​លោក  Warren Buffett។

៤) កុំ​ប្រឈមមុខ​ទៅ​នឹង​បញ្ហា​​ណា​ដែល​មិន​ចាំបាច់​សម្រាប់​អ្នក
នៅ ​ទី​នេះ លោក​មិនមែន​ចង់​និយាយ​ថា ការ​គេច​ចេញ​ពី​បញ្ហា​គឺ​​សុទ្ធតែ​ជា​រឿង​ខុសឆ្គង​ទាំង​​អស់​នោះ​ទេ ប៉ុន្តែ​លោក​គ្រាន់តែ​ចង់​ឲ្យ​មនុស្ស​គ្រប់គ្នា​​​ប្រឈម​មុខ​​ទៅ​នឹង​ឧបសគ្គ ​​ណា​​មួយ​​ដែល​ចាំ​បាច់​បំផុត​សម្រាប់​​ខ្លួន​តែ​ប៉ុណ្ណោះ។ ​លោក​បាន​បន្ថែម​ថា ​លោក​បាន​ឃើញ​ក្រុមហ៊ុន និង បុគ្គល​គ្រប់​រូប​បាន​ព្យាយាម​​​ប្រឈមមុខ​​គ្រប់​បញ្ហា​ដោយសារ​តែ​​ការ​ លោភលន់​របស់​ខ្លួន។

« ​អ្នក​គួរ​​​ប្រឈម​មុខ​ទៅ​នឹង​បញ្ហា​អ្វី​មួយ​ដែល​អ្នក​យល់​ថា​មាន​ សារសំខាន់​បំផុត​សម្រាប់​អ្នក តែ​បើ​​មិន​មាន​អ្វី​ជា​ចាំបាច់​ទេ​នោះ ​​ទុក​ឲ្យ​វា​រំលង​ហួស​ទៅ»។ លោក​​​បាន​បន្ថែម​ថា៖«​បើ​រឿង​នោះ​មាន​ប្រយោជន៍​ចំពោះ​ខ្ញុំ​ ទោះបី​ជា​​ភាគ​រយ​ជោគជ័យ​​មាន​ត្រឹមតែ ១ លើ ១ ០០០​ ក៏​ខ្ញុំ​ធ្វើ​​ដែរ​!»

៥) ​ធ្វើ​ការងារ​ដែល​អ្នក​ពេញចិត្ត​បំផុត​
នៅ​ទី​​នេះ​ លោក​បាន​ផ្តល់​​ដំបូន្មាន​​ដូច្នេះ​ថា៖ «ជំហាន​​ឆ្ពោះ​ទៅ​​រក​​បុគ្គល​ដែល​គ្មាន​ហានិភ័យ​ហិរញ្ញវត្ថុ គឺ​​អ្នក​​គួរ​តែ​ធ្វើ​​ការងារ​ដែល​អ្នក​ពេញ​ចិត្ត​បំផុត។ អ្នក​នឹង​ដឹង​ថា អ្នក​នឹង​សប្បាយ​ចិត្ត ចាប់​អារម្មណ៍ និង អាច​ក្រោក​ពី​គេង​ទាំង​ព្រឹកព្រលឹម​ជា​រៀងរាល់​ថ្ងៃ​ដោយ​មិន​ចាំបាច់​គេ​តឿន ​នៅ​ពេល​អ្នក​ធ្វើ​ការងារ​ដែល​អ្នក​ស្រលាញ់»។ ​

លោក​បាន​ចង្អុល​បង្ហាញ​ទៀត​ថា ស្វែង​រក​ការងារ​ដែល​អ្នក​ស្រលាញ់​ល្អ​ជាង​អ្វី​ៗ​ទាំង​អស់ ពីព្រោះ​ថា​​វា​ជា​ជំនាញ​របស់​អ្នក ហើយ​នៅ​ពេល​អ្នក​មាន​ជំនាញ​ច្បាស់លាស់ អ្នក​នឹង​អាច​មាន​​ទឹកមាត់ប្រៃ​ក្នុង​ការ​ចរចា​ប្រាក់​ខែ ឬ ក៏​រក​លុយ​បាន​ដោយ​សប្បាយ​ចិត្ត  និង មិន​សូវ​ទើសទាល់​ទៀត​ផង​​។

អត្ថន័យ​​ភាព​ជោគជ័យ​របស់​​​មហាសេដ្ឋី Warren Buffett គឺ​​ធ្វើ​រឿង​មួយ​នេះ​!

៦) ​រាប់អាន​បុគ្គល​ជោគជ័យ​មក​ធ្វើ​ជា​មិត្ត​ឲ្យ​បាន​ច្រើន​​​
ក្នុង ​វ័យ ៨៤ ឆ្នាំ​ទៅ​​ហើយ​នោះ​មហាសេដ្ឋី​រូប​​នេះ​ជានិច្ចកាល​លើក​ឡើង​ពី​សារសំខាន់​​នៃ ​ការ​ទំនាក់ទំនង​​ជា​មួយ​នឹង​បុគ្គល​ជោគជ័យ ឬ ​ការ​ជ្រើសរើស​បុគ្គល​ល្បីៗ​ណា​ម្នាក់​មក​ធ្វើ​ជា​គំរូ​របស់​​ខ្លួន​ហើយ​នេះ ​ក៏​ជា​អ្វី​ដែល​លោក​ធ្លាប់​ជ្រើសរើស​សាស្ត្រាចារ្យ​សញ្ជាតិ​កូឡុំប៊ី​ ម្នាក់​មក​ធ្វើ​ជា​បុគ្គល​គំរូ​របស់​លោក​ដែរ។

​​«នៅ​ថ្នាក់​វិទ្យាល័យ  អ្នក​គួរ​ជ្រើសរើស​បុគ្គល​ណា​ម្នាក់​ដែល​អ្នក​សរសើរ​បំផុត​មក​ធ្វើ​ជា​គំរូ  ឬ ក៏​ចាប់​ផ្តើម​បង្កើត​ទំនាក់ទំនង​ជា​មួយ​បុគ្គល​ដែល​ចេះដឹង និង ល្អ​ជាង​យើង ហើយ​ពេល​នោះ​​ហើយ​ដែរ​អ្នក​អាច​ឃើញ​ប្លង់​ជីវិត​មួយ​​ឆ្ពោះ​ទៅ​កាន់​គោលដៅ​ របស់​អ្នក»។ នេះ​ជា​ទស្សនៈ​របស់​លោក Warren Buffett។

​​​៧) ច្រាន​​ចេញ​​ភាព​ភ័យខ្លាច​របស់​អ្នក​ឲ្យ​ទៅ​​ឆ្ងាយ​ពី​ខ្លួន
ដំបូន្មាន​របស់​លោក Buffett គឺ​ថា៖ «ប្រសិន​បើ​អ្នក​ចង់​ជោគជ័យ សូម​កុំ​ឲ្យ​ភាព​ភ័យខ្លាច​របស់​អ្នក​​មក​បញ្ឈប់​​សកម្មភាព​របស់​អ្នក​​ ​អ្នក​ត្រូវ​កម្ចាត់​វា​ចោល មុន​ពេល​វា​មក​កម្ចាត់​អ្នក​ »

ចំណុច​នេះ​លោក​បាន​លើក​បទពិសោធន៍​ផ្ទាល់​ខ្លួន​មួយ​ដែល​លោក​តែងតែ​ ភ័យខ្លាច​មិន​សូវ​ហ៊ាន​ប្រឈម​មុខ​ឡើង​ថ្លែង​​ជា​សាធារណៈ។ ក្រោយ​មក​លោក​បាន​យក​មេរៀន​របស់​លោក​  Dale Carnegie  ​អ្នកនិពន្ធ​ល្បីល្បាញ​របស់​អាមេរិក​មក​ហ្វឹក​ហាត់​។ ​នៅ​ទី​បំផុត​លោក​ទទួល​បាន​ជោគជ័យ​ពិតប្រាកដ​មែន ហើយ​បាន​ក្លាយ​ជា​បុគ្គល​​ម្នាក់​ដែល​បាន​ផ្តល់​ដំបូន្មាន​ល្អៗ​រាប់​ភ្លេច​ ដល់​មនុស្ស​រាប់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក។ ​​នេះ​ហើយ​ជា​អ្វី​ដែល​លោក​ចង់​ឲ្យ​អ្នក​ទាំងអស់​គ្នា​​ធ្វើ​ដូចនេះ។

៨) ប្រើ​ប្រាស់​ពេលវេលា​ឲ្យ​មានតម្លៃ​
​មហាសេដ្ឋី Bill Gates ធ្លាប់​និយាយ​ថា ​ធ្វើ​​ជា​បុគ្គល​ដែល​ច្រណែន​នឹង​​ពេលវេលា​​​របស់​លោក គឺ​ជា​​មេរៀន​សំខាន់​បំផុត​មួយ​ដែល​លោក​បាន​រៀន​សូត្រ​ពី​លោក Buffett​ ​ពី​ឃ្លា​មួយ​ដែល​លោក Buffett ធ្លាប់​ផ្តល់​ដំបូន្មាន​ដូច្នេះ​ថា៖« ក្នុង​មួយ​ថ្ងៃ​យើង​មាន​ពេល​តែ ២៤ ម៉ោង​តែ​ប៉ុណ្ណោះ ហេតុដូច្នេះ​អ្នក​ត្រូវ​ចំណាយ​ពេល​​ទាំង​នេះ​ឲ្យ​មានតម្លៃ​បំផុត»។ ​​

បើ​ពិនិត្យ​ទៅ​លើ​ទិដ្ឋភាព​ជាក់ស្ដែង​ លោកBuffett  គឺ​ពិត​ជា​បុគ្គល​ដែល​ឲ្យ​តម្លៃ​ពេលវេលា​ខ្លាំង​ជាងគេ​បំផុត​មែន ត្បិតអី​រាល់​សកម្មភាព​របស់​លោក​ប្រចាំ​ថ្ងៃ​លោក​បាន​វិនិយោគ​វា​យ៉ាង​ធំធេង ​លើ​ការងារ​របស់​លោក។​

៩) កុំ​មើល​រំលង​អាកាស​មាស​ដែល​ចូល​មក​ដល់
សូម​អ្នក ​មាន​ការ​ប្រុងប្រយ័ត្ន​បន្តិច​ចំពោះ​ទស្សន​របស់​លោក​នៅ​ត្រង់​ចំណុច​នេះ។ ​មហាសេដ្ឋី​រូប​នេះ​ត្រូវ​បាន​គេ​ជឿជាក់​ថា ជា​បុគ្គល​ដែល​ចូល​ចិត្ត​ឆក់​យក​ឱកាស​បំផុត​​​ជា​មួយ​នឹង​ដំបូន្មាន​ដ៏​មាន​ ​តម្លៃ​របស់​លោក​ដូច្នេះ​ថា៖« អាកាស​ធំ​នៅ​ក្នុង​ជីវិត ត្រូវ​តែ​ចាប់​​​យក​មក​ឲ្យ​បាន។ យើង​មិន​អាច​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​ដែល​ឱកាស​​​​​​ល្អ​ចូល​មក​ដល់​ហើយ​នោះ យើង​ត្រូវ​តែ​ឆក់​យក​វា​ឲ្យ​បាន​»។ ​​​

ដំបូន្មាន​របស់​លោក​​ដូច្នេះ​ វា​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ព្រោះ​ថា​ក្នុង​មួយ​ឆាក​ជីវិត​​របស់​អ្នក អ្នក​មិន​អាច​ជួប​ឱកាស​ល្អ​ដូចគ្នា​រហូត​ដល់ ៥០០​ ដង​នោះ​ឡើយ។ បើ​អ្នក​ឆក​យក​ឱកាស​បាន​ត្រឹមត្រូវ អ្នក​នឹង​ជោគជ័យ​ហើយ៕

ប្រែសម្រួល៖ ខេវិន