មុននឹងចង់ធ្វើជាអ្នកដឹកនាំគេ លោកអ្នកគួរមានជំនាញ៥ នេះសិន
ភាព ជាអ្នកដឹកនាំមិនមែនសុទ្ធតែមនុស្សគ្រប់រូបអាចធ្វើបាននោះឡើយ ពីព្រោះថាវាទាមទារឲ្យលក្ខណសម្បត្តិ ជំនាញ និង សមត្ថភាពគ្រប់គ្រាន់ ទើបធ្វើឲ្យមនុស្សគ្រប់គ្នាទទួលបានភាពជោគជ័យ។ ហេតុដូច្នេះហើយ បានជាមនុស្សភាគតិចប៉ុណ្ណោះដែលអាចធ្វើជាអ្នកដឹកនាំគេបាន។ទោះបីជាបែបនេះក្តី សមត្ថភាពអ្នកដឹកនាំក៏ត្រូវមានការបណ្តុះបណ្តាលផងដែរ ក្នុងនោះជំនាញទាំង៥ នេះប្រិយមិត្តគួរធ្វើឲ្យបានប្រសិនបើលោកអ្នកចង់ដឹកនាំគេ។
១) ឆ្កឹះយកបទពិសោធន៍មកឆ្លុះបញ្ចាំងឲ្យខ្លួនឯង
កូនសោ ដ៏សំខាន់មួយក្នុងនាមជាអ្នកដឹកនាំដ៏ល្អ គឺសមត្ថភាពក្នុងការឆ្លុះបញ្ចាំងមកវិញលើការសម្រេចចិត្តរបស់ខ្លួន និង សម្លឹងមើលស្ថានភាពនោះថា តើវាល្អ ឬ អាក្រក់? ដើម្បីទុកធ្វើជាបទពិសោធន៍។
នៅពេលដែលអ្នកបានអនុវត្តតាមវិធីសាស្ត្រនេះ អ្នកអាចយកមេរៀននោះមកអនុវត្តក្នុងស្ថានភាពណាមួយជាក់ស្តែងរបស់ អ្នកជាថ្មីម្តងទៀត ហើយការអនុវត្តនេះទោះបីតិច ឬ ច្រើនក្តី ធានាថា នឹងល្អប្រសើរជាងមុនជាមិនខាន។ នេះទាមទារឲ្យអ្នកទទួលស្គាល់កំហុស ឬ ភាពបរាជ័យរបស់អ្នកដើម្បីទុកធ្វើជាគន្លឹះត្រួសត្រាយផ្លូវធ្វើជា អ្នកដឹកនាំប្រកបដោយការទទួលខុសត្រូវ។
២) ចេះសម្របសម្រួលជាជាងប្រតិកម្ម
អ្នកដឹកនាំ ដែលជោគជ័យ ត្រូវតែជាបុគ្គលដែលអង្គុយនៅតុមូលដោយបានត្រៀមខ្លួនបានយ៉ាងល្អ ជាមួយនឹងសេណារីយោជាច្រើន និង ដឹងពីរបៀបដើម្បីអនុវត្តនៅពេលដែលស្ថានការណ៍បានធ្លាក់ដាច់ ដោយឡែកពីគ្នា ឬ ក៏ប្រាសចាកពីគម្រោងដែលគ្រោងទុក។ ការត្រៀមទុកនេះ អាចធានាបានថា អ្នកនឹងមិនអាចធ្លាក់ចូលទៅក្នុងស្ថានភាពមួយដែលអ្នកមិនអាច ចែករំលែកអ្វីៗដែលមានតម្លៃបាន ឬ មិនអាចជួយដោះស្រាយបញ្ហាកំពុងប្រឈមមុខបាន។
នេះជាមូលហេតុដែលអ្នកត្រូវដើរតួជាអ្នកសម្របសម្រួល ត្បិតអីការប្រតិកម្ម គឺជាការបង្កើនកម្តៅមួយដល់ការដឹកនាំរបស់អ្នក។ ផ្ទុយទៅវិញ ការសម្រេចចិត្តដ៏ល្អមួយ ជានិច្ចកាលកើតចេញពីគំនិត និង អារម្មណ៍របស់អ្នកដែលមានទិសដៅស្របគ្នា។ បើជាក្រុមហ៊ុន អ្នកមិនត្រូវផ្ដោតតែទៅលើការផ្គាប់ផ្គន់បុគ្គលនៅថ្នាក់ ក្រោមបំផុតប៉ុណ្ណោះទេ តែក៏ត្រូវគិតថាពីមធ្យោបាយដ៏ល្អបំផុតធ្វើឲ្យមនុស្សនៅក្នុង ក្រុមហ៊ុនទាំងមូលបានទទួលស្គាល់រួមគ្នា។
…ការខិតខំប្រឹងប្រែងធ្វើការងារ និង ភាពឆ្លាតវៃលើការងារ ជ្រើសរើសយកមួយណា?…
៣) រកឲ្យឃើញនៅពាក្យថា “ហេតុអ្វី?”
ធ្វើជា អ្នកដឹកនាំប្រកបដោយសមត្ថភាព អ្នកត្រូវដឹងចម្លើយឆ្លើយតបទៅនឹងពាក្យថា “ហេតុអ្វី?”។ ហេតុអ្វីបានជាអ្នកត្រូវទៅទីនោះ? ហេតុអ្វីបានជាក្រុមការងាររបស់អ្នកមិនជោគជ័យ? ហេតុអ្វីបានជាអ្នកចង់ធ្វើជាអ្នកដឹកនាំ?
ប្រសិនបើអ្នកមិនមានចក្ខុវិស័យច្បាស់លាស់ពីអ្វីដែលអ្នកចង់ បានសម្រាប់ខ្លួនឯង ការប្ដេជ្ញាចិត្ត និង ការផ្ដោតទៅលើអ្វីមួយរបស់អ្នក នឹងដើរបញ្ច្រាសទិសគោលដៅរបស់អ្នក ហើយទីបំផុតអ្នកក៏មិនអាចជំរុញលើកទឹកចិត្ត និង ដឹកនាំមនុស្សផ្សេងទៀតបានដែរ។
ក្នុងនាមជាអ្នកដឹកនាំដ៏ល្អមួយរូប អ្នកត្រូវធានាថា ចក្ខុវិស័យរបស់អ្នកនឹងអាចហុចផលជាវិជ្ជមានមួយដល់មនុស្ស គ្រប់គ្នា ទោះបីជាស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ។ នេះជាបទពិសោធន៍មួយដែលអ្នកដឹកនាំនៅលើពិភពលោកធ្លាប់ឆ្លងកាត់ និង អនុវត្តយូរមកហើយ។ ចក្ខុវិស័យនោះ ត្រូវតែមានភាពច្បាស់លាស់ដែលកើតចេញពីបុគ្គលមានឥទ្ធិពលមួយរូប តែមនុស្សគ្រប់គ្នាបានទទួលយកវាមកធ្វើជាគោលដៅរួមរបស់ខ្លួន ដោយមិនជំទាស់។
៤) មានមហិច្ឆតាលើអ្វីដែលអ្នកធ្វើ
ក្នុងនាម ជាអ្នកដឹកនាំមួយរូប បើអ្នកមិនមានមហិច្ឆតាចង់ស្រវាចាប់យកភាពជោគជ័យដល់មនុស្សគ្រប់ គ្នាទេនោះ វានឹងពិបាកក្នុងការរក្សាឲ្យបានស្ថិរភាពមួយដែលអ្នកត្រូវការ ដើម្បីដឹកនាំក្រុមការងារឲ្យជោគជ័យ។
ដរាបណាអ្នកកាន់តែមានមហិច្ឆតាពីអ្វីដែលអ្នកចង់បាន ដរាបនោះឥទ្ធិពលនៃភាពជោគជ័យកាន់តែមានច្រើនទៅតាមនោះដែរ។ ហើយក៏គ្មានអ្វីប្រសើរជាងអ្នកដឹកនាំមួយរួបដែលមិនត្រឹមតែមាន មហិច្ឆតាសម្រាប់ភាពជោគជ័យដល់ខ្លួនឯង ថែមទាំងចង់ឲ្យមនុស្សគ្រប់រូបជោគជ័យនោះដែរ។
៥) ត្រៀមខ្លួនធ្វើអ្វីមួយដែលអ្នកដទៃមិនអាចធ្វើបាន
នេះជាចំណុចមួយដ៏សំខាន់បំផុតព្រោះថា អ្នកដឹកនាំ គឺជាបុគ្គលមួយរូបដែលអាចធ្វើរឿងដ៏អស្ចារ្យបាន ខណៈដែលមនុស្សជាច្រើនទៀតមិនអាចធ្វើបាន។ ដោយសារភាពបរាជ័យមិនមែនជាជម្រើសរបស់ខ្លួន អ្នកដឹកនាំមើលឃើញថា បើផ្នែកណាមួយនៃគម្រោងរបស់ខ្លួនបរាជ័យ អ្នកដឹកនាំតែងមានវិន័យចំពោះខ្លួនឯងក្នុងការប្រឈមទៅនឹងភាព បរាជ័យនោះដោយស្វិតស្វាញមិនងាយទម្លាក់ទង់ជ័យនោះឡើយ។
នេះមានន័យថា ទោះបីជាការងារនោះលំបាកយ៉ាងណាក្តី ការខិតខំប្រឹងប្រែងរបស់ខ្លួន ជាមួយនឹងយុទ្ធសាស្ត្រដ៏ច្បាស់លាស់អាចទម្លុះទម្លាយវាបាន។ នេះហើយជាអ្វីដែលអ្នកដឹកនាំធ្វើ ដែលមនុស្សគ្រប់គ្នាកម្រធ្វើបាន៕
No comments:
Post a Comment